ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​កំពុង​អភិវឌ្ឍន៍​ប្រឈម​នឹង​​ការ​កើត​មាន​​វិបត្តិ​បំណុល​​លក្ខណៈ​ដូច​វិបត្តិ​បំណុល​ក្រិក


គំនូស​នៃ​ពេលវេលា​នៃ​វិបត្តិ​បំណុល​របស់​ក្រិក។
គំនូស​នៃ​ពេលវេលា​នៃ​វិបត្តិ​បំណុល​របស់​ក្រិក។

ខណៈ​ដែល​ពិភពលោក​កំពុងសម្លឹង​មើល​បញ្ហា​របស់​ប្រទេស​ក្រិក​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ ដោយសារ​តែ​ប្រទេស​នេះ​កំពុង​តែ​តស៊ូ​ព្យាយាមងើប​ពី​វិបត្តិ​បំណុល​ដ៏​ធ្ងន់ធ្ងរ​នោះ ក្រុម​សកម្មជនបាន​និយាយ​ថា ​ប្រទេស​មួយ​ចំនួន ជាពិសេស​ប្រទេស​កំពុង​អភិវឌ្ឍន៍​កំពុង​មាន​ប្រាក់​បំណុល​កើន​ឡើង​ក្នុង​កម្រិត​គ្រោះ​ថ្នាក់​មួយ។

ការ​តវ៉ា​ប្រឆាំង​ការ​ត្បិត​ត្បៀត​លើ​ការ​ចំណាយ​បាន​ក្លាយ​ជា​អំពើហិង្សា​នៅ​សប្តាហ៍​នេះ​ ខណៈ​ដែល​ប្រទេស​ក្រិក​កំពុង​ប្រយុទ្ធ​នឹង​វិបត្តិ​បំណុល​ ដែល​បាន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់​ធ្ងរ។

ព្រឹត្តិការណ៍​នៅ​ទី​ក្រុង​អាថែន​អាច​មាន​នៅ​ក្នុង​ចំណង​ជើង​របស់​បណ្ដាញ​សារ​ព័ត៌មាន​នានា ប៉ុន្តែ​ក្រុម​សកម្មជន​បាន​និយាយ​ថា​ លទ្ធភាព​នៃ​ការ​កើន​ឡើង​នៃ​ប្រាក់​បំណុល​កំពុងកើតមាន​ឡើង​នៅ​ក្នុង​ផ្នែក​ជា​ច្រើន​តាម​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​។ Tim Jones មកពី​ក្រុម​យុទ្ធនាការ Jubilee Debt ។ ​

«មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​ការ​ផ្ដល់​ប្រាក់​កម្ចី ជា​ពិសេសនៅក្នុង​ប្រទេស​ក្រីក្រ​ជាង​គេ​មួយ​ចំនួន​លើ​ពិភព​លោក​នា​ពេល​នេះ។ ដូច្នេះ​ហើយ​បាន​ជា​យើង​មាន​ការ​ព្រួយ​បារម្ភ​ថា ប្រសិន​បើ​យើង​មិន​ធ្វើ​សកម្ម​ភាព​ណាមួយ​ទេ ប្រទេស​ទាំង​នេះ​នឹង​អាច​បញ្ចប់​ដោយជួប​នូវ​វិបត្តិ​ហិរញ្ញវត្ថុ​ម្តង​ទៀត»។ ​

ក្នុង​ចំណោម​ប្រទេស​ទាំង​២០​ដែល​គេ​បាន​ចាត់​ទុក​ជា​ប្រទេស​ដែល​ងាយ​រង​គ្រោះ​នឹង​វិបត្តិ​បំណុល​ជាង​គេ​ គឺ​ប្រទេស​ម៉ូសំប៊ិក (Mozambique)។ ​

