ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ធ្វើ​យុទ្ធ​នាការ​ស្តា​កេរ្តិ៍​ឈ្មោះ ក្រោយ​ពី​បរាជ័យ​របស់​អាស៊ាន


អគ្គលេខាធិការ​អាស៊ាន Surin Pitsuwan (ឆ្វេង) និង​រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូនេស៊ី Marty Natalegawa (ស្តាំ) ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​នៅ​ Nusa Dua កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ថ្ងៃ​ទី​១៩​ខែ​កក្កដា​ឆ្នាំ​២០១១។
អគ្គលេខាធិការ​អាស៊ាន Surin Pitsuwan (ឆ្វេង) និង​រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូនេស៊ី Marty Natalegawa (ស្តាំ) ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​នៅ​ Nusa Dua កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ថ្ងៃ​ទី​១៩​ខែ​កក្កដា​ឆ្នាំ​២០១១។
វ៉ាស៊ីនតោន៖ ក្រោយ​ពី​បរាជ័យ​ជា​លើក​ទីមួយ​ក្នុង​ប្រវត្តិសាស្រ្ត​៤៥​ឆ្នាំ​របស់​អាស៊ាន​ក្រោម​ការ​ដឹកនាំ​របស់​កម្ពុជាដោយ​ខកខាន​ចេញ​សេចក្តី​ប្រកាស​រួម​ហើយ​បាន​ទទួលរង​នូវ​ការ​រិះ​គន់​ជា​អន្តរជាតិ ​ប្រទេស​កម្ពុជា​កំពុង​ធ្វើ​ការងារយ៉ាង​សកម្ម​ដើម្បី​ជួស​ជុល​ការខូច​ខាត​នេះ។

នៅ​ក្នុង​ព្រឹត្តិប័ត្រ​ព័ត៌មាន​ប្រចាំ​សប្តាហ៍​របស់​ស្ថាន​ទូត​កម្ពុជា​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ដែល​វីអូអេ​ទទួល​បាន​នៅ​ថ្ងៃព្រហស្បតិ៍នេះ​មាន​ផ្ទុក​ទៅ​ដោយ​សេចក្តី​បំភ្លឺ​ដែល​ក្រសួង​ការបរទេស​ខ្មែរបាន​ផ្ញើ​ទៅ បណ្តាញ​ព័ត៌មាន​បរទេស​មួយ​ចំនួន​ទាក់​ទង​នឹង​ការខក​ខាន​ចេញ​សេចក្តី​ប្រកាស​រួម​ក្រោយ​ពី​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​ការបរទេស​អាស៊ា​ន​ក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​ដើម​ខែ​នេះ។

កម្ពុជា​បាន​ខិតខំ​បកស្រាយ​តាំង​ពី​បញ្ហា​ខូចក្បាលមេក្រូ​ក្នុង​ពេល​ប្រជុំ​និង​ការសាងសង់​អាគារ​ប្រជុំ​វិមាន​សន្តិភាព​ រហូត​ដល់​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ហើយ​បាន​ដាក់​បន្ទុក​ប្រទេស​វៀតណាម​និង​ប្រទេស​ហ្វីលីពីន​ថា​ជា​អ្នក«បង្វែទិស​»របស់​កិច្ច​ប្រជុំ​និងយក​សេចក្តី​ថ្លែងការណ៍​រួម​ជា​«ចំណាប់​ខ្មាំង​»​របស់​ខ្លួន។

លោកស្រី​យូ អយ ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ​បាន​សរសេរ​បំភ្លឺ​ថា៖
«ប្រទេស​ហ្វីលីពីន​និង​វៀតណាម​បាន​បង្ហាញ​នូវ​ការ​ចង់​យក​សេចក្តី​ប្រកាស​រួម​ធ្វើ​ជា​ចំណាប់​ខ្មាំ​ង​នៃ​ជំហរ​ជាតិ​របស់​គេ​រៀងៗ​ខ្លួន»។

នេះ​បើ​តាម​លិខិត​ដែល​លោក​ស្រី យូ​ អយ​បាន​ផ្ញើ​ទៅ​កាសែតThe Nation បន្ទាប់​ពី​កាសែត​នេះ​បាន​ចុះ​ផ្សាយ​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា«ប្រទេស​កម្ពុជា​បាន​ដាក់​អនាគត​របស់​អាស៊ាន​ក្នុង​ស្ថានភាព​អាក្រក់​មួយ»។​

រី​ឯ​លោក​កុយ គួង​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​បាន​ចោទ​ជា​សំណួរ​ថា​តើ​វៀតណាម​និង​ហ្វីលីពីនមានផែនការ​ធ្វើ​វិទ្ធង្សនា​លើ​កិច្ច​ប្រជុំ​របស់​អាស៊ាន​លើក​ទី ៤៥​ឆ្នាំ​នេះឬ​យ៉ាង​ណាដោយ​សារ​តែ​អ្វី​ដែល​បាន​ព្រម​ព្រៀង​គ្នា​ចំនួន​៦​ចំណុច​នាពេល​ក្រោយ​កិច្ច​ប្រជុំ​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​ស្តាកិត្តិយស​របស់​រដ្ឋ​មន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី​គឺ​ដូច​គ្នា​នឹង​អ្វី​ដែល​កម្ពុជា​បាន​ស្នើ​ឡើង​ក្នុង​ពេល​ប្រជុំ​កន្លង​មក។​

«ប្រការនេះ​ធ្វើ​ឱ្យ​គេ​សង្ស័យ​បាន​ថា​តើ​មាន​ផែនការ​ធ្វើ​វិទ្ធង្សនា​លើ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​អាស៊ាន​លើក​ទី​៤៥​ឬទេ​ព្រោះ ជំហរ​ដដែល​ដែល​ប្រធាន​អាស៊ាន​បាន​ស្នើ​ឡើងមិន​ត្រូវប្រទេស​ទាំងពីរនេះ​ទទួល​យក​»។​

​នេះ​បើ​តាម​លិខិតដែល​ក្រសួង​ការបរទេស​បាន​ផ្ញើ​ទៅ​កាសែត The Phnom Penh Post។ ​
XS
SM
MD
LG