ប័ណ្ណសារ

អ្នក​និពន្ធ​ខ្មែរ​ និង​បរទេស​បាន​បើក​សិក្ខាសាលា​មួយ​នៅ​ទី​ក្រុង​ភ្នំពេញ​ ដើម្បី​​លើកស្ទួយ​អក្សរសិល្ប៍​ខ្មែរ​សម័យ​បច្ចុប្បន្ន

វិទ្យាស្ថាន​ពុទ្ធសាសន​បណ្ឌិត​ក្នុង​ទីក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា​។
វិទ្យាស្ថាន​ពុទ្ធសាសន​បណ្ឌិត​ក្នុង​ទីក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា​។

កវី​និពន្ធ​ខ្មែរ​និង​បរទេស​មក​ពី​ប្រទេស​អាមេរិក​ បារាំង​ កាណាដា​ និង​អូស្ត្រាលី​ ចំនួន​៨​នាក់​បាន​រួមគ្នា​ធ្វើ​សិក្ខាសាលា​មួយ​នៅ​ឯ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​សៅរ៍​នេះ​ ដើម្បី​ចែក​រំលែក​ចំណេះ​ដឹង​ និង​ស្វែងរក​វិធីសាស្ត្រ​លើក​ស្ទួយ​វិស័យ​អក្សរសិល្ប៍​ខ្មែរ​សម័យបច្ចុប្បន្ន​នេះ។

សិក្ខាសាលា​រយៈពេល​ ១​ ថ្ងៃ​ស្ដីពី​អក្សរសិល្ប៍​ខ្មែរ​សម័យ​បច្ចុប្បន្ន​នេះ​ ត្រូវ​បាន​រៀបចំ​ឡើងក្នុង​ពេល​ដែល​វិស័យ​អក្សរសិល្ប៍​ខ្មែរ​សព្វថ្ងៃ​នៅ​មិន​ទាន់​មាន​ការវិវត្ត​ឱ្យ​ទាន់​តាម​សម័យកាល​បច្ចុប្បន្ន​នៅ​ឡើយ។

លោក​ ឃឹម ច័ន្ទសុអហំ​ នាយក​សមាគម​អក្សរសិល្ប៍ 'នូ ហាច'​ ដែល ​ជា​អ្នក​រៀបចំ​បង្កើត​ឱ្យមាន​សិក្ខាសាលា​នេះ​ មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ថា​ ការ​ប្រមូល​កវី​និពន្ធ​ខ្មែរ​ទាំង​នៅ​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ ព្រម​ទាំង​អ្នក​និពន្ធ​បរទេស​ឱ្យ​មក​ជួបជុំ​គ្នា​នេះ​ គឺ​ដើម្បី​ជួយ​ពង្រឹង​គុណភាព​និង​ភាព​ច្នៃប្រឌិត​ក្នុង​ការ​តែង​និពន្ធ​រឿងរបស់​ខ្មែរ​ ដើម្បី​ឱ្យ​អក្សរសិល្ប៍​ខ្មែរ​សព្វថ្ងៃ​មាន​លក្ខណៈ​ទំនើបឱ្យ​ទាន់ការវិវត្ត​ថ្មី​នៃ​ពិភពលោក​បាន។

"ពី​មុន​យើង​ជិះ​ដំរី រឿង​របស់​យើង​នោះ​ណា៎។ យើង​ជិះ​ដំរី​ ជិះ​រទេះ​គោ។​ ហើយ​ឥឡូវ​សម័យ​បច្ចុប្បន្ន​មាន​ឡិចស៊ិស​ មាន​ឡង់ហ្គ្រូស័រ​ ឬ​មាន​យន្តហោះ​ឆ្លងទ្វីប។​ សួរ​ថា​តើ​អ្នកនិពន្ធ​នៅ​សរសេរ​បែប​បុរាណ​ដដែល​ឬ​ក៏​យ៉ាងណា? អានេះ​ យើង​និយាយ​អំពី​របត់​រឿង​ ​ផ្នត់​គំនិត​រឿង ​ដែល​យើង​ចង់​សង្កត់​ធ្ងន់​ទៅ​លើ​របៀប​តំឡើង​រឿងចលនា​រឿង​ហ្នឹង​ថ្មី"។

