ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហ្វីលីពីន​ និង​ជប៉ុន​បន្ត​ចំណង​រឹង​មាំ​ ៧០​ឆ្នាំ​បន្ទាប់​ពី​សង្រ្គាម​លោក​លើក​ទី​២


រូប​ភាព​ឯកសារ៖ លោក​យាយ​ Anastacia Cortez អាយុ​៩២ ដែល​អះអាង​ថា​ខ្លួន​ត្រូវ​បាន​ចាប់​ធ្វើ​ជា​ស្រ្តី​បម្រើ​ផ្លូវភេទ​ឲ្យ​ទាហាន​ជប៉ុន​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​២​ កំពុង​និយាយ​ទៅ​កាន់​សមាជិក​ « Lila Pilipina» ផ្សេង​ទៀត​នៅ​ក្នុង​ការដើរ​ក្បួន​មួយ​ នៅ​ក្បែរ​វិមាន​ប្រធានាធិបតី​ Malacanang ក្នុង​ទីក្រុង​ម៉ានីល​ ប្រទេស​ហ្វីលីពីន។​
រូប​ភាព​ឯកសារ៖ លោក​យាយ​ Anastacia Cortez អាយុ​៩២ ដែល​អះអាង​ថា​ខ្លួន​ត្រូវ​បាន​ចាប់​ធ្វើ​ជា​ស្រ្តី​បម្រើ​ផ្លូវភេទ​ឲ្យ​ទាហាន​ជប៉ុន​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​២​ កំពុង​និយាយ​ទៅ​កាន់​សមាជិក​ « Lila Pilipina» ផ្សេង​ទៀត​នៅ​ក្នុង​ការដើរ​ក្បួន​មួយ​ នៅ​ក្បែរ​វិមាន​ប្រធានាធិបតី​ Malacanang ក្នុង​ទីក្រុង​ម៉ានីល​ ប្រទេស​ហ្វីលីពីន។​

អស់​រយៈពេល​៧០​ឆ្នាំ​ បន្ទាប់​ពី​ប្រទេស​ជប៉ុន​បាន​ចុះ​ចាញ់​កង​កម្លាំង​សម្ព័ន្ធ​មិត្ត​នៅ​ចុង​បញ្ចប់​នៃ​សង្គ្រាម​លោក​លើក​ទី​២ ទំនាក់​ទំនង​របស់​ជប៉ុន​ និង​ប្រទេស​ជិត​ខាង​ដូចជា​ កូរ៉េ​ខាង​ត្បូង​ និង​ចិន​នៅ​តែ​បន្ត​រង​សម្ពាធ​ ដោយ​ភាព​ទុក្ខ​សោក​នៅ​អំឡុង​ពេល​មាន​សង្គ្រាម​។ ប៉ុន្តែ​ ចំពោះ​ហ្វីលីពីន ដែល​ជប៉ុន​បាន​គ្រប់គ្រង​អស់​រយៈពេល​៣​ឆ្នាំ​ ក្នុង​អំឡុង​ពេល​សង្គ្រាម​នោះ​បាន​កំពុង​បន្ត​ទំនាក់ទំនង​សេដ្ឋកិច្ច​ និង​ពង្រឹង​ទំនាក់ទំនង​សន្តិសុខ។

ប្រជាជន​ហ្វីលីពីន​មួយ​ចំនួន​មាន​ការ​ចងចាំ​ដ៏​ឈឺចាប់ និង​យូរ​អង្វែង​ពី​ការកាន់​កាប់​របស់​ជប៉ុន​ រវាង​ឆ្នាំ​ ១៩៤២​ ដល់​ឆ្នាំ​១៩៤៥។ សមាជិក​នៃ​ក្រុម​អ្នក​នៅ​រស់​រាន​ពី​សម័យ​នោះ​ ដែល​ត្រូវ​បាន​ហៅ​ថា «Lolas»​ ឬ​ជា​ភាសា​ហ្វីលីពីន​ហៅ​ថា​ «លោក​យាយ»​ បាន​និយាយ​ថា​ ទាហាន​ជប៉ុន​បាន​បង្ខំ​ពួក​គាត់​ឲ្យ​ធ្វើ​ជា​ទាសករ​បម្រើ​ផ្លូវ​ភេទ​ឲ្យ​ពួកគេ។

