ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស៖ អ្នកភ្នំ​ម៉ុងតាញ៉ា​ដែល​បញ្ជូន​ចេញ​ជា​អ្នក​ឆ្លង​មក​ធ្វើ​ចំការ​ខុស​ច្បាប់


រូប​ឯកសារ៖ អ្នកភ្នំ​ម៉ុងតាញ៉ា​ដើរ​ចេញ​ពីព្រៃ​នៅ​ក្នុង​ខេត្តរតនគីរី​នៃ​ប្រទេស​កម្ពុជា​ក្រោយពី​ភៀស​ខ្លួន​ពី​ប្រទេស​វៀតណាម។
រូប​ឯកសារ៖ អ្នកភ្នំ​ម៉ុងតាញ៉ា​ដើរ​ចេញ​ពីព្រៃ​នៅ​ក្នុង​ខេត្តរតនគីរី​នៃ​ប្រទេស​កម្ពុជា​ក្រោយពី​ភៀស​ខ្លួន​ពី​ប្រទេស​វៀតណាម។

ប្រទេស​កម្ពុជា​បាន​អះអាង​ថា​ជនជាតិ​ភាគតិច​កុលសម្ព័ន្ធ​ភ្នំ​វៀតណាម ​ឬ ​ហៅ​ថា​ជន​ជាតិ​ម៉ុងតាញ៉ា ​ដែល​ខ្លួន​បាន​បញ្ជូន​ត្រឡប់​ទៅ​វិញ ​កាលពី​ចុង​សប្តាហ៍​មុន​មិន​មែន​ជា​ជន​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ទេ។

លោក​ឧត្តម​សេនីយ៍​ឯក​ គៀត ច័ន្ទថារិទ្ធ​ អ្នក​នាំពាក្យ​អគ្គស្នង​ការ​នគរ​បាល​ជាតិ​មាន​ប្រសាសន៍​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ជនជាតិ​វៀតណាម​ដែល​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្ពុជា​បាន​ចាប់​បញ្ជូន​ចេញ​កាល​ពី​ថ្ងៃទី​២៤​ខែ​មករា​មិន​មែន​ជាជន​ជាតិ​ម៉ុងតាញ៉ា​ដែល​បានរត់​ភៀស​ខ្លួនមក​សុំ​សិទ្ធិ​ជ្រក​កោន​ក្នុង​ប្រទេស​កម្ពុជា​ទេ។​ក៏ប៉ុន្តែ​តាម​ការ​ពិត​ពួក​គេ​គឺ​ជា​ជន​ជាតិ​ភាគ​តិច​ចារ៉ាយ​ វៀតណាម​ដែល​បាន​ឆ្លង​ដែន​មក​ធ្វើ​ចំការ​ដោយ​ខុស​ច្បាប់​ក្នុង​ទឹក​ដី​ប្រទេស​កម្ពុជា។​

លោក​បាន​បញ្ជាក់​ថា​កម្ពុជា​គោរព​អនុសញ្ញា​នៃ​ជនភៀស​ខ្លួន​ដែល​កម្ពុជា​បាន​ចុះ​ហត្ថលេខា​កាល​ពី​ឆ្នាំ​១៩៥១ក៏ប៉ុន្តែ​កម្ពុជាក៏​មាន​ច្បាប់​ជន​អន្តោប្រវេសន៍​របស់​ខ្លួន​ដែល​មាន​សិទ្ធិ​ចាប់​បញ្ជូន​ជន​អន្តោប្រវេសន៍​ណា​ដែល​បាន​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​ចូល​មក​ក្នុង​ទឹក​ដី​របស់​កម្ពុជា។​

លោក​និយាយ​ថា៖​«គ្រាន់​តែ​ចង់​បញ្ជាក់​ជូន​ថា​យើង​មិន​បាន​ធ្វើ​អញ្ចឹង​ទេ​គឺ​យើង​មាន​ច្បាប់​ស្តីពី​អន្តោប្រវេសន៍​ប៉ុន្តែ​យើង​ក៏ជា​ហត្ថលេខី​នៃ​អនុសញ្ញា​ឆ្នាំ​៥១​ស្តីពី​ជន​ភៀស​ខ្លួន​ដែរ។ ​យើង​តែង​តែ​គោរព​ តែង​តែ​អនុវត្ត​អនុសញ្ញា​ស្តី​ពីជន​ភៀស​ខ្លួន​ឆ្នាំ​១៩៥១​ហ្នឹង»។​

វិទ្យុ​វីអូអេ​ផ្សាយ​ជា​ភាសា​វៀតណាម​កាល​ពី​ថ្ងៃ​ច័ន្ទ​បាន​រាយការណ៍​ថា​សមត្ថកិច្ច​តាម​ព្រំ​ដែន​កម្ពុជា​បាន​ចាប់​បង្ខំ​បញ្ជូន​ចេញ​ជនជាតិ​ម៉ុង​តាញ៉ា​ចំនួន​៧​នាក់ដែល​បានភៀស​ខ្លួន​ចេញ​ពី​ប្រទេស​វៀតណាមទៅ​ឱ្យអាជ្ញាធរ​វៀតណាម​ក្រោយ​ពេល​ដែល​ពួក​គេ​បាន​មក​លាក់​ខ្លួន​ក្នុង​ព្រៃ​នៃ​ខេត្ត​រតនៈ​គិរី។​

សេចក្តី​រាយការណ៍​នេះ​បាន​បញ្ជាក់​ថា​ការ​ចាប់​បញ្ជូន​ជន​ជាតិ​ម៉ុងតាញ៉ា​៧​នាក់​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​ភ័យ​ខ្លាច​ពី​ជន​ជាតិ​ភាគតិច​ម៉ុងតា​ញ៉ា​វៀតណាម​ចំនួន​១៤​នាក់​ផ្សេង​ទៀត​ដែល​កំពុង​សំងំ​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ​នៃ​ខេត្ត​រតនៈ​គិរី​ដោយ​ខ្លាច​មាន​ការ​ស្វែង​រក​ចាប់​ខ្លួន​ពី​ក្រុម​សមត្ថកិច្ច​កម្ពុជា។​

លោក​ ឆាយ ធី​ អ្នក​សម្រប​សម្រួល​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​រតនៈ​គិរី​មាន​ប្រសាសន៍​ថា​ក្រុម​សមត្ថកិច្ច​កម្ពុជា​គួរ​តែ​សិក្សា​និង​វាយ​តម្លៃ​ឱ្យបាន​ល្អិត​ល្អន់​សិន​មុន​និង​ចាប់​បញ្ជូនខ្លួនពួកគេ​ទៅ​កាន់​ប្រទេស​វៀតណាម​វិញ។​

លោក​មាន​ជំនឿ​ថា​អ្នក​ភូមិ​បាន​និយាយ​ថា​អ្នក​ទាំង​៧​នាក់​នោះ​គឺ​ជា​ជនជាតិ​ភាគតិច​ចារ៉ាយ​វៀតណាម​ដែល​ហៅ​ថា​ជាជន​ជាតិ​ម៉ុងតាញ៉ាស្វែងរក​សិទ្ធិ​ជ្រកកោន​ពិត​ប្រាកដ​មែន​មិន​មែន​ជា​ជន​អន្តោប្រវេសន៍​ដូច​ការ​លើក​ឡើង​របស់​ប៉ូលិស​ទេ។​

លោក​បាន​បញ្ជាក់​ថា​ឥឡូវ​នេះ​ក្រុម​សមត្ថកិច្ច​កម្ពុជា​កំពុង​តែ​ឆែក​ឆេ​នៅ​ភូមិ​មួយ​ដែល​ភាគ​ច្រើន​ជា​ជន​ជាតិ​ភាគ​តិច​ចារ៉ាយ​កម្ពុជា​ដើម្បី​ស្វែង​រក​ជន​ជាតិ​ម៉ុងតាញ៉ា​ដើម្បី​បញ្ជូន​ត្រឡប់​ទៅកាន់​ប្រទេស​វៀតណាម​វិញ។​

