ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​នយោបាយ​ធំ​ទាំងពី​មិនទាន់​រក​មធ្យោបាយ​ដោះស្រាយ​ជម្លោះ


ការ​អូស​បន្លាយ​ពេល​ធ្វើ​កិច្ចព្រម​ព្រៀង​នយោបាយ​នេះ​នាំ​ឲ្យ​កើត​មាន​បាតុកម្ម​តវ៉ា​និង​ការ​ចាប់ខ្លួន​ក្រុម​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ជំទាស់​ ហើយនឹង​មាន​អំពើ​ហិង្សា​ជាច្រើន។
ការ​អូស​បន្លាយ​ពេល​ធ្វើ​កិច្ចព្រម​ព្រៀង​នយោបាយ​នេះ​នាំ​ឲ្យ​កើត​មាន​បាតុកម្ម​តវ៉ា​និង​ការ​ចាប់ខ្លួន​ក្រុម​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ជំទាស់​ ហើយនឹង​មាន​អំពើ​ហិង្សា​ជាច្រើន។

គណបក្ស​ជំទាស់​និង​គណបក្ស​កាន់​អំណាច​មិនទាន់​រក​មធ្យោបាយ​ដើម្បី​ដោះស្រាយជម្លោះ​នយោបាយ​ជិត​មួយ​ឆ្នាំ​នេះទេ ​ក្រោយពី​មាន​ការ​បោះឆ្នោត​កាលពី​ឆ្នាំ​ទៅ​ដែល​គណបក្ស​ជំទាស់​មិន​ទទួល​ស្គាល់​លទ្ធផល​ ហើយ​ធ្វើ​ឲ្យ​រដ្ឋសភា​និង​រដ្ឋាភិបាល​ថ្មី​នេះ​ខ្វះ​ភាព​ស្រប​ច្បាប់។​

ការ​អូស​បន្លាយ​ពេល​ធ្វើ​កិច្ចព្រម​ព្រៀង​នយោបាយ​នេះ​នាំ​ឲ្យ​កើត​មាន​បាតុកម្ម​តវ៉ា​និង​ការ​ចាប់ខ្លួន​ក្រុម​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ជំទាស់​ ហើយនឹង​មាន​អំពើ​ហិង្សា​ជាច្រើន​ ដែល​រឿង​នេះ​ត្រូវក្រុម​អ្នក​នយោបាយ​និង​អ្នក​វិភាគ​ខ្លះ​និយាយ​ថា​ដល់​ពេល​ដែល​គណបក្ស​ទាំង​ពីរ​គិតពី​សាមគ្គី​ភាព​ជាតិ​ដើម្បី​ធ្វើ​ឲ្យ​ស្ថាន​ការណ៍​នយោបាយ​ សេដ្ឋកិច្ច ​និង​សង្គម​របស់​ប្រទេស​ដំណើរ​ការ​ទៅមុខ​ដោយ​គ្មាន​ភាព​រអាក់​រអួល។

