ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​ពិភាក្សា​ការ​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី​ត្រឹម​១០​ឆ្នាំ


លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន នៃ​​គណបក្ស​ប្រជាជន​កម្ពុជា​​ បាន​កាន់​កាប់​មុខ​តំណែង​អស់​រយៈ​ពេល​ជិត​៣០​ឆ្នាំ​ហើយ។
លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន នៃ​​គណបក្ស​ប្រជាជន​កម្ពុជា​​ បាន​កាន់​កាប់​មុខ​តំណែង​អស់​រយៈ​ពេល​ជិត​៣០​ឆ្នាំ​ហើយ។

ការ​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី ​គឺ​ជា​ប្រធាន​បទ​យ៉ាង​សំខាន់​សម្រាប់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​បាន​លើក​យក​មក​ពិភាក្សា​យ៉ាង​ស្រួចស្រាល់​ ដើម្បី​ចៀសវាង​ការ​កាន់​អំណាច​យូរ​ឆ្នាំ​ពេក​ និង​អាច​ដឹកនាំ​ប្រទេស​កម្ពុជា​ឈាន​ទៅ​រក​ការ​គ្រប់​គ្រង​បែប​កុម្មុយនីស្ត​ និង​ផ្តាច់​ការ។​

ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​បាន​ផ្តល់​យោបល់​ថា​ អាណត្តិ​នាយក​រដ្ឋមន្ត្រី​ក្នុង​ប្រទេស​កម្ពុជា​មាន​រយៈពេលតែ​២​អាណត្តិ​តែ​ប៉ុណ្ណោះ ​គឺ​មាន​រយៈ​ពេល១០​ឆ្នាំ​គត់​ មិន​អាចបន្ត​កាន់​មុខ​តំណែង​រហូត​ដល់​ជិត​៣០​ឆ្នាំ​ដូច​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បច្ចុប្បន្ន​នេះ​ទេ។​

លោក​នី ចរិយា​ ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​មាន​ប្រសាសន៍ថា​ បើ​ប្រទេស​កម្ពុជា​អាច​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី​វា​ជា​ការ​ល្អ​មួយ​ដើម្បី​កុំ​ឲ្យមនុស្ស​កសាង​បាន​នូវ​អំណាច​ប្រមូល​ផ្តុំ​ឬ​ក៏​អំណាច​គ្រួសារ ​បក្ខ​ពួក​និយម ​នៅ​ពេល​ដែល​ខ្លួន​កាន់​អំណាច​រយៈ​ពេល​លើស​ពី​១០​ឆ្នាំ​ និង​ជាការ​ទប់​ស្កាត់​កុំឲ្យមាន​ការ​គ្រប់​គ្រង​តាម​របៀប​ផ្តាច់​ការ​ណាមួយ​កើត​មាន​ឡើង។

ការ​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ពិភាក្សា​តុមូល​មួយ​ដែល​រៀប​ចំ​ឡើង​ដោយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា។​

វាគ្មិន​ដែល​មក​ចូល​រួម​ មាន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នានា​ដែល​មាន​បទ​ពិសោធន៍​នៅ​ក្នុង​សង្គម​ និង​ជា​អ្នក​តាម​ដាន​ព្រឹត្តិការណ៍នយោបាយ​ក្នុង​ប្រទេស​កម្ពុជា។​

លោក​កែម ឡី ​អ្នក​ស្រាវ​ជ្រាវ​កិច្ច​អភិវឌ្ឍន៍​សង្គម​ បាន​បកស្រាយ​ថា​ វា​មាន​សារៈសំខាន់​ក្នុង​ការ​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី​ ដូច​ជា​អាច​ទប់​ស្កាត់​នូវ​ចលនា​ផ្តួល​រំលំ​ ព្រោះ​ថា​ ចលនា​ផ្តួល​រំលំ​បាន​កើត​ឡើង​ដោយ​សារ​ការ​កាន់​អំណាច​យូរ​ឆ្នាំ​ពេក។​

លោក​បាន​និយាយ​ថា៖​ «យើង​អត់​ចង់​ឃើញ​ការ​ផ្តួល​រំលំ​ហ្នឹង​ទេ។​ យើង​ចង់​ឃើញ​ការ​ផ្លាស់​ប្តូរ​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​ដើម្បី​ចៀស​វាង​ឲ្យបាន​នូវ​ការ​ផ្តួល​រំលំ។​ ​ប៉ុន្តែ​មុខ​តែ​ឈាន​ដល់​ការ​ផ្តួល​រំលំ​ វា​ទាល់​តែ​មាន​នៅ​ក្នុង​ស្ថានភាព​ក្នុង​បច្ចុប្បន្ន​នេះ។​ មាន​បក្ខពួក​និយម​ គ្រួសារ​និយម​អំពើ​ពុក​រលួយ​ អត់​ការ​ងារ​ធ្វើ​ ផ្តាច់​ការ​កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​ចុង​ក្រោយ​ យើង​ទទួល​រង​នូវ​របៀប​ហ្នឹង»។​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​កាន់​កាប់​មុខ​តំណែង​អស់​រយៈ​ពេល​ជិត​៣០​ឆ្នាំ​ហើយ។ ប្រសិន​ណា​បើ​លោក​នៅ​បន្ត​កាន់​កាប់​មុខ​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​បន្ត​៥​ឆ្នាំ​ទៀត​ ​នោះ​លោក​នឹង​បាន​កាន់​កាប់​តួនាទី​នេះ​អស់​រយៈ​ពេល​ជាង៣៤​ឆ្នាំ​ដែល​ធ្វើ​ឲ្យលោក​ជាប់​ឈ្មោះ​ជា​អ្នក​កាន់​មុខ​តំណែង​នេះ​យូរ​ជាង​គេ​ក្នុង​ចំណោម​បណ្តា​ប្រទេស​អាស៊ាន​ទាំង​១០។

