ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិទ្យាសាស្រ្ត​ម្នាក់​ត្រូវ​សរសើរ​ពី​ការ​លុប​បំបាត់​គំនិត​មិន​ផ្តល់​តម្លៃ​ឲ្យ​ស្រ្តី​និង​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់


Antho ក្រលេក​មើល​កូន​ប្រុស​របស់​គាត់​ឈ្មោះ Kaba ដែល​មាន​អាយុ​ពីរ​ឆ្នាំ​ដែល​កំពុង​ទទួល​បាន​ការ​ព្យាបាល​ជំងឺ​គ្រុន​ចាញ់​នៅ​មន្ទីរពេទ្យ​ Tshilundu Referal Hospital ក្នុង​ខេត្ត Kasai Oriental។
Antho ក្រលេក​មើល​កូន​ប្រុស​របស់​គាត់​ឈ្មោះ Kaba ដែល​មាន​អាយុ​ពីរ​ឆ្នាំ​ដែល​កំពុង​ទទួល​បាន​ការ​ព្យាបាល​ជំងឺ​គ្រុន​ចាញ់​នៅ​មន្ទីរពេទ្យ​ Tshilundu Referal Hospital ក្នុង​ខេត្ត Kasai Oriental។

Rose Gana Fomban Leke ដែល​ជា​សាស្រ្តាចារ្យ​ដើម​កំណើត​ជនជាតិ​កាមេរូន (Cameroon) និង​ជា​ម្ចាស់​ពាន​រង្វាន់ Kwame Nkrumah សម្រាប់​អ្នក​វិទ្យាសាស្រ្ត​ស្រី​ដ៏​ល្អ​បំផុត​នៅ​អាហ្រ្វិក កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​ទៅ​លើ​ជំងឺ​គ្រុន​ចាញ់​ ដែល​អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា​ជំងឺ​នេះ​នៅ​តែ​ជា​ឃាតករ​លេខ​មួយ​នៅ​អាហ្រ្វិក​ជាពិសេស​ក្នុង​ចំណោម​ស្រ្តី​មាន​ផ្ទៃ​ពោះ។ ​បញ្ញវ័ន្ត​រូប​នោះ​បាន​បំពេញ​ការងារ​ និង​ចុះផ្សាយ​ឯកសារ​ជាច្រើន​អំពី​ជំងឺ​គ្រុន​ចាញ់​ទៅ​លើ​គភ៌ ហើយ​បាន​រក​ឃើញ​អ្វី​ដែល​ថ្មី​នៅ​ក្នុង​ការ​ផ្តល់​តំហែ​ទាំ​សុខភាព​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ​ដែល​រង​គ្រោះ​ពីជំងឺ​គ្រុន​ចាញ់​នេះ។

អ្នកស្រី​វេជ្ជបណ្ឌិត Rose Gana FombaN Leke និយាយ​ថា​ នៅ​ពេល​អ្នកស្រី​នៅ​ជា​ក្មេង​ស្រី​រៀន​នៅ​អនុវិទ្យាល័យ​ អ្នកស្រី​បាន​ដឹង​ថា​ស្រ្តី​មាន​ផ្ទៃ​ពោះ​ជាច្រើន​ស្លាប់​ដោយ​ជំងឺ​គ្រុន​ចាញ់​នៅ​ក្នុង​សហគមន៍​ការមេរូន​របស់​អ្នកស្រី​ ហើយ​អ្នកស្រី​បាន​ប្រកាន់​ខ្ជាប់​នូវ​ឆន្ទៈ​ថា ​នៅ​ថ្ងៃ​ណា​មួយ​អ្នកស្រី​នឹង​ជួយ​សង្រ្គោះ​ជីវិត​មនុស្ស​ទូទៅ​ឲ្យ​បាន។ កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អ្នកស្រី​បាន​ចេញ​ជា​ផ្លែផ្កា​ នៅ​ពេល​ដែល​អ្នកស្រី​ទទួល​បាន​មូលនិធិ​សម្រាប់​ការ​ស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ​នៅ​ស.រ.អា.​ បន្ទាប់​ពី​ការ​ព្យាយាម​ជិត​១០០ដង​របស់​អ្នកស្រី។

