ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កោះ​ហៅ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ


​លោក ​កឹម សុខា​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ និង​ក្រុម​បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​យ៉ាងតិច​៧នាក់ទៀតត្រូវ​តុលាការ​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​ឡើង​វិញ។
​លោក ​កឹម សុខា​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ និង​ក្រុម​បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​យ៉ាងតិច​៧នាក់ទៀតត្រូវ​តុលាការ​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​ឡើង​វិញ។

ក្រុម​បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​យ៉ាងតិច​៨​នាក់​ រួមទាំង​លោក​កឹម សុខា​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ និង​មន្ត្រី​គណបក្ស​ជំទាស់​ម្នាក់​ទៀត​ ត្រូវ​តុលាការ​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​ឡើង​វិញ​ នៅ​ពេល​ដែល​ក្រុម​ការងារ​ចរចា​នៃ​គណបក្ស​ទាំងពីរ​ត្រូវ​គេ​ដឹង​ថា ​មិនទាន់​ឈាន​ដល់​កិច្ចព្រម​ព្រៀង​គ្នា​នៅ​ឡើយ​ ចំពោះ​បញ្ហា​លម្អិត។​ ក្រុម​គណបក្ស​ជំទាស់​ចាត់​ទុក​ថា ​ការ​កោះហៅ​ទៅ​តុលាការ​ ឡើង​វិញ​ នេះ​ជា​រឿង​នយោបាយ។​

ក្រុម​បេក្ខជន​អ្នក​តំណាង​រាស្ត្រ​ជាប់ឆ្នោត​ទាំង​៨​រូប ​និងមន្ត្រី​ម្នាក់​របស់​គណបក្ស សង្គ្រោះ​ជាតិ​ត្រូវ​តុលាការ​បង្គាប់​ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​ជាបន្ត​បន្ទាប់​នៅ​សប្តាហ៍​ខាង​ មុខ ​និង​សប្តាហ៍​បន្ទាប់​ទៀត ​អំពីបញ្ហា​ដែល​ទាក់ទង​នឹង​ការ​ផ្តើម​គំនិត​និង​ញុះ ញង់​ឲ្យ​មានអំពើ​ហិង្សា ​កាលពីខែ​កក្កដា​ក្នុង​ពេល​មាន​បាតុកម្ម​អហិង្សា​ទាមទារ​ ឲ្យ​មាន​ការ​បើក​ទីលាន​ប្រជាធិបតេយ្យ​ ហើយ​ក្រោយ​មក​បាន​ក្លាយ​ទៅ​ជា​អំពើ​ ហិង្សា​នោះ។​

ទោះជា​គេ​មិន​ដឹង​ថា ​តើការ​កោះហៅ​ជា​ថ្មី​នេះ​ដើម្បី​បញ្ចប់​រឿង​ ដោយ​ការ​ទម្លាក់​ បទ​ចោទ ​ឬ​ក៏​ចាប់​ឃុំ​ខ្លួន​ជាថ្មី​ចំពោះ​ក្រុម​មន្ត្រី​គណបក្ស​ជំទាស់​មែន​ តែ​ក្រុម​អ្នក​ នយោបាយ ​និងមន្ត្រី​សង្គម​ស៊ីវិល​ បាន​អះអាង​ថា ​ពួក​គេ​មិន​ចង់​ឃើញ​ការ​ប្រើ ប្រាស់​តុលាការ​ដើម្បី​ដាក់​សម្ពាធ​លើការ​ចរចា​នេះ​ទេ។​

ថ្លែង​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ ​លោក​កឹម សុខា ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​អះអាង​ថា​ លោក​បាន​ទទួល​ដីកា​កោះ​កាលពី​ម្សិលមិញ ​ហើយ​លោក​ត្រៀម​ ទាំង​ចម្ងល់ ទៅ​បំភ្លឺ​នៅ​តុលាការ​ជាថ្មី​ទៀត​ នៅ​ថ្ងៃទី​១១​ខែ​សីហា​ ​បន្ទាប់ពី​បាន​បំភ្លឺ​រួច​ហើយ​កាលពី​សប្តាហ៍​នោះ។​ លោក​បន្ត​ថា​ គ្មាន​អ្វី​ក្រៅពី​រឿង​នយោបាយ​ ដែល​គេ​បាន​ដឹងនោះ​ទេ​ ទាក់ទង​នឹងការ​កោះ​ហៅ​ជាថ្មី​នេះ។​

