ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សវនាការ​សំណុំ​រឿង​០០២​វគ្គ​ទី​២​ផ្អាក​​រហូត​ដល់​ឆ្នាំ​ក្រោយ


នៅ​ក្នុង​រូបថត​ដែល​ចេញ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលា​ការ​កម្ពុជា​នេះ បង្ហាញ ខៀវ សំផន (ឆ្វេង) អតីត​មេដឹកនាំ​ខ្មែរ​ក្រហម អង្គុយ​ស្តាប់​សវនាការ​នៅ​ក្នុង​បន្ទប់​តុលាការ​ដែល​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជាជាតិ ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី១៧ ខែតុលា ឆ្នាំ២០១៤។
នៅ​ក្នុង​រូបថត​ដែល​ចេញ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលា​ការ​កម្ពុជា​នេះ បង្ហាញ ខៀវ សំផន (ឆ្វេង) អតីត​មេដឹកនាំ​ខ្មែរ​ក្រហម អង្គុយ​ស្តាប់​សវនាការ​នៅ​ក្នុង​បន្ទប់​តុលាការ​ដែល​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជាជាតិ ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី១៧ ខែតុលា ឆ្នាំ២០១៤។

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​របស់​សាលា​ក្តី​ខ្មែរ​ក្រហម​នៅ​ថ្ងៃ​ច័ន្ទទី​២៤​ខែ​វិច្ឆិកា​នេះ​បានសម្រេចលុប​ចោលសវនាការ​សំណុំរឿង​០០២​វគ្គទី​២​ទាំង​អស់​សម្រាប់​ឆ្នាំ​២០១៤​នេះ។

​មូលហេតុ​នៃ​ការ​លុប​ចោល​នេះ​គឺ​ដោយសារ​ក្រុម​មេធាវី​ការពារ​ក្តី​ជនជាប់​ចោទ​ ខៀវ សំផន ​បាន​បន្ត​ធ្វើ​ពហិការ​របស់​ខ្លួន​ដោយមិន​រា​ថយ​ បើ​ទោះជា​មាន​ការ​ចាត់​វិធានការ​ប្រឆាំង​នឹង​ពួក​គេ​ក៏ដោយ។​

​លោក​ចៅក្រម​ និល ណុន ប្រធាន​អង្គ​ជំនុំ​ជម្រះ​ជាន់​ទាប​នេះ​បាន​ប្រកាសនៅ​ក្នុង​បន្ទប់​សវនាការ​ដែល​គ្មាន​វត្តមាន​របស់​មេធាវី​អតីត​ប្រមុខរដ្ឋ​ខ្មែរ​ក្រហម​ថា ​ការ​កាត់​ក្តី​ឡើង​វិញ​នឹង​ត្រូវ​ធ្វើ​នៅ​ដើម​ខែ​មករា។

«នៅ​ពេល​នេះ​កាល​បរិច្ឆេទ​សវនាការ​ដែល​អង្គ​ជំនុំ​ជម្រះ​គ្រោង​ធ្វើ​សម្រាប់​ឆ្នាំ​២០១៤​ត្រូវ​លុប​ចោល​ទាំង​ស្រុង។​ កិច្ច​ដំណើរការ​វិធី​នឹង​ត្រូវ​ផ្អាក​រហូត​ដល់​ថ្ងៃ​ទី​៨ខែ​មករា​ឆ្នាំ​២០១៥។»

​ការ​កាត់​ទោស​លើ​សំណុំ​រឿង​០០២​វគ្គ​ទី​២​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ទី​១៧​ខែ​តុលា​ ប៉ុន្តែ​ការ​កាត់​ទោស​បាន​ជាប់​គាំង​រៀង​រហូត​មក​ដោយ​សារការ​ធ្វើ​ពហិការ​របស់​ក្រុម​មេធាវី​របស់​ នួន ជា​ និងមេធាវី​របស់ ​ខៀវ សំផន។ ខៀវ សំផន បាន​បង្ហាញ​វត្តមាន​ក្នុង​បន្ទប់​កាត់ក្តី​នៅ​ថ្ងៃ​នេះ ​ប៉ុន្តែ​ នួន ជា ដែល​ក្រុម​គ្រូ​ពេទ្យ​គ្រា​ឡើង​រថយន្ត​សង្គ្រោះ​នោះ​បាន​ស្ថិត​នៅ​ក្នុង​បន្ទប់​ផ្នែក​ខាង​ក្រោម​បន្ទប់​សវនាការ។

