ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​គូ​ជម្លោះ​ទូល​ថ្វាយ​ព្រះមហាក្សត្រ​ពី​ការ​បញ្ចប់​ការ​ជាប់​គាំង​នយោបាយ


ព្រះមហាក្សត្រ​​សម្តេច​ព្រះ​ នរោត្តម​ សីហមុនី ត្រូវ​ស្វាគមន៍​ដោយ​មន្ត្រី​រដ្ឋាភិបាល​និង​មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​អាកាសយានដ្ឋាន​​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១១​ ខែ​កញ្ញា ឆ្នាំ​២០១៣។
ព្រះមហាក្សត្រ​​សម្តេច​ព្រះ​ នរោត្តម​ សីហមុនី ត្រូវ​ស្វាគមន៍​ដោយ​មន្ត្រី​រដ្ឋាភិបាល​និង​មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​អាកាសយានដ្ឋាន​​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១១​ ខែ​កញ្ញា ឆ្នាំ​២០១៣។

ព្រះមហាក្សត្រ​នៃ​ប្រទេស​កម្ពុជា​បាន​ប្រទាន​ពរ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​ជម្លោះ​ដ៏​រ៉ាំ​រ៉ៃ​នឹង​គ្នា​ឱ្យទទួល​បាន​ជោគ​ជ័យ​ក្នុង​បុព្វហេតុ​ដឹកនាំ​ប្រទេស​បន្ទាប់​ពី​គណបក្ស​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា​បញ្ចប់​វិបត្តិ​នយោបាយ​ដែល​បាន​អូស​បន្លាយ​អស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​ក្រោយ​ការ​បោះ​ឆ្នោត។​

គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ដោយ​លោក​ សម រង្ស៊ី​ ដែល​មាន​ភាគី​ម្ខាងៗ​ចំនួន​បី​នាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ក្រាប​បង្គំ​គាល់​ព្រះ​មហាក្សត្រ​ក្នុង​ព្រះ​បរមរាជវាំង​ដើម្បី​ទូល​ថ្វាយ​ពី​លទ្ធផល​ក្រោយ​ពី​ជំនួប​កាល​ពី​ថ្ងៃ​អង្គារ។​

នៅ​ខាង​ក្រៅ​បរិវេណ​ព្រះ​បរមរាជវាំង​មាន​ការ​រឹត​បន្តឹង​សន្តិសុខ​យ៉ាង​មាំ​ទាំ​ក្នុង​ខណៈ​ពេល​ដែល​មេដឹក​នាំ​គូ​ជម្លោះ​ទាំង​ពីរបាន​ដឹក​ដៃ​គ្នា​ក្រាប​បង្គំ​គាល់​ព្រះ​មហាក្សត្រ។​

លោក​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ខាង​គណបក្ស​ប្រជាជន​កម្ពុជា​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ជាមួយ​អ្នក​កាសែត​ដែល​ឈរ​ចាំ​ប្រមាញ់​ព័ត៌មាននៅ​ខាង​ក្រៅ​ព្រះបរមរាជវាំង​ទេ។​ ក៏ប៉ុន្តែ​លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា​ជំនួប​ប្រព្រឹត្ត​ទៅ​ដោយ​បរិយាកាស​ល្អ។​

លោក​និយាយ​ថា៖ ​«បរិយាកាស​ល្អ​សង្ឃឹម​ច្រើន។ ​លោក​បាន​ប្រទានពរ​ជ័យ​ឱ្យបាន​ជោគជ័យ​ទាំង​អស់​គ្នា»។​

គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ជំនួប​កំពូល​កាល​ពី​ដើម​សប្តាហ៍​នេះ​បាន​ព្រមព្រៀង​គ្នា​ថា​ បញ្ចប់​វិបត្តិ​នយោបាយ​ដ៏រ៉ាំ​រ៉ៃ។ ជា​ថ្នូរ​នឹង​ការ​បញ្ចប់​វិបត្តិ​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​នូវ​មុខ​តំណែង​ក្នុង​ស្ថាប័ន​រដ្ឋសភា​ និង​ព្រឹទ្ធ​សភា។​

