ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​កម្ពុជា​ផ្តល់​ក្តីសង្ឃឹម​លើ​មធ្យោបាយ​ដឹកជញ្ជូន​នា​ថ្ងៃ​អនាគត


រថភ្លើងមួយ​កំពុង​ត្រៀម​ចេញ​ដំណើរ​ពី​ស្ថានីយរថភ្លើង​នៅ​ទីក្រុង​ភ្នំពេញ។ (D. de Carteret/VOA)
រថភ្លើងមួយ​កំពុង​ត្រៀម​ចេញ​ដំណើរ​ពី​ស្ថានីយរថភ្លើង​នៅ​ទីក្រុង​ភ្នំពេញ។ (D. de Carteret/VOA)

ខ្សែ​រថភ្លើង​បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​កាលពី​ឆ្នាំ​២០១៣ បាន​ផ្តល់​ជា​ជម្រើស​ដល់​វិស័យ​ដឹក​ជញ្ជូន​របស់​ប្រទេស​កម្ពុជា ​ដែល​កំពុង​ប្រឈម​នឹង​ផល​វិបាក​ខាង​វិស័យហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ ដើម្បី​តាម​ឲ្យ​ទាន់​កំណើន​សេដ្ឋ​កិច្ច​របស់​ប្រទេស។​

រយៈ​ពេល​ជិត​១៣​ឆ្នាំ​ ចាប់​តាំង​ពី​រថ​ភ្លើង​ដឹក​អ្នក​ដំណើរ​ចុង​ក្រោយ​ចេញ​ដំណើរ​ពី​ស្ថានីយ៍​ទីក្រុង​ភ្នំពេញ​ បន្ទាប់​ពី​ធ្វើ​ការ​ជួស​ជុល​ខ្សែ​រថភ្លើង​ទៅ​ភាគ​ខាង​ត្បូង​ប្រទេស​ ដែល​ចាស់​ទ្រុឌ​ទ្រោម​អស់​រយៈពេលជា​ច្រើន​ឆ្នាំ​មក​ខ្សែ​រថ​ភ្លើង​នេះ​ក៏​ត្រូវ​ដាក់​ឲ្យ​ដំណើរ​ការ​វិញ។ ​

អ្នក​ដំណើរ​ដែល​អន្ទះ​សារ​ចង់​ជិះ​រថភ្លើង​ប្រមាណ​១៧០​នាក់​ បាន​ឡើង​ជិះ​រថភ្លើង កាលពី​ថ្ងៃ​សៅរ៍​វេលា​ម៉ោង​៧​ព្រឹក ​ដើម្បី​ផ្តិត​យក​ទស្សនីយ៍ភាព​តាមរយៈ​ការ​ធ្វើ​ដំណើរ​តាម​រថភ្លើង​លើក​ដំបូង​ឆ្ពោះ​ទៅ​កាន់​ក្រុង​ព្រះ​សីហនុ។​

អ្នក​ដំណើរ​លោក រដ្ឋ​ ពុធសេរី ​បាន​និយាយ​ទាំង​ក្តី​រីករាយ​ថា៖

«ខ្ញុំ​គិត​ថា វា​ជា​យាន​ជំនិះ​មួយ​ដែល​អាច​ជំនួស​ការ​ធ្វើ​ដំ​ណើរ​តាម​រថយន្ត​ក្រុង ​រថយន្ត​ផ្ទាល់​ខ្លួន ឬ​តាម​យន្តហោះ។ ខ្ញុំ​គិត​ថា ​ជិះ​រថភ្លើង​មាន​សុវត្ថិភាព​ជាង​ជិះ​ឡាន»។​

ការ​ចេញ​ដំណើរ​លើក​ដំបូង​ក្នុង​រយៈពេល​ប្រតិបត្តិ​ការ​សាកល្បង​១សបា្តហ៍​របស់​ក្រុមហ៊ុន​អយស្ម័យ​យាន​ រ៉ូយាល​ (Royal Railway) ​ដោយ​សង្ឃឹម​ថា​ នឹង​អាច​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ដំណើរ​ដើម្បី​អាច​ឈាន​ទៅ​បើក​សេវាកម្ម​ចេញ​ដំណើរ​ប្រចាំ​ថ្ងៃ​បាន។

ក្នុង​ខណៈ​ពេល​ដែល​សំបុត្រ​ត្រូវ​បាន​លក់​ដាច់​ទាំង​អស់​ក្នុង​ការ​ចេញ​ដំណើរ​ចម្ងាយ​២៦៦​គីឡូម៉ែត្រ​នេះ​ ជា​ការ​បោះ​ជំហាន​ដ៏​ខ្លី​មួយ​ដើ​ម្បី​ឈាន​ទៅ​បម្រើវិស័យ​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា។ ខ្សែ​រថភ្លើង​បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​កាលពី​ឆ្នាំ​២០១៣ បាន​ផ្តល់​ជា​ជម្រើស​ដល់​វិស័យ​ដឹក​ជញ្ជូន​របស់​ប្រទេស​កម្ពុជា ​ដែល​កំពុង​ប្រឈម​នឹង​ផល​វិបាក​ខាង​វិស័យហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ ដើម្បី​តាម​ឲ្យ​ទាន់​កំណើន​សេដ្ឋ​កិច្ច​របស់​ប្រទេស។​

ផល​វិបាក​ក្នុង​ការ​រក្សា​អត្រា​កំណើន​សេដ្ឋ​កិច្ច​ឲ្យ​នៅ​ដដែល

អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​ហើយ ​ដែល​កំណើន​សេដ្ឋកិច្ច​កម្ពុជា​បាន​កើន​ឡើង​ជា​មធ្យម​ជិត៧​ភាគរយ​ក្នុង​១ឆ្នាំ។

ផែន​ការ​ពង្រីក​កំពង់​ផែ​ភ្នំពេញ​ និង​កំពង់​ផែ​ក្រុង​ព្រះសីហនុ​ កំពុង​ដំណើរ​ការ។ ព្រលាន​យន្តហោះ​នៅ​ក្នុង​រាជធានី​បាន​សង់​ពង្រីក​បន្ថែម​នា​ពេល​ថ្មីៗ​នេះ ​ហើយ​ផ្លូវ​ថ្នល់​មួយ​ចំនួន​ត្រូវ​បាន​កំពុង​អភិវឌ្ឍ​និង​ស្ថាបនា​ឡើង​វិញ​ជា​ប្រ​ចាំ​ នៅ​តាម​តំបន់​អាទិភាព​មួយ​ចំនួន​ដែល​កំណត់​ដោយ​រដ្ឋាភិបាល។​

អ្នក​ធ្វើដំណើរផ្តិត​យក​រូបភាពរបស់​រថភ្លើង​ក្នុង​អំឡុងឈប់សម្រាក​នៅ​ស្ថានីយ​ខេត្តកំពត។ (D. de Carteret/VOA)
អ្នក​ធ្វើដំណើរផ្តិត​យក​រូបភាពរបស់​រថភ្លើង​ក្នុង​អំឡុងឈប់សម្រាក​នៅ​ស្ថានីយ​ខេត្តកំពត។ (D. de Carteret/VOA)

ក្រុម​អ្នក​ជំនាញ​បាន​ថ្លែង​ថា​ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ​ក៏​ការ​ស្វែង​រក​ថវិកា​ដើម្បី​អភិវឌ្ឍ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ ​ដើម្បី​គាំទ្រ​ដល់​ការ​ធ្វើ​ពាណិជ្ជកម្មនៅ​ទសវត្សរ៍​ខាង​មុខ​នេះ​ គឺ​ជា​ឧបសគ្គ​មួយ។