«រឿង​ដដែលៗ​ហ្នឹង​ ទោះ​ជា​ខ្ញុំ​មិន​ថា ​ក៏​គេ​ដឹង​ពេញ​ពិភព​លោក​ដែរ​ ល្បិច​របស់​ គណបក្ស​ប្រជាជន​ តែ​ប៉ុណ្ណឹង។​ គាត់​ប្រើ​ប្រាស់​តុលាការ​ដើម្បី​គំរាម​ផ្នែក​នយោបាយ​រាល់តែ​ដង​ហ្នឹង។​ អញ្ចឹង​ហើយ​ពេល​វេលា​ល្មម​ដល់​ហើយ។​ អន្តរ​ជាតិ​ដឹង​ហើយ​ថា​ ស្រុកខ្មែរ​ដល់​ពេល​ដែល​យើង​ត្រូវ​កែ​ប្រព័ន្ធ​តុលាការ​ជា​បន្ទាន់​ហើយ។ ​បើ​យើង​មិនកែ​ប្រព័ន្ធ​តុលាការ​ទេ ​ទុក​ឲ្យ​គណបក្ស​ប្រជាជន​ប្រើប្រាស់​តុលាការ​ហ្នឹង​គឺ​ថា​ គ្មាន​ទេ​យុត្តិធម៌​នៅ​ស្រុក​ខែ្មរ​ គ្មាន​ទេ​ប្រជាធិបតេយ្យ​នៅ​ស្រុក​ខ្មែរ​នោះ»។

លោក​ឡុង រី ​បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោត ​បាន​ប្រាប់​វីអូអេ​ថា​ លោក​បាន​បំភ្លឺ​ ជា​ច្រើន​ដង​ហើយ​ ហើយ​ក៏គ្មាន​អី​និយាយ​ខុសពី​លើក​មុន​ទៀត​ដែរ។ ​ តែ​លោក​អះអាង​ថា​ មិនខ្លាច​ការ​ចាប់ខ្លួន​ទេ​ នៅ​ពេល​ចូល​ទៅ​បំភ្លឺ​ជាថ្មី​នេះ។​

«បាទ!​ រឿង​ហ្នឹង​មិន​ដឹង​ធ្វើ​ម៉េច ​បើ​គេ​ចាប់​ គេចាប់​ទៀត​ហើយ​ យើងមិន​ដឹង​ធ្វើ​ម៉េច​ ព្រោះ​យើង​អត់​រត់​ផង»។​

គណបក្ស​ទាំងពីរ​កំពុង​ធ្វើកិច្ចការ​លើ​កំណែ​ទម្រង់​គណៈ​កម្មការ​ជាតិ​រៀបចំ​ការ​ បោះឆ្នោត ​(គ.ជ.ប.)​ថ្មី​ អភ័យ​ឯកសិទ្ធិ​សមាភាព​គ.ជ.ប.​ថ្មី ​ ការ​កែ​ប្រែច្បាប់​រដ្ឋ​ធម្មនុញ្ញ ​ដោយ​ដាក់​បញ្ចូល​សមាស​ភាព​ និង​របៀប​ជ្រើសរើស​សមាសភាព​នេះ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ជាដើម។​ តែ​ការ​កែទម្រង់នេះ​មិន​ត្រូវ​បាន​ទទួល​ការ​យល់ព្រម​ពី​គណបក្ស​ប្រជាជន​កម្ពុជា​នៅឡើយ​ទេ​ ដោយ​ចាត់​ទុក​ថា​ គ្មាន​ច្បាប់​អនុញ្ញាត​ឲ្យ​ធ្វើ​ដូច្នោះ។ ​ភាព​មិន​ចុះ​សម្រុង​គ្នា​នេះ​នៅមិន​ទាន់​ធ្វើ​ឲ្យ​បេក្ខជន​ជាប់ឆ្នោត​ទាំង​៥៥​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ស្បថ​ទទួល​មុខ​តំណែង​និង​ចាប់​ផ្តើម​ប្រជុំ​សភា​នៅ​ឡើយ​ទេ។

មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ​លោក​សម​ រង្ស៊ី​ទទួល​បាន​អាសនៈ​សភា​ ហើយ​ បេក្ខជន​តំណាង​រាស្ត្រ​៧រូប​និងមន្ត្រី​ម្នាក់ទៀត​ ដែលត្រូវ​ជាប់ឃុំឃាំង​នោះ​ ត្រូវ​ បាន​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ពី​បទ​ដែល​តុលាការ​ចោទ​ប្រកាន់ ថា ​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​ ធ្វើឲ្យ​មាន​បាតុករ ​និង​មាន​ក្រុម​សន្តិសុខ​របួស​ជាង​៥០​នាក់​ក្នុង​ពេល​បាតុកម្ម​សុំឲ្យ​បើក​ទីលាន​ប្រជាធិបតេយ្យ​ដើម្បី​ឲ្យ​ពួកគេ​បាន​តវ៉ា​រឿង​រ៉ាវ​នានា​នោះ។​

ទោះជា​យ៉ាងណា​ក៏​ដោយ​ ក្រុម​តំណាង​រាស្ត្រ​ជាប់ឆ្នោត​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​ ដោយ​បញ្ជាក់​ជំហរ​រឹងប៉ឹង​ថា​ មិនបាន​ជាប់ពាក់​ព័ន្ធ​នឹង​អំពើ​ហិង្សា​ដែល​ផ្ទុយ​ពី​គោល​នយោបាយ​របស់​គណបក្ស​របស់​គេ​នោះ​ទេ។​

លោក​ម៉ែន​ សុថាវរិន្ទ្រ ​បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ម្នាក់​ទៀត​ បាន​អះអាង​ថា​ ការ​កោះ​ហៅនេះ​គឺ​គ្រាន់តែ​ជា​ការ​គំរាម​កំហែង​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​ចូល​ ប្រជុំ​សភា​តែ​ប៉ុណ្ណោះ​ នៅ​ពេល​គណបក្ស​លោក​ទាមទារ​ច្រើន​ក្នុង​ការ​កែ​ទម្រង់​ បញ្ហា​ជា​ច្រើន។​

«អូ ​ខ្ញុំមើល​ទៅ ​គេរៀប​គំរាម​ទៀត​ហើយ។​ គេចង់​ឲ្យយើង​ចូល​ប្រជុំ​សភា​ ឆាប់ៗ»។​

លោក​នុត រំដួល​ បេក្ខជន​តំណាង​រាស្ត្រ​ជាប់ឆ្នោត​មួយ​រូប​ទៀត​ បាន​អះអាង​ថា​ លោក​គ្មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ដាក់ទោស​ទណ្ឌ​លោក​ទេ​ ព្រោះ​លោក​គ្មាន​បាន​ធ្វើ​អ្វី​ខុស​ក្នុង​ពេល​បាតុកម្ម​កាល​ពីថ្ងៃ​ទី​១៥​ខែ​កក្កដា​នោះ​ទេ​ ហើយ​លោក​ក៏បាន​បំភ្លឺ​រួច​ហើយ​ដែរ។​

«ក្រដាស​ដីកា​កោះ​ហ្នឹង​មក​ដល់ស្នាក់​ការ​គណបក្ស​ហើយ​ តែ​ខ្ញុំ​អត់​ទាន់​បាន​ឃើញ​ថា​ ក្នុង​ហ្នឹង​គេ​និយាយ​ថា​ ម៉េច​ទេ​ តែ​គ្រាន់​ចង់​ជម្រាប​ជូន​ថា​ តុលាការ​គេ​កោះ​ហៅ​ពេលណា​ ខ្ញុំ​នឹង​ចូលខ្លួន​ទៅ​ពេល​នោះ»។​

