ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលា​ខេត្ត​កោះកុង​ការពារ​ចំណាត់ការ​បង្រ្កាប​អ្នក​តវ៉ា


រូបថត​នេះ​ដែល​ត្រូវ​​ផ្សាយ​តាម​ទំព័រ Facebook របស់​អង្គការ​មាតា​ធម្មជាតិ​​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៥ ​បង្ហាញ​ពី​សកម្មភាព​តវ៉ា​របស់​សកម្មជន​អង្គការ​នេះ​ក្នុង​ពេល​កន្លង​​ពេល​ថ្មីៗ​នេះ។ (អង្គការ​មាតា​ធម្មជាតិ
រូបថត​នេះ​ដែល​ត្រូវ​​ផ្សាយ​តាម​ទំព័រ Facebook របស់​អង្គការ​មាតា​ធម្មជាតិ​​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៥ ​បង្ហាញ​ពី​សកម្មភាព​តវ៉ា​របស់​សកម្មជន​អង្គការ​នេះ​ក្នុង​ពេល​កន្លង​​ពេល​ថ្មីៗ​នេះ។ (អង្គការ​មាតា​ធម្មជាតិ

សាលាខេត្ត​កោះ​កុង​បាន​ថ្លែង​កាលពី​​ថ្ងៃ​ព្រហស្បតិ៍​ថា ​ការ​តវ៉ា​របស់​ប្រជា​ពលរដ្ឋ​មក​ពី​សហគមន៍​ចំនួន​៥​ ដែល​បាន​ធ្វើ​កន្លង​មក​ដើម្បី​ស្វែង​រក​អន្តរាគមន៍​ពីអាជ្ញាធរ​ខេត្ត​ឱ្យ​ដោះលែង​សកម្មជន​បរិស្ថាន គឺ​ជា​ការ​ធ្វើបាតុកម្ម និង​ជា​ការ​បង្ក​សកម្ម​ភាព​អនាធិបតេយ្យ។

សាលាខេត្ត​កោះ​កុង​បាន​ថ្លែង​កាលពីថ្ងៃ​ព្រហស្បតិ៍​ថា ​ការ​តវ៉ា​របស់​ប្រជា​ពលរដ្ឋ​មក​ពី​សហគមន៍​ចំនួន​៥​ ដែល​បាន​ធ្វើ​កន្លង​មក​ដើម្បី​ស្វែង​រក​អន្តរាគមន៍​ពីអាជ្ញាធរ​ខេត្ត​ឱ្យ​ដោះលែង​សកម្មជន​បរិស្ថាន គឺ​ជា​ការ​ធ្វើបាតុកម្ម និង​ជា​ការ​បង្ក​សកម្ម​ភាព​អនាធិបតេយ្យ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលាខេត្ត។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ អ្នក​នាំពាក្យ​សាលា​ខេត្ត​កោះ​កុង​ក៏​បាន​បន្ថែម​ទៀត​ថា៖

«មិនតែ​ប៉ុណ្ណោះក្រុម​បាតុករ​មួយ​ក្រុម​តូច​នេះ​ បាន​ដាក់​ញ្ញតិ​ ឲ្យ​អាជ្ញាធរ​ខេត្ត​អន្តរាគមន៍​ទៅ​តុលាការ​ ដើម្បី​ទម្លាក់​ការ​ចោទ​ប្រកាន់​ និង​ដោះ​លែង​ជន​សង្ស័​យ​ខាង​លើ ដែល​ករណី​នេះ​ហួស​ពីដែន​សមត្ថកិច្ច​របស់​អាជ្ញាធរ​ខេត្ត​ និង​ម្យ៉ាង​ទៀត​ក្រុម​បាតុករ​ ស្នើ​សុំ​អន្តរាគមន៍​ឲ្យ​អាជ្ញាធរ​ខេត្ត​មាន​ចំណាត់​ការ​ចំពោះ​ក្រុមហ៊ុន​បូម​ខ្សាច់​»។​

ចាប់​តាំង​ពី​ថ្ងៃ​ទី១៩​ ខែសីហា​ ឆ្នាំ​២០១៥​ រហូត​ដល់​ថ្ងៃ​ទី២ ខែកញ្ញា ឆ្នាំ​២០១៥ ពលរដ្ឋ​បាន​តវ៉ាទាមទារ​ឲ្យ​ដោះលែង​សកម្ម​ជន​បរិស្ថាន​បី​នាក់​នៃ​ចលនា​មាតា​ធម្មជាតិ ដែល​ត្រូវ​បាន​តុលាការ​សាលា​ដំបូង​ខេត្ត​កោះ​កុង សម្រេច​ឃុំ​ខ្លួន​តាំង​ពី​ខែ​សី​ហា​កន្លង​ទៅ​នេះ​ពាក់ព័ន្ធ​នឹង​ការ​ប្រឆាំង​នឹង​ការ​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​ឯកជន​ចំនួន​ពីរ។

ការតវ៉ា​របស់​ពួកគេ​រង​ការ​បង្រ្កាប​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​រហូត​ដល់​មាន​ការ​ឃាត់​ខ្លួន​សកម្ម​ជន​សិទ្ធិមនុស្ស​ អ្នក​សារព័ត៌មាន​ និង​អ្នក​តវ៉ា​ចំនួន​១៧នាក់ មុន​នឹង​ត្រូវ​បាន​ដោះលែង។

សកម្ម​ជន​សិទ្ធិ​មនុស្ស​ និយាយថា​ ការ​ថ្លែង​ការពារ​នេះ​ ជារឿង​ដែល​មិន​អាច​ទទួល​យក​បានទេ ព្រោះ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ខេត្ត​កោះ​កុង​ បាន​រំលោភ​បំពានលើ​សិទ្ធិ​សេរី​ភាព​របស់​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​តវ៉ា និង​បញ្ចេញ​មតិ​ដោយ​សន្តិ​វិធី។​

លោក អំ សំអាត ប្រធាន​បច្ចេក​ទេស​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ មាន​ប្រសាសន៍​ថា​ ប្រជាពលរដ្ឋ​ដែល​តវ៉ា​ឲ្យ​ដោះ​លែង​សកម្មជន​បរិស្ថាន​ មិន​ចាំបាច់​សុំការ​អនុញ្ញាត​ពី​អាជ្ញាធរ​ខេត្ត​នោះ​ទេ​ ព្រោះ​ការ​តវ៉ា​របស់​ពួក​គេ​ គឺ​ធ្វើ​ឡើង​ដោយ​អហិង្សា​និង​សន្តិវិធី។

«យើង​ឃើញ​ថា​ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាល​ខេត្ត​កោះ​កុង​ វា​គ្រាន់​តែ​ជា​ លេស​មួយ​ដើម្បី​គេច​ពី​ការ​ទទួល​ខុស​ត្រូវ​ ក្នុង​ការ​បំបែក​នូវ​អ្នក​តវ៉ា​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ហ្នឹង​ ក៏ដូច​ជា​ យក​លេស​គេច​ពី​ការ​ទទួល​ខុស​ត្រូវ​ នៅ​ក្នុង​ការ​ចាប់​ទៅ​លើ​បុគ្គលិក​ អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ ក៏​ដូចជា​យើង​ឃើញ​ថា​ ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​សរុប​ទៅ​ ទាំង​បុគ្គលិក​សិទ្ធិ​មនុស្ស​ ទាំង​ប្រជាពលរដ្ឋ​ទាំង​អ្នក​កាសែត​១៧នាក់​»។​

ទោះ​បី​ជាយ៉ាង​ណាក៏ដោយ​ លោក​ថ្លែង​ថា​ ប្រជាពលរដ្ឋ​មិនសូវ​ចាប់​អារម្មណ៍​នឹង​ការ​ជូន​ដំណឹង​ ឬ​សុំការ​អនុញ្ញាត​នោះ​ឡើយ ដោយ​សារ​ពួកគេ​យល់​ថា ការ​ចាប់​សកម្មជន​ណាមួយ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ គឺ​ជា​រឿង​មិន​ត្រឹម​ត្រូវ។​

លោក អំ សំអាត សង្កត់​ធ្ងន់​ថា​ អាជ្ញាធរ​មាន​សមត្ថកិច្ចបាន​រំលោភ​បំពាន​លើ​សិទ្ធិ​របស់​អ្នក​តវ៉ា​ក្នុង​ការ​ប្រមូល​ផ្តុំ​ និង​បញ្ចេញ​មតិ។ លោក​ឲ្យ​ដឹង​ទៀត​ថា សកម្ម​ភាព​បំបែក​របស់​សមត្ថកិច្ច​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​គឺ​ទង្វើ​ខុសច្បាប់ទាំង​ស្រុង​។​

