ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទស្សនកិច្ច​របស់​ភរិយា​ប្រធានាធិបតី​អាមេរិក​បន្ថែម​សារៈ​សំខាន់​ដល់​ការ​អប់រំ​ស្ត្រី


លោកស្រី មូ សុខហួរ អ្នក​តំណាងរាស្រ្ត​ទទួល​បន្ទុក​កិច្ចការ​ស្រ្តី​ កុមារ និង​ពលករ​ចំណាកស្រុក​ចូល​រួម​ជា​វាគ្មិន​ពិភាក្សា​អំពី​«ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Michelle Obama ក្នុង​ការ​លើក​កម្ពស់​សារៈសំខាន់​នៃ​ការ​អប់រំ​សម្រាប់​ស្ត្រី‍» នៅ​ក្នុង​កម្មវិធី Hello VOA ពិសេស​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​ ១១ ខែ​មីនា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)
លោកស្រី មូ សុខហួរ អ្នក​តំណាងរាស្រ្ត​ទទួល​បន្ទុក​កិច្ចការ​ស្រ្តី​ កុមារ និង​ពលករ​ចំណាកស្រុក​ចូល​រួម​ជា​វាគ្មិន​ពិភាក្សា​អំពី​«ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Michelle Obama ក្នុង​ការ​លើក​កម្ពស់​សារៈសំខាន់​នៃ​ការ​អប់រំ​សម្រាប់​ស្ត្រី‍» នៅ​ក្នុង​កម្មវិធី Hello VOA ពិសេស​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​ ១១ ខែ​មីនា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)

ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី​ Michelle Obama ​ភរិយា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទៅ​កម្ពុជា​គឺ​ផ្តល់​ជា​ឱកាស​សម្រាប់​ពលរដ្ឋ​ខ្មែរ​គិត​ឱ្យ​ច្បាស់​ថា ​តើ​កម្ពុជា​ត្រូវគិតគូរដោះស្រាយ​បញ្ហា​ការ​សិក្សា​របស់សិស្ស​ស្រី​ដោយ​របៀប​ណា​បន្ថែម​ទៀត។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ស្រី​ មូរ សុខហួរ​ អ្នក​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ។

លោកស្រី មូរ សុខហួរ​ដែល​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​ផង​ដែរ​បាន​បញ្ជាក់​ក្នុង​កម្មវិធី​Hello VOA កាលពី​ថ្ងៃ​ពុធ​ថា​ការ​អប់រំ​សិស្ស​ស្រីនៅ​មិន​ទាន់​ទទួល​បាន​ការ​ផ្តល់អាទិភាព​ដូច​កូនប្រុស​ហើយ​លោកស្រី​ប្តេជ្ញា​ថា​នឹង​តស៊ូ​ដើម្បី​សុំ​ឱ្យ​រដ្ឋាភិបាល​បន្ថែម​ថវិកា​លើ​វិស័យ​អប់រំ។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​ស្រី​យល់​ថា​ថវិកា​ដែល​រដ្ឋាភិបាល​បាន​ផ្តល់​សម្រាប់​ជូន​ដល់​ក្រសួង​អប់​រំដែលមាន​១២​ភាគរយគឺ​ជា​ថវិកា​ដែល​តិចតួច​ដែល​គួរ​តែ​បង្កើន​ឱ្យ​ដល់​យ៉ាងហោច​ណាស់​២០ភាគរយ។

«ទោះបី​ជា​មាន​អាហារូបករណ៍​ជូន​ទៅ​ដល់​កុមារី​យើង​ ជូន​ទៅ​ដល់​គ្រួសារ​ក្រីក្រ​ក៏ប៉ុន្តែ​មិន​អាច​ឱ្យ​អាហារូបករណ៍​នេះ​ដល់​១២ឆ្នាំ​រហូត​ដល់​បញ្ចប់​ការ​សិក្សា​សម្រាប់​ឱ្យ​យុវតី​យើង​អាច​ទៅ​ដល់​កម្រិត​មួយ​ដែល​ជា​សេចក្តី​ប្រាថ្នា​ស្ត្រី​ខ្មែរ​យើង​គឺ​ចង់​បាន​ការ​រៀនសូត្រ​បាន​ខ្ពស់​មាន​ចំណេះចេះ​ដឹង​មាន​ការងារ​សមរម្យ​ប្រាក់​ខែ​សមរម្យ ដើម្បី​ចិញ្ចឹម​ជីវិត​ឱ្យ​សមរម្យ‍»។

លោកស្រី​មីស្ហែល អូបាម៉ា​នឹង​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា​ពីថ្ងៃ​ទី​២១​ដល់​២២​ខែ​មិនា។

កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ចំនួន​១១​ដែល​មាន​នៅ ក្នុង​គម្រោង​ “Let Girls Learn” (ផ្តល់​ឱកាស​ឱ្យ​ស្ត្រី​បានសិក្សា‍)។ លោកស្រី​នឹង​ទៅមើល​ដោយ​ផ្ទាល់​ពី​វិធី​ដែល​ដំណោះស្រាយ​ក្នុង​សហគមន៍​អាច​ផ្លាស់​ប្តូរ​ជីវិត​របស់​សិស្ស​ស្រី​នៅ​ខេត្ត​សៀមរាប។​

លោកស្រី Michelle Obama ភរិយា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​អំឡុង​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៥។
លោកស្រី Michelle Obama ភរិយា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​អំឡុង​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៥។

