ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ៖​ខ្វះ​ការ​ឆ្លើយ​តប​នឹង​ជម្លោះ ​និង​ដំណើរ​ការ​អន្តរកាល​នយោបាយ​មាន​ប្រសិទ្ធភាព


មជ្ឈ​មណ្ឌល​ CSISនិងOTI របស់ USAID​បាន​រៀប​ចំ​សន្និសីទ​ក្រោម​​​ប្រធាន​បទ​ការ​​ជឿន​លឿន​​និង​​​ការ​​ប្រឈម​នានា​ក្នុង​ដំណើរ​ការ​អន្តរកាល​ខាង​នយោបាយ។
មជ្ឈ​មណ្ឌល​ CSISនិងOTI របស់ USAID​បាន​រៀប​ចំ​សន្និសីទ​ក្រោម​​​ប្រធាន​បទ​ការ​​ជឿន​លឿន​​និង​​​ការ​​ប្រឈម​នានា​ក្នុង​ដំណើរ​ការ​អន្តរកាល​ខាង​នយោបាយ។

មជ្ឈ​មណ្ឌល​សិក្សា​យុទ្ធ​សាស្ត្រ ​និង​កិច្ចការ​អន្តរជាតិ ​(CSIS)​ រួម​ជាមួយ​នឹង​ការិយាល័យ​ផ្តួច​ផ្តើម​ដំណើរ​ការ​អន្តរកាល ​(OTI)​ របស់ ​USAID​ បាន​រៀប​ចំ​សន្និសីទ​មួយ​ដោយ​មានការ​ពិភាក្សា​ជា​ក្រុម​ក្រោម​ប្រធាន​បទ​ការ​ជឿន​លឿន ​និង​ការ​ប្រឈម​នានា​ក្នុង​ដំណើរ​ការ​អន្តរកាល​ខាង​នយោបាយ។ អ្នក​ជំនាញ​ខាង​ការ​ទប់​ស្កាត់​ជម្លោះ ​និង​គម្រោង​អភិវឌ្ឍ​ប្រមាណ​៤០​នាក់​បាន​ចូលរួម​ក្នុង​សន្និសីទ​ស្តី​អំពី​ការ​ជឿន​លឿន ​និង​ការ​ប្រឈម​នានា​ក្នុង​ដំណើរ​ការ​អន្តរកាល​ខាង​នយោបាយ ​ដើម្បី​ពិភាក្សា​អំពី​«កត្តា​ប្រឈម​និង​ឱកាស​បំពេញ​ការងារ​លើ​បញ្ហា​ជម្លោះ ​វិបត្តិ​ និង​ដំណើរ​ការ​អន្តរកាល​ខាង​នយោបាយ»។​

គោល​បំណង​នៃ​សន្និសីទ​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃអង្គារ​ ទី២១​ ខែ​តុលា​នេះ​គឺ​ដើម្បី​ពិភាក្សា​អំពី​មេរៀន​ទទួល​បាន​ពី​ជោគ​ជ័យ​ និង​បរាជ័យ​ក្នុង​ការ​អនុវត្ត​គម្រោង ​និង​បង្កើត​គោល​នយោបាយ​សម្រាប់​ការ​ទប់​ស្កាត់ ​និង​ការពារ​ជម្លោះ ​និង​ដើម្បី​កំណត់​យក​របៀប​ វិធី​សាស្ត្រ ​និង​ធនធាន​ដែល​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ឆ្លើយ​តប​នឹង​ជម្លោះ ​និង​ដំណើរ​ការ​អន្តរ​កាល​ខាង​នយោបាយ។​

អ្នក​ជំនាញ​បាន​សង្កត់​ធ្ងន់​ថា​ សព្វ​ថ្ងៃ​នេះ ​ជម្លោះ​កាន់​តែ​មាន​ភាព​ស្មុគស្មាញ​ជាង​មុន ​ហើយ​ខ្វះ​«ដំណើរ​ការ​នយោបាយ​ដ៏​ជោគ​ជ័យ​នា​ពេល​បច្ចុប្បន្ន ​និង​គ្មាន​ការ​ចរចា​ដ៏​សកម្ម»​ក្នុង​ការ​ឆ្លើយ​តប​នឹង​ជម្លោះ ​និង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ងើប​ពី​ជម្លោះ។​