មេធាវី​របស់​ នួន​ ជា​ មិន​ព្រម​ចូល​សវនាការ​ដោយសារ​តែខ្លួន​បាន​ប្តឹង​ដិត​ចិត្ត​សុំ​បណ្តេញ​ចៅក្រម​ចំនួន​បួន​រូបក្នុ​ង​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង។​ ប៉ុន្តែ​ក្រោយ​មក​មេធាវី​របស់​ជនជាប់​ចោទ​បាន​សម្រេច​ចូល​អង្គុយ​ក្នុង​បន្ទប់​សវនាការ​វិញ​ក្រោយ​ពីបណ្តឹង​នោះ​ត្រូវ​ទាត់​ចោល។

ដោយ​ឡែក​ក្រុម​មេធាវី​របស់​ជនជាប់​ចោទ ​ខៀវ សំផន ​មិន​ព្រម​ចូល​រួម​សវនាការ​ដំណាក់​កាល​ទី​២​នេះ​ដោយ​សារ​តែ​ខ្លួន​ត្រូវ​ការ​ពេល​វេលា​សម្រាប់​រៀបចំ​បណ្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សាលក្រមក្នុង​ការ​កាត់​ទោស​សំណុំ​រឿង​០០២​វគ្គ​ទី​១។ ​សាលក្រម​ដែល​ដាក់​ទោសជនជាប់​ចោទ​ នួន ជា ​និង​ខៀវ សំផន​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។

លោក គង់ សំអុន សហមេធាវី​កម្ពុជា​របស់​ ខៀវ សំផន បាន​អះអាង​ថា​ការ​រៀបចំ​បណ្តឹង​សារ​ទុក្ខ​នេះ​នឹង​ត្រូវ​ការ​ពេល​វេលា​រហូត​ដល់​ដំណាច់​ខែ​ធ្នូ​ឆ្នាំ​២០១៤។ ​ហើយ​ក្រោយ​ពី​នោះ​ក្រុម​មេធាវី​របស់​ខៀវ សំផន នឹង​អាច​ចូល​រួម​សវនាការក្នុង​សំណុំរឿង​០០២​វគ្គ​ទី​២​បាន។

លោក​ចៅក្រមនិល ណុន​ ​បាន​ប្រកាស​ថា តុលាការ​មិន​មាន​វិធី​ផ្សេងក្រៅ​ពី​រង់​ចាំ​រហូត​ដល់ក្រុម​មេធាវី​របស់​ជនជាប់​ចោទ​រៀប​ចំ​បណ្តឹង​ឧទ្ធរណ៍​ចប់​នោះ​ទេ។

«អង្គ​ជំនុំ​ជម្រះ​មិន​មាន​វិធី​ដែល​សម​ស្របផ្សេង​ក្រៅ​ពី​ផ្អាក​សវនាការ​លើ​សំណុំ​រឿង​នេះ​រហូត​ដល់​ខែ​មករា​ឆ្នាំ​២០១៥។»

​ទោះ​ជា​យ៉ាង​ណា​លោក​ចៅក្រម ​និល ណុន ​បានព្រមាន​ថា​ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូងនឹង​បញ្ជូន​ទៅករណី​ធ្វើ​ពហិការ​របស់​ក្រុម​មេធាវី ​ខៀវ សំផន​ នេះ​កាន់​អង្គភាព​មាន​សមត្ថកិច្ច​ដោយ​ចាត់​ទុក​ថា​ ការ​ធ្វើ​ពហិការ​គឺ​ជា​កំហុស​វិជ្ជាជីវៈ។

