ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​សិទ្ធិ​មនុស្ស​សុំ​ឱ្យ​កែប្រែ​បទបញ្ជា​ផ្ទៃក្នុង​សភា​ដើម្បី​ធានា​សិទ្ធិ​បក្ស​មិន​កាន់​អំណាច


លោក​អ៊ូ វីរៈ ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។
លោក​អ៊ូ វីរៈ ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។
ទាញ​យក​ពី​តំណភ្ជាប់​ដើម
វ៉ាស៊ីនតោន៖ អ្នក​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជាយល់ថា​ដើម្បី​ធានា​ឱ្យ​មាន​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​ក្នុង​សភាជាតិ​គឺ​ស្ថាប័ន​នីតិប្បញត្តិ​មួយ​នេះ​ត្រូវ​ពិនិត្យ​មើល​និង​កែ​សម្រួល​បទបញ្ជា​ផ្ទៃក្នុង​ដើម្បី​អាច​ឱ្យ​គណបក្ស​មិន​កាន់​អំណាច​មាន​តួរនាទី​ច្បាស់​លាស់​ក្នុង​ការ​អនុវត្ត​ការងារ​របស់​ខ្លួន។ ​

លោក​អ៊ូ វីរៈ ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បញ្ជាក់ក្នុង​កម្មវិធី​ហេឡូ​VOA​កាលពី​ថ្ងៃ​ច័ន្ទ​ថា​ការតាក់​តែង​បទបញ្ជា​ផ្ទៃក្នុង​ដែល​គេ​យក​មក​ប្រើ​នា​ពេល​បច្ចុប្បន្ន​ត្រូវ​បាន​តាក់​តែង​ឡើង​ដោយ​លក្ខណៈ​«ដែល​ប្រឆាំង​នឹង​លទ្ធិ​ប្រជាធិបតេយ្យ​ទាំងស្រុង»។​

លោក​អ៊ូ វីរៈ ​បាន​បន្ថែម​ថា៖​

«បើ​សិន​ជា​យើង​មើល​តាម​រូបមន្ត​ ឥឡូវ​យើង​ឃើញ​អណត្តិ​ទី​៥​នេះ​ យើង​ថា​គណបក្ស​ប្រជាជន​គាត់​បាន​៦៨​កៅអី​ អញ្ចឹងគាត់​ជាអ្នក​អនុម័ត​បទបញ្ជា​ផ្ទៃ​ក្នុង​ ហើយ​ដើម្បី​អនុម័ត​បាន​គឺ​ទាមទារ​តែ​៦២​សំឡេង​ទេ​ដើម្បី​អនុម័ត។ អញ្ចឹង​អ្នក​ណា​ដែល​មាន​៦២​សំឡេង​អាច​អនុម័ត​នូវ​បទ​បញ្ជា​ផ្ទៃក្នុង​មួយ​ដែល​ធ្វើ​ឱ្យ​គណបក្ស​ដែល​មាន​សំឡេង​ច្រើន​ជាង​គេ​មាន​ឥទ្ធិពល​ អាច​ដក​ឥទ្ធិពល​ឬក៏ ​អាច​ដក​តួរ​នាទី​របស់​គណបក្ស​ដែល​មាន​សំឡេង​តិចទាំង​ស្រុក​ក៏​បាន»។​

លោក​បាន​ស្នើ​ឡើង​ថា​បទបញ្ជា​ផ្ទៃក្នុង​គឺ​ត្រូវ​តែ​ត្រូវ​កែ​ទៅ​ធ្វើការ​អនុម័ត​ដោយ​សំឡេង​ពីរ​ភាគ​បី​សម្រាប់​ការជ្រើសរើស​តំណែង​ប្រធាន អនុប្រធាន​សភា ​និង​ប្រធាន​គណៈកម្មការជំនាញ​របស់​សភាដើម្បីទប់​ស្កាត់គណបក្ស​ដែល​មាន​សំឡេង​ភាគច្រើន​ដាច់​ខាត​ក្តោបក្តាប់​យក​តំណែង​ប្រធាន​គណៈកម្មការ​ទាំង​អស់។

