ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​និពន្ធ៖ សហរដ្ឋ​អាមេរិក​មាន​ចំណែក​ទទួល​ខុសត្រូវ​ការ​ទម្លាក់​គ្រាប់បែក​នៅ​កម្ពុជា

ក្នុង​រូបថត​ឯកសារ​នេះ ផ្សែង​ហុយ​ចេញ​ពី​កន្លែង​មួយ​​​ត្រូវ​យន្តហោះ​អាមេរិក​ទម្លាក់​គ្រាប់បែក​ចំ​​នៅ​ជិត​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​១៩៧៣។ ក្រុម​ជីវពល​កុម្មុយនិស្ត (ខ្មែរក្រហម) ដែល​បាន​ឡោម​ព័ទ្ធ​ទី​ក្រុង​ភ្នំពេញ​បាន​បាញ់​ផ្លោង​ដាក់​ក្រុង​នេះ។ (AP Photo)

អ្នក​ជំនាញ​អាមេរិក​ក្នុង​សង្គ្រាម​នៅ​កម្ពុជា​លោកស្រី​ អេលីហ្សាបេត បេកឃើ ​(Elizabeth Becker) ​បាន​និយាយ​នៅថ្ងៃ​ពុធ​នេះ​ថា ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​សោកនាដកម្ម​នៃ​ការ​ទម្លាក់​គ្រាប់​បែក​នៅ​កម្ពុជាក្នុង​ទសវត្សរ៍​១៩៧០ ​ក្នុង​អំឡុង​សង្គ្រាម​ត្រជាក់។

អតីត​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​សម្រាប់​កាសែត ​The Washington Post និង​ជា​អ្នក​និពន្ធ​សៀវភៅ​អំពី​ខ្មែរ​ក្រហម​ក្រោម​ចំណង​ជើង​ថា​ When the War was Over ឬ​នៅ​ពេល​ដែល​សង្គ្រាម​បាន​បញ្ចប់​បាន​ឆ្លើយ​ទៅ​នឹង​ការ​ចោទ​សួរ​របស់​នួន ជា ​ដែល​ជា​ជន​ជាប់​ចោទ​ម្នាក់​ក្នុងចំណោម​ជន​ជាប់​ចោទ​ពីរ​នាក់​ដែល​កំពុង​ស្ថិត​ក្រោម​ការ​កាត់​ទោស​ក្នុងសំណុំ​រឿង​០០២​វគ្គ​ទី​២។

«តើ​សហរដ្ឋ​អាមេរិក​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​សោកនាដកម្ម​និង​ការ​បំផ្លាញ​សម្ភារៈ​និង​មនុស្សដែល​ត្រូវ​បាន​សម្លាប់​ក្នុងអំឡុង​ពេល​ទម្លាក់​គ្រាប់​បែក​ទេ? ពិត​ហើយ​អាមេរិក​មាន​ចំណែក​ទទួល​ខុស​ត្រូវ»។​

លោកស្រី Elizabeth Becker ដែល​ជា​អ្នក​កាសែត​អាមេរិក​ដ៏​ល្បី​មួយ​រូប​និង​ជា​អ្នក​និពន្ធ កំពុង​ផ្តល់​សក្ខីកម្មនៅសាលាក្តី​ខ្មែរ​ក្រហម​ទាក់ទង​នឹង​សំណុំ​រឿង​០០២​/២ ប្រឆាំង​នឹង​នួន ជា និង​ខៀវ សំផន កាល​ពី​ថ្ងៃ​ទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០១៥។ (Courtesy of ECCC/Nhet Sok Heng)

លោកស្រី​បញ្ជាក់​ថា ​តាម​ច្បាប់​អន្តរជាតិ​សហរដ្ឋ​អាមេរិក​មិន​អាច​ធ្វើ​ការ​ឈ្លាន​ពាន​លើ​ប្រទេស​តូច​តាច​ដូច​ជា​ប្រទេស​កម្ពុជា​នោះ​ទេ។

​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​នេះអ្នក​ជំនាញ​អាមេរិក​ដដែល​និយាយ​ថា​ទី​ក្រុង​វ៉ាស៊ីន​តោន បាន​គាំទ្រ​ប្រទេស​ចិន​ដើម្បី​ឲ្យ​ចិន​គាំទ្រ​ខ្មែរ​ក្រហមដើម្បី​ប្រឆាំង​ទៅ​នឹង​ប្រទេស​វៀតណាម​និង​សហភាព​សូវៀត​ក្នុងយុគ​សង្គ្រាម​ត្រជាក់​ក្រោយ​ឆ្នាំ​១៩៧៩។

នួន ជា ​ដែល​នឹង​ឈាន​ដល់​អាយុ​៨៩​ឆ្នាំ​នៅ​ប៉ុន្មាន​ខែ​ទៀត​ខាង​មុខ ​បាន​លើក​ក្នុ​ងសំណួរ​របស់​ខ្លួន​ថាសហរដ្ឋ​អាមេរិកបាន​ទម្លាក់​គ្រាប់​បែក​រាប់​លាន​តោន​មក​លើ​កម្ពុជា​អស់​រយៈ​ពេល«២០០​ថ្ងៃ​២០០​យប់»​ចន្លោះ​ពី​ឆ្នាំ​១៩៧០​ដល់​ឆ្នាំ​១៩៧៣។ ​ហើយ​ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើនត្រូវ​សម្លាប់ ភូមិ ដីស្រែ​និង​វត្ត​អារ៉ាម​ជាច្រើន​ត្រូវ​បំផ្លាញ។

ជនជាប់​ចោទ​បាន​ចោទ​សួរ​អំពី​ចេតនា​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ទម្លាក់​គ្រាប់​បែក​នេះ។

ឆ្លើយ​ទៅ​នឹង​សំណួរ​នេះ​លោកស្រី​អេលីហ្សាបេត បេកឃើ ​បញ្ជាក់​ថា​នេះ​ជា​ការ​គាំទ្រ​ដល់​រដ្ឋការ​នៃ​របប​លោក​សេនាប្រមុខ​លន់​ នល់។

«ហេតុ​ផល​ដែល​សហរដ្ឋ​អាមេរិកផ្តល់ឲ្យ​សម្រាប់​ការ​ទម្លាក់​គ្រាប់​បែក​នេះ​គឺ​ជា​ទូទៅ​ដើម្បី​គាំទ្រ​ដល់​របប​សាធារណរដ្ឋ​ខ្មែរ»។​

​លោកស្រី​បេកឃើ​បញ្ជាក់​បន្ថែម​ថា​ការ​ទម្លាក់​គ្រាប់​បែក​នេះ​ដើម្បីបង្ខំឲ្យ​កង​ទ័ព​តស៊ូ​ក្នុ​ង​ព្រៃ​របស់​ខ្មែរ​ក្រហម​ដែល​ប្រឆាំង​នឹង​របប​លោក​សេនា​ប្រមុខ​លន់​ នល់ ចូល​តុ​ចរចា។​ ប៉ុន្តែ​សហរដ្ឋ​អាមេរិក​បរាជ័យ​ក្នុង​គម្រោងការ​នេះ៕

XS
SM
MD
LG