ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​អាមេរិក​លោក​បារ៉ាក់ អូបាម៉ា​ធ្វើ​ទស្សនកិច្ច​នៅ​​គុយបា


អ្នកទេសចរ​ដើរកាត់រូប​ប្រធានាធិបតីអាមេរិក​លោកបារ៉ាក់ អូបាម៉ា និង​ប្រធានាធិបតីគុយបា​លោក Raul Castro នៅ​ក្នុង​បដា​មួយ​ដែល​ប្រែថា «ស្វាគមន៍មកកាន់​គុយបា» នៅ​មាត់ទ្វារ​ភោជនីយដ្ឋានមួយ​ក្នុង​ក្រុង​ឡាហាវ៉ាន នា​ថ្ងៃទី១៧ ខែ​មិនា ឆ្នាំ២០១៦។
អ្នកទេសចរ​ដើរកាត់រូប​ប្រធានាធិបតីអាមេរិក​លោកបារ៉ាក់ អូបាម៉ា និង​ប្រធានាធិបតីគុយបា​លោក Raul Castro នៅ​ក្នុង​បដា​មួយ​ដែល​ប្រែថា «ស្វាគមន៍មកកាន់​គុយបា» នៅ​មាត់ទ្វារ​ភោជនីយដ្ឋានមួយ​ក្នុង​ក្រុង​ឡាហាវ៉ាន នា​ថ្ងៃទី១៧ ខែ​មិនា ឆ្នាំ២០១៦។

ប្រធានាធិបតីអាមេរិក​ លោក​បារ៉ាក់ អូបាម៉ា បាន​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​រយៈពេល​៣ថ្ងៃ​ជា​ប្រវត្តិសាស្ត្រ​ទៅកាន់​ប្រទេស​គុយបា​នៅ​ថ្ងៃ​អាទិត្យ​នេះ។

លោក​នឹង​ក្លាយ​ជា​មេដឹកនាំ​អាមេរិក​ដំបូង​គេ ដែល​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ជា​កោះ​នោះ ចាប់តាំង​ពី​ប្រធានាធិបតី​ទី​៣០​របស់​អាមេរិក​ គឺ​លោកCalvin Coolidge បាន​ទៅ​ប្រទេស​នោះ​កាល​ពី​ជិត​៩០ឆ្នាំ​មុន។

ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​របស់​លោក​ប្រធានាធិបតី​អូបាម៉ា​នេះ គឺ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​ ដែល​មេដឹកនាំ​អាមេរិក​ ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​គុយបា ចាប់តាំង​ពី​លោក Fidel Castro និង​ទ័ព​ព្រៃ​របស់​លោក បាន​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក​អតីត​ប្រធានាធិបតី​គុយបា លោក Fulgencio Batista ដែល​សហរដ្ឋ​អាមេរិក​គាំទ្រ​កាល​ពី​ឆ្នាំ​១៩៥៩។

ខណៈ​ដែល​អតីត​ប្រធានាធិបតី​គុយបា លោក Fidel Castro នៅ​មាន​ជីវិត​រស់នៅ​នៅឡើយ លោក អូបាម៉ា មិនមាន​គម្រោង​ជួប​ជាមួយ​អតីត​ប្រធានាធិបតី​គុយបា​រូប​នេះ​ទេ ប៉ុន្តែលោក​អូបាម៉ា​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​គុយបាបច្ចុប្បន្ន គឺ​លោក Raul Castro ដែល​ជា​ប្អូន​ប្រុស​របស់​លោក Fidel Castro វិញ។

​អ្នក​ខ្លះ ទាំង​នៅ​គុយបា ទាំង​នៅ​សហរដ្ឋ​អាមេរិក ខកចិត្តដែល​លោក​អូបាម៉ា ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​នេះ ខណៈ​ដែល​សមាជិក​ម្នាក់នៃ​គ្រួសារ​លោកCastro ស្ថិត​នៅកាន់​អំណាច​នៅឡើយ។

ប៉ុន្តែ​មន្ត្រី​អាមេរិក​បាន​និយាយ​ថា បញ្ហា​សិទ្ធិមនុស្ស​របស់​ប្រទេស​គុយបា​នឹង​ក្លាយ​ជា​ចំណុច​ផ្តោត​សំខាន់​នៅក្នុង​ជំនួប​របស់​លោក​អូបាម៉ា ជាមួយ​ប្រធានាធិបតី​គុយបា លោក Raul Castro។

លោក​អូបាម៉ា​ក៏​នឹង​ថ្លែង​តាម​កញ្ចក់ទូរទស្សន៍​ទៅកាន់​ប្រជាជន​គុយបា​ផងដែរ។ លោក អូបាម៉ា​ក៏​គ្រោង​នឹងជួប​ជាមួយ​ក្រុមប្រឆាំង​និង​សហគ្រិន​នៅ​គុយបា​ផងដែរ។

មេដឹក​នាំ​អាមេរិក​រូប​នេះ ដែល​នឹង​ធ្វើ​ដំណើរ​ជាមួយ​ភរិយា​និង​កូន​ស្រី​ទាំង​ពីរ​របស់​លោក នឹង​ក្លាយ​ជា​ភ្ញៀវ​កិត្តិយស​នៅ​ឯពិធី​ទទួល​ទាន​អាហារ​ពេលល្ងាច​ផ្លូវរដ្ឋ​មួយ ហើយ​លោក​អូបាម៉ា​ក៏​នឹង​ឆ្លៀត​ពេល​ដើរ​តាម​ផ្លូវ​នៅក្នុង​រដ្ឋធានី Old Havana ដែរ។

បន្ថែម​ពី​នេះ​ទៀត លោក​អូបាម៉ា​និង​លោក​កាស្ត្រូ​ក៏​នឹង​ទៅ​ទស្សនាការ​ប្រកួត​កីឡាbaseball រវាង​ក្រុមTampa Bay Rays និង​ក្រុម​ជម្រើសជាតិ​គុយបា​ផងដែរ៕

XS
SM
MD
LG