ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

និស្សិត​​ លី ស៊ីវហួង​ មាន​សុទិដ្ឋិនិយម​ចំពោះ​វិស័យ​​សុខាភិបាល​នៅ​កម្ពុជា​


កញ្ញា លី ស៊ីវហួង និស្សិត​ថ្នាក់​បណ្ឌិត ខាង​វិទ្យាសាស្ត្រ​ជីវវិទ្យា និង​ជីវៈ​វេជ្ជសាស្ត្រ​នៃ​សាកល​វិទ្យាល័យ​ហាវដ (Harvard)​សហរដ្ឋ​អាមេរិក​។
កញ្ញា លី ស៊ីវហួង និស្សិត​ថ្នាក់​បណ្ឌិត ខាង​វិទ្យាសាស្ត្រ​ជីវវិទ្យា និង​ជីវៈ​វេជ្ជសាស្ត្រ​នៃ​សាកល​វិទ្យាល័យ​ហាវដ (Harvard)​សហរដ្ឋ​អាមេរិក​។
ទាញ​យក​ពី​តំណភ្ជាប់​ដើម

វ៉ាស៊ីនតោន៖ វិស័យ​សុខាភិបាល​នៃ​ប្រទេសកម្ពុជា​នឹង​មាន​ភាព​ប្រសើរ​ឡើង​នា​ពេល​អនាគត ​បន្ទាប់​ពី​មាន​និស្សិត​កម្ពុជា​ដែល​សិក្សា​មុខវិជ្ជា​វេជ្ជសាស្ត្រ​ត្រឡប់​ចូល​ក្នុង​ប្រទេស​ធ្វើ​ការ​ជាមួយ​នឹង​វេជ្ជបណ្ឌិត​និង​គ្រូ​ពេទ្យ​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស។ នេះ​បើ​តាម​សម្តី​របស់កញ្ញា លី ស៊ីវហួង និស្សិត​ថ្នាក់​បណ្ឌិត ខាង​វិទ្យាសាស្ត្រ​ជីវវិទ្យា និង​ជីវៈ​វេជ្ជសាស្ត្រ​នៃ​សាកល​វិទ្យាល័យ​ហាវដ (Harvard)​សហរដ្ឋ​អាមេរិក​ ដែល​និយាយ​នៅ​ក្នុង​កម្មវិធី​សំឡេង​ជំនាន់​ថ្មី​ប្រចាំ​ខែ​របស់​វីអូអេ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ កុម្ភៈកន្លង​ទៅ​នេះ។

«ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា​ ថ្ងៃ​ក្រោយ​នឹង​មា​ន​ការ​ប្រែប្រួល​ល្អ​ជាង​មុន​ ដោយ​សារ​តែ​ឥឡូវ​យើង​មាន​យុវជន​ជំនាន់​ថ្មីៗ​ដូច​ជា​សិស្ស​ពេទ្យ​ល្អៗច្រើន​ទាំង​សិក្សា​ក្នុង​និង​ក្រៅ​ប្រទេស។ យ៉ាង​ហោច​ណាស់​ចំពោះ​ខ្ញុំ​និង​មិត្តភក្តិ​ខ្ញុំ​ដែល​បាន​មក​រៀន​នៅ​ស្រុក​គេ​ហ្នឹង​សុទ្ធ​តែ​ចង់​ទៅ​ជួយ​ស្រុក​ខ្មែរ​វិញ»។

ជា​ធម្មតា​អ្នក​ដែល​រៀន​ពូកែ​ បន្ទាប់​ពី​រៀន​ចប់​ទទួល​បាន​ជំនាញ​ច្បាស់​លាស់​ ជា​រឿយ ​រក​ឱកាស​ធ្វើ​ការ​នៅ​ប្រទេស​ជឿនលឿន​ តែ​កញ្ញា លី ស៊ីវហួង​ បាន​ប្រាប់​កម្មវិធី​សំឡេង​ជំនាន់ថ្មី​នៃ​វីអូអេ​ថា កញ្ញា​មិន​ដែល​មាន​ចិត្ត​ចង់​នៅ​សហរដ្ឋ​អាមេរិក​ទេ។ កញ្ញា​និង​មិត្ត​ភក្តិ​របស់​កញ្ញា​នឹង​ត្រឡប់​ទៅ​ជួយ​កម្ពុជា​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​ខាង​វិស័យ​សុខាភិបាល​។

កញ្ញា​ លី ស៊ីវហួង​ និយាយ​ថា ជីវៈវេជ្ជសាស្ត្រ​មាន​ប្រយោជន៍​ច្រើន​ក្នុង​ការ​ជួយ​លើក​កម្ពស់​សុខុមាលភាព​សង្គម។

«ជីវៈវេជ្ជសាស្ត្រ​ជួយ​គ្រូពេទ្យ​ក្នុង​ការ​ធ្វើ​រោគវិនិច្ឆ័យ​ និង​ផ្តល់​វិធីព្យាបាល​ថ្មី​ៗតាម​រយៈលទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ដើម្បី​ធ្វើ​ឲ្យ​សុខភាព​មនុស្ស​កាន់​តែ​ប្រសើរ»។

ដូចគ្នា​នេះ​ដែល​និស្សិត​ ហេង វិបុល ដែល​ទើបបាន​បញ្ចប់​ការ​សិក្សា​ផ្នែក​ជីវៈគីមី និង​ជីវៈរូបវិទ្យា​ពី​សាកលវិទ្យាល័យយ៉េល​សហរដ្ឋ​អាមេរិក​ ហើយ​នឹង​បន្ត​ការ​សិក្សា​យក​បណ្ឌិត​ខាង​ផ្នែកជីវៈវេជ្ជសាស្ត្រ​បាន​ប្រាប់​វិអូអេ​ខ្មែរ​តាម​ទូរសព្ទ​ថា សាលា​នៅ​កម្ពុជា​គួ​រជំរុញ​ឲ្យ​មាន​ការ​ស្រាវជ្រាវ។

«នៅ​សហរដ្ឋ​អាមេរិក​ បន្ថែម​លើ​ការ​សិក្សា​ទ្រឹស្តី​ គេ​ក៏​បាន​បង្ហាត់​បង្រៀន​យើង​ឲ្យ​ចេះ​ធ្វើ​ការ​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​ដែល​អាច​ជំរុញ​ដល់​ការ​ទទួល​បាន​របក​គំហើញ​អំពី​ការ​ព្យាបាល​ជំងឺ​ផ្សេងៗ​»។

កញ្ញា​ លី ស៊ីវហួង​ បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា អ្វី​ដែល​វិស័យ​អប់រំ​នៅ​កម្ពុជា​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​នោះ​គឺ​ បង្កើន​គុណភាព និង​បរិមាណ​សៀវភៅ​សិក្សា​ ដែល​វិស័យ​អប់រំ​នៅ​កម្ពុជា​នាពេល​នេះ​កំពុង​ខ្វះខាត៕
XS
SM
MD
LG