បរិស្ថាន

ឡាវ​ចាប់​ផ្តើម​សង់​ទំនប់​វារីអគ្គិសនី​ទោះ​បី​មានការ​រិះគន់​ពីអ្នក​បរិស្ថាន

រូបគំរូទំនប់​សាយ៉ាប៊ុរី នៅ⁣ប្រទេសឡាវ
រូបគំរូទំនប់​សាយ៉ាប៊ុរី នៅ⁣ប្រទេសឡាវ
កែប្រែ​​​ទំហំ​​​អក្សរ - +
Ron Corben
បាងកក៖ ពិធី​សម្ពោធ​បើក​ការ​សាង​សង់​ទំនប់វារីអគ្គិសនី​ដ៏​ចម្រូង​ចម្រាស់​ដែល​មាន​តម្លៃ​៣ពាន់​៥​រយ​លាន​ដុល្លា​ត្រូវ​បាន​ប្រារព្ធ​នៅទន្លេ​មេគង្គ។ ក្រុម​ការពារ​បរិស្ថាន​នៅ​ប្រទេស​ជិត​ខាង និង​សហរដ្ឋ​អាមេរិក​បាន​លើក​ឡើងការ​ព្រួយ​បារម្ភ​ចំពោះផលប៉ះពាល់​នៃ​គម្រោងនេះ​លើ​មនុស្ស​រាប់លាន​នាក់​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។
 
ការ​សាងសង់​ទំនប់​សាយ៉ាប៊ុរីនឹង​ចាប់​ដំណើរ​ការ​ទោះ​បី​ជា​មាន​ការ​រិះគន់​ចំពោះ​ផលប៉ះពាល់​របស់​វា​លើ​ប្រព័ន្ធ​ទន្លេ​មេគង្គ​ក្រោមជា​ពិសេសពី​ប្រទេស​កម្ពុជា​ និង​វៀតណាម​ក៏​ដោយ។ 

នៅ​ឯ​ពិធី​សម្ពោធ​បើ​កការ​សាងសង់កាល​ពី​ថ្ងៃពុធ ឧបនាយក​រដ្ឋ​មន្ត្រី​ឡាវ លោក សានសាវ៉ាដ ឡេងសាវ៉ាត (Sarnsawad Lengsawat) និយាយថា ឡាវ​បាន​ពិចារណា​ទស្សនៈ​របស់​ប្រទេស​ដទៃ​ ហើយ​សម្រេច​ដំណើរ​ការ​សាងសង់។ ទំនប់​វារីអគ្គិសនី​ត្រូវ​បាន​កំណត់​បញ្ចប់​នៅ​ឆ្នាំ២០១៩។ 

ទំនប់នេះ​គឺ​ជា​ទំនប់​វារីអគ្គិសនី​មួយ​ក្នុង​ចំណោម​ទំនប់ចំនួនរហូត​ដល់១០​ដែល​នឹង​ត្រូវ​បាន​សាងនៅ​ផ្នែក​ខាង​ក្រោម​នៃ​ទន្លេ​មេគង្គដែ​លមាន​ប្រវែង​៤.៣០០​គីឡូម៉ែត្រ​ដែល​ហូរ​កាត់​ប្រទេស​ថៃ ឡាវ កម្ពុជា និងដី​សណ្តវៀតណាម ចុះ​ទៅ​សមុទ្រ​ចិន​ខាង​ត្បូង។ 

អ្នក​បរិស្ថាន​មាន​ការ​ព្រួយ​បារម្ភ​ថា​ ផលប៉ះពាល់​រយៈពេល​វែង​នៃ​ទំនប់​នឹង​រាំង​ស្ទះ​ដល់​ដំណើរ​ផ្លាស់​ទី​របស់​ត្រី​ ដែល​នឹង​មាន​ផល​ប៉ះពាល់​ដល់​ជីវភាពរបស់មនុស្ស​រហូត​ដល់​៦០​លាន​នាក់។ 

ប៉ុន្តែ​លោក​សមគន់ វ៉ាតាគីគុល (Somkuan Watakeekul) ដែល​ជា​វិស្វករ​នៅ​ក្រុមហ៊ុន​ថាមពល​អាស៊ី​អាគេ្នយ៍ (South East Asia Energy Limited) មាន​ប្រសាសន៍​ថា ទំនប់​នេះ​នឹង​ផ្តល់​ប្រយោជន៍​ដល់​តំបន់។ 

«ទាំង​ទឹកសម្រាប់​បរិភោគ កសិកម្ម នេសាទ និង​ទាំង​ការ​ដឹកជញ្ជូន គ្រប់​ៗគ្នា​នឹង​ទទួល​ប្រយោជន៍​ពី​គម្រោង​នេះ។ លោក​មាន​ប្រសាសន៍​ថា ប្រយោជន៍​ចម្បង​នោះ​គឺ​ការ​ផលិត​ថាមពល ជំនួយ​ដល់​សហគមន៍​ក្រីក្ររបស់​ឡាវ និង​ការ​រីកចម្រើន​និង​អភិវឌ្ឍ​ក្នុង​តំបន់»។ 