លោក​យាយ​ Hilaria Bustamante បច្ចុប្បន្ន​មាន​អាយុ​៨៩​ឆ្នាំ​។ គាត់​បាន​ចង​ចាំ​កាលពី​ពេល​ដែល​គាត់​ត្រូវ​បាន​ជាប់​ឃុំ​ឃាំងរយៈពេល​ជាង​មួយ​ឆ្នាំ នៅ​ភូមិ​កង​ទ័ព​មួយ​ ក្នុង​តំបន់​ប្រជុំជន​មួយ​នៅ​ខេត្ត​ Bataan។

លោក​យាយ​និយាយ​ថា៖ «អ្វី​ដែល​យើង​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ​គឺ បោក​សម្លៀកបំពាក់​ ចំអិន​អាហារ​ ហើយ​នៅ​ពេល​យប់​មាន​មនុស្ស​ប្រុស​គ្រប់​ប្រភេទ​បាន​រំលោភ​យើង​ ហើយ​យើង​មិន​ដឹង​ថា​ពួក​គេ​មក​ពី​ណា​ទេ»។​

លោក​យាយ​ Bustamante និយាយ​ថា​ បន្ទាប់​ពី​អាមេរិក​បាន​មក​ដល់​ ទើប​គាត់​អាច​ចាកចេញ​ពី​ភូមិ​កងទ័ព​នោះ​បាន​ ប៉ុន្តែ​គាត់​មិន​ប្រាប់​អ្នក​ណា​ម្នាក់​ពី​អ្វី​ដែល​បាន​កើត​ឡើង​ឡើយ​ ក្រៅ​ពី​ម្តាយ​របស់​គាត់។ នៅ​ក្នុង​អំឡុង​ពាក់​កណ្តាល​ឆ្នាំ​១៩៩០​ គាត់​បាន​ចូលរួម​ ក្រុម​ស្រ្តី​តស៊ូ​មតិ​ ឬ​ហៅថា Lila Pilipina ដើម្បី​ទាមទារ​យុត្តិធម៌​សម្រាប់​ស្រ្តី​រង​គ្រោះ​ដូច​ជា​រូប​គាត់។

ក្រុម​ «Lila Pilipina» មាន​បំណង៣​គឺ៖ ការ​សុំ​ទោស​ជា​សាធារណៈ ​សំណង​ពី​រដ្ឋាភិបាល​ជប៉ុន​ និង​ការបញ្ចូល​អំពី​រឿងរ៉ាវ​ដែល​បាន​កើត​ឡើងចូល​ទៅ​ក្នុង​សៀវភៅ​ប្រវត្តិសាស្រ្ត​ហ្វីលីពីន។​

ក្រុម​តស៊ូ​មតិ​បាន​ប៉ាន់​ប្រមាណ​ថា​ យ៉ាង​តិច​ណាស់​ក៏​មាន​ស្រ្តី​ហ្វីលីពីន​១ម៉ឺន​នាក់​ដែរ ដែល​បាន​រងគ្រោះ​នៅ​ក្នុង​អំឡុង​ពេល​សង្គ្រាម​លោក​លើក​ទី​២។ អ្នកស្រី​ Richilda Extremadura ប្រធាន​ក្រុម​ Lila Pilipina និយាយ​ថា​ បច្ចុប្បន្ន​មាន​ស្រ្តី​៧០​នាក់​នៅ​រស់ ហើយ​មាន​តែ​៦​នាក់​ប៉ុណ្ណោះ​ដែល​មាន​រាងកាយ​ល្អ​គ្រប់​គ្រាន់​ដែល​អាច​ធ្វើ​ដំណើរ​ទៅ​មក​បាន។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «ប្រសិន​បើ​ពួក​គេ​ឲ្យ​ជន​រងគ្រោះ ក៏​ដូច​ជាអ្នក​ដែល​នៅ​រស់​រាន​ទាំង​នោះ​ស្លាប់​ទៅ​ មុន​ពេល​ដែល​រដ្ឋាភិបាល​សម្រេច​ចិត្ត​ទទួល​ស្គាល់​បទ​ឧក្រិដ្ឋ​របស់​ពួកខ្លួន​ ហើយ​ផ្តល់​យុត្តិធម៌​ដល់​លោក​យាយ​ទាំង​អស់​នោះ​... ខ្ញុំ​គិត​ថា​វា​នឹង​ហួស​ពេល​សម្រាប់​ពួកគេ។»

