ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​និពន្ធ​ Fukuyama ថា​ប្រជាធិបតេយ្យ​សេរីនិយម​ជា​របប​នយោបាយ​ល្អ​ជាង​គេ


​លោក​បណ្ឌិត ​Francis Fukuyama ​បាន​បោះពុម្ព​ផ្សាយសៀវភៅ​ថ្មីឈ្មោះ Political Order and Political Decay​ សណ្តាប់​​ធ្នាប់​​​នយោបាយ​ និង​ការ​ពុក​ផុយ​នៃ​របប​​នយោបាយ។
​លោក​បណ្ឌិត ​Francis Fukuyama ​បាន​បោះពុម្ព​ផ្សាយសៀវភៅ​ថ្មីឈ្មោះ Political Order and Political Decay​ សណ្តាប់​​ធ្នាប់​​​នយោបាយ​ និង​ការ​ពុក​ផុយ​នៃ​របប​​នយោបាយ។

កាល​ពី​ថ្ងៃ​ទី៨ ​ខែ​តុលា​នេះ ​ក្រុម​ផ្សាយ​ជា​ភាសាហ្សកហ្ស៊ី​របស់​វីអូអេ​ បាន​សម្ភាស​ជាមួយ​នឹង​លោកបណ្ឌិត ​Francis Fukuyama ​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​អំពី​សៀវភៅ​ថ្មី​មួយ​របស់​លោក​ដែល​មាន​ចំណង​ជើង​ថា ​Political Order and Political Decay​ មានន័យថា​ សណ្តាប់ធ្នាប់​នយោបាយ​ និង​ការ​ពុក​ផុយ​នៃ​របបនយោបាយ ​និង​អំពី​វិបត្តិ​នយោបាយ​នៅ​អ៊ុយក្រែន​ និង​ហ្សកហ្ស៊ី។

នៅ​ថ្ងៃទី​៣០ ​ខែ​កញ្ញា​ ឆ្នាំ​២០១៤​នេះ ​លោក​បណ្ឌិត ​Francis Fukuyama ​បាន​បោះពុម្ព​ផ្សាយ ​និង​ចែក​ចាយ​សៀវភៅ​ថ្មី​មួយ​ទៀត​របស់​លោក​ដែល​មាន​ចំណង​ជើង​ថា​ Political Order and Political Decay​ សណ្តាប់ធ្នាប់​នយោបាយ​ និង​ការ​ពុក​ផុយ​នៃ​របបនយោបាយ។ ​សៀវភៅ​នេះ​វិភាគ​លើ​ទស្សនៈ​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​និយម ដោយ​ផ្អែក​តាម​លក្ខខណ្ឌ​ប្រវត្តិសាស្រ្ត​របស់​ប្រទេស​ជា​ច្រើន​ជុំ​វិញ​ពិភពលោក​ ដូចជា​សហ​រដ្ឋអាមេរិក ​ចិន ​រុស្ស៊ី ​អាមេរិកឡាទីន​ជាដើម ​ដើម្បី​ផ្តល់​ជា​ការ​ស្រាវជ្រាវ​មួយ​ដែល​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​បំផុត។​

លោក​បណ្ឌិត ​Fukuyama ​បាន​លើក​ឡើង​ថា ​ការ​ធានា​នូវ​សណ្តាប់​ធ្នាប់​នយោបាយ​គឺ​ជា​កិច្ចការ​របស់​«ស្ថាប័នរដ្ឋ»​ ​ហើយ​ដើម្បី​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​និយម​កើត​មាន​ឡើង ​ប្រទេស​ជាតិ​មួយ​ត្រូវមាន​ជា​ចាំ​បាច់​នូវ​កត្តាចំនួន៣ក្នុង​ស្ថាប័ន​រដ្ឋ​របស់​ខ្លួន។​

ទីមួយ​គឺ​ «រដ្ឋាភិបាល​ត្រូវ​មាន​អំពើ​ពុករលួយ​កម្រិត​ទាប ​មាន​សមត្ថភាព​ផ្តល់​សេវា​សាធារណ​គ្រប់គ្រាន់ ​និង​ការពារ​សិទ្ធិ​ប្រជា​ពលរដ្ឋ»។ ​ទីពីរ​គឺ​«នីតិវិធី​ដែល​កំណត់​ឲ្យ​រដ្ឋាភិបាល​គោរព​តាម​ច្បាប់​ក្នុង​ការ​អនុវត្ត​អំណាច​របស់​ខ្លួន»។ ​ហើយ​ទីបី​គឺ​«ការ​ទទួល​ខុសត្រូវ​តាម​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​ធានា​ថា ​កិច្ចការ​របស់​រដ្ឋា​ភិបាល​ឆ្លុះ​បញ្ចាំង​ពី​ការ​ចង់​បាន​របស់​ប្រជាពលរដ្ឋ​ មិនមែន​បម្រើ​តែ​ប្រយោជន៍​អ្នក​មាន​អំណាច​នោះ​ទេ»។​

យោង​តាម​បទ​សម្ភាសន៍​ជាមួយ​នឹង​ក្រុម​ផ្សាយ​ភាសា​ហ្សកហ្ស៊ី ​លោក​បណ្ឌិត​ Fukuyama ​បាន​លើក​យក​ករណី​វិបត្តិ​នយោបាយ​នៅ​អ៊ុយក្រែន​មក​ធ្វើ​ជា​ឧទាហរណ៍​ ឆ្លុះ​បញ្ចាំង​អំពី​រដ្ឋាភិបាល​ពុក​រលួយ ​និង​អសមត្ថភាព​របស់​រដ្ឋាភិបាល​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ដល់​ប្រជា​ពលរដ្ឋ​របស់​ខ្លួន។​