អក្សរសិល្ប៍​ខ្មែរ​នៅ​ក្នុង​សម័យ​កាល​កន្លង​មក​ ច្រើន​តែ​ជា​ប្រភេទ​រឿង​ដែល​ទាក់ទង​ទៅ​នឹង​សាសនា​ ដូចជា​ រឿង​រាមកេរ្តិ៍​ និង​រឿង​កូរសមុទ្រ​ទឹកដោះ​ជាដើម។​ ទើបតែ​មក​ដល់​សម័យ​ក្រោយ​អង្គរ​ ជា​ពិសេស​គឺ​នៅ​ក្នុង​អំឡុង​ទសវត្សរ៍​១៩៥០​ និង​៦០​ប៉ុណ្ណោះ​ ដែល​អក្សរសិល្ប៍​ខ្មែរ​ មាន​បែបផែន​ជា​អក្សរសិល្ប៍​សម័យ​ទំនើប​ ដូច​ដែល​បាន​ឆ្លុះបញ្ចាំង​តាម​រយៈ​ស្នាដៃ​រឿង​ផ្កាស្រពោន​ រឿង​កុលាប​ប៉ៃលិន​ និង​រឿង​សូផាត​ ជាដើម។

ស្នាដៃ​ទាំង​នោះ​ភាគ​ច្រើន​ផ្តោត​ទៅ​លើ​ការ​តស៊ូវណ្ណៈ​ និង​ការ​រើ​បម្រាស់​ពី​គំនាប​សង្កត់​របស់​ប្រពៃណី​ក្នុង​សង្គម ហើយ​នឹង​ការ​ដោះស្រាយ​បញ្ហា​ស្នេហា​ស្រីប្រុស​ ដែល​ពេល​ខ្លះ​ផុស​ចេញ​ពី​ការ​ស្រមើ​ស្រមៃ​របស់​អ្នក​និពន្ធ​តែ​ប៉ុណ្ណោះ។

ចំណែក​ស្នាដៃ​អក្សរសិល្ប៍​ខ្មែរ​សម័យ​បច្ចុប្បន្ន​ ហាក់​នៅ​មិន​ទាន់​មាន​អ្វីប្លែក​ពី​ស្នាដៃ​របស់​កវីនិពន្ធ​ជំនាន់​មុន​នោះប៉ុន្មាន​ឡើយ​ ដែល​ជា​ហេតុធ្វើ​ឱ្យ​អ្នកអាន​សម័យ​ថ្មី​ហាក់​មិន​សូវ​ចាប់អារម្មណ៍។​ ជាពិសេស​ស្នាដៃ​និពន្ធ​ភាគច្រើន​ផ្តោត​តែ​ទៅលើ​រឿងរ៉ាវ​ស្នេហា​ប៉ុណ្ណោះ។​ នេះ​បើ​ផ្អែក​តាមអ្នក​អាន​ និង​អ្នកនិពន្ធ​ប្រលោម​លោក​ខ្មែរ​មួយ​ចំនួន។

អ្នកស្រី​ ភូ ចរិយា​ ដែល​ជា​អ្នកអាន​រឿង​ប្រលោមលោក​ខ្មែរ​ម្នាក់​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ ​មាន​ប្រសាសន៍​ថា​ អ្នកស្រី​លែង​ចាប់អារម្មណ៏​លើ​ស្នាដៃ​អក្សរសិល្ប៍​ខ្មែរ​ដោយសារ​តែ​កង្វះភាព​ប្លែក​និង​ទំនើបនិយមនៅ​ក្នុង​ស្នាដៃ​និពន្ធ​របស់​អ្នកនិពន្ធ​ខ្មែរ​សម័យ​បច្ចុប្បន្ន។