នៅ​ក្នុង​ឆ្នាំ​១៩៩៣ រដ្ឋាភិបាល​ជប៉ុន​បាន​ទទួល​ស្គាល់​ថា យោធា​របស់​ខ្លួន​បាន​អនុវត្ត​ប្រព័ន្ធ​នៃ​ការ​ធ្វើ​ពេស្យាកម្ម​មួយ។ ប៉ុន្តែ​រដ្ឋាភិបាល​ទីក្រុង​តូក្យូ​មិន​បាន​ទទួល​ស្គាល់​ថា​ ការ​អនុវត្ត​នោះ​ត្រូវ​បាន​ប្រើប្រាស់​ជា​ផ្លូវ​ការ​ឡើយ។​ គេ​ប៉ាន់​ប្រមាណ​ថា ទឹក​ដី​ទាំង​អស់​ត្រូវ​បាន​កាន់កាប់​ដោយ​អធិរាជ​ជប៉ុន។

​មាន​ស្រ្តី​ប្រមាណ​ម្ភៃម៉ឺន​នាក់​ត្រូវ​បាន​ចាប់​ធ្វើ​ជា​ទាសករ​បម្រើ​ផ្លូវ​ភេទ​ដល់​ពួក​កងទ័ព។ រដ្ឋាភិបាល​ជប៉ុន​បាន​បង្កើត​មូលនិធិ​សម្រាប់​ផ្តល់​សំណង​ដល់​ស្រ្តី​រង​គ្រោះ​ទាំង​នោះ​ តាមរយៈ​ការ​បរិច្ចាគ​ឯកជន​ ហើយ​ហ្វីលីពីន​ព្រម​ទទួល​សំណង​នោះ។​

លោក​ឯក​អគ្គរាជ​ទូត​ជប៉ុន​ Kazuhide Ishikawa បានសុំទោស​សម្រាប់​ការឈឺចាប់​ដែល​ជប៉ុន​បាន​ធ្វើ​ទុក្ខ​បុក​ម្នេញ​នៅ​ក្នុង​សុន្ទរកថាមួយ​ កាល​ពី​ខែ​មុន​នៅ​ក្នុង​ថ្ងៃ​បុណ្យ​ហ្វីលីពីន «ថ្ងៃវីរបុរស»​ ដើម្បី​រំលឹក​ដល់​ទាហាន​ក្នុង​សង្គ្រាម​លោក​លើក​ទី​២​។

លោក​បាន​និយាយ​ថា​ ៖ «ការចាញ់​ក្នុង​សង្គ្រាម​លោក​លើក​ទី​២​ បាន​ធ្វើ​ឲ្យ​ជប៉ុនកសាង​ប្រទេស​ជាតិ​មួយ​ប្រកប​ដោយ​សេរី​ភាព និង​ប្រជាធិបតេយ្យ​មួយ ដែល​លើក​កម្ពស់​សិទ្ធិ​មនុស្ស​ និង​គោរព​នីតិ​រដ្ឋ​» ។

