ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រណ្ដៅ​កប់​សព​ដ៏​ធំ ត្រូវ​បាន​រក​ឃើញ​នៅ​ទីក្រុងPalmyra របស់​ប្រទេស​​សុីរី


រណ្ដៅ​កប់​សព​ដ៏​ធំ ត្រូវ​បាន​រក​ឃើញ​នៅ​ជាយ​ក្រុង Palmyra ប៉ែក​ឦសាន​ប្រទេស​ស៊ីរី។
រណ្ដៅ​កប់​សព​ដ៏​ធំ ត្រូវ​បាន​រក​ឃើញ​នៅ​ជាយ​ក្រុង Palmyra ប៉ែក​ឦសាន​ប្រទេស​ស៊ីរី។

មន្ត្រី​សុីរីបាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍ថា កង​ទ័ព​ បាន​រក​ឃើញ​រណ្តៅ​កប់សព​ដ៏​ធំ​មួយ​ នៅ​ជាយ​ក្រុង Palmyra ប៉ែក​ឦសាន​ប្រទេស​ស៊ីរី បន្ទាប់​ពី​កងទ័ពសុីរី បាន​វាយ​ដណ្ដើម​បាន​ទីក្រុង​បុរាណ​នេះ ពី​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​មកវិញ។

អាជ្ញាធរ​និយាយ​ថា មាន​សាកសព​យ៉ាងតិច ៤០​នៅក្នុង​រណ្តៅ​នោះ រួម​ទាំង​សាកសព​ស្ត្រី​និង​កុមារ​បី​នាក់​ផង។ សាកសព​ខ្លះ ត្រូវបានកាត់​ក្បាល​ និង​សាកសព​ខ្លះ​ទៀត ត្រូវ​គ្រាប់​កាំភ្លើង។

អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​នៅ​សុីរី ឈ្មោះ​Syrian Observatory for Human Rights ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង ប្រទេស​អង់គ្លេស បាន​បញ្ជាក់​ពី​ការ​រកឃើញ​រណ្តៅ​កប់​សព​ដ៏​ធំ​នេះ។

អង្គការ​សិទ្ធិមនុស្ស​នេះ ក៏​បាន​និយាយ​ដែរ​ថា ក្រុម​រដ្ឋឥស្លាម បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​៣០០​នាក់ ក្នុង​អំឡុង​ពេល​ដែល​ពួកគេ បាន​ក្ដោបក្ដាប់​ទីក្រុង Palmyra អស់​រយៈពេល​១០​ខែ​ ហើយ​ក្រុម​រដ្ឋ​ឥស្លាម ក៏​បាន​កប់​សាកសព​មនុស្ស​ទាំងនេះ នៅ​តាម​ជាយ​ក្រុង​នេះ។

កងកម្លាំង​រដ្ឋាភិបាល​ស៊ីរី ដែល​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​កងទ័ព​អាកាស​រុស្សី​នោះ បាន​បណ្តេញ​ក្រុម​រដ្ឋ​ឥស្លាម ចេញ​ពី​ទីក្រុង Palmyra កាល​ពី​ចុង​ខែ​មុន។

កាល​ពី​ថ្ងៃ​សុក្រ អ្នក​ជំនាញ​ការ​ក្នុង​កងទ័ពសុីរី បាន​ដោះ​គ្រាប់​មីន​រាប់​រយ​គ្រាប់ ដែល​ក្រុម​រដ្ឋឥស្លាម បាន​ដាក់ មុនពេល​ដែល​ពួកគេ បាន​ចាកចេញ​ពី​ទីក្រុង​នោះ។

ក្រុម​មន្ត្រី​ និយាយ​ថា ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម បាន​រៀបចំ​ផែនការ​ បំផ្ទុះ​គ្រាប់​មីន​ទាំង​នេះ ឲ្យ​ចំ​ពេល​ដែលកងទ័ព​សុីរី បាន​ចូល​មក​ដល់។

ទីក្រុង Palmyra គឺ​ជា​ទីតាំង​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូនីស្កូ។ ទីក្រុង​នេះ មាន​ឈ្មោះ​បោះ​សំឡេង​ក្នុងនាម​ជា​«កូនក្រមុំ​នៃ​វាលខ្សាច់» ដោយសារ​តែ​វត្ថុបុរាណ​និង​រចនា​សម្ព័ន្ធ​ទីក្រុង​ ដែល​មាន​អាយុកាល​តាំង​ពី​រាប់ពាន់​ឆ្នាំ​មុន​ម្ល៉េះ៕

XS
SM
MD
LG