លោក​និយាយ​ថា៖​«ចំណុច​នេះ​យើង​នៅ​តែ​បន្ត​ធ្វើ​ការ​ស៊ើប​អង្កេត​ដដែលពីព្រោះ​យើង​ឃើញ​ហើយ​កាលពី​ជន​ភៀស​ខ្លួន​ចារ៉ាយ​( ម៉ុងតាញ៉ា) ​ឆ្លង​កាលពី​ថ្ងៃទី៣​ខែមករា​នោះ​យើង​ឃើញ​កម្លាំង​ប៉ូលិស​ដេញ​ប្រផាប់​ ប្រភីង​រហូត​ដល់​ព្រឹក​ឡើង​ថ្ងៃ​ទី​៤​មករា​ ក៏​ធ្វើ​ការ​ឡោម​ព័ទ្ធ​ភូមិ​ចារ៉ាយ​ខ្មែរ»។​

កាល​ពី​ចុង​ឆ្នាំ​២០១៤ជនជាតិ​ចារ៉ាយ​ចំនួន​១៣​នាក់​ត្រូវ​បាន​អង្គការ​សហប្រជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​បាន​រក​ឃើញ ​ហើយ​ក្រោយ​មក​បាន​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្ពុជា។​

ជនជាតិ​ម៉ុងតាញ៉ា​ទាំង​១៣​នាក់​កំពុង​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​នាយក​ដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហា​ផ្ទៃ​នៅ​ឡើយ។​

លោក​នាយ​ឧត្តមសេនីយ៍​ ខៀវ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​ធ្លាប់​មាន​ប្រសាសន៍​ប្រាប់​វីអូអេ​ថា​សមត្ថកិច្ច​បាន​សម្ភាស​ជនជាតិ​ភាគតិច​វៀតណាម​ទាំង​១៣​នាក់​ចប់​សព្វ​គ្រប់​ហើយ​ក៏ប៉ុន្តែ​មិន​ទាន់​បាន​វាយ​តម្លៃ​ថា​ពួកគេ​ជាជន​ជាតិ​ម៉ុងតាញ៉ា​ដែល​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ពិត​ប្រាកដ​ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ។​

កាល​ពី​ឆ្នាំ​២០០០​ និង​ ២០០១​ មាន​ជនជាតិ​ម៉ុងតាញ៉ា​រាប់​ពាន់​នាក់​បាន​រត់​គេច​ខ្លួន​ពីការ​ធ្វើ​ទុក្ខ​បុកម្នេញ​ពី​ប្រទេស​វៀតណាម​មក​កាន់​ប្រទេស​កម្ពុជា។ ​ក៏ប៉ុន្តែ​មាន​ជនជាតិម៉ុងតាញ៉ា​ ​ជា​ច្រើន​នាក់​ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​កម្ពុជាចាប់​ខ្លួន​ និង​ បាន​បញ្ជូន​ទៅ​កាន់​ប្រទេស​វៀតណាម​វិញ។​

លោក​ គៀត ច័ន្ទថា​រិទ្ធិ​ មាន​ប្រសាសន៍​ថា​ក្នុង​រយៈពេល​៣​ខែ​ចុង​ក្រោយ​នេះ​កម្ពុជា​បាន​ចាប់​បញ្ជូន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ចំនួន​១.២០០​នាក់​ទៅ​កាន់​ប្រទេស​កំណើត​របស់​ខ្លួន​វិញដែល​នៅ​ក្នុង​នោះ​មាន​១០​សញ្ជាតិ​ខុស​ៗ​គ្នា​ហើយ​មាន​ជនជាតិ​វៀតណាម​ច្រើន​ជាង​គេ៕

XS
SM
MD
LG