លោក​ Ishikawa បាន​និយាយ​ទៀត​ថា «ជប៉ុន​ក៏​បាន​ចូលរួម​ចំណែក​ក្នុង​ការ​រក្សា​សន្តិភាព ស្ថេរភាព​ និង​វិបុលភាព​របស់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ក្នុង​រយៈពេល​៧០​ឆ្នាំ​នេះ​ ក្នុង​នាម​ជា​ប្រទេស​ជាតិ​មួយ​ដែល​ស្រឡាញ់​សន្តិភាព​ ជា​ដៃ​គូ​មួយ​ក្នុង​ចំណោម​ដៃ​គូ​ដ៏​ល្អ​បំផុត​របស់​ហ្វីលីពីន​ និង​ជា​សម្ព័ន្ធ​មិត្ត​របស់​សហរដ្ឋ​អាមេរិក។»

ការ​ឈឺ​ចាប់​របស់​ក្រុម​លោក​យាយៗ​ពិបាក​ក្នុង​ការ​ចង្អុល​បង្ហាញ​ប្រទេស​ ដែល​មាន​ប្រវត្តិ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ដ៏​រឹងមាំជាមួយ​ជប៉ុន។ លោក​ Ricardo Jose គឺ​ជា​អ្នក​ជំនាញ​ប្រវត្តិសាស្រ្តសង្គ្រាម​លោក​លើក​ទី​២​នៅ​ឯ​សាកលវិទ្យាល័យ​ហ្វីលីពីន​ ដែល​បាន​ដាក់​ទំនាក់ទំនង​រវាង​ហ្វីលីពីន និង​ជប៉ុន​ទៅ​ក្នុង​បរិបទ​អាណានិគម​អេស្បាញ​ ដែល​បាន​គ្រប់គ្រង​ហ្វីលីពីន​អស់​ជិត​៤០០​ឆ្នាំ​ រហូត​ដល់​ឆ្នាំ​១៨៩៨។​

លោក​មាន​ប្រសាសន៍​ថា៖ «​មុន​ពេល​ដែល​អេស្បាញ​បាន​ដល់ ជប៉ុន​មាន​នៅ​ទី​នេះ​រួច​ទៅ​ហើយ។​ យើង​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ល្អ​មួយ​ជាមួយ​ពួកគេ។​ ដូច្នេះ​នៅ​ក្នុង​ន័យ​មួយ​ អ្នក​ខ្លះ​អាច​និយាយ​ថា​ សង្រ្គាម​គឺ​ជា​រឿង​ភ័ន្ត​ច្រឡំ​មួយ»។

សង្រ្គាម​បាន​បណ្តាល​ឲ្យ​ទីក្រុង​ម៉ានីល​ និង​ទីក្រុង​ឯ​ទៀត​ក្លាយ​ជា​កម្ទេច​កម្ទី។ ប្រជាពលរដ្ឋ​ហ្វីលីពីន​ប្រហែល​ មួយលាន​ មួយ​សែន​នាក់​បាន​ស្លាប់​។ មាន​មនុស្ស​ជា​ច្រើន​បាន​ទទួល​រង​អំពើ​ឃោរឃៅ​ដូចជា​ ការសម្លាប់​ និង​ការធ្វើ​ទារុណ​កម្ម។

លោក​ Jose និយាយ​ថា​ ជំនឿ​លើ​សាសនា​គ្រិស្ត​ដែល​គ្រប​ដណ្តប់​លើស​លុប​នៅ​ក្នុង​ប្រទេស​នេះ​ ជាមួយ​នឹង​ការ​សង្កត់​ធ្ងន់​លើ​ការអត់​ឱន​ទោស​នោះ​ បាន​ជួយ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​បាន​ត្រឡប់​មក​រក​ភាព​ល្អ​ប្រសើរ​វិញ។​