«សេដ្ឋកិច្ច​របស់​ប្រទេស​នោះ​បាន​រីក​ចម្រើន​យ៉ាង​ខ្លាំង។ ម៉ូសំប៊ិក​ទទួល​បាន​ប្រាក់​កម្ចី​យ៉ាង​ច្រើន ប៉ុន្តែ​តាម​ពិត​ទៅ​ ស្រប​ពេល​ជាមួយ​គ្នា​នេះ ​ភាព​ក្រី​ក្រ​ និង​វិសមភាព​ក៏​មាន​ការ​កើន​ឡើង​ដែរ។ ដូច្នេះ​ប្រាក់​កម្ចី​មិន​មាន​សារៈសំខាន់​ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​កើតឡើង​នៅ​ក្នុង​ប្រទេស​នោះ​ទេ»។​

ក្រុមយុទ្ធនាការ​ Jubilee Debt និយាយ​ថា ​ចំនួន​ទឹក​ប្រាក់​សរុប​ដែល​ជំពាក់​ដោយ​ប្រទេសដែល​ជា​កូន​បំណុល​កើន​ដល់​ចំនួន​១៤,៧​លាន​លាន​ដុល្លារ ដែល​នេះ​ជា​កំណើន​៣០ភាគ​រយ​ក្នុង​រយៈពេល​៤ឆ្នាំ។ ក្រុម​នេះបន្ត​ថា ប្រទេស​ចំនួន២០​កំពុង​ជួប​នូវ​វិបត្តិ​បំណុល​រួច​ទៅ​ហើយ​ជាមួយ​នឹង​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​ងាយ​រងគ្រោះ​ដោយ​សារចលាចល​សេដ្ឋកិច្ច។

Judith Tyson នៃ​វិទ្យាស្ថាន​អភិវឌ្ឍន៍​បរទេស (Overseas Development Institute) និយាយ​តាម​រយៈ​ប្រព័ន្ធ Skype ពី​ប្រទេស​ក្រិក​ថា រឿង​ទាំង​អស់​ហ្នឹង​គឺ​ជាប់​ទាក់ទង​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​នា​ពេល​ថ្មីៗ​នេះ។ ​


«យើង​ពិត​ជា​បាន​ឃើញ​រួច​មក​ហើយ​នូវ​ការ​កើន​ឡើង​នៃ​ការ​ផ្តល់​កម្ចី​ ដោយសារ​ស្វែង​រក​នូវប្រាក់​ចំណេញ​មក​វិញ ដែល​នេះ​ហើយជា​កន្លែង​ដែល​ក្រុម​អ្នក​វិនិយោគ​ទុន​ ជា​ពិសេស​នៅ​អឺរ៉ុប និង​សហរដ្ឋអាមេរិក​កំពុង​តែ​ស្វែង​រក​ការ​វិនិយោគ​ថ្មី ពីព្រោះ​តែ​ការ​ប្រាក់​ទាប​នៅក្នុង​សេដ្ឋ​កិច្ច​របស់​ប្រទេស​យើង។ ហើយ​កន្លែង​មួយ​ ដែល​ពួក​គេ​វិនិយោគ​ក្នុង​ចំនួន​ទឹក​ប្រាក់​ដ៏​ច្រើន​នោះ​ គឺ​ការ​វិនិយោគ​លើ​បំណុល​រដ្ឋ​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍»។ ​

លោកJones មាន​ប្រសាសន៍​ទៀត​ថា ប្រទេស​ដទៃ​ទៀត​ ជា​ពិសេស​ប្រទេស​នៅ​អាមេរិក​ឡាទីន​ កំពុង​រង​នូវវិបត្តិ​បំណុល​ដ៏​ច្រើនសន្ធឹក​សន្ធាប់​អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​។

