ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​អាមេរិក​​ត្រៀម​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី


លោក Kevin McCarthy (រូប​ឆ្វេង) ប្រធាន​ក្រុម​សម្លេង​ភាគច្រើន និង​លោក John Boehner ប្រធាន​សភា។
លោក Kevin McCarthy (រូប​ឆ្វេង) ប្រធាន​ក្រុម​សម្លេង​ភាគច្រើន និង​លោក John Boehner ប្រធាន​សភា។

ចំណាត់ការ​មួយ​របស់​ក្រុម​អភិរក្ស​តឹងរឹង​នៅ​ក្នុង​សភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​សាធារណ​រដ្ឋ​នឹង​ធ្វើ​ឱ្យ​មាន​ភាព​ស្មុគស្មាញ​ដល់​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដើម្បី ជ្រើសរើស​អ្នក​បន្ត​វេន​ពី​លោក​ John Boehner ប្រធាន​សភា​ដែល​នឹង​ត្រូវ​ចេញ​ពី​តំណែង។​

ក្រុម​ដែល​មាន​ឈ្មោះ​ថា​ក្រុម​សេរីភាព​ក្នុង​សភា (House Freedom) បាន​បោះឆ្នោត​កាលពី​ថ្ងៃ​ពុធ​ដើម្បី​គាំទ្រ​លោក​ Daniel Webster ​អ្នក​តំណាងរាស្រ្ត​មក​ពី​រដ្ឋ ​Florida ដើម្បី​ឱ្យ​កាន់​តំណែង​នេះ ដោយ​ទាត់​ចោល​ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក​ Kevin McCarthy អ្នក​តំណាងរាស្រ្ត​មក​ពី​រដ្ឋ​ California និង​ជា​ប្រធាន​ក្រុម​សំឡេង​ភាគ​ច្រើន។ លោក​ McCarthy ​កាន់​តំណែង​លំដាប់​លេខ​ពីរ​បន្ទាប់​ពី​លោក​ John Boehner​ ហើយ​ទទួល​បាន​ការ​គាំទ្រ​ដោយ​មតិ​ភាគ​ច្រើន​នៃ​ក្រុម​អ្នក​តំណាងរាស្រ្ត​នៃ​គណបក្ស​សាធារណ​រដ្ឋ​ដែល​មាន​សមាជិក​២៤៧នាក់។​

ប្រសិនបើ​សមាជិក​ទាំង​៤០នាក់​នៃ​ក្រុម​សេរីភាព​សភា​បោះឆ្នោត​ឱ្យ​លោក​ Webster ​នៅ​ពេល​សភា​ពេញ​អង្គ​បោះឆ្នោត​នៅ​ថ្ងៃទី​២៩​ខែ​តុលា វា​នឹង​ធ្វើ​ឱ្យ​បាត់បង់​សម្លេង​ដែល​លោក​ McCarthy ត្រូវ​ការ​ចាំបាច់​ដើម្បី​ក្លាយ​ជា​ប្រធាន​សភា។​

លោក​ John Boehner ​បាន​ប្រកាស​ពី​ការ​លាលែង​ពី​តំណែង​កាលពី​ខែ​មុន​បន្ទាប់​ពី​បំពេញ​ការងារ​២៥ឆ្នាំ​នៅ​ក្នុង​រដ្ឋ​សភា​ជាតិ​ដោយ​ក្នុង​រយៈពេល​៥ឆ្នាំ​ចុង​ក្រោយ​លោក​កាន់​ការ​ជា​ប្រធាន​សភា។ អំណាច​របស់​លោក​តែងតែ​ត្រូវ​ក្រុម​អភិរក្ស​តឹងរឹង​មិន​សូវ​គោរព​តាម។ សមាជិក​នៃ​ក្រុម​អភិរក្ស​ភាគ​ច្រើន​ទើប​តែ​ជាប់​ឆ្នោត​ក្នុង​ឆ្នាំ​២០១០ តាម​រយៈ​ក្រុម​ Tea Party ដែល​បាន​ជួយ​ជំរុញ​ឱ្យ​គណបក្ស​សាធារណ​រដ្ឋ​ឈ្នះ​បាន​គ្រប់គ្រង​សភាជាតិ ហើយ​ពួកគេ​ទាមទារ​ចង់​បាន​សិទ្ធិ​កាន់​តែ​ធំ​ជាង​មុន​នៅ​ក្នុង​ការ​សម្រេច​ទាក់​ទង​នឹង​គោល​នយោបាយ៕

XS
SM
MD
LG