ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សារជាតិ​គីមី​នៅក្នុង​សម្លៀកបំពាក់​របស់​ក្រុមហ៊ុន​ល្បីឈ្មោះ ទាញ​ការចាប់អារម្មណ៍​នៅ​ឥណ្ឌូនេស៊ី


គេហទំព័រ​អង្គការ​ហ្គ្រីនភីស (Greenpeace) សម្រាប់⁣ប្រទេស⁣ឥណ្ឌូនេស៊ី
គេហទំព័រ​អង្គការ​ហ្គ្រីនភីស (Greenpeace) សម្រាប់⁣ប្រទេស⁣ឥណ្ឌូនេស៊ី
ដោយ Kate Lamb
ប្រែសម្រួលដោយ ឌី ខាំបូលី
ការស៊ើបអង្កេត​ជាសាកល​មួយ ដោយ​អង្គការ​ហ្គ្រីនភីស (Greenpeace) បានបង្ហាញ​ថា សម្លៀកបំពាក់របស់ក្រុមហ៊ុន​ផលិត​ម៉ូត​សម្លៀកបំពាក់ល្បីៗ ដែល​ផលិតនៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី (Indonesia) មាន​ផ្ទុកសារធាតុគីមី​ប្រកបដោយ​គ្រោះថ្នាក់ចំពោះ​បរិស្ថាននិង​សុខភាព​របស់​មនុស្ស។
អង្គការ​ហ្គ្រីនភីស​និយាយ​ថា ក្រុមហ៊ុន​ផលិត​សម្លៀក​បំពាក់​ដែលមាន​យីហោ​ជាសាកល ដូចជា​ក្រុមហ៊ុន អាម៉ានី (Armani) ហ្គែព (GAP) ម៉ាកស៍ និង ស្ពែនស័រ (Marks and Spencer) និង អ៊ីស្រ្ពីត (Esprit) កំពុង​ផលិត​សម្លៀកបំពាក់ ដែលមាន​សារជាតិពុល​ខ្លាំង នៅក្នុង​ប្រទេសឥណ្ឌូនេស៊ី។
ការសិក្សា​ដែលមាន​ចំណង​ជើង​ថា «សរសៃអម្បោះមាន​ជាតិពុល ការបោកប្រាស់​យ៉ាង​ធំធេងរបស់​ក្រុមហ៊ុន​ផលិត​សម្លៀកបំពាក់» បាន​រកឃើញ​ថា សម្លៀក​បំពាក់​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​សម្លៀកបំពាក់ ដែល​មានដាក់លក់​នៅតាម​ហាង មានផ្ទុក​សារធាតុ ណូនីលហ្វឺណុល អេស្សូហ្សីលែតស៍ (Nonylphenol ethoxylates) ឬ​ហៅកាត់​ថា NPEs។
អ្នកនាំពាក្យ​របស់​អង្គការ​ហ្គ្រីនភីស ប្រចាំ​នៅ​ប្រទេស ឥណ្ឌូនេស៊ី លោក ហ៊ីលដា មឺទៀ (Hilda Meutia) និយាយ​ថា សារធាតុ NPEs មានគ្រោះថ្នាក់​ចំពោះ​បរិស្ថាន​និង​ប្រព័ន្ធ​បន្តពូជ​របស់​មនុស្ស​ទៀត​ផង។
«សារធាតុ NPEs បំផ្លាញ​ទាំង​សុខភាព​មនុស្ស​និង​បរិស្ថាន។ ខ្ញុំ​ចង់​សំដៅ​ទៅ​ដល់ប្រព័ន្ធ​បរិស្ថាន​ទឹក ប៉ុន្តែ​ក៏ប៉ះពាល់​ទៅដល់​សុខភាព​មនុស្ស​ផងដែរ ពីព្រោះ​ការស្រាវជ្រាវ​បង្ហាញ​ថា សារធាតុ​នេះ​បង្អាក់​ដល់​ដំណើរការនៃ​អ័កម៉ូន​របស់​យើង»។
អង្គការ​ហ្គ្រីនភីសនិយាយ​ថា សារធាតុគីមី​នេះ​បាន​ហូរចូល​ទៅក្នុង​ទន្លេ នៅក្នុង​កំឡុងពេល​នៃ​ដំណើរការ​ផលិត និង​នៅពេល​ដែល​សម្លៀក​បំពាក់ត្រូវបាន​បោក​សម្អាត។
ប៉ុន្តែ សមាគម​កាត់ដេរ​ លោក អាដេ ស៊ូដ្រាចាត (Ade Sudrajat) របស់​ឥណ្ឌូនេស៊ី បាន​បដិសេធ​ចោល​ការអះអាង​ទាំងនេះ។
លោក​និយាយ​ថា ច្បាប់​របស់ឥណ្ឌូនេស៊ី តម្រូវឱ្យ​ក្រុមហ៊ុន​ផលិត​សម្លៀកបំពាក់​ទាំងអស់ មាន​តម្លាភាព​អំពី​ប្រភេទ​និង​កម្រិត​នៃ​សារធាតុ​គីមី ដែល​ត្រូវបាន​ប្រើប្រាស់ ហើយ​ថា របាយការណ៍​របស់​អង្គការ​ហ្គ្រីនភីស នឹង​នាំឱ្យមាន​ការពិនិត្យ​ពិច័្ចយ​បន្ថែម​ទៀត។
«បទបញ្ញត្តិ​នេះ​មានភាព​រឹងមាំ​គ្រប់គ្រាន់ល្មម សម្រាប់​ឧស្សាហកម្ម​កាត់ដេរ​នៅ​ឥណ្ឌូនេស៊ី ហើយ​ខ្ញុំ​គិតថា ប្រសិនបើ​ការស្រាវជ្រាវ​ពឹងផ្អែកលើ​ឧស្សហកម្ម​សម្លៀកបំពាក់ ភាគច្រើន​នៅក្នុង​ឧស្សាហកម្ម​សម្លៀកបំពាក់ ដែលសាច់ក្រណាត់​ត្រូវបាន​នាំយក​មកពី​បរទេស ភាគច្រើន​មកពី​ប្រទេសចិន និង​កូរ៉េ។ នេះ​គឺជា​សាច់​ក្រណាត់​ដែលជា​វត្ថុធាតុ​ដើម»។
ដោយ​ទទួលស្គាល់​ថា បទបញ្ញត្តិ​នាំចូល​របស់ ឥណ្ឌូនេស៊ី អាច​មាន​ភាព​តឹងរឹង​ជាង លោក ស៊ូដ្រាចាត និយាយ​ថា អង្គការហ្គ្រីនភីស​គួរ​បញ្ជាក់​ឱ្យបាន​ច្បាស់​ថាតើ​សម្លៀកបំពាក់​ដែល​ត្រូវបាន​ពិសោធន៍ ត្រូវបាន​កាត់ចេញ​ពី​សាច់ក្រណាត់នាំចូល​ឬ​យ៉ាងណា។
ឧស្សាហកម្មកាត់ដេរ​គឺជា​ការនាំចេញ​ចម្បង​មួយ​សម្រាប់​ប្រទេស ឥណ្ឌូនេស៊ី ប៉ុន្តែ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នាពេលថ្មីៗ​នេះ​ ជាមួយ​ប្រទេស​ចិន បានបង្កើត​ឱ្យមាន​លំហូរ​នៃ​ការនាំចូល ហើយ​បាន​ដាក់​សម្ពាធ​ទៅលើ​ឧស្សាហកម្ម​ក្នុង​ស្រុក។
របាយការណ៍​ត្រូវបាន​ចេញ​ផ្សាយ នៅចំពេល​ដែល​រដ្ឋាភិបាល ឥណ្ឌូនេស៊ី កំពុង​សម្លឹងមើល​ទៅលើការលុប​បំបាត់ពន្ធ ដើម្បី​បង្កើន​ការប្រកួតប្រជែង ចំ​ពេលដែលការគំរាមកំហែង​ពី​ការបាត់បង់​ការងារ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់។