អ្នកស្រី​ ភូ ចរិយា​ ដែល​ជាអតីត​ជ័យលាភី​រង្វាន់​លេខ១​ នៅក្នុង​ការ​ប្រកួត​ដណ្តើម​ជ័យលាភី​ ឆ្នាំ២០០៥​ផ្នែក​និពន្ធ​រឿងខ្លី​របស់​សមាគម​អក្សរសិល្ប៍​ នូ ហាច​ ផង​ដែរ​នោះ​មាន​ប្រសាសន៏​បន្ត​ថា​ កវីនិពន្ធ​ខ្មែរ​គប្បី​ពិនិត្យ​ទៅ​លើ​រឿង​បរទេស​ដែល​ល្បីៗ​បន្ថែម​ទៀត​ ដើម្បី​ស្រង់​យក​គំនិត​ល្អៗ​ក្នុង​ការ​តែង​និពន្ធ​រឿង​ ដើម្បី​បង្កើន​គុណភាព ​នៃ​ស្នាដៃ​របស់​ខ្លួន​ឱ្យ​ទាន់​ទៅ​នឹង​ការវិវត្ត​ថ្មីនៃ​សកលលោក។

"បញ្ហា​គឺ​យើង​ត្រូវ update ឲ្យ​ទាន់​គេ​ហៅ​ថា​ អភិវឌ្ឍ​ឲ្យ​ទាន់​សម័យ​បច្ចុប្បន្ន​ ព្រោះ​ឥឡូវ​យើង​កំពុងតែ​ចួល​សកលភាវូបនីយកម្ម។​ អញ្ចឹង​ យើង​ត្រូវតែ​ធ្វើ​យ៉ាង​ម៉េច ​ឲ្យ​ការ​តែង​និពន្ធ​របស់​យើង​ហ្នឹង​វា​សម​ស្របទៅ​នឹង​សង្គម​ដែរ។​ ដូច​ថា ​យើង​យក​គំនិត​ពី​បរទេស​មក​ ហើយ​យើង​មើល​រឿង​របស់​គេ​ ថា​តើ​គេ​សរសេរ​យ៉ាង​ម៉េច​ បាន​គេ​ល្បីល្បាញ​ឬក៏​គេ​សរសេរ​យ៉ាង​ម៉េច​បាន​គេ​ជាប់​រង្វាន់​ ហើយ​របស់​គេ​មាន​ភាព​ទំនើប​យ៉ាងម៉េច ​ឬ​ល្អ​យ៉ាងម៉េច"។

កញ្ញា Allyson Hose​ អ្នកនិពន្ធ ​ម្នាក់​មកពី​ប្រទេស​អូស្ត្រាលី​ ដែល​បាន​ចូលរួម​ជា​វាគ្មិន​ម្នាក់​ដែរ​នៅ​ក្នុង​សិក្ខាសាលា​ស្តីពី​ អក្សរសិល្ប៍​ខ្មែរ​សម័យ​បច្ចុប្បន្ន​នេះ​ មាន​ប្រសាសន៍​ថា​ កម្ពុជា​ត្រូវការ​ជាចាំបាច់​ក្នុង​ការ​លើកទឹកចិត្ត​កវី​និពន្ធ​ខ្មែរ​ ឲ្យ​សរសេរ​ចេញ​ទៅ​តាម​ចិត្ត​របស់​ពួកគេ​ចង់​ ដើម្បី​បង្កើនការចាប់​អារម្មណ៏​បន្ថែម​ទៀត​ពី​អ្នកអាន​របស់​ពួកគេ។

"ការអនុញ្ញាតឲ្យ​អ្នកនិពន្ធ​ខ្មែរ​ជាពិសេស​អ្នកនិពន្ធ​វ័យក្មេង​ ប្រាប់​រឿង​របស់​ពួកគេ​ចេញ​ពី​សំឡេង​របស់​ពួក​គេ​ផ្ទាល់​ និង​បង្កើត​សំឡេង​និង​ទំនុកចិត្ត​របស់​ពួក​គេ​ផ្ទាល់​ ក្នុង​នាម​ជា​អ្នកនិពន្ធ​នោះ​ វា​នឹង​បង្កើត​ឲ្យ​មាន​វប្បធម៌​ខាង​អក្សរសិល្ប៍​ និង​ការអាន​និង​អ្នកអាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ ខ្ញុំ​គិត​ថា​ ការ​ធ្វើ​បែបនេះ​ គឺ​ពិត​ជា​រឿង​ដ៏សំខាន់​ក្រៃលែង​ដែល​ចាំបាច់​ត្រូវតែ​កើតមាន​ឡើង​នៅក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ខាង​មុខ​ទៀត​នេះ "។