លោក​ឯក​អគ្គ​រដ្ឋ​ទូត​ William Swing ​អគ្គ​នាយក​នៃ​អង្គការ​អន្តោ​ប្រវេសន៍​អន្តរជាតិ ​(IOM) ​ទទូច​ថា ​បញ្ហា​នេះ​ទាមទារ​ឲ្យ​មាន​កំណែ​ទម្រង់​គោល​នយោបាយ ​និង​ការ​ផ្លាស់​ប្តូរ​ស្ថាប័ន​រដ្ឋ ​ដើម្បី​ត្រៀម​ខ្លួន​ប្រសើរ​ជាង​មុន​ដោះស្រាយ​ការ​ប្រឈម​ផ្សេង​ទាក់​ទង​នឹង​ការ​ទប់​ស្កាត់​ជម្លោះ។​

លោក​និយាយ​ថា ​អី្វ​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ​សម្រាប់​ករណី​ជម្លោះ​នា​ពេល​អនាគត​គឺ​ផ្លាស់​ប្តូរ​គោល​នយោបាយ​ ហើយ​ថា​ អាទិភាព​សំខាន់​ជាង​គេ​បំផុត​គឺ​ជួយ​សង្គ្រោះ​អាយុ​ជីវិត​មនុស្ស។​

អ្នក​ជំនាញ​ក៏​បាន​លើក​ឡើង​ដែរ​ថា​ ដោយសារ​តែ​ជម្លោះ​មាន​ភាព​ខុសគ្នា​ពី​បរិបទ​មួយ​ទៅ​បរិបទ​មួយនោះ​ ដូច្នេះ​ការ​សន្ទនា​គ្នា​រវាង​រដ្ឋាភិបាល​ក្នុង​តំបន់ ​និង​ប្រជា​ពលរដ្ឋ​នៃ​ប្រទេស​មាន​ជម្លោះ​ដើរ​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​កំណត់​ប្រភេទ​នៃ​ការ​ឆ្លើយ​តប​ជម្លោះ​ ថា​តើ​ត្រូវ​ឆ្លើយ​តប​ជា​ជំនួយ​ខាង​យោធា ​ឬ​ជំនួយ​មនុស្ស​ធម៌ ​ឬ​ជា​ជំនួយ​ក្នុង​រយៈពេល​វែង ​ឬ​ខ្លី ​ហើយ​ត្រូវ​ដើរ​តួ​នាទី​សំខាន់​ក្នុង​ការ​សម្រេច​ឲ្យ​បាន​នូវ​ការ​ផ្សះផ្សាក្រោយ​ជម្លោះ។​

លោក​ឯក​អគ្គ​រដ្ឋ​ទូត​ Swing​ និយាយ​ថា ​ប៉ុន្តែ​ប្រសិន​បើ​គ្មាន​ការ​សន្ទនា​បែប​នេះ​ទេ ​នោះ​ការ​សម្រេច​ឲ្យ​បាន​នូវ​ការ​ផ្សះផ្សា​នឹង​មិន​អាច​កើត​ឡើង​បាន​ទេ។​

វា​គ្មិន​ជា​ច្រើន​ដែល​មាន​ជំនាញ​ផ្នែក​ខុសៗ​គ្នា ​ដូច​ជា​ខាង​បញ្ហា​អំពើ​ហិង្សា​ជ្រុល​និយម ​ខាង​តំបន់​ភូមិសាស្ត្រ ​បច្ចេក​វិទ្យា ​ទិន្នន័យ ​ឧក្រិដ្ឋកម្ម​ដែល​មាន​អង្គការ​ចាត់​តាំង ​អនាគត​នៃ​ជម្លោះ​នៅ​ទី្វប​អាហ្រ្វិក ​ទ្វីប​អឺរ៉ុប ​ទ្វីប​អាស៊ី ​និង​អាមេរិក​ទី្វប​ឡាទីនបាន​ដឹកនាំ​ការ​ពិភាក្សា​ជា​ក្រុម​ដែល​អ្នក​ចូលរួម​ស្តាប់​ប្រមាណ​ជាង​១០០​នាក់​មក​ពី​ស្ថាប័ន​រដ្ឋា​ភិបាល ​អង្គការ​សង្គម​ស៊ីវិល​ អង្គការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន ​និង​និស្សិត​សាកល​វិទ្យាល័យ​បាន​ផ្តល់​យោបល់​យ៉ាង​សកម្ម៕

XS
SM
MD
LG