​គណបក្ស​សង្គ្រោះជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​បន្ត​តស៊ូ​ជាមួយ​គ្នា​ ក្នុង​ការ​បញ្ចប់​ជម្លោះ​នយោបាយ​ដែល​អាច​ឲ្យ​ភាគី​ទាំងពីរ​ធ្វើការ​ជាមួយ​គ្នា​បាន ​ក្នុង​ក្រប​ខណ្ឌ​ប្រជា​ធិបតេយ្យ​ សេរីនិយម ​ពហុបក្ស​ក្នុង​រដ្ឋសភា​ និង​ក្នុង​ស្ថាប័ន​ ឯករាជ្យ​មួយ​ចំនួន​ទៀត។​ តែ​ភាគី​ទាំងពីរ​ ដោយ​មិន​គ្រាន់តែ​មិន​អាច​ចរចា​បញ្ចប់ វិវាទ​គ្នា​នឹង​គ្នា​បាន​ទេ​ តែថែម​បន្ត​អូស​បន្លាយ​ពេល​ដោះស្រាយ​បញ្ហា​រហូត​ឈាន​ដល់កើត​មាន​អំពើហិង្សា​ជាច្រើន​លើក​ មាន​ការ​ចាប់ខ្លួន​បេក្ខជន​ជាប់ឆ្នោត​ តំណាង​រាស្ត្រ​៧រូប ​ហើយ​នឹង​អាច​បន្ត​ការ​ចាប់​ខ្លួន​ទៀត​ នៅ​ខណៈ​ពេល​គណ បក្ស​ជំទាស់​បន្ត​ពហិកា​ មិន​ចូលរួម​ប្រជុំ​សភា​ ដែល​ធ្វើ​ឲ្យ​សភា​ និង​រដ្ឋាភិបាល​កើត​ចេញ​ពីការ​បោះឆ្នោត​មាន​មិន​ភាព​ស្រប​ច្បាប់​ពេញលេញ​ និងត្រឹម​ត្រូវ​តាម​គោល​ការណ៍​ប្រជា​ធិបតេយ្យ។​

ការ​អូស​បន្លាយ​ពេល​កាន់តែ​យូរទៅ​ៗនេះ​ត្រូវ​ក្រុម​អ្នក​នយោបាយ​និង​ក្រុម​អ្នក​វិភាគ​ខ្លះ​អះអាង​អាច​បង្ក​ដល់​បញ្ហា​នយោបាយ​កាន់​តែ​ធ្ងន់ធ្ងរ​ បញ្ហា​សេដ្ឋកិច្ច​ប្រទេស​ បញ្ហា​អត់​ការងារ​ធ្វើ​ និង​បញ្ហា​ខូចខាត​ដល់មុខ​មាត់​ប្រទេស​កម្ពុជា។​

លោក​សឺន ស៊ូប៊ែរ៍​ ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ និង​ជា​អតីត​អ្នក​តំណាង​រាស្ត្រ​ និង​សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ផង​នោះ ​បាន​អះអាង​ថា៖​

«ប្រជា​ពលរដ្ឋ​ខ្មែរ​អាម៉ាស់​មុខ​ ព្រោះមិន​ដែល​មាន​នៅ​ស្រុក​ណា​ដែល​គេ​ទុក​ ស្ថានភាព​ស្ថាប័ន​មួយ​ជា​ស្ថាប័ន​កំពូល​គឺ​រដ្ឋសភា​ហ្នឹង​ មាន​វិបត្តិ​របៀប​ហ្នឹង​ រហូត​ដល់​មួយ​ឆ្នាំ​ទៅ​ហើយ។​ វា​មិន​គម្បី​ និង​ព្រះរាជា​ណាចក្រ​កម្ពុជា​កាល​ជំនាន់​ សម្តេច​ឳ​ ក៏​មិន​ដែល​ឃើញ​របៀប​ហ្នឹង​ដែរ។​ មួយ​ទៀត​ បើ​នៅ​តែ​អញ្ចឹង​ទៅ​ទៀត​ វា​នឹង​ក្លាយទៅ​ជា​រដ្ឋ​កុំម្មុយ​នីស្ត​មួយ​ហើយ​ ព្រោះ​មាន​តែ​គណបក្ស​តែមួយ​ ហើយ​គណបក្ស​ហ្នឹង​ជា​រដ្ឋ ​ដូច​បច្ចុប្បន្ន​អញ្ចឹង»។