កវីនិពន្ធ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ភាគច្រើន​ ត្រូវគេ​មើលឃើញ​ថា ​ហាក់​មិនសូវ​ហ៊ាន​សរសេរ​ឬ​សម្តែង​ការ​យល់​ឃើញ​របស់​ខ្លួន ​ចេញ​ពី​ចិត្ត​ឲ្យ​អស់​នោះ​ទេ​ ដោយសារ​ការ​ព្រួយបារម្ភ​និង​ការ​ភ័យខ្លាច​ថា​ការ​សរសេរ​របស់​ខ្លួនបែប​នោះ ​អាច​ប៉ះពាល់​ដល់​ស្ថាប័ន​ឬ​បុគ្គល​មាន​អំណាច​ណា​មួយ។

លោក​ ឃឹម ច័ន្ទសុអហំ​ នាយក​សមាគម​អក្សរសិល្ប៍ 'នូ ហាច'​ មាន​ប្រសាសន៍​ថា​ អ្នកនិពន្ធ​ខ្មែរ​គប្បី​ ត្រូវ​ហ៊ាន​សរសេរ​ដើម្បី​ឆ្លុះ​បញ្ចាំង ពី​តថភាព​ពិត​ជាក់ស្តែង​ដែល​កំពង់​កើតមាន​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន។

លោក​ ឃឹម ច័ន្ទសុអហំ​ មាន​ប្រសាសន៍​បន្ថែម​ថា ​ការសរសេរ​របស់​អ្នកនិពន្ធ​ខ្មែរ​សម័យ​បច្ចុប្បន្ននេះ​ ក៏​គួរ​ធ្វើ​តាម​លក្ខណៈ​ទំនើប​ ពោល​គឺ​ធ្វើ​ឲ្យ​អ្នកអាន​គិត​ជាជាង​ប្រាប់​អ្នក​អាន​ដោយ​ត្រង់​ ពី​អ្វី​ដែលខ្លួន​ចង់​បង្ហាញ​នៅ​ក្នុង​ស្នាដៃ​របស់​ខ្លួន​នោះ។

"ខ្ញុំ​ប្រើ​ពាក្យ​ថា 'contemporary' ហ្នឹង​ ដូចជា 'abstract' គឺ ​អ្នកនិពន្ធ​សរសេរ​មក​ត្រូវការ​ឲ្យ​យើង​គិត​ គឺ​ថា​លែង​បង្ហាញ​អ្នកអាន។​ គ្រាន់តែ​ចាប់​អាន​ភ្លាម​រំភើប​ក្តុកក្តួល​ទៅតាម​ហ្នឹង​ គឺ​អត់ទេ​ប៉ុន្តែ​ឃើញ​រូបភាព​មួយ​ថ្មី​ដែល​ដូច​ជា​ចក្ខុវិស័យ​ ទស្សនៈវិស័យ​មួយ​ដែល​អ្នកនិពន្ធ​ប្រមើល​មើល​ឃើញ​អញ្ចឹង។​ អាកន្លែង​ហ្នឹង​ជា​របត់​មួយ​សំខាន់​ព្រោះ​ជា​អ្នក​និពន្ធ​សម័យ​ថ្មី"។

លោក​ ធៀ សុខម៉េង​ ប្រធាន​ផ្នែក​អក្សរសាស្រ្ត​ខ្មែរ​នៃ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញមាន​ប្រសាសន៍​ថា​ អ្នក​តែង​និពន្ធ​ស្នាដៃ​អក្សរសិល្ប៍​ខ្មែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មានសេរី​ភាព​ច្រើន​ជាង​មុន​ក្នុង​ការ​ជ្រើសរើស​ប្រធានបទ​យក​មក​សរសេរ​នា​ពេល​ បច្ចុប្បន្ន​នេះ។

