ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខេត្ត​គំរូ​កម្ពុជា​ក្នុង​អាស៊ាន​បាក់​មុខ​ដោយ​សារ​តែ​ការ​ផ្ទុះ​ជំងឺ​អេដស៍​នៅ​ឃុំ​រកា


គ្ឡីនិក​សុខភាព​គ្រួសារ​មួយនៅស្រុក​សង្កែ​ខេត្តបាត់ដំបង​​នៃប្រទេសកម្ពុជា។​
គ្ឡីនិក​សុខភាព​គ្រួសារ​មួយនៅស្រុក​សង្កែ​ខេត្តបាត់ដំបង​​នៃប្រទេសកម្ពុជា។​

ករណី​ឆ្លង​មេរោគអេដស៍​នៅ​ឃុំរកា​ ខេត្ត​បាត់ដំបង​ដែល​បាន​ផ្ទុះឡើង​កាល​ពី​ចុង​ឆ្នាំ​២០១៤​បាន​ធ្វើ​ឱ្យ​មោទនភាព​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​កាត់​បន្ថយ​អត្រា​ឆ្លង​មេរោគ​ដ៏​ប្រល័យ​នេះ​ស្ថិត​នៅ​ក្នុង​ភាព​មិន​ច្បាស់​លាស់។

យ៉ាង​ហោច​ណាស់​មាន​ពលរដ្ឋ​ក្នុង​ឃុំ​រកា​ចំនួន​២៤១​នាក់​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ​អេដស៍​នៅ​ក្នុង​ការឆ្លងមួយ​ដែល​គេ​ចោទ​ថា​បង្ក​ឡើង​ដោយ​គ្រូ​ពេទ្យ​ឯកជន​មិន​មាន​ច្បាប់​អនុញ្ញាត​នៅ​ក្នុង​ឃុំ​ម្នាក់​ដែល​ប្រើ​ប្រាស់​ម្ជុលចាក់​ថ្នាំរួម​គ្នា​ក្នុង​ពេល​ព្យាបាល​អ្នក​ជំងឺ។​

ការ​កាត់​បន្ថយ​ការ​ឆ្លង​រាលដាល​ជំងឺ​អេដស៍​ធ្លាប់​ជា​ចំណុច​មោទនភាព​មួយ​របស់​កម្ពុជា​នៅ​ក្នុង​គោលដៅ​ទី៦​នៃ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​កម្ពុជា​ដែល​សំដៅ​លើ​«ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​អេដស៍​/ជំងឺ​អេដស៍ ​ជំងឺ​គ្រុន​ចាញ់​ និង​ជំងឺ​ផ្សេងៗ​ទៀត‍»​ដែល​កម្ពុជា​សន្យា​កាល​ពី​ឆ្នាំ​២០០០​ថា​នឹង​សម្រេច​ឱ្យ​បាន​នៅ​ឆ្នាំ​២០១៥​នេះ។

លោកស្រី ​ធីតា ឃឹះ ​នាយិកា​នៃ​អង្គការ​សីលកា​ដែល​តាមដាន​ការ​វិវត្តន៍​នៃ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​កម្ពុជា​បាន​សម្តែង​ការ​សង្ស័យ​ចំពោះ​ជោគជ័យ​ដែល​រដ្ឋាភិបាល​បាន​អះអាង​ថា​ទទួល​បាន​ក្នុង​ពេល​កន្លងមក៖​

«ក្នុង​រឿង​ HIV/AIDS ​នេះ​ថា​សម្រេច​បាន​ប៉ុន្តែ​ឥឡូវ​មាន​ករណី​ថ្មីៗ​កើត​មាន​ឡើង​ដែល​ធ្វើ​ឱ្យ​ករណី​នេះ​ទៅ​ ជា​បញ្ហា​ទៅវិញ​ចំពោះ​ការសម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍‍»។

