ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការ​បរទេស​ខ្មែរ​នឹង​មក​ប្រជុំ​អ.ស.ប.


លោក ​ហោ ​ណាំហុង​ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​​កាល​ពី​ថ្លែង​នៅ​ក្នុង​​អំឡុង​កិច្ចប្រជុំ​មហា​សន្និបាត​​​ទី​៦៥​របស់​អ.ស.ប.​​ក្នុង​ទីក្រុង​ញូវយ៉ក។
លោក ​ហោ ​ណាំហុង​ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​​កាល​ពី​ថ្លែង​នៅ​ក្នុង​​អំឡុង​កិច្ចប្រជុំ​មហា​សន្និបាត​​​ទី​៦៥​របស់​អ.ស.ប.​​ក្នុង​ទីក្រុង​ញូវយ៉ក។

ប្រមុខ​ការ​ទូត​ជាន់ខ្ពស់​កម្ពុជា​គឺ​លោក ​ហោ ​ណាំហុង​ គ្រោង​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​មហា​សន្និបាត​អ.ស.ប.ក្នុង​ទីក្រុង​ញូវយ៉ក​នៅ​ចុង​ខែ​កញ្ញា​ខាង​មុខ។​ លោក​ហោ ណាំហុង​នឹង​ថ្លែង​ការណ៍​ពី​ស្ថានការណ៍​កម្ពុជា​និង​ស្ថានការណ៍​អន្តរជាតិ​តាម​ទម្លាប់​របស់​ប្រទេស​នីមួយៗ។​

លោក​ឧបនាយករដ្ឋមន្ត្រី​ ហោ ណាំហុង​ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​តំណាង​ឲ្យ​មេដឹកនាំ​ប្រទេស​កម្ពុជា​បាន​ដាក់​គម្រោង​ការ​ចូលរួម​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​នៅ​ឯ​កិច្ច​ប្រជុំ​មហា​សន្និបាត​អ.ស.ប.ប្រចាំឆ្នាំ​ ក្នុង​ទីក្រុង​ញូវយ៉ក​នៅ​ថ្ងៃ​ទី​២៩​ខែ​កញ្ញា​ខាង​មុខ​ ប្រសិន​បើ​គ្មាន​ការ​ប្រែប្រួល​កម្ម​វិធី។​

លោក​ហោ ណាំហុង​នឹង​ថ្លែង​សុន្ទរកថា​របស់​លោក​ទៅ​កាន់​មេដឹកនាំ​ឬ​តំណាង​ប្រទេស​ចំនួន​១៩៣​ក្នុង​កិច្ច​ប្រជុំ​មហា​សន្និបាត​លើក​ទី​៦៩​នៅ​ឆ្នាំ​២០១៤​ ​ដែល​គេផ្តល់​កម្មវិធី​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី២៩​ខែ​កញ្ញា​នោះ។

មន្ត្រី​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អ.ស.ប.ក្នុង​ទីក្រុង​ញូវយ៉ក​ស.រ.អា.បាន​បញ្ជាក់​ពី​ការ​ចូលរួម​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី ​ហោ ណាំហុង​ តែ​ពុំ​បាន​ផ្តល់​ព័ត៌មាន​លម្អិតនោះ​ទេ។​

លោក​ស្រី ​អ៊ារី កានិកុ (Eri Kaneko)​ អ្នក​នាំពាក្យ​រង​របស់​អ.ស.ប.​ក្នុង​ទីក្រុង​ញូវយ៉ក​បាន​ថ្លែង​ប្រាប់​វីអូអេ​ថា៖​ «យោង​តាម​ព័ត៌មាន​ដែល​យើង​បាន​ទទួល​កន្លង​មក​នោះ​ យើង​យល់​ឃើញ​ថា ​លោក​ឧបនាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​នឹង​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​មហា​សន្និបាត ​ហើយ​លោក​នឹង​ផ្តល់​សេចក្តី​ថ្លែង​ការណ៍​នៅ​រសៀល​ថ្ងៃទី​២៩​ ខែ​កញ្ញា»។​

តាម​ទម្លាប់​របស់​ប្រទេស​នីមួយៗ​គឺ​ត្រូវ​គេ​ផ្តល់​ពេល​វេលា​៥​នាទី​ក្នុង​ការ​ថ្លែង ​សុន្ទរក​ថា​អំពី​ស្ថាន​ការណ៍​ក្នុង​ប្រទេស​ផ្ទាល់​ខ្លួន​ ក្តី​បារម្ភ​ និង​គោល​ជំហរ​របស់​ខ្លួន​ទៅ​លើ​បញ្ហា​អន្តរជាតិ​មួយ​ចំនួន​ដែល​បាន​កើត​មាន​ឬ​កំពុង​កើត​មាន ឬ​បញ្ហា​អនាគត​នានា​ដែល​កម្ពុជា​ ​ឬប្រទេស​នានា​ចង់​បាន។​

ប្រទេស​កម្ពុជា​និង​អ.ស.ប.បាន​ធ្វើ​កិច្ចសហ​ប្រតិបត្តិ​ការ​លើ​វិស័យ​ជាច្រើន​ដើម្បី​ជួយ​ដល់​ការ​អភិវឌ្ឍ​ក្នុង​ប្រទេស​កម្ពុជា។​

លោកស្រី ​អ៊ារី កានិកុ ​(Eri Kaneko) ​បាន​ថ្លែង​ថា ​អ.ស.ប.បាន​ជួយ​កម្ពុជា​ក្នុង​ការ​កសាង​សមិទ្ធិផល​នានា​ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ឈាន​ឆ្ពោះ​ទៅ​កាន់​គោល​ដៅ​អភិវឌ្ឍន៍​សហសវត្សរ៍ (MDG) នៅ​ឆ្នាំ​២០១៥។​

«ប្រទេស​កម្ពុជា​កំពុង​ដំណើរការ​ល្អដើម្បី​ឈាន​ទៅ​រក​ការ​សម្រេច​គោល ដៅ​ទាំង​ឡាយ​ រួម​ទាំង​ការ​លុប​បំបាត់​ភាព​ក្រីក្រ​ដ៏ធ្ងន់ធ្ងរ ​ការ​កាត់​បន្ថយ​អត្រា​មរណភាពរបស់​កុមារ ​ហើយ​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​មេរោគ​ហ៊ីវ​ ឬ ​ជំងឺ​អេដស៍»។​

លោក​ស្រី​បញ្ជាក់​ថា ​អ.ស.ប.កំពុង​ជួយ​គាំទ្រ​កម្ពុជា​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ឲ្យ​រដ្ឋាភិបាល​ សង្គម​ស៊ីវិល ​យុវជន ​និង​វិស័យ​ឯកជន​ក្នុង​ការ​កំណត់​អំពី​អាទិភាព​របស់​កម្ពុជា​ និង​ធ្វើការ​រួមគ្នា​នៅ​ក្រោយ​ឆ្នាំ​២០១៥។​

អ.ស.ប.​និង​កម្ពុជា​កំពុង​រៀបចំ​គម្រោងមួយ​ទៀត​ដែល​ចាប់ពី​ឆ្នាំ​២០១៦​ ដល់​ឆ្នាំ​២០១៨​ដែល​នឹង​ធ្វើ​កិច្ចការ​លើ​ការ​អភិវឌ្ឍ​ និង​កំណើន​ជា​និរន្តរ៍ ក៏​ដូច​ជា​អភិបាល​កិច្ច​និង​បញ្ហា​សិទ្ធិ​មនុស្ស​ផង​ដែរ៕

XS
SM
MD
LG