លោក​ ធៀ សុខម៉េង​មាន​ប្រសាសន៍​បន្ថែម​ថា​ សព្វថ្ងៃ​អ្នកនិពន្ធ​វ័យ​ក្មេង​ជា​ច្រើន​បាន​ចាប់ផ្តើម​សរសេរ​និង​បោះពុម្ពស្នាដៃ​អក្សរសិល្ប៍​របស់​ខ្លួន​យ៉ាង​ទូលំទូលាយ​ ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍ​វិស័យ​អក្សរសិល្ប៍​ខ្មែរ​ ទោះបីជា​ស្នាដៃ​របស់​ពួកគេ​នៅ​មិន​ទាន់​មាន​គុណភាព​ខ្ពស់​ក៏​ដោយ។

អ្នកស្រី​ រស់ សុខុន​ ប្រធាន​ស្តីទី​នៃ​នាយកដ្ឋាន​សៀវភៅ​និង​ការអាន​របស់​ក្រសួង​វប្បធម៌​និង​ វិចិត្រ​សិល្បៈ​ មាន​ប្រសាសន៍​ថា​នាយកដ្ឋាន​របស់​អ្នកស្រី ក៏​តែង​លើក​ទឹកចិត្ត​ដល់​កវីនិពន្ធ​ខ្មែរ​ ឲ្យ​ខិត​ខំ​បញ្ចេញ​ទេពកោសល្យ​របស់ខ្លួន​ក្នុង​ការ​តែងនិពន្ធ​ស្នាដៃ​អក្សរសិល្ប៍​នេះ​ដែរ​ តាម​រយៈ​ការ​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ដណ្តើម​ពានរង្វាន់​ស្នាដៃអក្សរសិល្ប៍​ជា​រៀង​រាល់​ឆ្នាំ។

"កន្លង​មក​គឺ​ថា​ ខាង​នាយកដ្ឋាន​សៀវភៅ​និង​ការអាន​បាន​ធ្វើការ​ប្រឡង​ហ្នឹង​បាន ​១១​ លើក​ហើយ​ ចាប់​ពី​ឆ្នាំ​ ១៩៩៩ ​មក"។

អ្នកស្រី​ រស់ សុខុន​ មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​ថា ​សាលា​បណ្តុះ​បណ្តាល​នៃ​ក្រសួង​វប្បធម៌​និងវិចិត្រសិល្បៈ ​ក៏​មាន​បើក​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​តែង​និពន្ធ​នេះ ​ដល់​យុវជន​និង​កវី​និពន្ធ​ខ្មែរ​ដើម្បី​ពង្រឹង​គុណភាព​នៃ​ការ​តែង​និពន្ធ​របស់ពួកគេ​ផង​ដែរ៕