លោក​ថា៖ «ទោះ​បី​ជា​អ្នក​ដទៃ​បាន​និយាយ​ថា​ ព្រោះ​តែ​យើង​មិន​ចង់​ចង​គំនុំនឹង​មនុស្ស​គ្នា​ឯង​ យើង​អត់​ឱន​ទោស​ឲ្យ​ដោយ​ស្រួល​ ឬ​មួយ​ក៏​យើង​មិន​បាន​ចងចាំ​ប្រវត្តិសាស្រ្ត​បាន​ល្អ​។ ដូច្នេះ​នៅ​ក្នុង​ទសវត្សរ៍​ទី​៦០ និង​៧០​ យើង​បាន​ចាប់​ផ្តើម​ស្វាគមន៍​ជប៉ុន​វិញ​ ទោះ​បី​ជា​មាន​សេចក្តី​មិន​ទុក​ចិត្ត​ច្រើន​ក៏​ដោយ»។

​លោក​ Jose និយាយ​ថា​ នៅ​ក្នុង​ឆ្នាំ​១៩៥៦ ហ្វីលីពីន​ និង​ជប៉ុន​បានព្រមព្រៀង​គ្នា​អំពី​កញ្ចប់​សំណង​ ដែល​មាន​តម្លៃ​តិច​ជាង​៨​ពាន់​លាន​ដុល្លារ​អាមេរិក​ ដែល​ហ្វីលីពីន​បាន​ទាមទារ​ពី​ដំបូង។ ប៉ុន្តែ​បើ​គ្មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជា​ផ្លូវ​ការ​នោះ​ ប្រទេស​ទាំង​ពីរ​នឹង​មិន​អាច​ត្រលប់​មក​រក​គោល​ជំហ​សេដ្ឋកិច្ច​ដ៏​រឹងមាំ​ឡើយ។

នៅ​ពេល​ដែល​ប្រធានាធិបតី​ហ្វីលីពីន​ Ferdinand Marcos បាន​ប្រកាស​ច្បាប់​អាជ្ញា​សឹក​នៅ​ក្នុង​ឆ្នាំ​១៩៧២ ​ក្រោយ​មក​ភ្លាម​នោះ​ លោក​បាន​ផ្តល់​ «សច្ចាប័ន​ឯកតោ​ភាគី» លើ​ច្បាប់​មួយ​អំពី​ទំនាក់ទំនង​ជប៉ុន ​ដែល​បាន​នៅ​ទំនេរ​អស់​រាប់​ឆ្នាំ​ ដោយ​សារ​តែ​ការបង្អែរបង្អង់​ក្នុង​ចលនា​ប្រឆាំង​ជប៉ុន។​ វា​បាន​បើក​ទ្វារ​ឲ្យ​មាន​ពាណិជ្ជកម្ម​ និង​កម្ចី​អភិវឌ្ឍន៍​ធំៗ​ពី​ជប៉ុន​ ដែល​បាន​ជួយ​ជំរុញ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ ដែល​បាន​ដើរ​យ៉ាង​រអាក់រអួល​នៅ​ក្រោម​ការគ្រប់គ្រង​របស់​លោក​ Marcos ឲ្យ​ដើរ​ទៅ​មុខ។

នៅ​ពេល​បច្ចុប្បន្ន​ ដៃ​គូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ហ្វីលីពីន​ គឺ​ជប៉ុន​ ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​ប្រមាណ​១​ពាន់​លាន​ដុល្លារ​ក្នុង​ការ​នាំ​ចេញ​ និង​ប្រហែល​៥០០​លាន​ដុល្លារ​អាមេរិក​ក្នុង​ការនាំ​ចូល។ ជប៉ុន​ក៏​គឺ​ជា​កំពូល​ម្ចាស់​កម្ចី​ជំនួយ​អភិវឌ្ឍ​ជា​ផ្លូវ​ការ ដែលមាន​៣៦​ភាគរយនៃ​កម្ចី​អភិវឌ្ឍន៍​សរុប៕

បែ្រ​សម្រួល​ដោយ នូវ ពៅលក្ខិណា

XS
SM
MD
LG