លោក​បាន​បន្ថែម​ថា​ ការ​បន្ត​អូស​បន្លាយ​ទៅ​នេះ​នឹងនាំ​ឲ្យមាន​បញ្ហា​សេដ្ឋ​កិច្ច​នៅ​ កម្ពុជា ​ដោយសារ​គ្មាន​វិនិយោគ​ និង​គ្មាន​ការ​ផ្តល់​ការងារ​ធ្វើ​ដល់​យុវជន​កម្ពុជា។ ​ ប្រទេស​ប្រកាន់​ប្រជាធិតេយ្យ​គេ​នឹង​ផ្អាក​ជំនួយ​ជាដើម។​ លោក​ក៏បាន​បន្ថែម​ថា​ ទាំង​អស់​នេះ​ហើយ​ដែលកើត​ចេញ​ពី​អំណាច​ប្រមូល​ផ្តុំ​លើ​គណបក្ស​តែមួយ​ឬ​ឯកបក្យ ​ផ្ទុយ​ពី​គោល​ការណ៍​ប្រជា​ធិបតេយ្យ។​

«មិន​ដែល​ឃើញ​ប្រទេស​ណា​ដែល​មាន​បញ្ហា​នយោបាយ​ររៀប​ហ្នឹង ​អត់ចេះ​ខ្មាស់​អៀន។​ សភា​មានតែ​មួយ​ភាគី​ រួច​គណបក្ស​ប្រឆាំង​អត់មាន​ចូលរួម។​ នេះ​គឺ​វិបត្តិ​ផ្ទៃ​ក្នុង​នៅស្រុក​យើង​ហើយ។​ ហើយ​មួយ​ទៀត​ នាយក​រដ្ឋមន្ត្រី​ហ្នឹង​ កុំ​គិត​ថា ​ខ្លួន​ឯង​ជា​នាយក​រដ្ឋមន្ត្រី​ពេញ​សិទ្ធិ​ ព្រោះ​គេ​ទុក​រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ​ជា​រដ្ឋាភិបាល​ប្រចាំ​ការ​តែ​ប៉ុណ្ណឹង​ មិនមែន​រដ្ឋាភិបាល​ពេញ​សិទ្ធិ​ទេ»។​

គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​គេ​ប្រកាស​ឲ្យ​ដឹង​ថា ​ឈ្នះ​ការ​បោះឆ្នោត​កាលពី​ ថ្ងៃ​ទី២៨​ ខែ​កក្កដា​ឆ្នាំ​២០១៣​ ដោយ​បាន​ទទួល​សំឡេង៦៨​អាសនៈ​ឬ​ជា​សំឡេង​ ច្រើន​ជាង​៥០ភាគ​រយ​បូក​១​ ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ។​ តែ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ឈ្នះ​អាសនៈ​ចំនួន​៥៥​នោះ​ បាន​អះអាង​ថា​ ក្នុង​ការ​បោះឆ្នោត​ នេះ ​ខ្លួន​ជាអ្នក​ឈ្នះ​ ដោយ​ចោទ​ប្រកាន់​ថា ​មាន​ការ​គៃ​បន្លំ​សន្លឹក​ឆ្នោត​ហើយ​នឹង​ គណបក្ស​នេះបាន​សម្រេចធ្វើ​ពហិកា​ មិនចូល​ប្រជុំ​សភា​ដែល​ឲ្យ​សភា​នេះ​មិន​មាន​ភាព​ពេញលេញ​តាម​គោល​ការ​សេរី​ពហុបក្ស​ទេ​ ក្រោយ​ពេល​គណបក្ស​គ្រប់​គ្រង​ប្រទេស​មិន​បាន​ផ្តល់​ការ​យល់​ព្រមឲ្យ​មាន​ការ​កែ​ទម្រង់ស្ថាប័ន​ជាតិ​សំខាន់ៗ​មួយ​ចំនួន ​ជាពិសេស​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នោះ។​

ប្រទេស​កម្ពុជា​ត្រូវ​គេ​ចាត់​ទុក​ថា ​ជា​ប្រទេស​ក្រីក្រ​មួយ​ក្នុង​ពិភព​លោក​ ក្រោយ​ បញ្ចប់​សង្គ្រាម​ស៊ីវិល​ក្នុង​ទសវត្ស​១៩៩០​ ហើយ​ប្រទេស​នេះ​ពឹង​ផ្នែកលើ​ជំនួយ​ បរទេស​ប្រមាណ​១ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​ និង​ដំណើរ​ការ​ចំណាយ​ផ្សេងៗ​របស់​រដ្ឋ។​