VOA​ បាន​ព្យាយាម​ទាក់​ទង​លោក​វេជ្ជ​បណ្ឌិត​ តែង គន្ធី​ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ចំនួន​បី​សប្តាហ៍​ជាប់ៗ​គ្នា​ដោយ​លើក​ទី​មួយ​លោក​សុំ​ឱ្យ​រង់ចាំ​ក្រោយ​ពី​លោក​ទៅ​បំពេញ​បេសកកម្ម​ដើម្បី​យក​ព័ត៌មាន​ថ្មី ​ពី​ស្ថាន​ភាព​ជំងឺ​អេដស៍​ ប៉ុន្តែ​នៅ​ពេល​ដែល​ព្យាយាម​ទាក់​ទង​នៅ​ពេល​ក្រោយ​ទៀត​លោក​មិន​ព្រម​លើក​ទូរស័ព្ទហើយ​មាន​ពេល​ខ្លះ​អ្នក​លើក​ទូរស័ព្ទ​ប្រាប់​ថា​លោក​កំពុង​រវល់​ប្រជុំ។

ម៉ុត វណ្ណ ជាមួយ​កូនប្រុស ជា​អ្នក​ខេត្តបាត់ដំបង បាន​ឆ្លង​មេរោគ​HIV ពី​ប្តី​របស់​គាត់​ដែល​បាន​ស្លាប់​ទៅ​ហើយ​ដោយសារ​ជំងឺ​អេដស៍។ រូបនេះ​ថត​នៅ​ថ្ងៃ​ទី២១ ខែកញ្ញា ឆ្នាំ២០០៣។
ម៉ុត វណ្ណ ជាមួយ​កូនប្រុស ជា​អ្នក​ខេត្តបាត់ដំបង បាន​ឆ្លង​មេរោគ​HIV ពី​ប្តី​របស់​គាត់​ដែល​បាន​ស្លាប់​ទៅ​ហើយ​ដោយសារ​ជំងឺ​អេដស៍។ រូបនេះ​ថត​នៅ​ថ្ងៃ​ទី២១ ខែកញ្ញា ឆ្នាំ២០០៣។

អ្នក​ជំនាញ​ខាង​មេរោគ​អេដស៍​មើល​ឃើញ​ថា​ករណី​នៅ ​ភូមិ​រកា​ជា​ការ​អាម៉ាស់​មុខ​មួយ​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​ដោយ​សារ​តែ​ខេត្ត​នេះ​ជា​ខេត្ត​ដែល​កម្ពុជា​យក​ធ្វើ​ជា​គំរូ​ក្នុង​ការ​បង្ហាញ​ពី​ភាព​ជោគជ័យ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍។

លោក​ ទឹម វរ៉ា ​នាយក​ប្រតិបត្តិ​នៃ ​គណៈកម្មាធិការ​សម្រប​សម្រួល​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​បាន​បញ្ជាក់​ប្រាប់ ​VOA ​ថា៖

«ខ្ញុំ​មើល​ទៅ ​ហាក់​ដូច​ជា​ទាញ​ថយ​ក្រោយ​មក​វិញ​ព្រោះ​ខេត្ត​បាត់ដំបង​ត្រូវ​ចាត់​ទុក​ជា​ខេត្ត​គំរូ​មួយ​ដែល​គេ​យក​ទៅ​ដាក់​ក្នុង​ការ​ប្រកួត​ប្រជែង​ទៅ​ក្នុង​ប្រទេស​អាស៊ាន​ផ្សេងៗ​... មាន​បទ​អន្តរាគមន៍​ច្រើន​បាន​ធ្វើ​នៅ​ខេត្ត​នោះ ​ប៉ុន្តែ​ទៅ​ជា​ឃើញ​សោកនាដកម្ម​ហ្នឹង​វិញ។ ដូច្នេះ​វា​ជា​ការ​ទាញ​ថយ​ក្រោយ​មួយ​ចំនួន​នៅ​ខាង​ឃុំ​រកា​នោះ‍»។​

លោកស្រី កែ សុវណ្ណរ័ត្ន​ ប្រធាន​គណៈកម្មការ​សុខាភិបាល​និង​កិច្ចការ​នារី​នៃ​សភាជាតិ​បាន​សម្តែង​«ក្តី​តក់​ស្លុត‍»​ចំពោះ​ករណី​ដែល​បាន​កើត​មាន​ឡើង​នៅ​ឃុំ​រកា​ខេត្ត​បាត់ដំបង។​