ពិធីសម្ពោធ​បើក​ការ​សាងសង់​ត្រូវ​បាន​ធ្វើ​ឡើង​ទោះ​បី​ជា​នាយក​រដ្ឋ​មន្ត្រី​ឡាវ លោក​ថុងស៊ីង ថាម្មាវង់ (Thongsing Thammavong) មុននេះ​ បាន​មាន​ប្រសាសន៍​ថា គម្រោង​នេះ​នឹង​រង់​ចាំ​ការសិក្សា​បន្ថែម។ 
មន្ត្រី​ម្នាក់​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ​ ដែល​ជា​គណៈកម្មការ​មួយ​ត្រូត​ពិនិត្យ​កិច្ច​សហប្រតិបត្តិការ​រវាង​ឡាវ ថៃ កម្ពុជា​ និង​វៀតណាមស្តី​ពី​គម្រោង​ទន្លេ​ បាន​ប្រាប់​វីអូអេ​ថា គណៈកម្មការ​ស្វះស្វែង​រក​ការ​បញ្ជាក់​ពី​សំណាក់​គណៈប្រតិភូ​ឡាវ ថា​តើ​ពិធី​នេះ​គឺ​ជា​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​របស់​ឡាវ​ក្នុង​ការ​ចាប់​ផ្តើម​ដំណើរ​ការ​គម្រោង​នេះ​ឬ​យ៉ាង​ណា។ នៅ​ឆ្នាំ​២០១១ រដ្ឋាភិបាល​ឡាវ​យល់​ព្រម​ផ្អាក​គម្រោង​រហូត​ដល់មាន​ការ​វាយ​តម្លៃ​ផ្នែក​បរិស្ថាន​បន្ថែម​ទៀត។ 
 
សហរដ្ឋ​អាមេរិក​ នៅ​សប្តាហ៍​នេះ បាន​និយាយ​ដោយ​ប្រយ័ត្ន​ប្រយែង​អំពី​ដំណើរការគម្រោងសាងសង់​នេះ ដោយ​បាន​ថ្លែង​ថា ​វិសាលភាព​ និង​ភាព​ធ្ងន់​ធ្ងរ​នៃ​ផលប៉ះពាល់​លើ​ប្រព័ន្ធ​បរិស្ថាន​ដែល​ផ្តល់​សន្តិសុខស្បៀង​អាហារ និងជីវភាព​នៅ​ក្នុង​តំបន់​មិន​ទាន់​មាន​អ្នក​ណា​ដឹង​បាន​នៅ​ឡើយ។ 

សកម្ម​ជន លោក​ស្រី​ ភានផន ឌីតេស (Pianporn Deetes) ​នៃ​អង្គការ​ទន្លេ​អន្តរជាតិ​ (International Rivers), ថ្លែងថា ពិធីសម្ពោធ​នេះ​គូស​បញ្ជាក់​ក្តី​ព្រួយ​កង្វល់​អំពី​តម្លាភាព​ជុំវិញ​គម្រោង។ 

«អ្វីដែល​កើត​ឡើង​ចំពោះ​ភាព​មិន​ច្បាស់​លាស់​នេះ​គឺ​ឆ្លុះ​បញ្ចាំង​រឿង​ទំនប់​សាយ៉ាប៊ុរី​ទាំងមូល​ ដែល​ខ្វះ​តម្លាភាព។ យើង​មិន​ដឹង​អំពី​អ្វី​ដែល​កើត​ឡើង។ យើង​មិនដឹង​ព័ត៌មាន​អ្វីទាំង​អស់ ហើយ​មាន​តែ​អ្នក​សាងសង់​ទេ​ដែល​ដឹង​ ដែល​អ្នក​សង់​នោះ​គឺ​ជា​ក្រុម​ហ៊ុន​ឯងជន​ថៃ ហើយ​មន្រ្តី​ជាន់​ខ្ពស់​ឡាវ​មួយ​ក្តាប់​តូចជា​អ្នក​ធ្វើ​សេចក្តី​សម្រេច​ចិត្ត និង​មានពត៌មាន»។

ក្រោម​កិច្ច​ព្រមព្រៀង​រួម​រវាង​ឡាវ និង​ថៃ ៩៥ភាគរយ​នៃ​អគ្គិសនី​ដែល​ទំនប់​នេះ​ផលិត​នឹង​ត្រូវ​លក់​ទៅ​ឲ្យ​ប្រទេស​ថៃ។ កាល​ពីដើម​សប្តាហ៍​នេះ លោក ស៊ុរ៉ាភុង ថូវីឆាកឆៃគុល (Surapong Tovichakchaikul) បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គាំទ្រការ​អនុវត្ត​គម្រោង​សាងសង់​នេះ។ ប៉ុន្តែ​ទាំង​កម្ពុជា ទាំងវៀតណាម​បង្ហាញ​ពី​ការ​ជំទាស់។ វៀតណាម​កំពុង​អំពាវនាវ​ឲ្យ​មាន​ការ​ផ្អាក​ចំនួន​១០​ឆ្នាំសម្រាប់​គ្រប់​គម្រោង​ទាំង​អស់​នៅ​ទន្លេ​មេគង្គ។ 
 
សរសេរ​សម្រួល​ដោយ ​អ៊ឹម សុធារិទ្ធ

វីដេអូ​​​ខ្មែរ

Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
វីដេអូ

វីដេអូ គ្រួសារ​ជនរងគ្រោះ​និង​សហជីព​ចង់​បាន​ការ​ធានា​សុវត្ថិភាព​ដល់​កម្មករ 

បន្ទាប់​ពី​ឧប្បទេវហេតុ​បាក់​ធ្លាក់​ពិដាន​ឡៅតឿ​នៃ​រោងចក្រ​មួយ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ សមាជិក​ក្រុម​គ្រួសារ​ជន​រងគ្រោះ និង​តំណាង​សហជីព​ការងារ​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឲ្យ​ធានា​សុវត្ថិភាព​ការងារ​របស់​ក្រុម​កម្មករ ដែល​កំពុង​ធ្វើការ​ក្នុង​រោងចក្រ​កាត់​ដេរ​នៅ​ទូទាំង​ប្រទេស។​ លោក សាយ មុន្នី នៃ​វីអូអេ ​រាយការណ៍​អំពី​រឿងនេះ​ពី​ខេត្ត​តាកែវ​ដូច​តទៅ៖