ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​កូរ៉េ​ខាង​ជើង​បញ្ជា​ឲ្យ​មាន​ការ​បាញ់​ពិសោធ​អាវុធ​នុយក្លេអ៊ែរ​បន្ថែម​ទៀត


លោក Kim Jong Un មេដឹកនាំ​កូរ៉េខាង​ជើង​សើច​នៅ​ពេល​លោក​ណែនាំ​ពី​ការ​បាញ់​ពិសោធ​ប្រព័ន្ធ​រ៉ុក្កែត​ថ្មី​មួយ​ នៅ​ក្នុង​ក្រុង​ព្យុងយ៉ាង​ កាលពី​ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦។
លោក Kim Jong Un មេដឹកនាំ​កូរ៉េខាង​ជើង​សើច​នៅ​ពេល​លោក​ណែនាំ​ពី​ការ​បាញ់​ពិសោធ​ប្រព័ន្ធ​រ៉ុក្កែត​ថ្មី​មួយ​ នៅ​ក្នុង​ក្រុង​ព្យុងយ៉ាង​ កាលពី​ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦។

លោក Kim Jong Un មេដឹកនាំ​កូរ៉េខាង​ជើង​បាន​បញ្ជា​ឱ្យ​ប្រទេស​លោក​កែ​លម្អ​សមត្ថភាព​វាយ​ប្រហារ​ខាង​បរមាណូ​របស់​ខ្លួន​ក្រោយ​ពី​បាន​មើល​ការ​បាញ់​បង្ហោះ​ពិសោធ​កាំជ្រួច​ផ្លោង​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ នេះ​បើ​តាម​របាយការណ៍​របស់​បណ្តាញ​ផ្សាយ​ព័ត៌មាន​របស់​ប្រទេស​កូរ៉េ​ខាង​ជើង។​

ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ជា​ផ្លូវ​ការ​នៃ​ប្រទេស​កូរ៉េខាង​ជើង​ហៅ​កាត់ថា​ KCNA បានដក​ស្រង់​ពាក្យ​សម្តី​លោក​ Kim Jong Un ដែល​បាន​និយាយ​ថា លោក​ចង់​ឱ្យ​មាន «ការ​ពិសោធ​បំផ្ទុះ​បរមាណូ​ថែម​ទៀត​ដើម្បី​ស្ទង់​មើល​អំពី​កម្លាំង​បំផ្លិចបំផ្លាញ​នៃ​គ្រាប់​បែក​បរមាណូ​ដែល​បាន​ត្រូវ​ផលិត​ថ្មីៗ​ និង​ឱ្យ​មាន​ការ​ពិសោធ​ឯ​ទៀតៗ​ដើម្បី​បង្កើន​សមត្ថភាព​ខាង​ការ​វាយ​ប្រហារ​បរមាណូ»។

ទីភ្នាក់ងារ​ព័ត៌មាន​នេះ​បាន​និយាយថា​ លោក Kim បាន​ប្រកាស​ថា ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ​នឹង​ធ្វើ​ឱ្យ​ពួក​សត្រូវ​របស់​ខ្លួន «សោក​ស្តាយ​អំពី​ការ​វិនិច្ឆ័យ​ខុស​របស់​ពួក​គេ» និង​អំពី «សកម្មភាព​គ្មាន​ការ​ប្រុងប្រយ័ត្ន​របស់​ពួកគេ»។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បាញ់​កាំជ្រួច​ផ្លោង​វង់ប្រតិបត្តិការ​ជិត​ពីរ​គ្រាប់​ដែល​ហោះ​បាន​ចម្ងាយ​ប្រមាណ​៥០០គ.ម. នៅមុន​ពេល​វា​ធ្លាក់​ទៅ​ក្នុង​សមុទ្រ​ទល់​មុខ​នឹង​ឆ្នេរ​សមុទ្រ​ខាង​កើត​របស់​កូរ៉េ​ខាង​ជើង។​

ការ​បាញ់​បង្ហោះ​ពិសោធ​កាំ​ជ្រួច​មីស៊ីល​ទាំង​នេះ​ទំនង​ជា​ការ​ឆ្លើយ​តប​នឹងការ​ធ្វើ​សមយុទ្ធ​យោធា​ធំ​មួយ​ដោយ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ និង​ស.រ.អា.​ដែល​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​ហៅ​ថា​ ជា​ការ​ប្រុងប្រៀប​ធ្វើ​ការ​វាយ​លុក។​

នៅ​ក្រោយ​ការ​បាញ់​បង្ហោះ​ពិសោធ​កាំ​ជ្រួច​មីស៊ីល​ទាំង​នេះ​មក​ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​និយាយ​ថា ខ្លួន​នឹង «កម្ចាត់» ធនធាន​ទាំង​អស់​ដែល​នៅ​សេសសល់​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​លើ​ដែន​ដី​ខ្លួន ដោយ​និយាយ​សំដៅ​ដល់​គម្រោងការ​រួម​គ្នា​ពីរ​ដែល​បាន​ត្រូវ​បោះបង់​ចោល​គឺ​មជ្ឈមណ្ឌល​ឧស្សហកម្ម Kaesong និង​កន្លែង​សម្រាកកាយ​នៅភ្នំ​ Kumgang ដែល​កន្លែង​ទាំង​ពីរ​នេះ​ឋិត​នៅ​ខាង​ក្នុង​ព្រំដែន​នៃ​ប្រទេស​កូរ៉េ​ខាង​ជើង។

គណៈកម្មាធិការ​នៃ​ប្រទេស​កូរ៉េ​ខាង​ជើង​សម្រាប់​ការ​បង្រួប​បង្រួម​ប្រទេស​ជាតិ​កូរ៉េ​ដោយ​សន្តិវិធី​ក៏​បាន​និយាយ​ដែរ​ថា​ ខ្លួន​លុបចោល​កិច្ចព្រមព្រៀង​ទាំង​អស់​ជាមួយ​ប្រទេស​កូរ៉េ​ខាង​ត្បូង​អំពី​កម្មវិធី​សហប្រតិបត្តិការ​ខាង​សេដ្ឋកិច្ច ​និង​កម្មវិធី​ផ្លាស់​ប្តូរ​គ្នា​ ហើយ​បាន​គំរាម​កំហែង​ថា​នឹង​ធ្វើ​សកម្មភាព​ខាង​យោធា​ និង​ខាង​សេដ្ឋកិច្ច​ប្រឆាំង​នឹង​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​ផង​ដែរ៕

XS
SM
MD
LG