«ខ្ញុំ​យល់​ថា ​អ៊ុយក្រែន​ត្រូវ​តែ​កែ​ប្រែ​នយោបាយ​ផ្ទៃ​ក្នុង​របស់​ខ្លួន។ ​ការណ៍​ដែល​សម្ព័ន្ធ​នយោបាយ ​Orange Coalition​ ទទួល​បរាជ័យ​ ហើយ​រដ្ឋាភិបាល​របស់​លោក​ Yanukovych​ បាន​ត្រឡប់​មក​កាន់​អំណាច​វិញ​គឺ​ដោយ​សារ​តែ​រដ្ឋាភិបាល​ចាស់ ​និង​រដ្ឋាភិបាល​ថ្មី​នេះ​មិន​បាន​ដោះ​ស្រាយ​បញ្ហា​អំពើ​ពុករលួយ​ទេ​ ហើយ​ប្រជា​ពលរដ្ឋ​មិន​ពេញ​ចិត្ត​នឹង​ប្រព័ន្ធ​នយោបាយ​របស់​រដ្ឋាភិបាល​ទាំង​នេះ​ទេ។ ​ទាំង​នេះ​គឺជា​កត្តា​សំខាន់​ដែល​រដ្ឋាភិបាល​អ៊ុយក្រែន​ត្រូវតែ​ដោះ​ស្រាយ»។​

លោក​បន្ថែម​ទៀត​ថា ​បើ​ទោះ​បី​ជា​ស្ថិត​នៅ​ក្នុង​ស្ថានភាព​អសន្តិ​សុខ​ខាង​នយោបាយ​ក៏​ដោយ​ ក៏​វា​ចាំ​បាច់​បំផុត​ដែល​រដ្ឋាភិបាល​បច្ចុប្បន្ន​របស់​អ៊ុយក្រែន​ចាប់​ផ្តើម​ធ្វើ​កំណែ​ទម្រង់​ដោះស្រាយ​បញ្ហា​ទាំង​នោះ ​ដើម្បី​ឲ្យ​មាន​រដ្ឋាភិបាល​ស្រប​ច្បាប់​មួយ​គាំទ្រ​ដោយ​ប្រជា​ពលរដ្ឋ។​

ដោយ​ឡែក ​ទាក់ទិន​នឹង​ទស្សនៈ​ស្តី​អំពី​ការ​ពុកផុយ​នៃ​របប​នយោបាយ​វិញ ​លោក​បាន​លើក​ឡើង​ថា ​ប្រព័ន្ធ​នយោបាយ​ទាំងអស់​«អាច​នឹង​ពុកផុយ ​ប្រសិន​បើ​រចនា​សម្ព័ន្ធ​របស់​ស្ថាប័ន​រដ្ឋ​មិន​អាច​ធ្វើ​កំណែ​ទម្រង់​ទៅ​តាម​ការ​ផ្លាស់ប្តូរ​ជឿន​លឿន​នៃ​បរិបទ​សង្គម»។​ នេះ​មាន​ន័យ​ថា ​ប្រព័ន្ធ​នយោបាយ​ណា​ក៏​ដោយ​មិន​អាច​ទទួល​បាន​ជោគ​ជ័យ​រហូត​ទេ ​ហើយ​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​និយម​ក៏​មិន​អាច​ឋិត​ឋេរ​ជា​ដរាប​ដែរ។

លោក​បាន​លើក​យក​ករណី​ប្រទេស​ហ្សកហ្ស៊ី​មក​ឆ្លុះ​បង្ហាញ​អំពី​កំណែ​ទម្រង់​វិស័យ​សាធារណៈ​របស់​រដ្ឋាភិបាល​ហ្សកហ្ស៊ី ​ដែល​នាំ​ឲ្យ​ប្រទេស​ហ្សកហ្ស៊ី​ដើរ​ឆ្ពោះ​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​ដ៏​រួបរួមមួយ ​ដែល​ក្នុង​នោះ​អ្នក​នយោបាយ​គ្រប់​រូប​ធ្វើ​ការ​ប្រកួត​ប្រជែង​ដោយ​ផ្អែក​លើ​ការ​ជឿ​ទុក​ចិត្ត​គ្នា​ទៅវិញ​ទៅ​មក។​

«លទ្ធិ​ប្រជាធិបតេយ្យ​ល្អ​មួយ​គឺ​ទាមទារ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង ​និង​ការ​ជឿទុ​ក​ចិត្ត​គ្នា​ទៅវិញ​ទៅមក។ ​នេះ​គឺជា​គោលដៅ​សំខាន់​ដែល​អ្នក​នយោបាយ​របស់​ប្រទេស​ហ្សកហ្ស៊ី​គួរតែ​សម្រេច​ឲ្យ​បាន»។​

សៀវភៅ​របស់​លោក​បណ្ឌិត​ Fukuyama ​បាន​សង្កត់​ធ្ងន់​ថា «លទ្ធិ​ប្រជា​ធិបតេយ្យ​សេរី​និយម​នៅ​តែ​ជា​របប​នយោបាយ​មួយ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ដោះស្រាយ​កត្តា​ប្រឈម​ថ្មីៗ​នៃ​ភាព​ជឿនលឿន»។​ ហើយ​គន្លឹះ​ដើម្បី​ការពារ​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​និយម​នេះមិន​ឲ្យ​ពុកផុយ ​គឺ​ទប់ស្កាត់​មិន​ឲ្យ​មាន​ការ​ខ្វះខាត​គម្រោង​កំណែ​ទម្រង់​លើ​ស្ថាប័ន​រដ្ឋ​ប្រឈម​មុខ​ការ​ជឿន​លឿន​នៃ​បរិបទ​សង្គម៕

XS
SM
MD
LG