ការ​សម្រច​ឃុំ​ខ្លួន​សកម្មជន​នៃ​ចលនា​មាតា​ធម្មជាតិ​ទាំង​បី​នាក់​បាន​កើត​មាន​ឡើង​ បន្ទាប់​ពី​ពួក​គេ​បើក​យុទ្ធនាការ​កាល​ពី​ខែ​កក្កដា ដើម្បី​បណេ្តញ​សាឡង់​បូម​ខ្សាច់​របស់​ក្រុម​ហ៊ុន​ពីរ ​គឺ​ក្រុមហ៊ុន​ Direct Access​ និង​ International Rainbow ​Company ​ដែល​បាន​ដំណើរ​ការ​ជា​ច្រើន​ខែ​មក​ហើយ ​នៅ​ក្នុង​តំបន់​ជីផាត់ ​និង​ព្រែក​អណ្តូង​ទឹក​ ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​បទុម​សាគរ​ ខេត្ត​កោះកុង។

សកម្មជនទាំងបី​នាក់​នោះ រួមមាន​លោក​ សាន់ ម៉ាឡា ​អាយុ​២៣​ឆ្នាំ ជា​សហ​ស្ថាបនិក​នៃ​ចលនា​មាតា​ធម្មជាតិ​ លោក ​ទ្រី សុវិគា​ អាយុ​២៤ឆ្នាំ​ និង​លោក​ ស៊ីម សំណាង​ អាយុ​២៦ឆ្នាំ។​ ថ្មីៗ​នេះ​ តុលាការ​សាលា​ដំបូង​ខេត្ត​កោះ​កុង​ក៏បាន​ច្រាន​ចោល​បណ្តឹង​សុំ​ឲ្យ​នៅ​ក្រៅ​ឃុំ​របស់​សកម្ម​ជន​ទាំង​បី​នាក់​នេះ​ដែរ។

​អាជ្ញាធរ​ខេត្តកោះកុង​ក៏បាន​ថ្លែង​ការពារ​ ក្រុមហ៊ុន​បូមខ្សាច់ Direct Access Co., LTD ថា បាន​ទទួល​អាជ្ញា​បណ្ណ​ត្រឹម​ត្រូវ​ស្រប​ច្បាប់​ពី​ក្រសួង​រ៉ែ​ និង​ថាមពល។ ប៉ុន្តែ​ លោក​ឌិត ទីណា​ អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​ មាន​ប្រសាសន៍​ប្រាប់​វីអូអេ​ថា​ អាជ្ញាបណ្ណ​របស់​ក្រុម​ហ៊ុន​ Direct Access បាន​ផុតសុពល​ភាព​កាល​ពីថ្ងៃ​ទី​១៩ ខែ​សីហា​កន្លង​ទៅនេះ។

«អាជ្ញាបណ្ណ​របស់​គាត់​ផុតសុពលភាព​ តាំង​ពី​ថ្ងៃ​ទី​១៩​មក​ ប៉ុន្តែ​បញ្ហា​ដែល​កើត​មាន​ គឺ​មុន​ថ្ងៃ​១៩​ខែ​សីហា​។ អញ្ចឹងរហូត​មកដល់​ពេលនេះ​ ក្រុមហ៊ុន​បាន​ដាក់​ស្នើ​សុំ​ បន្ត​អាជ្ញាបណ្ណ​ ក៏ប៉ុន្តែ​ក្រុមហ៊ុន​នៅ​មិន​ទាន់​ផ្តល់​ឯកសារ​គ្រប់​គ្រាន់​សម្រាប់​ឲ្យ​យើង​វាយ​តម្លៃ​បន្ត​ ឬ​មិន​បន្ត​អាជ្ញាបណ្ណ​ឡើយ។ អញ្ចឹង​រហូត​មក​ដល់​ពេល​នេះ​ ឯកសារ​ត្រូវ​ក្រុមហ៊ុន​បំពេញ​បន្ថែម​សិន​ យើង​អត់​ទាន់​បន្ត​ឲ្យ​ទេ»។​

លោក​ឲ្យ​ដឹង​ដែរ​ថា​ សុពលភាព​បូមខ្សាច់​របស់​ក្រុមហ៊ុនInternational Rainbow ​Company នឹង​ផុត​ទៅ​នៅ​ចុង​ឆ្នាំ​នេះ៕

XS
SM
MD
LG