ការសម្រេចចិត្ត​នៅក្នុង​សប្តាហ៍​នេះ ដើម្បី​បង្កើន​ប្រាក់ឈ្នួល​អប្បរមា​នៅក្នុង​ទីក្រុង ហ្សាកាតា ឱ្យបាន​៤៤​ភាគរយ អាច​ធ្វើ​ឱ្យ​កម្មករ​រោងចក្រ​កាត់ដេរ​ជាង​មួយសែន​នាក់​បាត់បង់​ការងារ ដោយសារតែ​ការបិទរោងចក្រ។
ក្រៅ​ពី​ការអះអាង​អំពីការប្រព្រឹត្ត​មិនត្រឹមត្រូវ​ទៅលើ​បរិស្ថាន រោងចក្រ ឥណ្ឌូនេស៊ី សម្រាប់​ក្រុមហ៊ុន ណៃគី (Nike) និងអាឌីដាស (Adidas) ត្រូវបាន​ចោទប្រកាន់ពីបទគាំទ្រ​ដល់ «ស្ថានភាពរោងចក្រ​កេង​ចំណេញកម្លាំងពលកម្ម» នៅក្នុង​ឆ្នាំ​នេះ ​សម្រាប់​ការខកខាន​មិនបាន​ផ្តល់​ថ្លៃឈ្នួល​អប្បរមា និង​ការប្រព្រឹត្ត​មិនល្អ​ទៅលើ​កម្មករ។
ប៉ុន្តែ លោក ហ្វូហ្សី អ៊ីចសាន (Fauzi Ichsan) ដែល​ជា​សេដ្ឋវិទូ​មួយរូប​នៅឯធនាគារ ស្តែនដាដ ឆាតធឺ (Standard Chartered) និយាយ​ថា ប្រទេស ឥណ្ឌូនេស៊ី មិនមែន​ជា​សេដ្ឋកិច្ច​ដែល​កេងចំណេញ​លើ​កម្លាំង​ពលកម្ម​នោះទេ។
«​ឥណ្ឌូនេស៊ី លែង​ជា​ប្រទេស​តតិយលោក​ទៀតហើយ គឺ​មិនមានន័យ​ថា​ ​កម្លាំងពលកម្ម​ត្រូវបាន​កេងប្រវ័ញ្ច​ក្នុង​តម្លៃថោកនោះទេ។ ប្រសិន​បើអ្នក​និយាយ​ទៅកាន់​អ្នកគ្រប់គ្រង​ឧស្សាហកម្ម រោងចក្រ​ឧស្សាហកម្ម ពួកគេ​នឹង​អះអាង​ថា កម្លាំង​ពលកម្ម​របស់ ឥណ្ឌូនេស៊ី មិនត្រឹមតែកាន់តែ​ថ្លៃ​នោះទេ ប៉ុន្តែ បទ​បញ្ញត្តិ​ទាំងឡាយ ឧទាហរណ៍ គោល​នយោបាយ​នាពេល​ថ្មីៗនេះ ​ក្នុង​ការបញ្ចប់​ការផ្តល់​លទ្ធភាព​ផលិត​ទៅប្រភព​ខាងក្រៅ នឹង​ធ្វើឱ្យ​កម្លាំង​ពលកម្ម​របស់ ឥណ្ឌូនេស៊ី មាន​ការប្រកួតប្រជែង​កាន់តែតិចទៅៗ»។
នៅលើ​ផ្នែក​បរិស្ថាន ឧស្សាហកម្ម​កាត់ដេរ​របស់ ឥណ្ឌូនេស៊ី មិនមែន​ជា​ឧស្សាហកម្ម​តែ​មួយគត់ ដែល​ស្ថិត​នៅក្រោម​ការត្រួតពិនិត្យ​នោះទេ។
ការសិក្សា​របស់​អង្គការ​ហ្គ្រីនភីស បានពិសោធសម្លៀកបំពាក់ ដែលត្រូវបាន​ផលិត​ដោយ​រោងចក្រផលិត​សម្លៀកបំពាក់​ទាន់សម័យ​ជាសកល​ចំនួន​២០ នៅក្នុង​ប្រទេស​ចំនួន​២៧។ នៅទូទាំង​សកល​លោក សារធាតុ NPEs ត្រូវបាន​រកឃើញ​ថា​មាន​ចំនួន​៨៩ នៅក្នុង​ចំណោម​គំរូ​សាកល្បង​ចំនួន​១៤១ ដែល​ត្រូវបាន​ពិសោធន៍។
