ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ឡុង បូតា៖ កម្ពុជា​រងគ្រោះ​ព្រោះ​មិន​យល់​នយោបាយ​មហាអំណាច​និង​ពុករលួយ


អំពើ​ពុករលួយ​ របប​ដឹកនាំ​គ្មាន​ប្រសិទ្ធភាព​និង​គម្លាត​ធំ​ពេក​រវាង​អ្នក​មាន​និង​អ្នក​ក្រ​និង​ការ​ជឿ​មនោគមន៍បរទេស​ដោយ​មិន​បាន​ដឹង​ពី​ទិដ្ឋភាព​នយោបាយ​អន្តរជាតិជា​ឫស​គល់​នៃ​ការ​ជួយ​ជំរុញ​ឱ្យ​ក្រុមខ្មែរក្រហម​បាន​ឡើង​កាន់​អំណាច​កាលពី​៤០​ឆ្នាំ​មុន ​ហើយ​អនុវត្ត​នយោបាយ​កាប់​សម្លាប់​ពលរដ្ឋ​ខ្លួន​ឯង​អស់​ជិត​ពីរ​លាន​នាក់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អតីត​មន្ត្រី​នៃ​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​និង​ជន​រងគ្រោះ។ ​

លោក ឡុង បូតា​ អ្នក​តំណាងរាស្រ្ត​និង​ជា​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​នៅ​ក្នុង​របប​សាធារណរដ្ឋ​ខ្មែរ​បានបញ្ជាក់​នៅ​ក្នុង​កម្មវិធី​ Hello VOA ​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៤០​នៃ​ការ​ដួល​រលំ​ទីក្រុង​ភ្នំពេញថា​របប​មុនៗ​បាន​បង្ក​ឱ្យ​មាន​គម្លាត​គ្នា​ខ្លាំង​ពេក​រវាង​អ្នក​នៅ​ទីក្រុង​ភ្នំពេញ​និង​អ្នក​នៅ​ទី​ជនបទ​ដែល​ជាកត្តា​មួយ​ជំរុញ​ឱ្យ​មាន​កំហឹង​វណ្ណៈ​ក្នុង​ស្រទាប់​ពលរដ្ឋ​ក្រីក្រ។ (ចុច​ស្តាប់​ខាង​ក្រោម)

ទាញ​យក​ពី​តំណភ្ជាប់​ដើម

«យើង​គ្រាន់តែ​ចេញ​ផុត​ពី​ដី​ភ្នំពេញ​ទៅ​ដល់​ដី​កំពង់​ឆ្នាំង​យើង​ឃើញ​អ្នកក្រ​ណាស់​ឡើង​ដើម​ត្នោត​អត់​មាន​គោ​អត់​មាន​ស្រែ​អ្វី​ទាំងអស់​។ ខ្ញុំ​ថា​កន្លែង​នេះ​ហើយ​ជា​ថ្នាល​របស់​ខ្មែរក្រហម​។ ដូច្នេះ​ទុក​ជា​យើង​និយាយ​យ៉ាង​ម៉េច​ក៏​ដោយ​គឺ​ថា​អត់​យល់។ ឧត្ដមសេនីយ៍​យើង​យើង​ត្រូវ​ទទួល​‍»។

លោក​ ឡុង បូតា ​បាន​បង្ហាញ​ពី​អារម្មណ៍​សោក​ស្តាយ​ដែល​រដ្ឋាភិបាល​ពេលនោះ​មិន​បាន​ដោះស្រាយ​ភាព​អសកម្ម​ក្នុង​សង្គម​និង​ពឹង​ផ្អែក​លើ​បរទេស​ខ្លាំង​ពេកហើយ​នាំ​ឱ្យ​ប្រទេស​ជាតិ​ធ្លាក់​ចូល​ក្នុង​កណ្តាប់​ដៃ​ខ្មែរ​ក្រហម​និង​បង្កើតព្រឹត្តិការណ៍​ដ៏​សោកសៅ​នៅ​ប្រទេស​កម្ពុជា​៖

