ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​ជំងឺ​អ៊ីបូឡា​ថ្មី​បាន​ធា្លក់​ចុះ​យ៉ាង​ខ្លាំង


បុរស​ម្នាក់​ឆ្លង​មេរោគ​អ៊ីបូឡា​ដេក​នៅ​លើ​ដី​នៅ​ខាង​ក្រៅ​ផ្ទះ​របស់​គាត់​នៅ​ក្នុង​សហគមន៍​ Port Loko ដែល​ស្ថិត​នៅ​ជាយ​ក្រុង Freetown ក្នុង​ប្រទេស​សៀរ៉ាឡែអូន កាលពី​ថ្ងៃអង្គារ ទី២១ ខែតុលា ឆ្នាំ២០១៤។
បុរស​ម្នាក់​ឆ្លង​មេរោគ​អ៊ីបូឡា​ដេក​នៅ​លើ​ដី​នៅ​ខាង​ក្រៅ​ផ្ទះ​របស់​គាត់​នៅ​ក្នុង​សហគមន៍​ Port Loko ដែល​ស្ថិត​នៅ​ជាយ​ក្រុង Freetown ក្នុង​ប្រទេស​សៀរ៉ាឡែអូន កាលពី​ថ្ងៃអង្គារ ទី២១ ខែតុលា ឆ្នាំ២០១៤។

ចំនួន​ករណី​ថ្មីនៃ​ជំងឺ​អ៊ីបូឡា​ (Ebola) ក្នុង​តំបន់​អាហ្វ្រិក​ខាង​លិច​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​កាល​ពី​សប្តាហ៍​មុន​ដែល​កំពុង​បង្កើន​សេចក្តី​សង្ឃឹម​ថា​ការរាល​ដាល​ក្នុង​តំបន់​កំពុង​ចុះ​អន់​ខ្សោយ។

​អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា ​ករណី​អ៊ីបូឡា​ថ្មី​៤៥​ករណី​បាន​ត្រូវ​រាយការណ៍​នៅ​ក្នុង​ប្រទេស​ហ្គីណេ (Guinea) ប្រទេស​លីបេរីយ៉ា​ (Liberia) និង​ប្រទេស​សៀរ៉ាឡែអូន (Sierra Leone) នៅ​ក្នុង​សប្តាហ៍​មួយ​ដែល​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​១៨​ ​ខែមករា។

​៨​ករណី​នៃ​ករណី​ទាំងអស់​នោះ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​លីបេរីយ៉ា​ដែល​នេះ​ជា​ចំណែក​តូចមួយ​នៃ​ចំនួនពី​៣ទៅ​៤រយ​ករណីក្នុង​មួយ​សប្តាហ៍​នៅ​ក្នុង​ខែ​សីហា​និង​ខែ​កញ្ញា។

​១១៧​ករណី​ថ្មី​បាន​ត្រូវ​បញ្ជាក់​នៅ​ក្នុង​ប្រទេស​សៀរ៉ាឡែអូន ​ក៏​ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏ដោយ​ ​អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា ​អ្នក​ជំងឺថ្មី​កំពុង​ធ្លាក់​ចុះ​យ៉ាង​ឆាប់​រហ័ស​។ ​ចំនួន​ថ្មី​ៗ​នេះ​តំណាង​នៃ​ការ​ធ្លាក់​ចុះ​ជាង​៥០​ភាគរយនៅ​ក្នុង​រយៈ​ពេល​សប្តាហ៍​កន្លង​មក​នេះ។

​ក្រុម​មន្រ្តី​អង្គការ​សហប្រជាជាតិ​បាន​ស្វាគមន៍​ការ​ធ្លាក់​ចុះការ​ឆ្លង​នេះ ​ក៏ប៉ុន្តែ​បាន​បញ្ជាក់​ថា ​ត្រូវឃ្លាំមើល​ហើយ​និង​ត្រូវ​រក្សា​វិធានការ​ដែលបាន​ប្រើ​ប្រាស់​នេះ​ដើម្បី​ត្រួតត្រាមេរោគ​អ៊ី​បូឡា។

​លោកស្រី Valerie Amos អ្នក​សម្រប​សម្រួលជំនួយ​សង្គ្រោះ​បន្ទាន់​របស់​អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា ភាព​ព្រងើយ​កន្តើយ​នឹង​ក្លាយ​ជាសត្រូវ​ដ៏​អាក្រក់​បំផុត​របស់​យើង។

​លោកស្រី Amos ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​នៅ​សន្និសីទ​កាសែត​ក្នុង​ទីក្រុង​ Davos នៃ​ប្រទេស​ស្វីស​នៅឯ​វេទិកា​សេដ្ឋ​កិច្ច​សាកលលោក​ឆ្នាំ​២០១៥​នេះ។​ នៅ​ទី​នោះ ​លោកស្រី ​និង​លោក David Nabarro ប្រធាន​ឆ្លើយ​តបជំងឺ​អ៊ីបូឡា​របស់​អង្គការ​សហប្រជាជាតិ​ចាប់​ផ្តើម​ធ្វើ​ការ​អំពាវនាវ​រក​ប្រាក់​១​ពាន់​លាន​ដុល្លារ​ដើម្បី​ផ្តល់​ថវិកា​ដល់​កិច្ច​ខំ​ប្រឹងប្រែង​អន្តរជាតិប្រឆាំង​ជំងឺអ៊ីបូឡា៕

XS
SM
MD
LG