លោក​ញ៉ឹក ប៊ុនឆៃ​ អគ្គ​លេខាធិការ​គណបក្ស​ហ៊្វុន​ស៊ីនប៉ិច​ មើល​ឃើញ​ថា​ ស្ថាន​ ការណ៍​ក្នុង​ប្រទេស​កម្ពុជា​មាន​សភាព​ធ្ងន់ធ្ងរ​ជាងមុន​ មាន​បញ្ហា​ជា​ច្រើន​ដែល​ តម្រូវ​ឲ្យ​គណបក្ស​ជាប់ឆ្នោត​ទាំង​ពីរ​ដោះស្រាយ​រួមគ្នា​ ដូច​ជា​រឿង​នយោបាយ​ការ​ បរទេស ​ជំនួយ ​សេដ្ឋកិច្ច​ វិនិយោគ ​ព្រំដែន​ ជន​អន្តោ​ប្រវេសន៍​ បញ្ហាដីធ្លី​ និងបញ្ហា​ជាតិធំៗ​ជាច្រើន​ទៀត៖​

«ហើយ​បញ្ហា​ទាំងអស់​នេះ​ ខ្ញុំ​មាន​ជំនឿ​ថា ​អាច​ដោះស្រាយ​បាន​ នៅ​ពេល​ណា​ កម្ពុជា​យើង​ ជាតិយើង ​ប្រជាជន​យើង​រួម​សាមគ្គីគ្នា​ជា​ធ្លុង​មួយ​ ជឿទុក​ចិត្តគ្នា​បាន​ អាច​រួមគ្នា​ដោះស្រាយ​បញ្ហា​នេះ​បាន​ មិន​អាច​គណបក្ស​នយោបាយ​ណាមួយ​តែ​ឯង ​ហើយ​អាច​ដោះស្រាយ​បាន​ទេ​ចំពោះ​បញ្ហា​ដែល​កម្ពុជា​កំពុង​ប្រឈម​បច្ចុប្បន្ន​នេះ»។​

លោក​ថ្លែង​ថា​ លោក​មិនចង់​ឃើញ​ប្រវត្តិ​សាស្ត្រ​និង​បញ្ហា​អំពើ​ហិង្សា​ដែល​មាន​ការ​ស្លាប់ ​និង​របួស​មនុស្ស​ដូច​មុនៗ​កើតឡើង​ទៀត​ទេ​ ដែល​លោក​សង្កត់​ធ្ងន់​ថា​ ការ​អូស​បន្លាយ​ពេល​សម្រប​សម្រួល​ខាង​នយោបាយ​នឹងនាំ​ឲ្យ​មាន​ការ​ដក​ វិនិយោគទុន​ កម្មករ​អត់ការងារ​ធ្វើ ​ហើយ​ប្រាក់​ជំនួយ​ដែល​ផ្តល់​ជារៀង​រាល់​ឆ្នាំ​ អាច​ត្រូវ​គេព្យួរ​សិន​សម្រាប់​កម្ពុជា។​

ទោះជា​យ៉ាងណា​ក៏ដោយ​ ចំណែក​ឯ​លោកស្រី​ជា វណ្ណាត​វិញ​ បាន​អះអាង​ថា ​ស្ថាន​ការណ៍​កម្ពុជា​បច្ចុប្បន្ន ​ដូចជា​ប៉ះពាល់​ដល់​ទឹកចិត្ត​ពលរដ្ឋ​កម្ពុជាក្រោយ​ការ​បោះឆ្នោត​ច្រើនជាង​អ្វី​ផ្សេង​ទៀត។​