តាមរយៈ​របាយការណ៍​មួយ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​សម្រាប់​អាស៊ាន ​និង​អាស៊ី​អាគ្នេយ៍ ​ដែល​មាន​ទី​តាំង​នៅ​ក្នុង​ទី​ក្រុង​ហ្សា​កា​តា​ថា ​ប្រទេស​កម្ពុជា​ត្រូវការ​ថវិកា​ពី​១៣​ពាន់​លាន​ដុល្លារ​ទៅ​១៦​ពាន់​លាន​ដុល្លារ​សម្រាប់វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ ​ដែល​ចាប់​ពី​ផ្លូវ​ថ្នល់ ផ្លូវ​រថភ្លើង​រហូត​ដល់​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ និង​កំពង់ផែ ​ប្រសិន​បើ​កម្ពុជា​ចង់​តាម​ឲ្យ​ទាន់​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​បាន។

តាមរយៈ​ការ​ជំរុញ​នាំ​ចេញ​ផលិតផល​វិស័យ​កាត់ដេរ​ និង​អង្ករ​ទៅ​កាន់​ពិភពលោក ​ព្រម​ទាំង​ការ​នាំ​ចូល​រថយន្ត​ថ្មី​ដែល​ជា​តម្រូវការ​របស់​ប្រជាជន​មាន​ជីវភាព​មធ្យម កំពង់ផែ​ភ្នំ​ពេញ​បាន​កើន​ឡើង​ការ​ដឹក​ជញ្ជូន​ទំនិញ​ផ្លូវ​ដែក​ពី​រាជធានី​ទៅ​កំពង់ផែ​ក្រុង​ព្រះ​សីហនុ​ពី​៥០កុង​តឺ​ន័រ ​ដែល​នេះ​ជា​ចំនួន​នៅ​ពេល​ចាប់​ផ្តើម​ដំណើរការ​ដំបូង​កាល​ពី​៣​ឆ្នាំ​មុន ​ដែល​ឥឡូវ​នេះ​មាន​ជាង​២៥០០​កុង​តឺន័រ​ក្នុង​១ខែ។

លោក John Giury ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អយស្ម័យ​យាន រ៉ូ​យាល (Royal Railway) មាន​ប្រសាសន៍​ថា​ ក្នុង​១ថ្ងៃ​មាន​រថភ្លើង​ចេញ​ដំណើរពី​២​ទៅ​៤រថ​ភ្លើង​អាស្រ័យ​តាម​តម្រូវ​ការ៖​«អាជីវកម្ម​កំពុង​រីក​លូតលាស់​នេះ​ជា​អ្វី​ដែល​យើង​ផ្តល់​ឲ្យ​ប្រជាជន​ គឺ​ការ​ធ្វើ​ដំណើរ​ប្រកប​ដោយ​សុវត្ថិភាព​ និង​មាន​ការ​ជឿទុក​ចិត្ត​លើស​ពី​នេះ​ទៀត​នោះ ដូចជា​ការ​គ្មាន​ចោរ​នៅ​ក្នុង​រថ​ភ្លើង​របស់​យើង»។

លោក​បន្ថែម​ថា «ពេល​មនុស្ស​ទម្លាប់​ជិះ​រថភ្លើង ​នោះ​អាជីវកម្ម​នឹង​បន្ត​រីក​ចម្រើន»។

ផល​វិបាក​ផ្នែក​ដឹក​ជញ្ជូន

ក្រុម​អ្នក​ជំនាញ​និយាយ​ថា ​នៅ​មាន​ការងារ​ច្រើន​ណាស់​ដែល​ត្រូវ​ធ្វើ​ ក្នុង​ការ​បញ្ចុះ​តម្លៃ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​គ្រប់​ប្រភេទ​មិន​ថា​តាម​ផ្លូវ​ទឹក ផ្លូវ​គោក​ ផ្លូវ​ដែក ​ឬ​សូម្បី​តាម​ផ្លូវ​អា​កាស។ តាម​រយៈ​ការ​ថ្លែង​របស់​ធនាគារ​ពិភពលោក​ថា​ ខណៈ​ពេល​ដែល​មាន​ការ​កាត់​បន្ថយ​ពេល​វេលា​រៀបចំ​ឯកសារ​នៅ​ឯ​នាយក​ដ្ឋានគយ ​កម្ពុជា​នៅ​មាន​ភាព​ខ្សោយ​ខាង​វិស័យ​ដឹក​ជញ្ជូន​ ដែល​ធ្វើ​ឲ្យ​តម្លៃ​នៃ​ការ​នាំ​ចេញ​ខ្ពស់​ជាង​ប្រទេស​ជិត​ខាង ​ដូចជា​ប្រទេស​ថៃ​ និង​វៀតណាម​ដល់​ទៅ​៣០ភាគរយ។

