ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​សម រង្ស៊ី-កឹម​ សុខា​គ្រោង​សុំ​ចុះ​ឈ្មោះ​នៅ​ថ្ងៃ​ច័ន្ទ


Opposition Leaders Announce Merger in Manila (Cambodia news in Khmer)
Opposition Leaders Announce Merger in Manila (Cambodia news in Khmer)
វ៉ាស៊ីនតោន៖ រយៈ​ពេល​មួយ​ខែ​គត់​ក្រោយ​ពី​គណ​បក្ស​សិទ្ធិ​មនុស្ស​និង​គណ​បក្ស​សម រង្ស៊ី​បាន​សម្រេច​បង្កើត​ចលនា​ប្រជា​ធិបតេយ្យ​សង្គ្រោះ​ជាតិ​នៅ​ទី​ក្រុង​ម៉ានីល​ប្រទេស​ហ្វី​លីពីន​គណបក្ស​ទាំង​ពីរ​បាន​ឈាន​ដល់​មួយ​ជំហាន​ថ្មីទៀត​ក្នុង​ការ​បង្កើត​សមាជិក​ស្ថាបនិក​របស់​គណបក្ស​ចំនួន​៨០​រូប​ដើម្បី​ជ្រើសរើស​គណៈ​កម្មការ​បណ្តោះ​អាសន្ន​នៃ​គណ​បក្ស​សង្គ្រោះ​ជាតិ​សម្រាប់​យក​ទៅ​ចុះ​បញ្ជី​គណបក្ស​នយោ​បាយ​នៅ​ក្រសួង​មហា​ផ្ទៃ។

សមាភាព​គណៈ​កម្មការ​បណ្តោះ​អាសន្ន​នៃ​គណ​បក្ស​សង្គ្រោះ​ជាតិ​មាន​សមាស​ភាព​ចំនួន​៧​រូប​ដែល​បួន​រូប​មក​ពី​គណ​បក្ស​សម រង្ស៊ី​និង​បី​រូប​ផ្សេង​ទៀត​មក​ពី​គណ​បក្ស​សិទ្ធិ​មនុស្ស។​ចំណែក​លោក​សម រង្ស៊ី​ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​គណៈ​កម្មការ​ហើយ​លោក​ប៉ុល ហំម​ ត្រូវ​បាន​តែង​តាំង​ជា​អនុ​ប្រធាន។​

លោក​ប៉ុល ហំម​ អ្នក​នាំ​ពាក្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​វីអូអេ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​គណៈកម្មការ​បណ្តោះ​អាសន្ន​នៃ​គណ​បក្ស​សង្គ្រោះ​ជាតិ​និង​ចុះ​បញ្ជី​នៅ​ក្រសួង​មហា​ផ្ទៃ​នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ​នេះ។​

«​យើង​ចាំ​ស្តាប់​មើល​ថា​តើ​មាន​ប្រតិកម្ម​អី​យ៉ាង​ណា​ហើយ​នៅ​វេលា​ម៉ោង​មួយ​រសៀល​នៅ​ថ្ងៃ​ច័ន្ទ​យើង​នឹង​ធ្វើ​សន្និសីទ​កាសែត​ដោយ​មាន​វត្តមាន​លោក​ប្រធាន​សម រង្ស៊ី​តាម​Video Confernce ​នោះ​ដែរ»។​

ការ​សម្រេច​ឈាន​ដល់​ការ​បង្កើត​សមាសភាព​គណៈ​កម្មការ​បណ្តោះ​អាសន្ន​នៃគណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទី​ស្នាក់​ការ​បណ្តោះ​អាសន្ន​នៃ​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​ទី​តាំង​នៅ​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ​ហើយ​លោក​សម រង្ស៊ី​បាន​ចូល​រួម​តាម​រយៈ​Video Conference ពី​ប្រទេស​បារាំង​ដើម្បី​ស្នើ​សុំ​សំឡេង​គាំ​ទ្រ​ពី​សមាជិក​ស្ថាបនិក​ក្នុង​ការ​តែង​តាំង​លោក​ជា​ប្រធាន​គណៈកម្មការ​បណ្តោះ​អាសន្ន​នេះ។​