លោក​ស្រី​រស់ សុភាព​ នាយិកា​គណៈ​កម្មាធិការ​លើក​ស្ទួយ​ស្រ្តី​ក្នុង​វិស័យ​នយោបាយ​មាន​ប្រសាសន៍​ថា ​កាល​ណា​នាយក​រដ្ឋមន្ត្រី​ធ្វើ​ការ​យូរ​ទៅ​ វា​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​រ៉ាវ​ជាច្រើន​ ទាំង​រឿង​ល្អ​និង​រឿង​អាស្រូវ​ មិន​ល្អ។​

លោក​ស្រី​បាន​ឲ្យដឹង​ថា ​មាន​ពេល​ខ្លះ​នយោបាយ​របស់​យើង​មិន​ឯក​រាជ្យ​ដែល​ធ្វើ​ឲ្យយើង​ប្រើ​អំណាច​ជ្រុល​ និង​ចេះ​តែ​ជ្រៅ​ទៅៗ​ ពិបាក​ក្នុង​ការ​វិល​ត្រឡប់​មក​វិញ។

លោក​ស្រី​និយាយ​ថា៖​ ​«បើ​សិន​មាន​កំណត់​ អាច​អ្នក​ផ្សេង​គេ​ទទួល​ខុស​ត្រូវ​ទៅ។ អញ្ចឹង​ឲ្យអ្នក​ផ្សេង​ដែល​គេ​លើក​ ដែល​គេ​សិក្សា​ ដែល​គេ​រៀន​បទ​ពិសោធន៍​ពី​អ្នក​មុន។ គេ​នឹង​ធ្វើ​តាម​មេរៀន​បទពិសោធន៍​ហ្នឹង​ អាច​នឹង​មាន​ការ​ប្រែប្រួល​ថ្មី​មួយ​ទៀត»។​

លោក​សុខ ទូច​ សាកល​វិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​ខេមរៈ​មាន​ប្រសាសន៍ថា​ មិន​ចាំបាច់កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី​ដោយ​ផ្ទាល់​ ក៏ប៉ុន្តែ​យើង​ត្រូវ​កំណត់​អាណត្តិ​អ្នក​តំណាង​រាស្ត្រ​វិញ​គឺ​ឲ្យឈរ​ឈ្មោះ​ជា​អ្នក​តំណាង​រាស្ត្រ​បាន​ត្រឹម​តែ​ពីរ​អាណត្តិ​តែ​ប៉ុណ្ណោះ ពីព្រោះ​តាម​គោល​ការណ៍​ច្បាប់​ ​នាយក​រដ្ឋមន្ត្រី​កើត​ចេញ​ពី​តំណាង​រាស្ត្រ​ដូច្នេះ​ បើកំណត់អាណត្តិ​តំណាងរាស្ត្រ​ពីរអាណត្តិ​នោះ​នាយក​រដ្ឋមន្ត្រី​ក៏​មាន​តែពីរ​អាណត្តិ​ដែរ។​

លោក​និយាយ​ថា៖​ «ពី​ព្រោះ​នាយក​រដ្ឋមន្ត្រី​ចេញ​ពី​ណា​មក?​ នាយក​រដ្ឋមន្ត្រី​មិន​ចេញ​ពី​តំណាង​រាស្ត្រ? ​អញ្ចឹង​បើ​យើង​កំណត់​តំណាង​រាស្ត្រ​ហើយ​មាន​ន័យ​ថា​ដូច​ជា​យើង​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី។​ ​បើ​អ្នក​ឯង​មិន​អាច​ឈរ​ជា​តំណាង​រាស្ត្រ​ដល់​បី​អាណត្តិ​ មាន​ឈ្មោះ​អី​ទៅ​ឈរ​ជានាយក​រដ្ឋ​មន្ត្រី​ទៀត ​ពីព្រោះ​ច្បាប់​គេ​ចែង​ថា ​បេក្ខជន​តំណែង​នាយក​រដ្ឋមន្ត្រី​មាន​តែ​តំណាង​រាស្រ្ត​តែ​ពីរ​អណត្តិ»។​

វីអូអេបានព្យាយាម​ទាក់ទង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ដើម្បីស្នើ​សុំសេចក្តី​អត្ថាធិប្បាយ​បំភ្លឺ​ តែ​មិន​អាចទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ។​ ក៏ប៉ុន្តែ​លោក​ញ៉ែម ថាវី ​អ្នក​នាំពាក្យ​រដ្ឋសភា​មាន​ប្រសាសន៍​ប្រាប់​អ្នក​កា​សែត​ថា ​ការ​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី​មិន​ស្ថិត​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​រវាង​គណបក្ស​សង្គ្រោះ​ជាតិ​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ទេ៕

XS
SM
MD
LG