ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​គ្រោង​បើក​ការ​ជំនុំជម្រះ​ក្តី​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​១១​រូប


រូបឯកសារ៖ សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​នាំ​ចេញ​ទៅ​មន្ទីរ​ឃុំឃាំង​វិញ​បន្ទាប់​ពី​តុលាការ​លើក​ពេល​សវនាការ។
រូបឯកសារ៖ សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​នាំ​ចេញ​ទៅ​មន្ទីរ​ឃុំឃាំង​វិញ​បន្ទាប់​ពី​តុលាការ​លើក​ពេល​សវនាការ។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ Human Rights Watch បាន​ស្នើ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ទម្លាក់ការ​ចោទ​ប្រកាន់​លើ​ក្រុម​សកម្មជន​គណបក្ស​សង្គោះជាតិ​១១​រូប។​

ក្រុ​ម​សកម្មជន​គណបក្ស​ប្រឆាំង​ទាំង​១១​នាក់​ត្រូវ​ចោទ​ប្រកាន់​ពី​បទធ្វើ​កុប្បកម្ម​ប្រឆាំង​រដ្ឋាភិបាល​ កាល​ពី​ថ្ងៃ​១៥​ខែ​កក្កដា​ ឆ្នាំ​មុន ​នៅ​ក្បែរ​ស្ពាន​នាគ​ ជិត​ទីលាន​ប្រជា​ធិបតេយ្យ​មុខ​រមណីយដ្ឋាន​វត្តភ្នំ។

សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ញ៉ូយក ​សហ​រដ្ឋ​អាមេរិក​នេះ ​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ មុនពេល​តុលាកា​ក្រុង​ភ្នំពេញ​បើក​សវនាការ​កាត់​ទោសសកម្ម​ជន​នយោបាយ​ខាង​លើ​នេះ។

អង្គការ​ Human Rights Watch​ បាន​ហៅ​ការ​ចោទ​ប្រកាន់​ទៅ​លើក​ក្រុម​សកម្ម​ជន​ទាំង​១១​របស់​គណបក្ស​សង្គ្រោះជាតិ​នេះ​ថា ​ជា​«រឿង​គួរ​ឲ្យ​អស់​សំណើច»​ និងជា​រឿង​នយោបាយ។​ ជាង​នេះ​ទៀត​ នេះ​ជា​ការ​បិទ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្សក្នុង​ការ​ជួបជុំ​គ្នា​ដោយ​សេរី​ និង​សន្តិភាព​ និង​ការ​សម្តែង​មតិ​ជា​ដើម។​

លោក​ប៊្រេដ អាដាម​ នាយក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី​ បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍យ៉ាង​ដូច្នេះ​ថា៖​«ដំណើរ​ការ​កាត់ទោស​សកម្មជន​ទាំង​១១​នាក់​នេះ​គឺ​ជា​យុទ្ធនាការ​ចុង​ក្រោយ​បង្អស់​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​ក្នុង​ការ​គំរាម​កំហែង​ និង​ដាក់​គុក​អ្នក​ដែល​ប្រឆាំង​រដ្ឋាភិបាល​រស់​លោក»។

លោក​បានអំពាវនាវ​ថា​ ​ប្រទេស​ម្ចាស់​ជំនួយ​«គួរ​តែ​ហ៊ាន​និយាយ​ជំទាស់​ចំពោះ​ ដំណើរ​ការ​កាត់​ទោសនេះ» ។​

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១១​រូបត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​ក្រោយ​ពី​មាន​ការ​ចោ​ទ​ប្រកាន់​ដោយ​តុលាការ។ ​តុលាការ​ដែល​សំអាង​ថា ជា​កង​សន្តិសុខសាលាក្រុង​ភ្នំពេញ​ប្រមាណ​ជិត​៥០​នាក់ ​បាន​រង​របួស​ក្នុង​អំពើ​ហិង្សា​នោះ។​ ក្នុង​ចំណោម​ជន​ជាប់ចោទ​មាន​លោក​មាជ សុវណ្ណារ៉ា​ ប្រធាន​នាយកដ្ឋាន​ព័ត៌​មាន​របស់​គណបក្ស​នេះ​ដែរ។​

លោក​ចាន់ ចេន​ មេធាវី​របស់​លោក​មាជ សុវណ្ណារ៉ា មាន​ប្រសាសន៍​គាំទ្រ​ការ​លើក​ឡើង​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch​ ដោយ​លោក​និយាយ​ថា ​កូន​ក្តី​របស់​លោក​មិន​បាន​ប្រពឹត្ត​កំហុស ​ដូច​ការចោទ​នោះ​ទេ។​

«ខ្ញុំ​សូម​គាំទ្រ​រឿង​ហ្នឹង​ ព្រោះ​ឥឡូវ​នេះ​គឺ​វប្បធម៌​ចរចា​រវាង​ខ្មែរ​និង​ខ្មែរ​ គួរ​តែ​ទម្លាក់នូវ​អ្វី​ដែល​មិន​សម​ស្រប ​មិន​ត្រឹមត្រូវ​ និង​រួម​សុខដុម​រមនា​ជា​មួយ​គ្នា​ទៅ»។​

ដោយ​ឡែក ​លោក​ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​ប្រចាំទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ បាន​ច្រានចោល​ការ​លើក​ឡើង​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch​ ដោយ​លោក​មាន​ប្រសាសន៍​ថា​ រឿងក្តី​នេះ​វា​ផុត​ពី​ដៃ​របស់​រដ្ឋាភិបាល​ហើយ​ ហើយ​រដ្ឋាភិបាល​មិន​អាច​ជ្រៀតជ្រែក​ចូល​ក្នុង​ការ​សម្រេច​ចិត្ត​របស់​តុលាការ​នោះ​ទេ។

«តាម​នីតិវិធី​គឺ​រាជ​រដ្ឋាភិបាល​មិនមែនជាតួ​អង្គ​ការ​វិនិច្ឆ័យ​រឿង​ក្តី​នេះ​ទេ​ ​រាប់​ទាំង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ គឺ​មិន​មាន​ដែន​កាតព្វកិច្ច​ ឬ​អំណាច​ណា​មួយ​ក្នុង​ការ​វិនិច្ឆ័យ​ក្តី​នេះ​ដែរ ​មាន​តែ​តុលាការ​ទេ។ ​នេះ​ជា​អង្គការ​ព្រៃ​មួយ​ដែល​មិន​ស្គាល់​កម្ពុជា​ទាំង​ប្រព័ន្ធ​តុលាការ ​និង​លទ្ធិ​ប្រជា​ធិបតេយ្យ»។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ សកម្មជន​គណបក្ស​សង្គ្រោះជាតិ​៦​នាក់ក្នុង​ចំណោម​១១​នាក់​ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ ហើយ​៥នាក់​ផ្សេង​ទៀត​ រួមទាំង​លោក​មាជ សុវណ្ណារ៉ា អតីត​មន្ត្រី​ព័ត៌មាន​ដែល​មាន​សញ្ជាតិ​អាមេរិក​ផង​នោះ​ មិន​ត្រូវ​បាន​ដោះ​លែង​ទេ៕

XS
SM
MD
LG