«តែ​គ្រាន់​តែ​ប៉ះពាល់​ខ្លាំង​ទៅ​លើ​ផ្លូវចិត្ត​ប្រជា​ពលរដ្ឋ​ខ្លួន​ឯង​តែ​ម្តង​ ដោយសារ​តែ​គណបក្ស​ទាំង​ពីរ​ហ្នឹង​មិន​បាន​ចូល​ធ្វើការ​ក្នុង​សភា​ជាមួយ​គ្នា​ ហើយ​សេចក្តី​ សម្រេចទាំងអស់​ទៅ​ជា​ឯកបក្យ​ ខុស​ហ្នឹង​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​ គោល​ការណ៍​ប្រជា​ធិបតេយ្យ​ សេរី ​ពហុបក្យ»។​

ទោះជា​យ៉ាងណា​ក៏ដោយ ​លោកស្រី​បាន​អះអាង​ថា​ គណបក្ស​កាន់​អំណាច​មាន​ បទ​ពិសោធន៍​ច្រើន​ក្នុង​ការ​បញ្ចប់​ជម្លោះ​នយោបាយ​ដើម្បី​ឲ្យ​ភាគី​ទាំង​ពីរ​អាច​ ធ្វើ​ការ​ជាមួយ​គ្នា​បាន។​

«យ៉ាង​ណាមិញ​ គណបក្ស​ទាំង​ពីរ​ហ្នឹង​ត្រូវ​ធ្វើការ​ជាមួយ​គ្នា ​បម្រើ​ជាតិ​ក្នុង​ន័យ​ហ្នឹង​ ហើយ​មិន​អាច​ទាមទារ​ថា​ ទេ​ មាន​តែ​ខ្លួន​ឯង​ទេ​ មិនអាច​ទាមទារ​អញ្ចឹង​បាន​ ទេ»។​

លោកស្រី​បាន​អះអាង​ថា ​កម្ពុជា​ត្រូវការ​ពេលវេលា​ដើម្បី​កសាង​ស្ថាប័ន​រដ្ឋ​រឹងមាំ​ ត្រូវ​ការ​ពេលវេលា​ដើម្បី​យល់ដឹង​អំពី​ប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​ ត្រូវការ​ការ​ ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ ដោយ​មិន​ប្រើ​អំពើ​ហិង្សា​ដូច​អតីតកាល​ទៀត​ ត្រូវ​ការ​ឲ្យ​ពលរដ្ឋ​ និង​គណបក្ស​នយោបាយ​ទុក​ចិត្ត​គ្នា​ ដែល​រឿង​នេះ​ លោកស្រី​ បញ្ជាក់​ថា​ មិន​អាច​កើត​ឡើង​ភ្លាមៗ​ទេ​ក្នុង​សង្គម​ដែល​បែង​ចែក​ជា​ពីរ​នេះ។​

លោកស្រី​បាន​អះអាង​ថា​ អ្នក​នយោបាយ​គួរ​ត្រឡប់​មក​កាន់​តុចរចា​ដើម្បី​ធ្វើ​ឲ្យ​ មាន​ឯកភាព​ជាតិ​ ហើយ​បញ្ចប់​ការ​បែក​បាក់។​

«បើ​សិន​ណា​បន្ត​ឲ្យ​មាន​ការ​បែកបាក់​អញ្ចឹង​ វា​ធ្វើ​ឲ្យ​ប្រទេស​យើង​ហ្នឹង​មាន​ភាព​ ទន់ខ្សោយ​ ត្រង់តែ​យើង​ចេះ​តែ​ថា ​ប្រទេស​ដទៃ​ សាសន៍​ដទៃ​គេ​មក​លូកលាន់​ក្នុង​រឿង​យើង។​ តែយើង​ភ្លេច​គិត​ថា ​យើង​មិន​ត្រូវគ្នា​បាន​ជា​យើង​បង្ក​ឱកាស​ឲ្យ​ គេ​អញ្ចឹង។​ មេរៀន​ប្រវត្តិសាស្ត្រ​យើង​ហ្នឹង​ច្រើន​ដង​ហើយ ​ដដែលៗ»។​

