ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្សែភាពយន្តថៃបានវិលត្រឡប់មកក្នុងទីផ្សារនៅប្រទេសកម្ពុជាវិញ


រូបភាព​នៃ​ភាពយន្ត​​ភាគ​ថៃ​ពី Google។
រូបភាព​នៃ​ភាពយន្ត​​ភាគ​ថៃ​ពី Google។

ខ្សែភាពយន្ត​ថៃ​មាន​ឥទ្ធិពល​ឡើង​វិញ​នៅ​ក្នុង​សង្គមខ្មែរ​ និង​ក្នុងបណ្តាញ​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍ ក្រោយពី​បណ្តាញ​ទូរទស្សន៍​ប្រទេស​កម្ពុជា​បាន​ពហិកា​មិនផ្សាយ​កុនថៃ ​បន្ទាប់ពី​មាន​ការ​បះបោរ​បំផ្លាញ​ស្ថានទូត​ថៃ ​និង​ពាណិជ្ជកម្ម​ថៃ​កាលពី​ឆ្នាំ​២០០៣។ ​មន្ត្រី​រដ្ឋាភិបាល​និយាយ​ថា​ រដ្ឋាភិបាល​មិន​បិទ​សិទ្ធិផ្សព្វផ្សាយ​កុនថៃ​តាម​ស្ថានីយ​ទូរទស្សន៍​ទេ​ តែ​លោក​រំឭក​ថា ​ផលិតកម្ម​កុនខ្មែរ​គួរតែ​ពង្រឹង​គុណភាព។​

កាលពី​ដើមឆ្នាំ​២០០៣​មាន​មនុស្ស​ជា​ច្រើន​នាក់​បាន​សម្រុក​ចូល​ទៅ​វាយ​កម្ទេច ​ព្រមទាំងដុត​បំផ្លាញ​ស្ថានទូត​ថៃ​នៅ​ក្នុងទីក្រុង​ភ្នំពេញ។​ អំឡុង​ពេល​នោះ​ ពាណិជ្ជ​កម្ម​របស់​ថៃ​ជា​ច្រើនក៏​ត្រូវ​បាន​បំផ្លាញ​ផង​ដែរ។​ កុប្បកម្ម​ទាំង​នេះ​កើត​ទ្បើង​ដោយ​សារ​តែ​មាន​ពាក្យ​ចចាម​អារ៉ាម​លេច​ឮ​ថា ​មាន​តារា​ថៃ​ម្នាក់​បាន​និយាយ​ថា​ ប្រាសាទ​អង្គរវត្ត​នៃ​ប្រទេស​កម្ពុជា​ជា​របស់​ប្រទេស​ថៃ។​

ជា​លទ្ធផល​ ក្រោយ​ពី​ការ​លេច​ឮ​ពាក្យ​ចចាម​អារ៉ាម​នេះ​មក ​ខ្សែ​ភាពយន្ត​ថៃ​ទាំង​អស់​ក៏​លែង​មាន​វត្តមាន​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា​ទៀត​ដែរ។ តែបើ​ទោះជា​កម្ម​វិធី​ផ្សាយ​ និង​ខ្សែ​ភាពយន្ត​ថៃ​ទាំង​នោះ​លែង​មាន​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​ និង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កម្ពុជា​យ៉ាង​ណាក្តី​ ក៏​អ្នក​គាំទ្រ​រឿង​ភាគ​ថៃ​ខ្លះ​នៅតែ​អាច​រិះ​រក​វិធី​ដើម្បី​ទស្សនាខ្សែ​ភាពយន្ត​ថៃ។​

ទស្សនិកជន​ដែល​ចូល​ចិត្ត​រឿង​ភាគ​ថៃ​ខ្លះ​បាន​ជួល​ឌីវីឌី​ (DVD) ​វីស៊ីឌី ​(VCD)​ ហើយ​អ្នក​ខ្លះ​ទៀត​មើល​រឿង​ថៃ ​និង​កម្ម​វិធី​ថៃ​ទាំង​នោះ​តាម​ប្រព័ន្ធ​អ៊ីនធើណិត​ (Internet)​ថែម​ទៀត​ផង។​

ប៉ុន្តែ​មួយ​រយៈចុង​ក្រោយនេះ កម្មវិធី​ទាំង​នោះ​ចាប់​ផ្តើម​មាន​វត្តមាន​សារ​ជា​ថ្មី​ម្តង​ទៀត​នៅលើ​កញ្ចក់​ទូរទស្សន៍​ក្នុង​ស្រុក។​ ​

​កញ្ញា​ស្រី​និច​វ័យ​១៩​ឆ្នាំ ​ដែលជា​អ្នក​ចូលចិត្ត​ទស្សនា​ខ្សែ​ភាពយន្ត​ភាគ​ថៃ​ ប្រាប់​វីអូអេ​ខេមរភាសា​ថា ​នាង​តែងតែ​មើល​រឿង​ថៃ​ ពេល​ដែល​នាង​មក​ពី​សាលា​រៀន​វិញ។​

«ខ្ញុំ​ចូល​ចិត្ត​មើល​រឿង​ថៃ​ ព្រោះ​តារា​សម្តែង​ប្រុស​ស្រី​របស់​ថៃ​ស្អាតៗ​ ហើយ​ពួក​គេ​សម្តែង​សម​ខ្លាំង​ណាស់»។

នៅ​ពេល​ដែល​រឿង​ភាគ​ថៃ​លែង​មាន​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​ខ្មែរ​ ​នោះ​ ​ស្រីនិច​បាន​ទៅ​ជួល​វីស៊ីឌី​ (VCD) ​ឌីវីឌី​ (DVD)​ពី​ហាង​លក់ ​CD ​ ហើយ​យក​មក​មើល​នៅ​ផ្ទះ។​

នាង​បន្ថែម​ទៀត​ថា៖​

«ពេល​ដែល​ខ្ញុំ​សម្រាកត្រៀម​ប្រឡង ខ្ញុំ​មើល​រឿង​ថៃ​ចាប់​ពី​ម៉ោង​៩​យប់​ដល់​ម៉ោង​៣​ទៀប​ភ្លឺ​ ហើយ​បើ​ពេល​ខ្ញុំ​រៀន​ធម្មតា​វិញ​ ខ្ញុំ​មើល​រយៈ​ពេល​២​ម៉ោង​ក្នុង​មួយ​ថ្ងៃ»។​

ថ្មីៗ​នេះ​ រឿង​ភាគ​ថៃជាច្រើន​ត្រូវ​បានចាក់​បញ្ចាំង​ឡើង​វិញលើ​កញ្ចក់​ទូរទស្សន៍​មួយ​ចំនួន​នៅ​កម្ពុជា។​ ស្ថានីយ​ទូរទស្សន៍​ថ្មី​ស្រទ្បាង​មួយ​គឺ ​ទូរទស្សន៍​ PNN ​ក៏បាន​នាំ​ចូល​រឿង​ភាគ​ថៃ​មក​ចាក់​បញ្ចាំង​ផង​ដែរ។​

លោក​សោម ឆាយា​ ដែល​ជា​អគ្គ​នាយក​ផ្នែក​ព័ត៌មាន​របស់​ទូរស្សន៍​ PNN ​បាន​លើក​ទ្បើង​ថា ​ទស្សនិក​ជន​ភាគច្រើន​ចូល​ចិត្ត​មើល​កម្មវិធី​របស់​ថៃ​ និងរឿង​ភាគ​ថៃ​ និង​កម្មវិធី​ទាំង​នោះ​ក៏​ត្រូវ​បាន​ចាក់​ផ្សាយ​នៅ​ម៉ោង​ដែល​សម្បូរ​អ្នក​ទស្សនា​ផង​ដែរ។​ លោក​បន្ត​ថា​ ក្រៅ​ពី​នេះ ​PNN ​ក៏​កំពុង​តែ​ផលិត​ខ្សែ​ភាពយន្ត​ខ្មែរ​ខ្លួន​ឯង​ដែរ​ ហើយនឹង​ត្រូវចាក់​បញ្ចាំង​ក្នុង​ពេល​ឆាប់ៗ​នេះ។

«បន្ទាប់ពី​ធ្វើការ​បោះឆ្នោត ​ទស្សនិក​ជន​មួយ​ចំនួន​ធំចូល​ចិត្ត​មើល​រឿង​ភាគ​ថៃ​ជា​ជាង​រឿង​ប្រទេស​ដទៃ»។​

លោក​អ៊ាង វិចិត្រ​ ស្ថិត​ក្នុង​វ័យ​២១ឆ្នាំ​ ជា​និសិត្ស​នៃ​សកល​វិទ្យាល័យ​បញ្ញា​សាស្រ្ត​ បាន​និយាយ​ថា ​ខ្លួន​តែងតែ​មើលរឿង​ថៃ​ តាំងពី​នៅ​តូច​ម្ល៉េះ​ ហើយ​លោក​ក៏​មើល​រឿងខ្មែរ​ខ្លះៗ​ដែរ។​

ស្រប​ពេល​ដែល​ឥទ្ធិពល​នៃ​វប្បធម៌​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​កំពុង​តែ​ជ្រាប​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​នោះ​ វប្បធម៌​របស់​ថៃ​ក៏​កំពុង​តែ​ជ្រៀត​ចូល​មក​ផង​ដែរ​ ​ហើយ​វប្បធម៌​របស់​ថៃ​បាន​ពាំនាំ​ស្ទីល​ ​និង​ម៉ូដ​សម្លៀក​បំពាក់​របស់​ពួក​គេ​មក​ដល់ប្រទេស​កម្ពុជា​ថែម​ទៀត​ផង។

លោក​ថៃ នរៈសត្យា ​ជា​អ្នក​នាំពាក្យ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ បាន​ឲ្យ​ដឹង​ថា​ ឥទ្ធិពល​នៃ​វប្បធម៌​បរទេស​ទាំង​អស់​នោះ​ បាន​នាំ​មក​នូវ​ផល​ប៉ះពាល់​ដោយ​ប្រយោលមក​លើ​វប្បធម៌​កម្ពុជា ​និង​ប្រទេស​កម្ពុជា។​

«យើង​គ្មាន​ច្បាប់​ណា​ហាម​ឃាត់​មិន​ឲ្យគេ​គាំទ្រ​រឿង​របស់​ប្រទេស​ផ្សេង​នោះ​ទេ​ តែ​អ្វី​ដែល​យើង​ធ្វើ​បាន​គឺ​អប់រំ​ប្រជា​ពលរដ្ឋ​យើង​ឲ្យ​យល់ដឹង​ថា​ ​អ្វី​គេ​ហៅ​ថា​ កាត​ព្វកិច្ច»។

លោក​បាន​បន្ថែម​ជាចុង​ក្រោយ​ថា ​ផលិត​កម្ម​ខ្សែ​ភាពយន្ត​របស់​ខ្មែរ​ទាំង​អស់​ក៏គួរ​តែ​ពង្រឹង​គុណភាព​របស់​ខ្លួន​ផង​ដែរ៕​

XS
SM
MD
LG