លោក​ Van David ​ប្រធាន​ក្រុម​ហ៊ុន​ Bower ​Group ​Asia ​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​ប្រឹក្សា​ផ្នែក​អាជីវកម្ម​ គឺ​ជា​អ្នក​ដើរ​តួ​យ៉ាង​សកម្ម​ក្នុង​វិស័យ​ស្រូវ​ អង្ករ ​និង​ឧស្សាហកម្ម​កាត់ដេរ ​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មក​ហើយ​នោះ​ បាន​មាន​ប្រសាសន៍​ថា ​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវ​ទឹក​ត្រូវ​បាន​កំពុង​ប្រើ​ប្រាស់​មិន​ទាន់​អស់​លទ្ធភាព​ និង​មាន​អាជីវកម្ម​តិចតួច​ណាស់​ក្នុង​វិស័យ​ដឹក​ជញ្ជូន។

លោក​បាន​បន្ថែម​ថា ​រដ្ឋាភិបាល​ចាំ​បាច់​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ផ្នែក​ហិរញ្ញវត្ថុ ​ដូច​ជា​ការ​លើក​លែង​ពន្ធ និង​ការ​លើក​លែង​ពន្ធ​រយៈពេល​ខ្លី​ ដើ​ម្បី​ទាក់​ទាញ​ក្រុម​អ្នក​វិនិយោគ។

«ដើម្បី​ទាក់​ទាញ​អ្នក​វិនិយោគ​ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ឲ្យ​មក​វិនិយោគ​លើ​វិស័យ​ធំៗ​ទាំង​នេះ​ ដូចជា​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ​ វា​គួរតែ​ត្រឡប់​ទៅ​សួរ​សំណួរ​ដ​ដែល​ៗ​ឡើង​វិញ ​ដែល​តែង​តែ​ចោទ​សួរ​ដោយ​ក្រុម​អ្នក​វិនិយោគ​ថា៖ តើ​រដ្ឋាភិបាល​ផ្តល់​ការ​លើក​ទឹក​ចិត្ត​សារពើពន្ធ​អ្វី​ខ្លះ​ដល់​ខ្ញុំ?»។

សកម្មភាព​របស់​រដ្ឋា​ភិ​បាល

ក្នុង​ពេល​ដែល​ប្រទេស​ជាតិ​កំពុង​ប្រែ​ខ្លួន​ក្លាយ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម ​ការងារ​សំខាន់​ដើម្បី​ទាក់​ទាញ​ជំនួយ​សម្រាប់​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ត្រូវ​បាន​កាត់​បន្ថយ។

លោក​ ម៉ី កល្យាណ ​សេដ្ឋកិច្ចវិទូ​ និង​ជា​ទី​បឹ្រក្សា​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​មាន​ប្រសាសន៍​ថា ​រដ្ឋាភិបាល​បាន​មើល​ឃើញ​ប្រភព​មូល​និធិថ្មី ​តាមរយៈ​ការ​សុំ​ជំនួ​យ​ពី​ធនាគារ​ដែល​ទើប​បង្កើត​ថ្មី​គឺ​ធនាគារ​វិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​អា​ស៊ី(AIIB) ​ដើម្បី​រៀប​ចំ​គម្រោង​បោះពុម្ព​លក់​មូល​ប័ត្រ​បំណុល​របស់​រដ្ឋាភិបាល​នៅ​ថ្ងៃ​អនាគត។

ទំនិញត្រូវបានដឹកជញ្ជូនដាក់លើ​កប៉ាល់ដឹក​ទំនិញ​មួយ​នៅ​កំពង់ផែក្រុង​ព្រះសីហនុ។ (D. de Carteret/VOA)
ទំនិញត្រូវបានដឹកជញ្ជូនដាក់លើ​កប៉ាល់ដឹក​ទំនិញ​មួយ​នៅ​កំពង់ផែក្រុង​ព្រះសីហនុ។ (D. de Carteret/VOA)