លោក​អ៊ូ វីរៈ ​ក៏​ស្នើ​ឡើង​ដែរ​ថា​ការ​ឈ្លេច​សួរ​រដ្ឋាភិបាល​ត្រូវ​ធ្វើ​ឡើង​ត្រឹម​តែ​កម្រិតគណៈកម្មការ​ជំនាញ​បាន​ហើយ​ដោយមិ​ន​ចាំ​បាច់​ដល់​សភា​ពេញ​អង្គទេ​ព្រោះ​វា​អាច​មាន​ពេល​សួរ​បាន​ច្រើន ហើយ​វាជា​ការ​ផ្តល់​អំណាច​ទៅ​ឱ្យ​គណបក្ស​ប្រឆាំង​ច្រើន​ផងដែរ។ ជាពិសេស​នោះ​ទៀត​គឺ​ការសួរដេញ​ដោល​នៅ​ក្នុង​គណៈកម្មកា​នោះត្រូវ​ធ្វើ​ឡើង​ជា​សាធារណៈ ។

ចំណុច​មួយ​ទៀត​ដែល​ខ្វះ​ខាត​នោះ​គឺ​មិន​មាន​ការធានា​ឱ្យ​ច្បាស់​លាស់​ថា​ការអនុម័ត​ច្បាប់​ត្រូវ​តែ​មាន​ការ​ជជែក​តទល់​គ្នា​នៅ​ក្នុង​សភាពេញ​អង្គឬ​ក៏​នៅ​ក្នុង​កម្រិត​គណៈកម្មការ​របស់​សភា​និង​ត្រូវ​ធានា​ដោយ​ច្បាប់​ថា​ត្រូវ​ធ្វើ​ជា​សាធារណៈ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​អ៊ូ​ វីរៈ។​

លោក​អ៊ូ វីរៈ​បាន​បន្ថែម​ថា៖​

«ហើយ​បើសិន​ជា​យើង​ចងអញ្ចឹង​បាន​ការប្រកួត​ប្រជែង​គណបក្ស​ប្រឆាំង​នៅ ក្នុង​សភា​ហើយ​នឹង​ការ​ប្រកួត​ប្រជែង​នៅក្នុង​ការ​បោះឆ្នោត​និងការ​ប្រកួត​ប្រជែង​លើ​បណ្តាញ​សារព័ត៌មាន​ ដែល​ទាំងបី​នេះ​គឺ​អនុញ្ញាត​ឱ្យ​គណបក្ស​ទាំង​សងខាង​ប្រកួត​ប្រជែង​គ្នា​ដោយ​ត្រឹម​ត្រូវ​ទុក​ឱ្យ​ប្រជាពលរដ្ឋ​ជាអ្នក​តាម​ដាន​ ជា​អ្នក​វាយ​តម្លៃ​និង​ធ្វើ​ជា​អ្នក​សម្រេច​ចិត្ត​។ នេះ​គឺជា​គន្លឹះ​ដ៏​សំខាន់»។

នៅ​ក្នុង​អណត្តិ​កន្លងមកគណបក្ស​នយោបាយ​តូចៗ​នៅ​ក្នុង​សភាជាតិ​មាន​ការ​លំបាក​នៅ​ក្នុង​ការ​ជំរុញ​របៀបវារៈ​នយោបាយ​របស់​ខ្លួន​ដោយ​សារ​តែ​បទបញ្ជា​ផ្ទៃក្នុង​បានដាក់​ការតម្រូវ​ជាច្រើន​ដែល​មិន​អាច​ការពារ​ប្រយោជន៍​របស់​គេ​បាន។

លោក​យ៉ែម បុញ្ញឫទ្ធិ ​អ្នកនាំ​ពាក្យ​នៃ​គណបក្ស​សង្គ្រោះ​ជាតិនិង​ជា​អតីត​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សិទ្ធិ​មនុស្ស​បាន​បញ្ជាក់​ថា៖