«ខ្ញុំ​មាន​ការ​មួយ​សោក​ស្តាយ​ព្រោះតែ​យើង​ពេល​នោះ​យើង​ប្រជាពលរដ្ឋ​ខ្មែរ​អត់​ជា​ម្ចាស់​សម្រេច​ចិត្ត​ខ្លួន​ឯង​បាន​ទេ​យើង​ពឹង​ទៅ​ប្រទេស​មួយ​ដែល​ជា​មហា​អំណាច​ពិភពលោក​ដូច​សហរដ្ឋ​អាមេរិក​។ យើង​សង្ឃឹម​ថា​គ្រាន់តែ​ថា​ប្រឆាំង​នឹង​កុម្មុយនិស្ត​ទ័ព​អាមេរិកាំង​នឹង​នៅ​រហូត​។ នេះ​ជា​ការ​ខុស‍»។​

របប​សាធារណរដ្ឋ​ខ្មែរ​ដែល​មាន​ការ​គាំទ្រ​ពី​សហរដ្ឋ​អាមេរិក​បាន​ដួល​រលំ​នៅ​ថ្ងៃទី​១៧​ខែ​មេសា​ឆ្នាំ​១៩៧៥បន្ទាប់​ពី សហរដ្ឋ​អាមេរិក​បាន​ចាញ់​សង្គ្រាម​នៅ​ប្រទេស​វៀតណាម​និង​សម្រេច​ដកចេញ​ពី​តំបន់។

លោក ឡុង បូតា សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​និង​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​សម័យ​សាធារណរដ្ឋ​ខ្មែរ​នៅ​ស្ទូឌីយោ​ភ្នំពេញ និង​លោក សិទ្ធ កំផា ទីប្រឹក្សា​និង​ជា​ស្ថាបនិក​សមាគម​ខ្មែរ​រដ្ឋ​អ៊ីលីណយ​ នៅ​ក្រុង Chicago សហរដ្ឋ​អាមេរិក​ ចូល​រួម​ពិភាក្សា​អំពី​ «ខួប​ទី​៤០​នៃ​ការ​កាន់កាប់​អំណាច​របស់​ខ្មែរក្រហម៖ មេរៀន​ពី​អតីតកាល​និង​ការ​សម្លឹង​ទៅ​អនាគត» ក្នុង​កម្មវិធី Hello VOA ពិសេស​កាល​ពី​ថ្ងៃ​សុក្រ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥។ (លឹម សុធី/VOA)
លោក ឡុង បូតា សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​និង​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​សម័យ​សាធារណរដ្ឋ​ខ្មែរ​នៅ​ស្ទូឌីយោ​ភ្នំពេញ និង​លោក សិទ្ធ កំផា ទីប្រឹក្សា​និង​ជា​ស្ថាបនិក​សមាគម​ខ្មែរ​រដ្ឋ​អ៊ីលីណយ​ នៅ​ក្រុង Chicago សហរដ្ឋ​អាមេរិក​ ចូល​រួម​ពិភាក្សា​អំពី​ «ខួប​ទី​៤០​នៃ​ការ​កាន់កាប់​អំណាច​របស់​ខ្មែរក្រហម៖ មេរៀន​ពី​អតីតកាល​និង​ការ​សម្លឹង​ទៅ​អនាគត» ក្នុង​កម្មវិធី Hello VOA ពិសេស​កាល​ពី​ថ្ងៃ​សុក្រ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥។ (លឹម សុធី/VOA)

លោក​ ឡុង​ បូតា​បាន​បន្ថែម​ថាមេដឹកនាំ​ខ្មែរ​មិន​បាន​យល់​ពី​សង្គ្រាម​មនោគម​វិជ្ជា​លោក​ខាងលិច​និង​កុម្មុយនិស្ត​ដោយ​លោក​ចាត់​ទុក​ថា​ប្រទេស​ខ្មែរ​គ្រាន់​ជា​ឆាកល្ខោន​មួយ​តូច​សម្រាប់​ការ​ប្រឆាំង​ខ្លាំង​នៅ​ស្រុក​វៀតណាម‍​ប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ​លោក​យល់​ថា​ថ្នាក់​ដឹកនាំ​របស់​ខ្មែរ​នា​ពេល​នោះ​ជា​អ្នក​ទទួលខុសត្រូវ។​