លោក​ឧត្តម​សេនីយ​ឯក ខៀវ សុភ័គ​អ្នក​នាំ​ពាក្យ​ក្រសួងមហា​ផ្ទៃ​មិន​អាច​ស្នើ​សុំ​ដើម្បី​ទំនាក់​ទំនង​បាន​ទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

គ​ណ​បក្ស​សិទ្ធិ​មនុស្ស​និង​គណ​បក្ស​សម រង្ស៊ី​បាន​សម្រេច​រួម​គ្នា​បង្កើត​គណ​បក្ស​ថ្មី​មួយ​ឈ្មោះ​គណ​បក្ស​សង្គ្រោះ​ជាតិ​ក៏ប៉ុន្តែ​មិន​ទាន់​បាន​បង្ហាញ​ពី​រូប​សញ្ញា​នៃគណ​បក្ស​ថ្មី​នេះ​នៅ​ឡើយដើម្បី​ចូល​រួម​ការ​ប្រកួត​ប្រជែង​ជា​មួយ​នឹង​គណ​បក្ស​គ្រប់​គ្រង​អំណាច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​នៅ​ថ្ងៃ​បោះ​ឆ្នោត​ជា​សកល​ក្នុង​ខែកក្កដា​ឆ្នាំ​២០១៣​ខាង​មុខ​នេះ។​
មេដឹក​នាំ​នៃ​គណ​បក្ស​ទាំង​ពីរ​ដែល​រួម​មាន​លោក​កឹម សុខា​និង​លោក​សម រង្ស៊ី​បាន​និង​កំពុង​ធ្វើ​យុទ្ធនាការ​ដើម្បី​ឱ្យ​មាន​ការគាំ​ទ្រ​ពី​បរទេស​ក្នុង​ការ​ដាក់​សម្ពាធ​មក​រដ្ឋា​ភិបាល​កម្ពុជា​ឱ្យ​លោក​សម រង្ស៊ី​បាន​វិល​ត្រឡប់​ចូល​មក​កម្ពុជា​វិញដើម្បី​ចូល​រួម​បោះ​ឆ្នោត។​

លោក​សម រង្ស៊ី​ មេដឹក​នាំ​គណ​បក្ស​ប្រឆាំង​និង​ជា​អនាគត​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​បាន​កាត់​ទោស​ឱ្យ​លោក​ជាប់​ពន្ធនាគារ​រយៈ​ពេល​១២​ឆ្នាំ​ពី​បទ​ដក​តម្រុយ​បង្គោល​ព្រំ​ដែន​លេខ​១៨៥​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​វៀតណាម​និង​ញុះញង់​ឱ្យ​មាន​ការ​រើស​អើង​ជាតិ​សាសន៍​ និង​ក្លែង​ឯក​សារ​សា​ធារណៈ។​
លោក​សម​រង្ស៊ី​ ដែល​ពេល​នេះ​កំពុង​និរទេស​នៅ​ក្នុង​ប្រទេស​បារាំង​ត្រូវ​បាន​អ្នក​វិភាគ​ឯ​ក​រាជ្យ​បាន​ដាក់​ក្តី​បារម្មណ៍​ថា​ទំនង​ជា​លោក​សម រង្ស៊ី​មិន​អាច​ឈរ​ឈ្មោះ​ជា​ប្រធាន​គណ​បក្ស​ថ្មី​មួយ​ឈ្មោះ​ថាគណ​បក្ស​សង្គ្រោះ​ជាតិ​នោះ​បានទេ​ដោយ​សារ​តែ​លោកជា​ទណ្ឌិត​បន្ទាប់​ពីតុលាការ​បាន​កាត់​ទោស​កំបាំង​មុខ​រួចមក​៕​
XS
SM
MD
LG