«ខ្ញុំ​បាន​ទៅ​រក​មើល​កន្លែង​ដែល​គេ​ធ្វើ​ការ​ស្រាវជ្រាវ​អំពី​ករណី​ជំងឺ​គ្រុន​ចាញ់​ ហើយ​ខ្ញុំ​បាន​ទៅ​សាកលវិទ្យាល័យ Illinois។ នៅ​ពេល​ខ្ញុំ​ត្រឡប់​ទៅ​ប្រទេស​របស់​ខ្ញុំ​វិញ ខ្ញុំ​បាន​សរសេរ​ពាក្យ​ស្នើ​សុំ​មូលនិធិ​ទៅ​កាន់​ស.រ.អា។ ខ្ញុំ​បាន​សរសេរ​សម្រាប់​ការ​ប្រកួតប្រជែង​ដើម្បី​ទទួល​បាន​មូលនិធិ​ជាច្រើន​ ហើយ​ចុង​ក្រោយ​ខ្ញុំ​ទទួល​បាន​មូលនិធិ​គ្រប់គ្រាន់​ដោយ​សហការ​ជាមួយ​សាកលវិទ្យាល័យ Georgetown ដើម្បី​បង្កើត​កម្មវិធី​មួយ​អំពី​ជំងឺ​គ្រុន​ចាញ់​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ»។

វេជ្ជបណ្ឌិត Leke បាន​បង្កើត​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​ហៅ​ថា​ «សម្ព័ន្ធ​កាមេរូន​ប្រឆាំង​ជំងឺ​គ្រុនចាញ់» (Cameron Coalition Against Malaria) ដែល​ជា​អង្គការ​មួយ​ដែល​អ្នកស្រី​និយាយ​ថា​ គោលបំណង​របស់​អង្គការ​នេះ​ គឺ​ដើម្បី​ធ្វើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់ និង​ដើម្បី​ផ្តល់​សារ​ដ៏​មុតមាំ​ទៅ​ដល់​ក្រុម​អាជ្ញាធរ​ឲ្យ​អនុម័ត​គោលនយោបាយ​សមស្រប ​ក៏​ដូចជាការ​ផ្លាស់​ប្តូរ​ឆ្ពោះ​ទៅ​រកប្រទេស​កាមេរូន​គ្មាន​ជំងឺ​គ្រុន​ចាញ់។ វេជ្ជបណ្ឌិត​រូប​នេះ​និយាយ​ថា​ ក្នុង​នាម​ជា​ស្រ្តី​ម្នាក់ អ្នកស្រី​មាន​ការ​លំបាក​ក្នុង​ការ​បញ្ចុះបញ្ចូល​អ្នក​ដែល​ស្ថិត​នៅ​ថ្នាក់​លើ ដែល​ភាគច្រើន​ជា​បុរស។

«អ្វី​ដែល​ខ្ញុំ​មិន​ចង់​ទុក​នៅ​ក្នុង​ចិត្ត​របស់​ខ្ញុំ​គឺ​ជា​ រឿង​ទាក់ទង​នឹង​ភាព​ជា​ស្រ្តី​ភេទ​ ដោយសារ​ខ្ញុំ​ជា​មនុស្ស​ស្រី​នៅ​ទីនោះ។ ជួនកាល​ ខ្ញុំ​គ្រាន់​តែ​ចាត់ទុក​ខ្លួន​ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដូច​មនុស្ស​ដទៃ​ទៀត​អញ្ចឹង​ដែរ​ ពួកយើង​ទាំង​អស់​គ្នា​កំពុង​បំពេញ​ការងារ ហើយ​យើង​ទាំង​អស់​គ្នា​កំពុង​ធ្វើ​ដំណើរ​ស្រប​តាម​មាគ៌ា​នៃ​ការងារ​នេះ។ ពី​ព្រោះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ជួនកាល​ប្រសិន​បើ​យើង​ផ្តោតទៅ​លើ​រឿង​ភាព​ជា​ស្រ្តី​ភេទខ្លាំង​ពេក ​និង​ដោយសារ​តែ​ភាព​ជា​ស្រ្តី​ភេទ​នេះហើយ​ដែល​ពួកគេ​ធ្វើ​មក​លើ​រូប​ខ្ញុំ​បែប​នេះ យើង​នឹង​មិន​មាន​ការ​រីកចម្រើន​ទៅ​មុខ​នោះ​ទេ។ ខ្ញុំ​គិត​ថា​វា​ជា​រឿង​បន្ទាប់​បន្សំ។ ខ្ញុំ​អង្គុយ​ពិភាក្សា​ជាមួយ​មនុស្ស​ប្រុស​ ពួកគេ​ចែក​រំលែក​គំនិត​របស់​ពួកគេ​ ហើយ​ខ្ញុំ​អាច​ពិភាក្សា​ជាមួយ​ពួកគេ​នៅ​ក្នុង​កម្រិត​ដូច​គ្នា»។