លោកស្រី​មីស្ហែល អូបាម៉ា​បាន​ឱ្យ​ដឹង​ថា​ពេល​បច្ចុប្បន្ន​នេះ ​មាន​ស្ត្រី​៦២លាន​នាក់​នៅ​ទូទាំង​ពិភពលោក​មិន​បាន​ចូលរៀន​ដែល​អាច​ឱ្យ​ពួកគេ​ងាយ​រងគ្រោះ​ពី​អំពើ​ហិង្សា​និង​ជំងឺ​ក៏​ដូច​ជាកំហិត​លទ្ធភាព​រីកចម្រើន​នៃ​ក្រុម​គ្រួសារ​របស់​ពួកគេ​និង​សង្គម​ផង​ដែរ។​

លោកស្រី​ Michelle Obama ​បាន​បន្ថែម​ថា៖

«នៅ​ពេល​ដែល​ស្ត្រី​មាន​ឱកាស​សិក្សា​ពួកគេ​អាចចិញ្ចឹម​គ្រួសារ​ដែល​មាន​សុខភាព​ល្អ ទទួល​បាន​ប្រាក់​ខែ​ច្រើន​ហើយ​រួម​ចំណែក​ដល់​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ផងដែរ។ ដូច្នេះ​ហើយ​បាន​ជា​យើង​ចាប់ផ្តើម​គម្រោង​«ផ្តល់​ឱកាស​ឱ្យ​ស្ត្រី​បានសិក្សា‍» ហើយ​យើង​ដឹង​ច្បាស់​ថា​ដំណោះស្រាយដ៏ល្អ​បំផុត​សម្រាប់​ការអប់រំ​សម្រាប់​ស្ត្រី​និង​កុមារី​គឺ​ចេញ​មក​ពី​សហគមន៍​មូលដ្ឋាន‍»។

ឧបសគ្គ​ក្នុង​ពេល​បច្ចុប្បន្ន​ដែល​គ្រួសារ​ខ្មែរ​ជួប​ប្រទះ​ក្នុង​ការ​មិន​សូវ​ជំរុញ​កូនស្រី​ឱ្យ​បាន​សិក្សា​ខ្ពស់​នោះ​គឺ​កត្តា​ភាព​ក្រីក្រ អំពើ​ពុករលួយ កត្តា​វប្បធម៌​ដែល​មិន​ទាន់​ផ្តល់​អាទិភាព​ដល់​កូនស្រី។​

ទន្ទឹម​គ្នា​នេះ​ដែរ​ លោកស្រី មូរ សុខហួរ​ យល់​ថា​គុណភាព​អប់រំ​ត្រូវ​តែ​បង្កើន​ និង​ដល់​ពេល​ដែល​ត្រូវ​បំបាត់​អំពើ​ពុក​រលួយ​ក្នុង​ប្រព័ន្ធ​អប់រំ​ហើយ​ដើម្បី​ឱ្យ​សិស្ស​ស្រី​មាន​ឱកាស​សិក្សា​កាន់តែ​ច្រើន​ជាង​ពេល​បច្ចុប្បន្ន។

លោកស្រី យល់​ថា​ ផល​ប៉ះពាល់​ដែល​បណ្តាល​មក​ពី​ការ​ខ្វះ​ការ​អប់រំ​សម្រាប់​ស្ត្រី​នឹង​មាន​រហូត​ដល់​ពេល​ដែល​ពួកគេ​ត្រូវ​ចិញ្ចឹម​គ្រួសារ​នៅ​ពេល​ក្រោយ​ផង​ដែរ។​

«ដល់​ពេល​ដែល​កុមារី យុវតី​របស់​យើង​ទៅ​ជា​មាតា។ មាតា​ដែល​ខ្វះ​ការ​ចេះ​ដឹង​ ខ្វះ​អក្សរ​រៀន​មិន​គ្រប់​គ្រាន់​នឹង​ក្លាយ​ជា​មាតា​ដែល​ខ្វះ​ព័ត៌មាន។ ពេល​ណា​យើង​ចិញ្ចឹម​គ្រួសារ​យើង​ដោយ​យើង​ខ្វះ​ព័ត៌មាន​សេចក្តី​សម្រេច​របស់​យើង​ការ​រក​ទទួល​ទាន​របស់​យើង​ចំណូល​របស់​យើង​ដើម្បី​ ជួយ​រក​ថវិកា​គ្រួសារ​វា​តិច‍»។​

ដើម្បី​ឱ្យ​សិស្ស​ស្រី​នៅ​សិក្សា​បាន​ច្រើន​ក៏​ត្រូវ​បង្កើត​ហេដ្ឋារចនាសម្ព័ន្ធ​ងាយ​ស្រួលសម្រាប់​សិស្ស​ស្រី​និង​បង្កើន​សាលារៀន​ឱ្យ​ដល់​មូលដ្ឋានផងដែរ។

សម្រាប់​យុទ្ធសាស្រ្ត​ក្នុង​រយៈពេល​ខ្លី​គឺ​ត្រូវ​បង្កើន​ថវិកា​ដល់​ក្រសួង​អប់រំ​ កំណត់​តំបន់​អាទិភាព​ហើយ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ពិសេស​លើ​ក្រុម​ជន​ដែល​ងាយ​រងគ្រោះ បន្ថែម​ថវិកា​សម្រាប់​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​សម្រាប់​បម្រើ​តាម​តម្រូវការ​ទីផ្សារ​ការងារ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ស្រី មូរ សុខហួរ៕

XS
SM
MD
LG