រដ្ឋាភិបាល​ក៏​កំពុង​ធ្វើការ​ដើ​ម្បី​លើក​ជំហរ​របស់​ខ្លួន​ ក្នុង​ចំណោម​អ្នក​វិនិយោគ​លើ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទាំង​ឡាយ​ ដោយ​បង្កើត​គោល​នយោបាយ​ភាព​ជា​ដៃ​គូ​រវាង​រដ្ឋ ​និង​ស័យឯក​ជន(PPP)។ កិច្ច​សន្យា​ទាំង​នេះ​មាន​លក្ខណៈ​ខុសៗ​គ្នា​ពី​គម្រោង​មួយ​ទៅ​គម្រោង​មួយ​ទៀត ​ប៉ុន្តែ​ជា​ទូទៅ​មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រៀប​ចំ​របស់​វិស័យ​ឯកជន​ និង​ប្រតិបត្តិការ​ទាំង​ឡាយ​ចាប់​ពី​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី ​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​ថ្នល់​ ឬ​ផ្លូវ​រថភ្លើង​ ដែល​មាន​លក្ខណៈ​យូរ​អង្វែង។​

ចាប់​តាំង​ពី​ទសវត្សរ៍​១៩៩០​មក ​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​គោល​ន​យោបាយ​ភាព​ជា​ដៃគូ​រវាង​រដ្ឋ ​និង​ស័យ​ឯកជន(PPP)​ ភាគ​ច្រើន​នៅ​ក្នុង​វិស័យ​ថាមពល​ ដូច​ជា​ធ្វើ​ទំ​នប់​វារី​អគ្គិសនី ​និង​រោងចក្រ​ធ្យូងថ្ម ​បើ​ទោះ​បី​ជា​គម្រោង​ទាំង​នេះ​ត្រូវ​បាន​ចរចា​ស្ងាត់ៗ​ក៏​ដោយ។

លោក​ ម៉ី កល្យាណ​ បាន​បន្ថែម​ថា​ តាមរយៈ​ការ​ឈ្នះ​ឆ្នោត​ដោយ​សំឡេង​តិចតួច​ក្នុងឆ្នាំ​២០១៣​មក​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​ស្គាល់​ថា​ អ្នក​បោះឆ្នោត​រំពឹង​ថា​ មាន​ការ​អភិវឌ្ឍ​ច្រើន​ជាង​នេះ។​

លោក​បន្ត​ទៀត​ថា​ រដ្ឋាភិបាល​ត្រូវ​តែ​បើក​ទូលាយ​ ដើម្បី​ទាក់​ទាញ​លើ​ការ​ទុក​ចិត្ត​ពី​វិស័យ​ឯកជន ​និង​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​អ្នក​វិនិយោគ​ ជួយ​គាំ​ទ្រ​ដល់​ការ​រីក​ចម្រើន​ដើម្បី​បង្កើន​ជីវភាព​រស់​នៅ​របស់​ប្រជាជន​កម្ពុជា​ឲ្យ​ប្រសើរ​ឡើង​ជា​រៀង​រាល់​ថ្ងៃ។

«កិច្ចសន្យា​នៃ​ភាព​ជា​ដៃ​គូ​រវាង​រដ្ឋ​ និង​វិស័យ​ឯកជន​ (PPP)​ ត្រូវ​តែ​ចរចា​ក្នុង​លក្ខណៈ​តម្លា​ភាព ​ហើយ​ក្នុង​នោះ​យើង​ត្រូវ​ការ​ស្ថាប័ន​មួយ​ដែល​មាន​សមត្ថភាព​ មាន​ភាព​ស្មោះត្រង់​ និង​ចេះ​ធ្វើ​ការ​រួម​គ្នា។​ ខ្ញុំ​ច្បាស់​ណាស់​ថា​ យើង​ពិត​ជា​អាច​ធ្វើ​បាន‍»។

ប្រែ​សម្រួល​ដោយ​អ្នកស្រី ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG