ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ស្រី​គ្លីនតុន និង​លោក​សែនឌ័រ ដេញដោល​ពី​និន្នាការ​ជឿនលឿន​និយម


លោកស្រី​ហ៊ីលឡារី គ្លីនតុន (Hillary Clinton) និង​លោក​ប៊ឺនី សែនឌ័រ (Bernie Sanders) ដេញ​ដោល​គ្នា​នៅ​ក្នុង​រដ្ឋ New Hampshire កាលពី​ថ្ងៃទី៣ ខែ​កុម្ភៈ ឆ្នាំ២០១៦។
លោកស្រី​ហ៊ីលឡារី គ្លីនតុន (Hillary Clinton) និង​លោក​ប៊ឺនី សែនឌ័រ (Bernie Sanders) ដេញ​ដោល​គ្នា​នៅ​ក្នុង​រដ្ឋ New Hampshire កាលពី​ថ្ងៃទី៣ ខែ​កុម្ភៈ ឆ្នាំ២០១៦។

បេក្ខជន​តំណែង​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក​គឺ​លោកស្រី​ហ៊ីលឡារី គ្លីនតុន (Hillary Clinton) និង​លោក​ប៊ឺនី សែនឌ័រ (Bernie Sanders) បាន​ដេញដោល​គ្នា​លើ​និន្នាការ​នយោបាយ​របស់​ពួកគេ​ នៅ​ក្នុង​វេទិកា​ពិភាក្សា​សាធារណៈ​មួយនៅ​រដ្ឋ​ New Hampshire ដែល​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​កាលពី​យប់​ថ្ងៃ​ពុធ។​

លោក​សែនឌ័រ ដែល​ហៅ​ខ្លួន​ឯង​ថា​ជា​អ្នក​សង្គម​និយម​ប្រជាធិបតេយ្យ ដែល​មក​ពី​រដ្ឋ​ Vermont នៅ​ក្បែរ​នោះ​បាន​ចោទ​សួរ​លោកស្រី​គ្លីនតុន​ពី​ជំនឿ​របស់​លោក​ស្រី លើ​ផ្នែក​សេរីភាព​និយម និង​និន្នាការ​ជឿនលឿន​និយម ដោយ​ផ្តោតលើ​បញ្ហា​ការ​ធ្វើ​ច្បាប់​កំណត់​លើ​ក្រុមហ៊ុន​ផ្សារ ​Wall Street ​កំណែ​ទម្រង់​ការ​ផ្តល់​ថវិកា​ដល់​យុទ្ធនាការ​ឃោសនា និង​ការ​បដិសេធ​របស់​លោកស្រី​មិន​ព្រម​អនុញ្ញាត​ឱ្យ​សហរដ្ឋ​អាមេរិក​ចូល​ឈ្លានពាន​ប្រទេស​អ៊ីរ៉ាក់​ក្នុង​ឆ្នាំ​២០០៣ ដែល​ពេល​នោះ លោកស្រី​គឺជា​សមាជិក​ព្រឹទ្ធ​សភា​តំណាង​ឱ្យ​រដ្ឋ​ញូវយ៉ក។

លោកស្រី​គ្លីនតុន​និយាយ​ថា​ ដៃ​គូ​ប្រកួត​របស់​គាត់​បាន​តាំង​ខ្លួន​ជា​អ្នក​អង្គុយ​ឃ្លាំ​មើល​ថា​តើ​អ្នក​ណា​ជា​អ្នក​មាន​គំនិត​ជឿនលឿន​និយម​ ហើយ​ថា​នៅ​ក្រោម​កម្រិត​ស្តង់ដារ​របស់​លោក​សែនឌ័រ​គឺ​សូម្បី​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា ឬ​លោក​អនុប្រធានាធិបតី​ចូ ប៊ីដាន់ (Joe Biden) ក៏​មិន​ជាប់​ដែរ។ លោកស្រី​បាន​ការពារ​ប្រវត្តិ​ការងារ​របស់​គាត់​ដូច​ជា​កម្មវិធី​សុខភាព​ជាដើម។​

វេទិកា​ពិភាក្សា​ដេញ​ដោល​កាលពី​ថ្ងៃ​ពុធ​រៀបចំ​ឡើង​ក្នុង​រយៈ​ពេល​តែ​ពីរ​ថ្ងៃ​បន្ទាប់​ពី​លោកស្រី​គ្លីនតុន​ឈ្នះ​បាន​តែ​បន្តិច​បន្តួច​លើ​លោក​សែនឌ័រ នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ឯ​ការ​ប្រជុំ​គណបក្ស​ក្នុង​រដ្ឋ​ Iowa៕

XS
SM
MD
LG