វេទិកា​​​បញ្ចេញ​​​មតិ​​​នេះ​​​ត្រូវ​​​បាន​​​បិទ។
មតិ
     
មិន​​​មាន​​​មតិ​​​នៅ​​​ក្នុង​​​វេទិកា​​​បញ្ចេញ​​​មតិ​​​នេះ​​​ទេ។ សូម​​​បញ្ចេញ​​​មតិ​​​ឲ្យ​​​បាន​​​មុន​​​គេ។
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
នាយក​រដ្ឋមន្ត្រី​ថៃ​មក​កម្ពុជា​ពិភាក្សា​អំពី​ពាណិជ្ជកម្មi
X
30 តុលា 2014
លោកឧត្តមសេនីយ៍​ប្រាយុទ្ធ ចាន់​អូចា ​នាយក​រដ្ឋមន្ត្រី​ដែល​បាន​ឡើង​កាន់​តំណែង​ដោយ​ការ​ធ្វើ​រដ្ឋ​ប្រហារ​បាន​ធ្វើ​ទស្សនកិច្ច​​ផ្លូវ​ការ​នៅ​ប្រទេស​កម្ពុជា ​ជាទស្សនកិច្ច​ដែល​ធ្វើ​ឡើង​ប្រាំ​ខែ​ក្រោយ​ពី​ការ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​លោក​ស្រី​យីងឡាក់ ស៊ីណាវ៉ាត់។​ ទាំង​ភាគីថៃ ​ទាំង​ភាគី​កម្ពុជា​បាន​ប្រកាស​ពី​ជំហរ​ដោះស្រាយ​អរិយភាព​នឹង​គ្នា​ ហើយ​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្មរួម។ ​លោក​គង់ សុឋានរិទ្ធ​នៃ​វីអូអេ​រាយ​ការណ៍​ជូន​ពី​រាជធានី​ភ្នំពេញ៕
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
និស្សិត​ម្នាក់​ស្លាប់ក្នុង​ឧបទ្ទវហេតុ​ក្នុង​ពិធី​ខួប​១០​ឆ្នាំ​ការ​គ្រងរាជ្យ​សម្បត្តិ​មហាក្សត្រi
X
29 តុលា 2014
ពេល​ព្រះរាជ​ពិធី​ខួប១០​ឆ្នាំនៃ​ការឡើង​គ្រងរាជ្យ​សម្បត្តិ​របស់​ព្រះ​មហា​ក្សត្រ​ព្រះ​រមនាថ​នរោត្តម​សីហមុនី​ម្សិលមិញ​នេះ ​ជា​អកុសល​មាន​ឧបទ្ទវ​ហេតុ​ ដែល​បាន​បណ្តាល​ឲ្យនិស្សិត​ម្នាក់ស្លាប់​និង​របួស​យ៉ាង​តិច៧នាក់។​ លោក​ពិន ស៊ីសុវណ្ណ​ជូន​ព័ត៌មាន​នេះ​ពីរដ្ឋធានី​វ៉ាស៊ីនតោន៕​

អង់គ្លេស​ជាមួយ​ម៉ានី​និង​ម៉ូរី

Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
Let the Cat out of the Bag ទម្លាយ​ការសម្ងាត់​ដោយ​អចេតនាi
X
27 តុលា 2014
ឃ្លា let the cat out of the bag មាន​ន័យ​ថា ការនិយាយ​ការណ៍​សម្ងាត់ ឬ​រឿងរ៉ាវ​ផ្ទាល់​ខ្លួន​ឲ្យ​គេ​ដឹង​​ដោយ​អចេតនា។ ដើម្បី​ឲ្យ​យល់​កាន់តែ​ច្បាស់​សូម​មើល​វីដេអូ​កម្មវិធី​រៀន​គ្រាម​ភាសា​អង់គ្លេស​ជាមួយ​ម៉ានី​និង​ម៉ូរី។ កម្មវិធី​នេះ ក៏​មាន​ដាក់​ផ្សាយ​ជូន​រាល់​ថ្ងៃសុក្រ​លើ​គេហទំព័រ Facebook https://www.facebook.com/voakhmer និង YouTube www.youtube.com/KhmerSpecialEnglish របស់​វីអូអេ​ខ្មែរ​ផងដែរ៕
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
បូជនីយដ្ឋាន​ថ្មី​ត្រូវ​បាន​សង់​ដើម្បី​ជា​កិត្តិយស​ដល់​អតីត​យោធា​ពិការi
X
27 តុលា 2014
កន្លែង​អនុស្សាវរីយ៍​មួយ​ចំនួន​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បង្ហាញ​ការដឹងគុណ​ដល់​ជនជាតិ​អាមេរិកាំង​នៅក្នុង​កងកម្លាំង​យោធា​ដែល​បាន​ប្រយុទ្ធ​សម្រាប់​ប្រទេស​ជាតិ​របស់​ខ្លួន​នៅក្នុង​កំឡុង​សង្គ្រាម។ កាលពីដើម​ខែ​តុលា​កន្លង​ទៅ​នេះ កន្លែង​អនុស្សាវរីយ៍​ថ្មី​មួយ​ត្រូវ​បាន​សម្ពោធ​ដើម្បី​ជា​កិត្តិយស​ដល់​ទាហាន​ពិការ​អាមេរិកាំង​ទាំងអស់។ អ្នកស្រី នុច សារីតា ជូន​សេចក្តី​រាយការណ៍​របស់​អ្នកស្រី​Deborah Block ដូច​តទៅ៖