ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​​រីករាយ​​​នឹង​​​​​រង្វាន់​ជើងឯក​ខាង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​របេង​ពិភពលោក


 លោក​ ហែម ហេង​ ឯក​អគ្គរាជទូត​ខ្មែរ​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន​ ថ្លែង​ពេល​បាន​ទទួល​ពាន​រង្វាន់​​​​ចំពោះ​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​របេង​​នេះ​ជំនួស​​មន្ត្រី​ក្រសួង​សុខា​ភិបាល​កម្ពុជា​ក្នុង​ពិធី​ប្រគល់​ពាន​រង្វាន់​នេះ​នៅ​ឯ​សារៈ​មន្ទីរ​ Corcoran ​Gallery​ of Art ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​​ស.រ.អា. កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៤។ (សុខ ខេមរា/វីអូអេ)
លោក​ ហែម ហេង​ ឯក​អគ្គរាជទូត​ខ្មែរ​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន​ ថ្លែង​ពេល​បាន​ទទួល​ពាន​រង្វាន់​​​​ចំពោះ​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​របេង​​នេះ​ជំនួស​​មន្ត្រី​ក្រសួង​សុខា​ភិបាល​កម្ពុជា​ក្នុង​ពិធី​ប្រគល់​ពាន​រង្វាន់​នេះ​នៅ​ឯ​សារៈ​មន្ទីរ​ Corcoran ​Gallery​ of Art ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​​ស.រ.អា. កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៤។ (សុខ ខេមរា/វីអូអេ)
ប្រទេស​កម្ពុជា​ទទួល​បាន​ពាន​រង្វាន់​ជើង​ឯកខាង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​របេង​ក្នុង​ពិភពលោក​ពី​ទីភ្នាក់ងារ​ផ្តល់​ជំនួយ​ស.រ.អា.ហៅ ​USAID​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃអង្គារ។​ អង្គការ​USAID​ បាន​ទទួល​ស្គាល់​ថា ​ប្រទេស​កម្ពុជា​មានការ​ខិតខំ​ប្រឹង​ប្រែង​យ៉ាងខ្លាំង​ក្នុងការ​កាត់​បន្ថយ​ទាំង​អត្រា​ស្លាប់​ និង​អត្រា​ឆ្លង​រាល​ដាល។​

ទីភ្នាក់ងារ​ផ្តល់​ជំនួយ​ស.រ.អា.​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិហៅ​ថា​ USAID ​កាលពី​ថ្ងៃអង្គារ​បាន​ជ្រើស​រើស​ប្រទេស​កម្ពុជា​តែ​មួយ​គត់​ផ្តល់​រង្វាន់​ជើងឯកខាង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​របេង​ក្នុង​ពិភព​លោក​ប្រចាំឆ្នាំ​២០១៤​ ក្រោយពី​អង្គការ​នេះ​បាន​ឃើញ​ថា​ កម្ពុជា​បាន​ព្យាយាម​កាត់​បន្ថយ​បាន​នូវ​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​របេង ​និង​ការ​ឆ្លង​រីករាល​ដាល។​ ​

លោក​ ហែម ហេង​ ឯក​អគ្គរាជទូត​ខ្មែរ​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន​ បាន​ទទួល​ពាន​រង្វាន់​នេះ​ជំនួសមន្ត្រី​ក្រសួង​សុខា​ភិបាល​កម្ពុជា​ក្នុង​ពិធី​ប្រគល់​ពាន​រង្វាន់​នេះ​នៅ​ឯ​សារៈ​មន្ទីរ​ Corcoran ​Gallery​ of Art ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ស.រ.អា.។​

នៅ​ក្នុង​ពិធី​ប្រគល់​ពាន​រង្វាន់​ដ៏ឆ្នើម​នេះ​ លោក​ហែម ហេង​បាន​ថ្លែងប្រាប់​ក្រុម​អ្នក ចូលរួម​ជាច្រើន​ថា​ ការ​ផ្តល់​រង្វាន់​នេះ​ជា​ការ​លើក​ទឹកចិត្ត​ដល់​កម្ពុជា​ក្នុង​ការ​បន្ត​ កិច្ច​ការ​របស់​ខ្លួន។​

«នេះ​គឺ​ជា​រង្វាន់​ដែល​មិន​អាច​កាត់ថ្លៃ​បាន​សម្រាប់​កម្ពុជា។​ វាមិន​គ្រាន់​តែ​ជា​និមិត្ត រូប​នៃ​ការ​ទទួល​ស្គាល់​អំពី​កិច្ចការ​ដ៏​ល្អ​ប្រពៃរ៍​តែ​ប៉ុណ្ណោះ​ទេ​ តែជា​ការ​លើក​ទឹក​ចិត្ត ​បន្ថែម​ទៀត​ដល់​ក្រសួង​សុខា​ភិបាល​កម្ពុជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​របេង​ក្នុង​ ប្រទេស​ឆ្ពោះ​ទៅកាន់​ការ​គ្មាន​រោគ​របេង​នៅ​កម្ពុជា​តាម​ទស្សនៈ​វិស័យ​ពិភព លោក​គ្មាន​ជំងឺ​របេង​ គ្មាន​អ្នក​ស្លាប់​ដោយជំងឺរបេង​ គ្មាន​មេរោគ​របេង ​និង​គ្មាន​ការ​រងគ្រោះ​ដោយ​ជំងឺ​របេង»។​

លោក​ឯកអគ្គ​រាជទូត​បាន​សម្តែងការ​អរគុណ​ដល់​ស.រ.អា.​ ជាពិសេស​អង្គការ​ USAID ​ក្នុង​ការ​ផ្តល់​ជំនួយ​ដល់​ប្រទេស​កម្ពុជា​លើ​វិស័យ​ជាច្រើន​ ជាពិសេស​វិស័យ​សុខាភិបាល។​

លោកហែម ហេង​បាន​បន្ថែម​ថា៖​ «ខ្ញុំ​សូម​ជម្រាប​ជូន​ផង​ដែរ​ថា​ ក្នុង​រយៈពេល​៥ឆ្នាំ​ចុង​ក្រោយ​នេះ​ អង្គការ​ USAID​ និង​មូល​និធិ​ពិភព​លោក​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​ ជំងឺ​របេង ​និង​ជំងឺគ្រុន​ចាញ់​គឺ​ជា​អ្នក​ផ្តល់​ជំនួយ​ធំ​ជាង​គេបំផុត​ដល់​កម្មវិធី​កំចាត់​ជំងឺ​របេង​ជាតិ​នៅ​កម្ពុជា»។​

បើ​តាម​តួលេខ​ពី​អង្គការ ​USAID ​បាន​ឲ្យដឹង​ថា​ កម្ពុជា​បាន​ធ្វើ​ឲ្យ​មាន​ការរីក​ចម្រើន​ជឿន​លឿន​ដ៏ធំ​ ដោយ​បាន​បន្ថយ​អត្រា​រីករាល​ដាល​គឺ​ Prevalence ​និង​អត្រា​ស្លាប់​ដោយ​ជំងឺ​របេង​ បាន​ដល់​ទៅជាង​៤០​ភាគរយ​ ហើយ​បាន​ដាក់​ចេញ​នូវ​វិធាន​ការ​ជា​ច្រើន​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​របេង​នេះ។​

បើ​តាម​តួ​លេខ​ផ្លូវការ​របស់​ក្រសួង​សុខា​ភិបាល​ ហើយ​ដែលបាន​សរសេរ​ក្នុង​សង្កថា​របស់​លោក​ឯកអគ្គ​រដ្ឋទូត​ហែម ហេង​បាន​ឲ្យដឹង​ថា​ អាត្រា​ឆ្លងរាល​ដាល​ថយ​ចុះ​ពី​ចំនួន​១.៦៧០​នាក់​ក្នុង​ចំណោម​មនុស្ស​១០​ម៉ឺននាក់​ក្នុង​ឆ្នាំ​១៩៩០​មក​នៅ​ត្រឹម​៧៦៤​នាក់​ក្នុង​ឆ្នាំ​២០១២។​ ដោយ​ឡែក​អត្រា​ស្លាប់​វិញ​គឺថយ​ចុះ​ពី​ចំនួន​១៥៧​នាក់​ក្នុង​ឆ្នាំ​២០១១មកត្រឹម​៦៣​នាក់​ក្នុង​ឆ្នាំ​២០១២។​

លោក​អារៀល​ ប៉ាប្លូស ​មែនដេ ​(Ariel​ Pablos-Mendez)​ អនុ​ប្រធាន​អង្គការ ​USAID​ ផ្នែក​សុខភាព​ពិភព​លោក​បាន​ស្វាគមន៍​ប្រទេស​កម្ពុជា​ ហើយ​បាន​ថ្លែង​ថា ​ជោគជ័យ​នៃ​ការ​ប្រយុទ្ធ​នឹង​ជំងឺ​របេង​នេះ​មិន​អាច​ធ្វើបាន​ទេ​ បើគ្មាន​កិច្ច​សហកា​រគ្នា​ទេ ក្រោយពី​បាន​កោត​សរសើរ​ដល់​ប្រទេស​កម្ពុជា​នៅ​ចំពោះ​មុខ​លោក​ហែម ហេង​ ឯកអគ្គ​រាជទូត​ខ្មែរ​និង​អ្នក​ទទួល​រង្វាន់​ឯ​ទៀត​ផង​នោះ។​

«ការ​សហការ​ជា​បញ្ហា​សំខាន់​នៃ​កិច្ចការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​របេង​ក្នុង​រយៈពេល​ច្រើន​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ ដូច្នេះ​សូម​អបអរសាទរ​លោក​ ឯក​អគ្គ​រាជទូត»។​

ប្រទេស​កម្ពុជា​ទទួល​បាន​រង្វាន់​ជាមួយ​សមាជិក​សភា​ Eliot Engel ​នៃ​រដ្ឋ​ញូវយ៉ក​ សមាជិក​សភា​ Kay Granger​ រដ្ឋ​តិចសាស់​ និង​សមាជិក​ព្រឹទ្ធ​សភា​ស.រ.អា.​ សមាជិក​ព្រឹទ្ធ​សភា ​Sherrod ​Brown​នៃ​រដ្ឋ​អូហៃយ៉ូ​ ឧត្តមនាវីត្រី ​Kenneth Castro​ហើយនឹង​អង្គការស្រាវជ្រាវ​មួយ​ទៀត​ក្នុង​ប្រទេស​អាមេរិក​គឺ​ CREATE ​ដែល​ផ្តល់​មូលនិធិ​ដោយ​មូលនិធិ​របស់​លោក​និង​លោកស្រី ​Bill​ and​ Melinda ​Gates។​

ប្រទេស​កម្ពុជា​បាន​ចូលរួម​អបអរសាទរ​និង​រំឭកខួប​នៃ​ទិវា​កំចាត់​ជំងឺ​របេង​ក្នុង​ពិភពលោក​កាល​ពី​ថ្ងៃទី​២៤​ខែមិនា​ផង​ដែរ៕
XS
SM
MD
LG