នៅក្នុង​ចំណោម​អ្នកប្រព្រឹត្ត​ល្មើស​ធ្ងន់ធ្ងរ​បំផុត គឺមាន​ស្លាក​យីហោ​ដូចជា ខាលវីនក្លេន (Calvin Klein) មែងហ្គូ (Mango) ម៉ាកស៍ និង ស្ពែនស័រ (Marks and Spencer) និង ហ្សារ៉ា (Zara)។ គំរូសាកល្បង​ពីរ​ពី​ផលិតផល​របស់យីហោ ហ្សារ៉ា មាន​ផ្ទុក​សារធាតុ​ដែល​បង្កឱ្យមាន​ជំងឺ​មហារីក ដោយសារតែ​ការប្រើប្រាស់​ថ្នាំ​ជ្រលក់ប្រភេទ អាហ្សូ (azo)។
ប៉ុន្តែ លោក ហ៊ីលដា មឺទៀ (Hilda Meutia) នៃ​អង្គការហ្គ្រីនភីស និយាយថា ការសិក្សា​នេះ​មិន​កំពុង​ព្យាយាមធ្វើឱ្យ​ខូច​កេរ្តិ៍ឈ្មោះ ដល់​ស្លាក​យីហោ​ណាមួយ​នោះទេ។
«យើង​មិន​បាន​សំដៅទៅលើ​ស្លាកយីហោ​ជាក់លាក់​ណាមួយទេ។ មាន​ស្លាកយីហោ​ចំនួន​២០ ដែល​មាន​បញ្ហា​ដូចគ្នា​នេះ ហើយ​ក្រុមហ៊ុន​ទាំង​២០​នេះ ត្រូវតែ​បង្កើតឡើង​នូវ​ផែនការ​ល្អ​មួយ ដើម្បី​បំបាត់​ជាតិ​ពុល។ អំណាច​ប្រជាពលរដ្ឋ​កាន់តែ​ច្រើន និង​សម្លេង​របស់​ប្រជាពលរដ្ឋ​ដែល​ចូលរួម​នៅក្នុង​យុទ្ធនាការ​នេះ នឹង​ជួយ​ឲ្យ​ក្រុមហ៊ុន​សាជីវកម្ម​ទាំងឡាយ ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​នៃ​ការបំបាត់​ជាតិពុលនេះ។ មនុស្ស​គ្រប់រូប​ចាំបាច់​ត្រូវមាន​ការយល់ដឹង មិនមែន​តែ​មនុស្ស ដែល​ស្លៀក​សម្លៀកបំពាក់​ទាំងនោះ​ទេ ពីព្រោះ​វា​ប៉ះពាល់​ដល់មនុស្ស​ជាច្រើនផ្សេង​ទៀត»។
មួយសប្តាហ៍​បន្ទាប់ពី​ការចេញ​ផ្សាយ​របាយការណ៍​របស់​អង្គការ​ហ្គ្រីនភីស​ ក្រុមហ៊ុន​ទីពីរ គឺ​ក្រុមហ៊ុន ម៉ាកស៍ និង ស្ពែនស័រ បាន​យល់ព្រមបន្ថយការប្រើប្រាស់​សារធាតុគីមី​ប្រកបដោយ​គ្រោះថ្នាក់​ឲ្យ​អស់​ទាំងស្រុង នៅ​ត្រឹម​ឆ្នាំ​២០២០។
ក្រុមហ៊ុន​លក់​សម្លៀកបំពាក់ ដែល​មាន​ស្លាកយីហោ H&M ក៏នឹង​កំពុង​ធ្វើដូចគ្នា​ផងដែរ ខណៈពេល​ដែលក្រុមហ៊ុន ហ្សារ៉ា និយាយ​ថា ក្រុមហ៊ុន​នឹង​ចាប់ផ្តើម​ការស៊ើបអង្កេត​ផ្ទៃក្នុង​ដោយខ្លួនឯង៕
XS
SM
MD
LG