ការ​ថ្លែង​យ៉ាង​ដូច្នេះ​កើត​ឡើង​ក្រោយ​ពេល​ដែល​គណបក្ស​ទាំង​ពីរ​នៅ​មាន​គម្លាត​ ចំពោះ​ដំណោះស្រាយ​នយោបាយ​យ៉ាងធំ​ ហើយ​ចំពេល​ដែលមាន​ការចាប់​ខ្លួន​ បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​៧រូប​និង​មន្ត្រី​គណបក្ស​ជំទាស់​មួយ​រូប​ ដែល​ ចូល​រួម​បាតុកម្ម​ដើម្បី​សុំ​ឲ្យ​បើក​ទីលាន​ប្រជា​ធិបតេយ្យ​ឡើង​វិញ​កាលពី​ថ្ងៃ​អង្គារ​ ហើយ​ដែល​ក្រោយមក​មាន​អំពើ​ហិង្សា​ធ្វើឲ្យ​មាន​មនុស្ស​របួស​យ៉ាងតិច​៥០​នាក់​ ទាំង​ សន្តិសុខ​ និង​ក្រុម​បាតុករ​នោះ។​ ការ​ចាប់​ខ្លួន​នេះ​បង្កឲ្យ​មាន​ប្រតិកម្ម​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ព្រមាន​មិន​ចរចា​ទៀត​ទេ ​រហូត​ទាល់​តែ​មាន​ការ​ដោះលែង​ក្រុម​មន្ត្រី​របស់​ខ្លួន​ដោយ​ឥត​លក្ខខណ្ឌ។​

ព្រះតេជ​គុណ​ហុក សុវណ្ណ ​ព្រះចៅ​អធិការ​វត្ត​មួយ​ក្នុង​ក្រុង​ម៉ុងរ៉េអាល់​ ប្រទេស​ កាណាដា​ បាន​មាន​សង្ឃដីកា​ថា ​អ្នក​នយោបាយ​កម្ពុជា​គួរ​បញ្ឈប់​ការ​ប្រើ​ល្បិច​កិច្ច​កល​សម្លាប់​គ្នា​ សម្រាប់​តែ​ការ​ចំណេញ​ដល់​គណបក្យ​នោះ ​ហើយ​ត្រូវតែ​វិល​មក​កាន់​តុចរចា​គ្នា​វិញ​ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ​រួមគ្នា​ ដោយ​សម្លេង​តែ​មួយ​វិញ។​

«សូម​អំពាវនាវ​ដែរ ​សូមឲ្យ​ទាំងអស់​គ្នា​ បើ​ទាំងអស់​គ្នា​សុខចិត្ត​នៅជា​ខ្មែរ​ នៅ​ក្នុង​ ប្រទេស​ដ៏តូច​មួយ​នេះ​ ឲ្យ​បាន​គង់​វង្ស​តទៅ​ទៀត​ ត្រូវទាំង​អស់គ្នា​មាន​សតិ សម្ប​ជញ្ញៈ​ ចំពោះ​ផល​ប្រយោជន៍​របស់​ជាតិ​ ហើយ​កុំ​ធ្វើ​តាម​បរទេស​ណា ​ដែល​ញុះ​ញង់​ឲ្យ​ខ្មែរ​បែក​បាក់​គ្នា»។​

ក្រុម​អង្គការ​អន្តរជាតិ​និង​ជាតិ ​ហើយ​នឹង​ម្ចាស់​ជំនួយ​មួយ​ចំនួន​ក៏​បាន​ទទូច​ឲ្យ​ មាន​ការ​ដោះលែង​ក្រុម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ឡើងវិញ​ដែរ​ ដើម្បី​ឲ្យ​ស្ថាន​ការណ៍​បែរ​ទៅ​រកភាព​ប្រក្រតី​វិញ ​ហើយ​បន្ត​កិច្ច​ចរចា​គ្នា​ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ៕

XS
SM
MD
LG