«នេះ​មក​ពី ​យ៉ាងម៉េច? ​មកពី​ប្រជាពលរដ្ឋ​គាត់​បាត់​ជំនឿ​ទៅ​លើ​មន្ទីរពេទ្យ​រដ្ឋ​ដែល​បង្ក​ភាព​មិន​ទុកចិត្ត​ភាព​យឺតយ៉ាវ​ធ្វើ​ឱ្យ​គាត់​ធុញទ្រាន់​ការ​យក​លុយ ​ការ​មិន​គោរព​ក្រម​វិជ្ជាជីវៈ។ល។ ​និង​។ល។ ​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​ងាក​ទៅ​រក​ការ​ព្យាបាល​ដោយ​ឯកជន​ដោយ​មិន​បាន​គិត​ពី​សមត្ថភាព​និង​គុណភាព​នៃ​អ្នក​ព្យាបាល​ទេ‍»។​

កម្ពុជា​ធ្លាប់​ជា​ប្រទេស​ដែល​មាន​ការ​ឆ្លង​រាលដាល​មេរោគ​អេដស៍​យ៉ាង​ខ្លាំង​ដែល​មាន​អត្រា​ប្រេវ៉ាឡង់​អ្នក​ផ្ទុក​មេរោគ​អេដស៍​រហូត​ដល់​២,៦ភាគរយ​នៅ​ឆ្នាំ​២០០២​ប៉ុន្តែ​បាន​ខិតខំ​ទប់​ស្កាត់​និង​បាន​ទម្លាក់​មក​ដល់​០,៧​ភាគរយ​នៅ​ឆ្នាំ​២០១០​ដែល​សម្រេច​បាន​លឿន​ជាង​គោល​ដៅ​ដែល​ដាក់​នៅ​ក្នុង​ឆ្នាំ​២០០៣​ថា​នឹង​ទម្លាក់​មក​ត្រឹម​តែ​១,៨​ភាគរយ​ប៉ុណ្ណោះ​នៅ​ឆ្នាំ​នេះ។ ជោគជ័យ​កន្លង​មក​នេះ​នាំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​កែសម្រួល​គោលដៅ​ថា​នឹង​កាត់​ឱ្យ​បាន​០,៤​ភាគរយ​នៅមុន​ពេល​ដែល​ត្រូវ​រាយការណ៍​ទៅ​អង្គការ​សហប្រជាជាតិ​នៅ​ខែ​កញ្ញា​ខាងមុខ​នេះ។ ​

​លោកស្រី​ កែ សុវណ្ណរ័ត្ន​ បញ្ជាក់​ថា​លោកស្រី​មាន​ជំនឿ​តិចតួចពីព្រោះសកម្មភាព​ប្រចាំ​ថ្ងៃ​ក្នុង​ការ​អប់រំ​ពលរដ្ឋ​ហាក់​នៅ ​មាន​កម្រិត​នៅឡើយ​បូក​ផ្សំ​និង​ជីវភាព​លំបាក​របស់​ប្រជាពលរដ្ឋ​និង​កង្វះ​ការ​អប់​រំ ផ្សព្វផ្សាយ។

«ពលរដ្ឋ​ខ្មែរ​អត់​មាន​ការងារ​ធ្វើ​ ភាគច្រើន​ចំណាក​ស្រុក ​ទៅ​ស្រុក​គេ​ហើយ​កម្រិត​យល់​ដឹង​របស់​ពលរដ្ឋខ្មែរ​យើង​នៅ ​មាន​កម្រិត។ បទ​បង្ហាញ​ហើយ​នឹង​សកម្មភាព​អត់​ស្រប​គ្នា។ កាលណា​ប្រទេស​មួយ​ដែល​ធានា​បាន​ការ​ការពារ​ហ្នឹង​ពលរដ្ឋ​ត្រូវ​មាន​កម្រិត​យល់​ដឹង​ខ្លាំង​ណាស់។ ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក៏​ខ្លាំង​ដែរ​ប៉ុន្តែ​យើង​វិទ្យុ​ទូរទស្សន៍​គេ​ថា​ជួល​ថ្លៃ​ណាស់»។

ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដែល​ទទួល​បន្ទុក​តាម​ដាន​ការ​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​យល់​ថា​ករណី​នៅ​ឃុំ​រកា​ខេត្ត​បាត់​ដំបង​នឹង​មិន​ប៉ះពាល់​ដល់​សមិទ្ធផល​កន្លង​មក​ដែល​កម្ពុជា​សម្រេច​បាន​ទេ។

លោក​ ថេង បញ្ហាធន ​អគ្គនាយក​នៃ​ក្រសួង​ផែនការ​បាន​បញ្ជាក់​ថា៖​

«ជាក់​ស្តែង​គឺ ​យើង​ធ្វើ​ការងារ​នេះ​សម្រាប់​ប្រទេស​ទាំងមូល​ហើយ​អត្រា​ដែល​យើង​សម្រេច​បាន​នេះ​គឺ​ទូទាំង​ប្រទេស​ ក៏ប៉ុន្តែ​អ្វី​ដែល​បាន​កើត​ឡើង​នេះ​គឺ​នៅ​ក្នុង​ឃុំ​មួយ​ក្នុង​ខេត្ត​បាត់ដំបង។ តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​...គឺ​អ្វី ដែល​បាន​កើត​មាន​ឡើង​គឺ ​មិន​ប៉ះពាល់​ដល់​អត្រា​រួម​ដែល​យើង​សម្រេច​បាន​ទូទាំង​ប្រទេស​ទេ‍»។

លោក​ថេង បញ្ញាធន​បាន​បន្ថែម​ថា​កម្ពុជា​ក៏​យក​ចិត្ត​ទុកដាក់​ដល់​ករណី​នេះ ​ផង​ដែរ។​

«ក៏ប៉ុន្តែ​វា​ក៏​ជា​ការ​ព្រួយ​បារម្ភ​ហើយ​ក៏​ជា​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​របស់​រដ្ឋាភិបាល​ដើម្បី​ជួយ​ប្រជាជន​ទាំងអស់​នោះ‍»។​

សម្រាប់​ចំណុច​ដៅ​ផ្សេង​ទៀត​ក្នុង​គោលដៅ​ទី៦ ​នេះ​ គឺ​កម្ពុជា​បាន​បរាជ័យ​ក្នុង​ការ​កាត់​បន្ថយ​ចំនួន​ពលរដ្ឋ​ដែល​ស្លាប់​ដោយ​សារ​ជំងឺ​របេង។

តួលេខ​ចុងក្រោយ​របស់​រដ្ឋាភិបាល​បញ្ជាក់​ថា​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​របេង​មាន​ចំនួន៦៦​នាក់​ក្នុង​ចំណោម​ពលរដ្ឋ​១០០.០០០​នាក់​ គឺនៅ​តែ​ខ្ពស់​ជាង​គោលដៅ​ដែល​កម្ពុជា​បាន​ដាក់​ថា​នឹង​កាត់​បន្ថយ​ឱ្យ​មក​នៅ​ត្រឹម​៣២​នាក់​នៅ​ឆ្នាំ​២០១៥នេះ។​

អង្គការ​ USAID ​បញ្ជាក់​ថា​ កម្ពុជា​នៅ​តែ​ក្នុង​ចំណោមប្រទេស​ដែល​មាន​អត្រា​អ្នកជំងឺ​របេង​ច្រើន​ជាង​គេ​បំផុត​លើ​ពិភពលោក​ដោយ​មាន​ពលរដ្ឋ​ប្រហែល​ពីរ​ភាគ​បី​មាន​ផ្ទុក​បាក់តេរី​របេង​ហើយ​ក្នុង​មួយ​ឆ្នាំៗ​មាន​អ្នក​ស្លាប់​ចំនួន​១៣.០០០នាក់។

រីឯ​ជំងឺ​គ្រុនចាញ់​មាន​ការ​ឡើង​ចុះ​និង​មាន​ការ​រាយការណ៍​ខុស​គ្នា​រវាង​ប្រព័ន្ធ​សុខាភិបាល​ជាតិ​និង​របាយការណ៍​របស់​ក្រុម​អ្នក​ស្ម័គ្រចិត្ត​ភូមិ។

សម្រាប់​ឆ្នាំ​២០១៤​មាន​ករណី​អ្នក​ឆ្លង​ជំងឺ​គ្រុនចាញ់​កើន​ឡើង​ច្រើន​ជាង​ឆ្នាំ​២០១៣​ដល់​ទៅ​៩ភាគរយ​ហើយ​មាន​អ្នក​ស្លាប់​កើន​ឡើង​ចំនួន​៥០ភាគរយ។​ ពោល​គឺ​ក្នុង​ឆ្នាំ​២០១៣​មាន​ការ​ឆ្លង​ជំងឺ​គ្រុនចាញ់​ចំនួន​ ២៤.១៣៥​ករណី​ហើយ​ក្នុង​ឆ្នាំ​២០១៤​ឡើង​ដល់​២៦.២៧៨​ករណី។ប៉ុន្តែ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​បែរ​ជា​លើក​ឡើង​ថា​នេះ​ជា​ជោគជ័យ​របស់​ខ្លួន​ទៅ​វិញ។​

របាយការណ៍​ដែល​ចេញ​ផ្សាយ​ថ្ងៃទី​១៦​ខែ​កុម្ភៈ​ឆ្នាំ​២០១៥​បាន​បញ្ជាក់ថា៖

«ការ​កើន​ឡើង​នេះ​វា​ជា​ការ​បញ្ជាក់​នូវ​ការ​កើន​ឡើង​ចំណេះ​ដឹង​របស់​ប្រជាជន​ដោយ​សារ​មាន​សកម្មភាព​អប់រំ ​សុខាភិបាល​របស់​កម្មវិធី​នៅ​តាម​សហគមន៍​អំពី​ការ​ស្វែង​រក​ការ​ព្យាបាល​នៅ​តាម​សេវា​សាធារណៈ​ស្របពេល​ជាមួយ​គ្នា​នឹង​ការ​កើន​ឡើង​នូវ​គុណភាព​និង​បរិមាណ​នៃ​ឧបករណ៍​សម្រាប់​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​គ្រុន​ចាញ់​នៅ​តាម​មន្ទីរ​ពេទ្យ​បង្អែក​សាធារណៈ»។

ដោយ​ឡែក​ក្រុម​អ្នក​ស្ម័គ្រចិត្ត​ភូមិ​បាន​រក​ឃើញ​ថា​ករណី​ជំងឺ​គ្រុន​ចាញ់​ក្នុង​ឆ្នាំ​២០១៤​មាន​រហូត​ដល់​២៩.៩៩៣​ករណី​ឯណោះ។

រដ្ឋាភិបាល​កម្ពុជា​ក៏ឱ្យ​ដឹង​ដែរ​ថា​ករណី​គ្រុនចាញ់​កើតមាន​ឡើង​ច្រើន​នៅ​ខេត្ត​ព្រះ​វិហារ ​រតនគិរី ក្រចេះ​ ស្ទឹង​ត្រែង ​សៀមរាប ​ត្បូងឃ្មុំ ​ពោធិ៍សាត់​ មណ្ឌល​គិរី ​បាត់​ដំបង ​កំពង់​ស្ពឺ​និង​ខេត្ត​កំពង់​ចាម។

យ៉ាងណា​ក៏ដោយ​តួលេខ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​គ្រុនចាញ់ចុងក្រោយ​នេះ​ដែល​មាន​ចំនួន​១៨​នាក់​ប្រហែល​ជា​អ្វី​មួយ​ដែល​រដ្ឋាភិបាល​អាច​ថា​ជា​ជោគជ័យ​តាម​គោលដៅ​ដែល​ថា​នឹង​កាត់​បន្ថយ​ចំនួន​អ្នក​ស្លាប់​មក​នៅ​ត្រឹម​០,១ភាគរយ​នៅ​ឆ្នាំ​២០១៥​នេះ​ក្នុង​ចំណោម​ពលរដ្ឋ​១០០.០០០នាក់៕​

XS
SM
MD
LG