អ្នកស្រី​វេជ្ជបណ្ឌិត Leke សព្វថ្ងៃ​ជា​ម្ចាស់​ពាន​រង្វាន់​មួយ​ចំនួន​រួម​មាន​ ពាន​រង្វាន់ Kwame Nkrumah Award ក្នុង​ឆ្នាំ២០១១ សម្រាប់​អ្នក​វិទ្យាសាស្រ្ត​ស្រីឆ្នើម​បំផុត​នៅ​អាហ្រ្វិក។ ពាន​រង្វាន់​នេះ​ទទួល​ស្គាល់​ការ​រួម​ចំណែក​របស់​អ្នកស្រី​នៅ​ក្នុង​ការ​ស្រាវជ្រាវ​ស្តី​អំពី​ជំងឺ​គ្រុន​ចាញ់ ​និង​ការងារ​របស់​អ្នកស្រី​ប្រឆាំង​នឹង​ជំងឺ​នេះ​ ជាពិសេស​ក្នុង​ចំណោម​ស្រ្តី​មាន​ផ្ទៃ​ពោះ។ រដ្ឋ​មន្រ្តី​នៃ​ក្រសួង​លើក​កម្ពស់​ស្រ្តី​និង​គ្រួសារ​របស់​កាមេរូន​លោក​ស្រី Marie Theres Abena Ondoua បាន​ពណ៌នា​ អ្នកស្រី​វេជ្ជបណ្ឌិត​ Lekeជា​អ្នក​កំណត់ល្បឿន​នៃ​បោះ​ជំហាន​ទៅ​មុខ​របស់​ស្ត្រី​នៅ​កាមេរូន។

«អ្នកស្រី​ជា​ ស្រ្តី​ភេទ​ពេញ​លក្ខណៈ​មួយរូប។ នៅ​ពេល​ពួកគេ​ពណ៌នា​អ្វី​ដែល​អ្នកស្រី​បាន​ធ្វើ​ការ​សិក្សា​ អ្នក​អាច​និយាយ​ថា​ ​ស្រ្តី​កាមេរូន​អាច​ធ្វើ​រឿង​ហ្នឹង​បាន។ ហេតុអ្វី​បាន​ជា​មនុស្ស​ស្រី​មិន​អាច​សិក្សា​បាន​វែង​ឆ្ងាយ​នៅ​ក្នុង​ជំនាញ​មួយ​ចំនួន។ វា​គឺ​ដោយសារ​តែ​ពួកគេ​ធ្លាប់​គិត​ថា​មនុស្ស​ស្រី​ទាំង​នោះ​គឺ​ទុក​សម្រាប់​តែ​មនុស្ស​ប្រុស។ អ្នកស្រី​មាន​សមត្ថភាព​គ្រប់គ្រាន់​ ហើយ​អ្នកស្រី​ត្រូវ​បានលើក​ទឹក​ចិត្ត​ឲ្យ​ធ្វើ​បែប​នេះ។ យើង​លែង​ស្ថិត​នៅ​ក្នុង​សម័យ​ដែល​ពួកគេ​ធ្លាប់​និយាយ​ថា​ វិទ្យាសាស្រ្ត​គឺ​សម្រាប់​មនុស្ស​ប្រុស​ ហើយ​អក្សរសាស្ត្រ​គឺ​សម្រាប់​មនុស្ស​ស្រី។ មនុស្ស​ស្រី​គួរ​តែ​ដឹង​ថា​ ពួកគេ​អាច​ទៅ​គ្រប់​ទីកន្លែង​ ហើយ​ធ្វើ​អ្វី​បាន​យ៉ាង​ច្រើន​ដូច​មនុស្ស​ប្រុស​អញ្ចឹង​ដែរ»។

សង្គម​កាមេរូន​នៅ​តែ​មាន​លក្ខណៈ​អភិរក្ស​ខ្លាំង​នៅ​ពេល​ដែល​និយាយ​អំពី​ការ​លើក​តំណែង​ និង​ការ​ដឹកនាំ​ដោយ​ស្រ្តី។ នេះ​ជា​មូលហេតុ​ដែល​មនុស្ស​មួយ​ចំនួន​នៅ​ទីនេះ​ចាត់​ទុក​លោកស្រី​វេជ្ជបណ្ឌិត​ Leke ជា​ «មនុស្ស​ប្រុស»។ អ្នក​កាសែត​ឈ្មោះ Jessy Atogo ប្រាប់​ខ្ញុំ​ថា​ អ្នកស្រី​មិន​មាន​អារម្មណ៍​ល្អ​ទេ​នៅ​ពេល​គេ​គិត​បែប​នេះ។

«បុរស​ធ្លាប់​បាន​មក​ទី​នេះ ហើយ​ពួកគេ​កំពុង​តែ​ទទួល​បាន​ជោគជ័យ។ ដូច្នេះ ប្រសិន​បើ​ស្រ្តី​ម្នាក់​ធ្វើ​លើសពី​អ្វី​ដែល​សង្គម​គិត នាង​នឹង​ត្រូវ​គេ​ចាត់ទុក​ជា​បុរស​ជា​មិនខាន។ ប៉ុន្តែ​វា​មិន​មែន​អញ្ចឹង​ទេ ខ្ញុំ​មាន​ន័យ​ថា​យើង​អាច​តវ៉ា​អំពី​បញ្ហា​នេះ​រហូត​ទាល់​តែ​ប្រទេស​នេះ​យល់​ស្រប ប៉ុន្តែ​នៅ​ពេល​ស្រ្តី​ដាក់​ចិត្ត​ថា​ធ្វើ​អ្វី​មួយ​ ពួកគេ​នឹង​ធ្វើ​វា​ជា​មិន​ខាន។ ស្រ្តី​ត្រូវ​បាន​ផ្តល់​អំណាច ​និង​ផ្តល់​នូវ​អ្វី​ដទៃ​ទៀត​ពី​ព្រះ​ជាម្ចាស់។ យើង​គួរ​តែ​ទទួល​ស្គាល់​រឿង​នេះ​ និង​និយាយ​ថា​ខ្ញុំ​គឺជា​ខ្ញុំ ដែល​បង្កើត​ឡើង​ដោយ​ព្រះ។ អ្នកស្រី​នឹង​មិន​ត្រូវ​បាន​បំភ្លេច​ជា​រៀង​រហូត»។

អ្នកស្រី​វេជ្ជបណ្ឌិត Leke និយាយ​ថា​ អ្នកស្រី​មាន​ជំនឿ​ថា ​អ្វី​ដែល​ប្រសើរ​បំផុត​សម្រាប់​ស្រ្តី​នៅ​ប្រទេស​របស់​អ្នក​នៅ​មក​ដល់​ជាក់​ជា​មិន​ខាន ប៉ុន្តែ​ពួកគេ​មិន​គួរ​រងចាំ​តែ​អ្នក​ដទៃ​ធ្វើ​អ្វី​ទាំង​នោះ​ឲ្យ​កើត​ឡើង​ទេ។

«ចូរ​កុំ​ចុះចាញ់ និងប្តេជ្ញា​ខ្លួន ហើយ​កុំ​អង្គុយ​រងចាំ​ រដ្ឋាភិបាល​មិន​បាន​ធ្វើ​ដូចនេះ​ទេ។ អ្នក​ដឹង​នូវ​អ្វី​ដែល​យើង​កំពុង​តែ​ធ្វើ​សម្រាប់​ខ្លួន​យើង​ក្នុង​ជីវិត​យើង។ ខ្ញុំ​ប្រាប់​ខ្លួន​ឯង​ថា​ ខ្ញុំ​ត្រូវ​តែ​ខំ​ប្រឹង​ទៅ​មុខ​ត​ទៅ​ទៀត ហើយ​ខ្ញុំ​គិត​ថា វា​ជា​ការងារ​លំបាក​ដ៏​ច្រើន​។ វា​ជា​អ្វី​ដែល​អ្នក​ហៅ​ថា​ ជា​ការ​បេ្តជ្ញា​ចិត្ត។ នៅ​ទីនោះ​ អ្នក​ពុះពារ​យ៉ាង​ខ្លាំង​ ហើយ​អ្នក​បន្ត​ធ្វើ​ដូច្នេះ​រហូត​ ដោយ​មិន​គិត​ពី​ថា​មាន​បញ្ហា​ប្រឈម​អ្វី​នោះ​ទេ។ អ្នក​ត្រូវ​តែ​ទៅ​មុខ អ្នក​មិន​ត្រូវ​ឈប់​នោះ​ទេ»។

សាស្ត្រាចារ្យ​ដែល​មាន​វ័យ​៦៨ឆ្នាំ​ម្នាក់​នេះ​និយាយ​ថា​ អ្នកស្រី​នៅ​តែ​មាន​មហិច្ឆតា​ច្រើន​ទៀត​ ហើយ​និង​នៅ​តែ​ស្តាប់​បទ​ចម្រៀង​ដែល​មាន​ចំណង​ជើង​ថា «ស្រ្តី» ដែល​ច្រៀង​ដោយ​ Juliana Kenyomozi សិល្បករ​ដើម​កំណើត​អ៊ូហ្គង់ដា (Uganda) ដើម្បី​ជា​ការ​បំផុស​គំនិត៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG