ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មជ្ឈដ្ឋាន​នានា​រង់ចាំ​មើល​សាលក្រម​ដំបូង​សម្រេច​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ពីរ​រូប


នៅ​ក្នុង​ពេល​នេះ​ជន​ជាប់​ចោទ​ នួន ជា​ និង​ខៀវ សំផន ​សុទ្ធ​តែ​មាន​អាយុ​ជាង​៨០​ឆ្នាំម្នាក់។​
នៅ​ក្នុង​ពេល​នេះ​ជន​ជាប់​ចោទ​ នួន ជា​ និង​ខៀវ សំផន ​សុទ្ធ​តែ​មាន​អាយុ​ជាង​៨០​ឆ្នាំម្នាក់។​

គឺ​នៅ​ពេល​រសៀល​មួយ​ លោកជុំ ម៉ី អង្គុយ​នៅ​លើ​កៅអី​ប្លាស្ទីក​មួយ​នៅ​ពី​ក្រោយ​សៀវភៅ​មួយ​ពំនូក​ដែល​ក្រាល​នៅ​ពី​លើ​តុ ក្នុង​បរិវេណ​សារៈមន្ទីរ​ជាតិ​ទួលស្លែង​ដែល​ជា​អតីត​មន្ទីរ​ស២១​ឬ​គុក​ទួលស្លែង។

ទីនេះ​ហើយ​ដែល​រូប​លោក​ត្រូវ​ពួក​ខ្មែរក្រហម​ចាប់​ដាក់​គុក​និង​ធ្វើ​ទារុណកម្ម។ ​មនុស្ស​នៅ​ទី​នេះ​យ៉ាង​តិច​១២.៣៨០​នាក់​ត្រូវ​បាន​ធ្វើ​ទារុណកម្ម​និ​ងសម្លាប់​ចោល។

ប៉ុន្តែ​លោកជុំ ម៉ី ​គឺជា​អ្នកទោស​ដ៏​តិចតួច​បំផុត​ដែល​មាន​សំណាង​នៅ​រស់រាន​មាន​ជីវិត។ ក្នុង​អាយុ​៨២​ឆ្នាំ ​លោកជុំ ម៉ី ​មាន​សក់​ស ​គ្មាន​សល់​និង​ជ្រុះអស់​យ៉ាងច្រើន​ផ្នែក​ខាង​លើ។ ​គាត់​គឺជា​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​មួយ​រូបក្នុង​សំណុំរឿង​០០១ប្រឆាំង​នឹងