ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​ទេសន្តរប្រវេសន៍​៣៥០.០០០​នាក់​បាន​ចូល​ទៅ​កាន់​ទ្វីប​អឺរ៉ុប​ក្នុង​ឆ្នាំ​នេះ


ក្រុម​ជន​ទេសន្តរប្រវេសន៍​ប្រឈម​មុខ​ដាក់គ្នា​ជាមួយ​នឹងប៉ូលិសហុងគ្រី នៅឯស្ថានីយ៍​រថភ្លើង​ធំមួយ​ក្នុង​ទីក្រុង​ប៊ុយដាប៉ែស ប្រទេស​ហុងគ្រី កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥។
ក្រុម​ជន​ទេសន្តរប្រវេសន៍​ប្រឈម​មុខ​ដាក់គ្នា​ជាមួយ​នឹងប៉ូលិសហុងគ្រី នៅឯស្ថានីយ៍​រថភ្លើង​ធំមួយ​ក្នុង​ទីក្រុង​ប៊ុយដាប៉ែស ប្រទេស​ហុងគ្រី កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥។

អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ​បាន​និយាយ​កាល​ពី​ថ្ងៃអង្គារ​ថា​ ពួក​ជន​ចំណាក​ស្រុក​ជាង​៣៥០.០០០​នាក់​បាន​ធ្វើដំណើរ​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ឆ្លង​កាត់​សមុទ្រ​មេឌីទែរ៉ានេ​ (Mediterranee) នៅ​ឆ្នាំ​នេះ​ ដោយ​រត់​គេច​ខ្លួន​ចេញពី​ចលាចល​និង​ភាព​ទីទាល់ក្រ​នៅ​ក្នុង​ភូមិភាគ​មជ្ឈឹម​បូព៌ា​និង​ទ្វីប​អាហ្វ្រិក ​ដើម្បី​ស្វែង​រក​ជីវភាព​ល្អ​ប្រសើរ​ជាង​មុន​ក្នុង​ទ្វីប​អឺរ៉ុប។​

ទីភ្នាក់ងារ​អន្តររដ្ឋាភិបាល​នេះ​បាន​និយាយ​ថា​ ពួក​ជន​ទេសន្តរប្រវេសន៍​ជាង​២៣៤.០០០​នាក់​ក្នុង​បណ្តា​ក្រុម​ជន​ទាំងនេះ​បាន​ឡើង​គោក​នៅ​លើ​ច្រាំង​សមុទ្រ​នៃ​ប្រទេស​ក្រិក​ ដោយ​មាន​១១៤.០០០​នាក់​ទៀត​បាន​ធ្វើដំណើរ​ទៅ​ដល់​ប្រទេស​អ៊ីតាលី​ ហើយ​មានចំនួនតិច​ជាង​នេះ​បាន​ទៅ​ដល់​ប្រទេស​អេស្ប៉ាញ​ (Spain) និង​ប្រទេស​ម៉ាលត៍ (Malta)។ ​មាន​មនុស្ស​ប្រមាណ​២.៦០០​នាក់​បាន​ស្លាប់ ជា​ញឹកញយ​ដោយ​សារ​លង់ទឹក​នៅ​ពេល​ដែល​នាវា​មិន​មាំទាំ​និង​មាន​មនុស្ស​ជិះ​ណែន​ក្តន់​ធ្វើ​ប្រតិបត្តិការ​ដោយ​ពួក​អ្នក​ជួញ​ដូរ​មនុស្ស​បាន​លិចក្នុង​សមុទ្រ។​

តួលេខ​ថ្មីៗ​បំផុត​នេះ​មាន​ឡើង​នៅ​ពេល​ដែល​ទ្វីប​អឺរ៉ុប​នៅ​តែ​បន្ត​ដោះស្រាយ​បញ្ហា​បណ្តាល​មក​ពី​ពួក​ជន​ចំណាក​ស្រុក​ច្រើន​នាក់​ដែល​បាន​ចូល​ទៅ​ក្នុង​ទ្វីប​នោះ​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​ពីរ​មក។​

លោក Babar Baloch ​អ្នកនាំពាក្យ​នៃទី​ភ្នាក់ងារ​អ.ស.ប.​ទទួល​បន្ទុក​កិច្ចការ​ជនភៀសខ្លួន​បាន​និយាយ​ប្រាប់​វីអូអេ​ថា​ «ប្រទេស​ទាំង​អស់​មាន​ការ​ទទួល​ខុសត្រូវ​របស់​ខ្លួន​ផ្ទាល់​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នេះ»។ ក៏ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណាក៏​ដោយ​ ក៏មាន​ប្រទេស​មួយ​ចំនួន​បាន​ស្វះស្វែង​រាំង​ខ្ទប់​លំហូរ​ចូល​យ៉ាង​ច្រើន​នៃ​ពួក​ជន​ចំណាកស្រុក​ឬ​មួយ​ក៏​កម្រិត​ចំនួន​ពួក​ជន​ទាំង​នេះ៕

XS
SM
MD
LG