គណបក្ស​ទាំងពីរ​ទទួល​រង​ការ​រិះគន់​ធ្ងន់ធ្ងរ​ដូចគ្នា ​ក្រោយ​ពី​ការ​ចរចា​នយោបាយ​បាន​បញ្ចប់​ ដោយ​មាន​ការ​ដោះលែង​អ្នក​តំណាង​រាស្ត្រ​ជាប់ឆ្នោត​ និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ។​ គណបក្ស​សង្គ្រោះ​ជាតិ​ពិបាក​នឹង​ទប់​ស្កាត់​ការ​រិះ​គន់​ខ្លះៗ ​ដែល​ថា​ មិន​គោរព​ឆន្ទៈ​រាស្ត្រ​ នៅ​ពេល​គណបក្ស​នេះ​សម្រេច​ចិត្ត​បញ្ចប់​ការ​ជាប់គាំង​នយោបាយ​ក្រោយ​ការ​បោះឆ្នោត​រយៈ​ពេល​មួយ​ឆ្នាំ​នេះ។ ​ដោយ​ឡែក​ ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវគេ​ចោទ​ប្រកាន់​ថា​ បាន​ប្រើប្រាស់​តុលាការ​ដើម្បី​កៀប​សង្កត់​ក្រុម​ជំទាស់ ​តែក្រុម​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បដិសេធ។

លោក​នី ចរិយា ​ប្រធាន​ក្រុម​អ្នក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អាហុក​ បាន​ អះអាង​ថា​ លោក​បាន​ដឹង​អំពី​ការ​កោះហៅ​ក្រុម​មេដឹក​នាំ​គណបក្ស​ជំទាស់​ទៅ​ បំភ្លឺ​នៅ​តុលាការ​ជាថ្មី​ដែរ។​ លោក​ថា​ ការ​ចរចា​មិន​គួរ​មាន​ការ​ដោះស្រាយ​លាយ​ ឡំ​នឹង​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​នោះទេ​ ទោះបី​ជា​គណបក្ស​ជំទាស់​មិន​ខ្លាច​ក៏ដោយ។​

«ទោះជា​យ៉ាងណា​ក៏​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​ដំណើរការ​នៃ​ការ​ចរចា​ និង​តម្លៃ​នៃ​ ការ​ចរចា​ដែរ​ កាល​ណា​យើង​យក​ប្រព័ន្ធ​តុលាការ​មួយ​មក​លាយ​ឡំ​ជាមួយ​នឹង​ ការ​ដោះស្រាយ​ខាង​ទំនាស់​នយោបាយ​អញ្ចឹង»។​

លោក​បាន​ដាក់​ចម្ងល់​ចំពោះ​រឿង​ការ​កោះហៅ​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ទៅ​បំភ្លឺ​នេះ​ ហើយ​អះអាង​ថា ​នឹង​តាម​ដាន​មើល​បន្ត​ទៀត។ ​ក្រុម​អ្នក​តំណាង​ រាស្ត្រ​ទាំង​៨​នាក់​និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ម្នាក់​នោះ​ត្រូវ​គេ​គ្រោង​នឹង​ហៅ​ទៅ​ សាក​សួរ​ចាប់ពី​ថ្ងៃ​ទី​៨​ដល់​ថ្ងៃ​១៣​ខែ​សីហា​ខាង​មុខ។​ ក្នុង​នោះ​មាន​លោកស្រី​មូរ សុខហួរ ​លោក​ហូ វ៉ាន់ ​លោក​កែវ ភារម្យ ​ លោក​រៀល ​ខេមរិន្ទ្រ ​និង​មន្ត្រី គណបក្ស​មួយ​រូប​គឺ​លោក​អឿ ណារិទ្ធ៕

XS
SM
MD
LG