ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្ទង់​មតិ​បង្ហាញ​ថា​មាន​ការ​កើន​ឡើង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល


ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ពិធី​អបអរ​បុណ្យ​ខួប​ទី​៥៣​នៃ​ថ្ងៃ​៧​មករា។
ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ពិធី​អបអរ​បុណ្យ​ខួប​ទី​៥៣​នៃ​ថ្ងៃ​៧​មករា។

ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មិន​ពេញ​ចិត្ត​នឹង​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​មាន​ការ​កើន​ឡើង។ នេះ​បើ​យោង​ទៅ​លើ​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​ជាតិ​មួយ​ដែល​ធ្វើ​ឡើង​ដោយ​មូលនិធិ​អាស៊ី (Asia Foundation)។

មូលនិធិ​នេះ​បាន​សម្ភាស​ផ្ទាល់​មនុស្ស​១.០០០​នាក់​ នៅ​ក្នុង​ខែ​ឧសភា​និង​ ខែ​មិថុនា​ មុន​ពេល​កិច្ច​ព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ប្រឆាំង​និង​គណបក្ស​កាន់​អំណាច។ ៥៩%​នៃ​អ្នក​ដែល​បាន​ត្រូវ​សម្ភាស​គិត​ថា​ប្រទេស​កម្ពុជា​កំពុង​ដើរ​ទៅ​កាន់​ផ្លូវ​ខុស។

ការ​ស្ទង់​មតិ​នេះ​ផ្តោត​ទៅ​លើ​ឥរិយាបទ​របស់​មនុស្ស​ចំពោះ​រដ្ឋាភិបាល​ ជា​ពិសេស​ទាក់ទង​ទៅ​នឹង​ការ​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​កម្មករ​និង​សកម្មជន​ដីធ្លី​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

លទ្ធផល​បាន​បង្ហាញ​ការ​ផ្លាស់​ប្តូរ​ដ៏​សំខាន់​មួយ​ទៅ​រក​ការ​មិន​ពេញ​ចិត្ត​ចំពោះ​រដ្ឋាភិបាល​បើ​ប្រៀបធៀប​ទៅ​នឹង​ការ​ស្ទង់មតិ​ពី​ឆ្នាំ​មុនៗ។

លោក Silas Everett អ្នក​តំណាង​របស់​មូលនិធិ​អាស៊ី​ប្រចាំ​ប្រទេស​កម្ពុជា​ថ្លែង​ថា៖ «អ្វី​ដែល​យើង​បាន​ប្រៀបធៀប​គឺ​អារម្មណ៍​ជាតិ​ថា​តើ​កាល​ពី​១០​ឆ្នាំ​មុន​ មនុស្ស​មាន​អារម្មណ៍​យ៉ាង​ម៉េច​ប្រៀប​នឹង​ពេល​បច្ចុប្បន្ន»។

លោក​បន្ត​ថា៖ «កាល​ពី​១០​ឆ្នាំ​មុន​ ប្រជាពលរដ្ឋ​គិត​ថា​ការ​បោះឆ្នោត​ជាតិ​មាន​ភាព​សេរី​និង​យុត្តិធម៌​ជាង​បើ​ប្រៀបធៀប​ទៅ​នឹង​ការ​បោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០១៣​ កន្លង​ទៅ​នេះ»។

លោក​ ផៃ ស៊ីផាន អ្នក​នាំពាក្យ​របស់​រដ្ឋាភិបាល​បាន​ច្រានចោល​របាយការណ៍​នៃ​ការ​រកឃើញ​ ដោយ​លោក​មាន​ប្រសាសន៍​ថា សំណួរ​អាច​នឹង​ត្រូវ​បាន​រៀបចំ​តាម​ការ​ចង់​បាន​ចម្លើយ​របស់​ស្ថាប័ន។

«ខ្ញុំ​មិន​យល់​សំណួរ​ ប្រព័ន្ធ​នៃ​ការ​សួរ​និង​ការ​វាយតម្លៃ​របស់​គាត់»។

អ្នក​នាំពាក្យ​រូប​នេះ​បន្ថែម​ថា៖ «សំណួរ​គួរ​តែ​ត្រូវ​បាន​យល់​ដោយ​ប្រជាជន​ ហើយ​មិនមែន​ជា​ប្រភេទ​សំណួរ​ដែល​គេ​ចង់​បាន​ចម្លើយ​ដោយ​អ្នក​សួរ។ ខ្ញុំ​មិន​យល់​ស្រប»។

ទោះបី​ជា​យ៉ាងណា​ក៏ដោយ លោក Everett បាន​មាន​ប្រសាសន៍​ថា ការ​ស្ទង់មតិ​បង្ហាញ​ពី​ការ​ផ្លាស់ប្តូរ​សង្គម​មួយ ហើយ​ការ​រកឃើញ​ពី​ការ​ស្ទង់មតិ​នេះ​អាច​ជា​ប្រយោជន៍​ដល់រដ្ឋាភិបាល​កម្ពុជា។

លោក Everett ពន្យល់​នៅ​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «ការ​រកឃើញ​នេះ​គឺ​ជា​កញ្ចក់​តែ​មួយ​គត់​ដែល​បង្ហាញ​ពី​ទស្សនៈ​របស់​ប្រជាពលរដ្ឋ​និង​ បាន​បង្ហាញ​ពី​ការ​រំពឹងទុក​នៃ​ការ​ផ្លាស់ប្តូរ​យ៉ាង​ឆាប់​រហ័ស​នៃ​សេដ្ឋកិច្ច​ក្នុង​សង្គម»។

ការ​ស្ទង់​មតិ​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ជិត​កន្លះ​ឆ្នាំក្រោយ​ពី​មាន​ការ​ធ្វើ​បាតុកម្ម​ដ៏​ធំ​និង​ការ​បង្ក្រាប​ដ៏​សាហាវ​ពី​រដ្ឋាភិបាល​នៅ​ដើម​ខែ​មករា​ឆ្នាំ​២០១៤ និង​ បន្ទាប់​ពី​ការ​ជាប់គាំង​នយោបាយ​ជិត​មួយ​ឆ្នាំ។

នៅ​ក្នុង​ការ​ស្ទង់​មតិ​នេះ ៥៩%​នៃ​អ្នក​ឆ្លើយតប​បាន​បង្ហាញ​ពី​ការ​គាំទ្រ​តិចតួច​ចំពោះ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ ទាល់​តែ​មាន​ការ​កែទម្រង់​ការ​បោះឆ្នោត​ជា​មុន​សិន។

លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត Nicfec បាន​មាន​ប្រសាសន៍​ថា​ ការ​ស្ទង់​មតិ​គួរ​តែ​ត្រូវ​បាន​ចាត់ទុក​ដោយ​រដ្ឋាភិបាល​ ថា​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង។ ប៉ុន្តែ​លោក ហង្ស ពុទ្ធា បាន​ប្រយ័ត្ន​ចំពោះ​ការ​ផ្លាស់ប្តូរ​ដ៏​ឆាប់​រហ័ស។

លោក​បាន​និយាយ​ថា ការ​កែទម្រង់​ការ​បោះឆ្នោត​ត្រូវ​តែ​ ធ្វើ​ជា​បន្តបន្ទាប់ ជាពិសេស​នៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ដែល​ត្រូវ​បាន​គេ​រិះគន់​ថា​មាន​ការ​លម្អៀង​ទៅ​កាន់​គណបក្ស​កាន់​អំណាច។

«ប្រសិន​បើ​រង់ចាំ​គណៈកម្មការ​នៃ​ការ​បោះឆ្នោត​ឲ្យ​មាន​អព្យាក្រឹត​១០០% ខ្ញុំ​គិត​ថា​ វា​ជា​ការ​លំបាក​ហើយ​ពេល​ខ្លះ​អាច​ធ្វើ​ឲ្យ​មាន​ការ​ខូចខាត​ដល់​ការ​អភិវឌ្ឍ​ជាតិ»។

ការ​ស្ទង់មតិ​បាន​បង្ហាញ​ផង​ដែរ​ពី​ការ​មិន​យល់​អំពី​គោលការណ៍​ប្រជាធិបតេយ្យ។

៨៥%​នៃ​អ្នក​ដែល​បាន​ត្រូវ​សម្ភាស​បាន​និយាយ​ថា៖ «លទ្ធិប្រជាធិបតេយ្យ​ជានិច្ចកាល​ជា​មធ្យោបាយ​ល្អ​បំផុត​ ហើយ​ពួកគាត់​មិន​គាំទ្រ​ទស្សនៈ​ដែល​ថា អ្នកដឹកនាំ​ខ្លាំង​និង​មិន​ត្រូវ​បាន​គេ​បោះឆ្នោត​ឲ្យ​ គឺ​អាច​ទទួល​យក​បាន​នៅ​ក្នុង​សភាពការណ៍​មាន​វិបត្តិ»។

លោក ហង្ស ពុទ្ធា បាន​មាន​ប្រសាសន៍​ថា ការ​អប់រំ​និង​ការ​ហ្វឹកហ្វឺន​ត្រូវការ​ចាំបាច់​ដើម្បី​ជួយ​ឲ្យ​ប្រពលរដ្ឋ​អនុវត្ត​សិទ្ធិ​របស់​ពួក​គេ។ សិទ្ធិ​និង​គោលការណ៍​គួរ​តែ​ត្រូវ​បាន​អនុវត្ត​និង​អនុវត្ត​តាម​ដោយ​រដ្ឋាភិបាល «ដើម្បី​ឲ្យ​ប្រជាជន​បាន​យល់​ថា​អ្វី​ជា​លទ្ធិប្រជាធិបតេយ្យ»។

លោក​ថា៖ «ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​គួរ​តែ​អនុវត្ត​ចាប់​ពី​ថ្នាក់​ខ្ពស់​រហូត​ដល់​ថ្នាក់​ទាប។ ថ្នាក់​ខ្ពស់​គឺ​ជា​គំរូ»៕

XS
SM
MD
LG