«យើង​ទៅ​បន្ទោស​សហរដ្ឋ​អាមេរិក​មិន​បាន​ទេ។ យើង​ខុស​ខ្លួន​យើង។ គេ​ជួយ​ប៉ុណ្ណឹង​ហើយ​។ គេ​មិន​អាច​ឃើញ​ក្តា​មឈូស​អ្នក​ប្រយុទ្ធ​របស់​គេ​ត្រឡប់​មកវិញ​នូវ​ចម្បាំង​មួយ​ដែល​គេ​អត់​យល់​ឆ្ងាយ នូវ​របប​មួយ​ដែល​ពុករលួយ ដែល​អត់​មាន​ប្រសិទ្ធភាព»។​

លោក​ ឡុង បូតា គឺ​ជា​មន្ត្រី​ជាន់​ខ្ពស់​នៅ​ក្នុង​របប​សាធារណរដ្ឋ​ខ្មែរ​ដែល​សហរដ្ឋ​អាមេរិក​បាន​ដឹក​ឧទ្ធម្ភាគចក្រ​ចេញ​នៅ​នាទី​ចុងក្រោយ​មុន​នឹង​ប្រទេស​កម្ពុជា​ធ្លាក់​ចូល​ក្នុង​កណ្ដាប់​ដៃ​របស់​ក្រុម​ខ្មែរក្រហម។ លោក​បាន​រិះរក​វិធី​ត្រឡប់​មក​កម្ពុជា​វិញ​ដើម្បី​តស៊ូ​ប្រឆាំង​នឹង​របប​ខ្មែរ​ក្រហម​ប៉ុន្តែ​ត្រូវ​បាន​រារាំង​មិន​ឱ្យ​មក​បាន។​

លោក​បាន​យល់ថា​លោក​បាន​រស់​ឡើង​វិញ​ជា​លើក​ទីពីរ៖

«ប៉ុន្តែ​ការពិត​ជា​ច្រើន​ឆ្នាំ​ក្រោយ​មក​ខ្ញុំ​ដឹង​ថា​ពលិកម្ម​ខ្ញុំ​ក៏​ប្រហែល​ជា​អត់​បាន​ការ​ដែរ។ ខ្ញុំ​ក៏​ប្រហែល​ជា​ស្លាប់​ដែរ‍»។​

បន្ទាប់​ពី​ឡើង​កាន់​អំណាច​ របប​ខ្មែរ​ក្រហម​បាន​អនុវត្ត​នយោបាយ​កុម្មុយនិស្ត​ក្រហម​ឆ្អិនឆ្អៅដោយ​បង្ខំ​ឱ្យ​ប្រជាជន​ហូបរួម​ ដេក​រួម ធ្វើការ​ទាំង​យប់​ទាំង​ថ្ងៃ​ដើម្បី​ជីក​ប្រឡាយ​ធ្វើ​ស្រែ។ មាន​ពលរដ្ឋ​ជាច្រើន​បាន​ស្លាប់​ដោយ​សារ​ការ​សម្លាប់​ចោល ការ​ធ្វើ​ទារុណកម្ម​ ឈឺថ្កាត់ និង​បាក់​កម្លាំង​ជាដើម។​

លោក​សិទ្ធ​ កំផា ដែល​ជា​ទីប្រឹក្សា​និង​ជា​ស្ថាបនិក​សមាគម​ខ្មែរ​នៅ​រដ្ឋ​អ៊ីលីណយ​ដែល​បាន​មក​រស់​នៅ​សហរដ្ឋ​អាមេរិក​តាំង​ពី​ឆ្នាំ​១៩៧៥​បាន​បញ្ជាក់​ថា៖​

