ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យោធា​បាគីស្ថាន​ថា​ការ​វាយ​ប្រហារ​បាន​សម្លាប់​មនុស្ស​ជាប់​សង្ស័យ​ជា​ជន​សកម្មប្រយុទ្ធ​៤៤នាក់


ផែនទី​នៃ​ស្រុក Khyber ប្រទេស​បាគីស្ថាន។
ផែនទី​នៃ​ស្រុក Khyber ប្រទេស​បាគីស្ថាន។

ទីភ្នាក់ងារ​ព័ត៌មាន​ AP បាន​រាយការណ៍​ពី​ក្រុង​អ៊ីស្លាម៉ាបាដ​ថា​ក្រុម​យោធា​នៃ​ប្រទេសបាគីស្ថាន​បាន​និយាយ​ថា​ ការ​វាយ​ប្រហារ​តាម​អាកាស​បាន​បណ្តាល​ឱ្យ​មនុស្ស​៤៤នាក់​ដែល​គេ​សង្ស័យ​ថា​ជា​ក្រុម​ជន​សកម្មប្រយុទ្ធ​បាត់បង់ជីវិត​នៅ​ក្នុង​តំបន់​កុលសម្ព័ន្ធ​នៅ​ជិត​ព្រំដែន​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន។​

សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​សៅរ៍​បាន​និយាយ​ថា​ជន​ជាប់​សង្ស័យ​ថាជា​ក្រុម​ជន​សកម្មប្រយុទ្ធ​២៨​នាក់​បាន​ត្រូវ​សម្លាប់​នៅ​ពេល​កង​យន្តហោះ​ប្រតិកម្ម​ប្រយុទ្ធ​វាយ​ប្រហារ​ទៅ​លើ​កន្លែង​លាក់​ខ្លួន​របស់​ពួក​ឧទ្ទាម​នៅ​ក្នុង​ជ្រលង​ភ្នំ Tirah នៃ​តំបន់​កុលស​ម្ព័ន្ធ​ Khyber។​ សេចក្តី​ថ្លែងការណ៍​នេះ​បាន​ចែង​ដែរ​ថា​ការ​វាយ​ប្រហារ​ដោយ​ឡែក​ពី​គ្នា​នៅ​ក្នុង​តំបន់ Datta Khel នៃ​ តំបន់​ភ្នំ Waziristan ភាគ​ខាង​ជើង​បាន​សម្លាប់​មនុស្ស​១៦​នាក់​ដែល​ជាប់​សង្ស័យ​ថា​ជា​ក្រុម​ជន​សកម្មប្រយុទ្ធ​ដោយ​ភាគ​ច្រើនជា​ជនបរទេស។​

សេចក្តី​ថ្លែងការណ៍​នេះ​មិន​បាន​ផ្តល់​សេចក្តី​លម្អិត​ថែមទៀត​ទេ។ គេ​មិន​អាច​បញ្ជាក់​ថា​ដំណឹង​នេះ​ជា​ការ​ពិត​បាន​ទេ​ពីព្រោះ​ក្រុម​អ្នក​កាសែត​បាន​ត្រូវ​ហាមប្រាម​មិន​ឱ្យ​ចូល​ទៅ​ធ្វើការ​ក្នុង​តំបន់​កុលសម្ព័ន្ធ​ឡើយ។​ ក្រុម​សកម្មជន​និង​អ្នកស្រុក​នៅ​មូលដ្ឋាន​បាន​និយាយ​ថា​ការ​វាយ​ប្រហារ​កាល​ពី​ពេល​មុនៗ​បាន​បណ្តាល​ឱ្យ​ក្រុម​ជន​ស៊ីវិល​ស្លាប់។

ក្រុម​យោធា​នៃប្រទេស​បាគីស្ថាន​កំពុង​ឋិត​នៅ​ក្នុង​រយៈពេល​ពាក់កណ្តាល​នៃកិច្ច​ប្រតិបត្តិការ​មួយ​ដើម្បី​បណ្តេញ​ក្រុម​ជន​សកម្មប្រយុទ្ធ​ពី​តំបន់​កុលសម្ព័ន្ធ៕

XS
SM
MD
LG