«អ្វី​ដែល​យើង​សង្កេត​ឃើញ​នៅ​ក្នុង​បទបញ្ជារដ្ឋ​សភា​ដែលត្រូវ​អនុញ្ញាត​ឱ្យ​សមាជិក​សភា​គ្រប់​រូប​នោះ​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​ឱ្យ​បាន​ត្រឹមត្រូវ​ក៏​ប៉ុន្តែ​យើង​សង្កេត​ឃើញ ​ចំណុច​មួយ​ក្នុងការ​បែង​ចែក​ជាក្រុម​ ការបែង​ចែក​នេះ​មិន​ជា​អាក្រក់​ទេ​ក៏ ​ប៉ុន្តែ​សម្រាប់​គណបក្ស​ដែល​មាន​អាសនៈ​តិច​ជាង​១០​ធ្វើ​ឱ្យ​ក្រុម​របស់​គាត់​មិន​អាច​បង្កើត​បាន​ហើយ​ត្រូវ​ទៅ​ចូលរួម​ជាមួយ​នឹង​ក្រុម​ដទៃ​ទៀត»។

គណបក្ស​សិទ្ធិ​មនុស្សមាន​អាសនៈ​តែ​បី​ប៉ុណ្ណោះ​កាល​ពី​អណត្តិ​មុន​នៅ​ក្នុង​សភា​ជាតិ​ដែល​មាន​ចំនួន​១២៣​អាសនៈ​មុន​ពេល​ដែល​គណបក្ស​នេះ​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​នឹង​គណបក្ស​សម រង្ស៊ី​ដើម្បី​បង្កើត​ជា​គណបក្ស​សង្គ្រោះ​ជាតិ​នៅមុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣។​

លោក​ យ៉ែម បុញ្ញឫទ្ធិ​បាន​បន្ថែម​ទៀត​ថា៖

«ចំណុច​មួយ​ទៀត​គឺ​ត្រង់​ថា​អ្នក​តំណាង​រាស្រ្ត​ត្រូវ​កោះ​អញ្ជើញ ​រដ្ឋមន្ត្រី​ឬ​នាយក​រដ្ឋ​មន្ត្រី​មក​សួរ​ដេញ​ដោល​ក្នុង​សភា​នោះ ​មាន​ចែង​ក៏ ​ប៉ុន្តែ​មិន​មាន​កា​រអនុវត្ត​ហើយ​អ្នក​មិន​អនុវត្ត​នោះ ​មិន​មាន​ទោស​ពៃរ៍​អ្វី ​ទៀត​ដូច្នេះ​កាន់​តែ​ធ្វើ​ឱ្យ​អំណាច​នីតិ​ប្រតិបត្តិ​រដ្ឋាភិបាល​នោះ​គាត់​មាន​សិទ្ធិ​សេរីភាព​ច្រើន​ក្នុង​ការ​មក​ក៏ ​បាន​មិន​មក​ក៏​បានព្រោះ គ្មាន​ទោស​ពិន័យ​អ្វី»។​

លោក​យ៉ែម បុញ្ញរិទ្ធ​ក៏​បាន​បន្ថែម​ទៀត​បើទោះ​បី​ជា​អញ្ជើញ​មក​ក៏​ពួកគេ​មាន​សិទ្ធិ​និយាយ​ដោយ​មិន​កំណត់​ពេល​វេលា។ លោក​ក៏​ឱ្យ​ដឹង​ថា​ក្រោយ​ពី​មាន​ដំណោះស្រាយ​នយោបាយ​ដែល​បាន​ជាប់​គាំង​ចាប់​តាំង​ពី​ការ​បោះឆ្នោត​ខែ​កក្កដា​ឆ្នាំ​មុន ​គណបក្សសង្គ្រោះ​ជាតិ​នឹងសុំ​ឱ្យ​មាន​ការ​ចែង​ឱ្យ​ច្បាស់​ពី ​តួរនាទី​ ភារៈកិច្ច​និង​មធ្យោបាយ​ពិត​ប្រាកដ​សម្រាប់​ក្រុម​អ្នក​តំណាង​រាស្រ្ត​នៃ​គណបក្ស​មិន​កាន់​អំណាច ​ដើម្បី ​អាច​ឱ្យ​ពួកគាត់​បំពេញ​ការងារ​ឱ្យ​បាន​មាន​ប្រសិទ្ធភាព៕
XS
SM
MD
LG