​លោក ឡុង​ បញ្ញាវុធ មន្ត្រីគម្រោង​នៃ​អង្គការ​គម្រោង​យុត្តិធម៌​នៅ​កម្ពុជា​មាន​ប្រសាសន៍​ថា ការ​ផ្អាក​សវនាការរបស់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​គឺ​ជា​ជោគ​ជ័យ​របស់​ក្រុម​ការពារ​ក្តី​ក្នុង​ការ​ព្យាយាម​ពន្យារ​ពេល​ការកាត់​ទោស។ ​ប៉ុន្តែ​លោក​បញ្ញាវុធ មាន​ប្រសាសន៍​ថា​ តាម​ផ្លូវ​ច្បាប់​សាលា​ដំបូង​អាច​បញ្ឈប់​ក្រុម​មេធាវី​ការ​ពារ​ក្តី​ខៀវ សំផន ដោយសារ​ការ​បន្ត​ពហិការ​ថ្ងៃ​នេះ។​

«មេធាវី​របស់​គាត់​មិន​ចូល​រួម។ ​តាម​ផ្លូវ​ច្បាប់​តុលាការ​អាច​បញ្ឈប់​មេធាវី​ទាំង​បី​នាក់​ហ្នឹង។ ​ប៉ុន្តែ​ចៅក្រម​ក៏​ពិចារណា ហើយ​មេធាវី​របស់​ ខៀវ សំផន​ ក៏​ដឹង​ច្បាស់​ហើយ​ថា​ ប្រសិន​បើ​បញ្ឈប់​ពួក​គាត់​ទាំង​បី ហើយ​រើស​មេធាវី​ថ្មី​ ប្រហែល​ជា​ត្រូវការ​រយៈ​ពេល​ពី​ប្រាំ​មួយ​ខែ ទៅ​មួយ​ឆ្នាំ​ដើម្បី​ឲ្យ​មេធាវី​អាច​យល់​ដឹង​ពី​សំណុំ​រឿង​បាន។​ ដូច្នេះ​ជា​ផល​លំបាក​មែន​ទែន​ថា ​តើ​ត្រូវ​បណ្តេញ​មេធាវី​មិន​ឲ្យ​ការពារ​ក្តី​ខៀវ សំផន ឬ​មួយ​ក៏​អត់​ធ្មត់​តទៅ​ទៀត​ដើម្បី​ឲ្យ​មេធាវី​ដដែល​ចូល​មក​កាត់​ក្តី​សំណុំ​រឿង​០០២​វគ្គ​២​នៅ​ថ្ងៃ​ទី​៨​ខែ​មករា។»

​កាល​ពី​ថ្ងៃ​សុក្រ​ទី​២១​វិច្ឆិកា អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​បាន​សម្រេចតែងតាំង​មេធាវី​ទាំង​ពីរ​រូប​របស់​ជន​ជាប់​ចោទ ​ខៀវ សំផន គឺ​លោក​ គង់ សំអុន លោក Athur Vercken ​និង​លោកស្រី Anta Guisse ជា​មេធាវី​របស់​តុលាការ​និង​បង្គាប់​ឲ្យ​មេធាវី​ទាំង​បី​រូប​ចូល​សវនាការនៅ​ថ្ងៃ​ច័ន្ទ​នេះ។ ប៉ុន្តែ​មេធាវី​ទាំង​បី​រូប​មិន​ស្តាប់​តាម​ការ​បញ្ជា​នេះ​ទេ។

​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ​ក្រុម​ការពារ​ក្តី​ឲ្យ​ជនជាប់​ចោទ ​ខៀវ សំផន ​ប្រកាស​ប្រឆាំង​នឹង​សេចក្តី​សម្រេច​ខាង​លើ​នេះ​«ដាច់ខាត»៕

XS
SM
MD
LG