«ខ្ញុំ​ដែល​រត់​មក​ស្រុក​អាមេរិក​នេះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ដូច​ជា​ត្រូវ​បណ្តាសារ​ផង​ហើយ​ដូច​ជា​មាន​គេ​ជូនពរផង​។ ដាក់​បណ្តាសារ​ដោយ​សារ​យើង​រត់​មក​នៅ​ស្រុក​គេ។​ យើង​រត់​ពី​ស្រុក​យើង​ជាទីស្រឡាញ់​មក​នៅ ស្រុក​គេ​។ វា​ដូចជា​ជូរចត់​ក្នុង​ចិត្ត​។ ទីពីរ​ដូច​ជា​មាន​ក្តី សង្ឃឹម​ព្រោះ​កន្លែង​នេះ​ជា​កន្លែង​ដែល​មាន​សេរីភាព​ក្នុង​ការ​គិត​គូ​ដើម្បី​ជួយ​សង្គម​យើង​។ ជួយ​ដោះ​ទុក្ខ​នៅ​ស្រុក​ខ្មែរ‍»​។

ទាំង​លោក​ឡុង បូតា​និង​លោក​សិទ្ធ កំផា​យល់​ថា​អ្នក​នយោបាយ និង​ពលរដ្ឋ​ខ្មែរ​ត្រូវ​ស្វែង​យល់​ពី​បទ​ពិសោធន៍​អាក្រក់​ពី​អតីតកាល​និង​សម្លឹង​ទៅ​អនាគត។

លោក សិទ្ធ កំផា​ បញ្ជាក់​ថា៖

«បញ្ហា​របស់​ខ្មែរ​ដែល​យើង​យល់​ថា​ធំ​បំផុត​គឺ​រឿង​ខ្លួនឯង​បញ្ហា​ដែល​កើត​ឡើង​ទាំងអស់​គឺ ខ្មែរ​ខ្លួនឯង​ទាំង​តូច​ទាំង​ធំ​ទាំងអស់​ភាគច្រើន​ពេល​រក​ដំណោះស្រាយ​ពេល​ណា​យើង​តែ​រក​ទៅ​ខាងក្រៅ​ថា​មក​ពី​អ្នកនេះ​មកពី​អ្នកនោះ។ នេះ​មិន​មែន​ជា​ឫសគល់​បញ្ហា​ទេ។ បញ្ហា​ធំ​គឺ​ខ្លួន​ខ្មែរ​ម្នាក់ៗ​ដែល​បាត់​បង់​នូវ​សេចក្ដី​ក្លាហាន មោទនភាព ការ​ទុក​ចិត្ត​រវាង​គ្នា​នឹងគ្នា​ សាមគ្គី​រួបរួម»។​

លោក​ ឡុង បូតា​យល់​ថា៖

«ដល់ពេលហើយ​ត្រូវ​យើង​ប្រឈមមុខ​ទាំងអស់​គ្នា​ដោះស្រាយ​ហើយ​បើកាលណា​យើង​បណ្តោយ​គឺ​យើង​ដូច​រឿង​ខ្មែរក្រហម​ពី​ខាង​ដើម​អញ្ចឹង។ ជៀសវាង​បំផុត​កុំ​ឱ្យ​មាន​វណ្ណៈ​អ្នក​ក្រ​ពេក។ នេះ​អត់​បាន​ទេ​ត្រូវ​រក​ការងារ​ឱ្យ‍»។

បច្ចុប្បន្ន​នេះ មាន​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរក្រហម​តែពីរនាក់​គត់​កំពុង​ទទួលការ​កាត់​ទោស​ចំពោះ​ការដឹកនាំ​របស់​ពួកគេ​ក្នុង​ពេល​អតីតកាល។ រី​ឯ​អតីត​មេ​គុក​ទួលស្លែង​ម្នាក់​ឈ្មោះ​កាំង ហ្គិច​អ៊ាវ ហៅ​ឌុច ត្រូវ​បាន​តុលាការ​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត៕

សូម​ចូល​ទំព័រ​ពិសេស​ខួប​ទី​៤០​នៃ​ការ​ឡើង​កាន់កាប់​អំណាច​របស់​ខ្មែរក្រហម​ត្រង់​នេះ

XS
SM
MD
LG