«ប្រសិន​បើ​យើង​និយាយ​ពី​ប្រទេស​ហ្សាម៉ាអ៊ីក(Jamaica)​ វិបត្តិ​ប្រាក់​បំណុល​របស់ពួកគេ​បាន​ចាប់​ផ្ដើម​តាំង​ពី​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៧០​មកម្ល៉េះ។ ហើយ​តាម​ពិត​ទៅ​ចាប់​តាំង​ពីឆ្នាំ​១៩៩០​មក រដ្ឋាភិបាល​ប្រទេស​នេះ​មាន​អតិរេក​ថវិកា​យ៉ាង​ធំ (មាន​ថវិកា​យ៉ាង​ច្រើន​លើស​លុប) ប៉ុន្តែ​បំណុល​នៅ​តែ​ដដែល​ពីព្រោះ​តែ​អត្រា​ការ​ប្រាក់​ខ្ពស់​ខ្លាំង​ពេក ហើយ​សេដ្ឋកិច្ច​ប្រទេស​នេះ​បាន​ជួប​នូវ​វិបត្តិ​សេដ្ឋកិច្ច​ដោយសារ​តែ​ការ​ព្យាយាម​សង​បំណុល​ទាំង​នោះ​។ ហើយ​វា​បង្ហាញ​ថា អ្នក​មិន​អាច​ងើប​ផុត​ពី​វិបត្តិ​បំណុល​ ដោយ​គ្រាន់​តែ​កាត់​បន្ថយ​ចំណាយ​ប៉ុណ្ណោះ​ទេ»។ ​

នោះ​គឺ​ជា ​អ្វី​ដែលបាន​លើក​ឡើង​ដោយ​រដ្ឋាភិបាល​ក្រិក។ ប៉ុន្តែ​សហភាព​អឺរ៉ុប​ ដែល​ដឹក​នាំ​ដោយ​ប្រទេស​អាល្លឺម៉ង់​ទទូច​ឲ្យ​ប្រទេស​ក្រិក​កាត់​បន្ថយ​ការ​ចំណាយ ហើយការ​ធ្វើ​កំណែ​ទម្រង់​គឺ​ជា​មធ្យោបាយ​តែ​មួយ​ ដែល​អាចធ្វើ​ឲ្យ​សេដ្ឋកិច្ច​រស់​ឡើង​វិញ​បាន។

​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​ជាប់បំណុល​ គឺ​មាន​គ្រោះ​ថ្នាក់​បន្ថែម​ទៀត។

«រាល់​ប្រាក់​បំណុល​ដែល​ជំពាក់​ស្ថិត​នៅ​ក្នុង​ទម្រង់​រូបិយវត្ថុ​អន្តរជាតិ ដូច​ជា​ប្រាក់​ដុល្លារ ឬ​អឺរ៉ូ។ ហើយ​ដូច្នេះ​នៅ​ពេល​ដែល​ប្រទេស​មួយមាន​ការ​ធ្លាក់ចុះ​តម្លៃ​រូបិយវត្ថុ នោះសំណងបំណុល​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង។ នៅពេល​ដែល​បំណុល​កើន​ឡើង ហានិភ័យ​ក៏​កើន​ឡើង​ដែរ។

«វា​ជា​ការ​វិនិយោគ​ដែល​ស្ថិត​នៅ​ក្នុង​ប្រភេទ​ដែល​មាន​ហានិភ័យ​ខ្ពស់​ណាស់ ដែល​យើង​អាច​មើល​ឃើញ​យ៉ាង​ច្បាស់​ពី​ការ​ខាត​បង់​ដ៏​ធំ​នា​ពេល​អនាគត»។ ​

ក្រុម​យុទ្ធនាការ​ក៏បាន​អំពាវនាវ​ឲ្យ​មាន​ការ​រឹត​បណ្តឹង​ច្បាប់​ស្តី​ពី​ការផ្ដល់​កម្ចី​ និង​ប្រាក់​បំណុល​ឲ្យ​កាន់​តែ​តឹង​រឹង​ជាង​នេះ​ទៀត​ និង​ការ​លុប​ចោល​បំណុល​សម្រាប់​ប្រទេស​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​វិបត្តិ​រួច​ទៅ​ហើយ៕

ប្រែ​សម្រួល​ដោយ ស៊ុន សុខេន

XS
SM
MD
LG