គណបក្ស​ទាំង​ពីរ​ក៏​បាន​យល់​ព្រម​ថា​នឹង​កែ​ប្រែ​សមាសភាគ​គ.ជ.ប​តាម​រូប​មន្ត​៤.៤.១​ គឺមាន​ន័យ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ជ្រើស​រើស​សមាសភាព​៤​រូប​ គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៤​រូប​ និង​មួយ​រូប​ផ្សេង​ទៀត​ត្រូវ​ជា​បុគ្គល​ដែល​គណបក្ស​ទាំង​ពីរ​យល់​ព្រម​រួម​គ្នា។​

លោក​ យឹម សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រសាសន៍​ថា​សម្រាប់​សមាសភាព​គ.ជ.ប​ទាំង​៤​រូប​គណបក្ស​សង្គ្រោះ​ជាតិ​ទើប​តែ​ជ្រើស​រើស​លោក​ គួយ ប៊ុនរឿន​ តែ​ម្នាក់​ប៉ុណ្ណោះហើយ​នៅ​សល់​ចំនួន​៣​រូប​ទៀត​គណបក្ស​នឹង​ជ្រើស​ចេញ​ពី​អ្នក​នយោបាយ​ដែល​មាន​បទ​ពិសោធន៍​យូរ​ឆ្នាំ​និង​មក​ពី​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល។​

លោក​បាន​និយាយ​ថា៖ «យើង​នឹង​រើស​ចេញ​ក្នុង​ចំណោម​សង្គម​ស៊ីវិល​ ក្នុង​ចំណោម​ឥស្សរ​ជន​នយោបាយ​ដែល​មាន​គេ​គោរព​ ហើយ​ក្នុង​ចំណោម​សមាជិក​ថ្នាក់​ដឹក​នាំ​គណបក្ស ក៏ប៉ុន្តែ​ថ្នាក់​ដឹក​នាំ​គណបក្ស​ត្រូវ​លាលែង»។​

លោក​ គួយ ប៊ុនរឿន​ សមាជិក​សភាជាប់​ឆ្នោត​មណ្ឌល​ខេត្ត​កំពង់​ចាម​បាន​លាលែង​ពី​សមាជិក​សភា​តំណាង​រាស្ត្រ​ហើយ​ត្រូវ​បាន​គណបក្ស​សង្គ្រោះ​ជាតិ​តែង​តាំង​ជា​សមាសភាព​គ.ជ.ប។ ​ចំណែក​លោក​សម រង្ស៊ី​ត្រូវ​បាន​គណបក្ស​បាន​ជូន​ដំណឹង​ទៅ​គ.ជ.ប​ដោយ​ដាក់​បេក្ខភាព​ជំនួស​លោក​ គួយ ប៊ុនរឿន។​

មក​ទល់​ពេល​នេះ​ទាំង​មុខ​តំណែង​លោក​ សម រង្ស៊ី​ និង​លោក​កឹម សុខា​ នៅ​មិន​ទាន់​បញ្ជាក់​ច្បាស់​នៅ​ឡើយ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ យឹម សុវណ្ណ។​

ក៏ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​គណក្ស​ប្រជាជន​បាន​អះអាង​ថា​ លោក​ កឹម សុខា​ ទំនង​ជា​កាន់​កាប់​មុខ​តំណែង​ជា​អនុ​ប្រធាន​ទី​១​នៃ​រដ្ឋសភា។ ​ក្នុង​ខណៈ​ពេល​ដែល​លោក​ ងួន ញ៉ិល​ អនុប្រធាន​ទី១​នៃ​រដ្ឋសភា​បច្ចុប្បន្ន​ត្រូវ​បាន​គណបក្ស​ប្រជាជន​តែង​តាំង​ជា​ឧបនាយករដ្ឋមន្ត្រី​វិញ៕

XS
SM
MD
LG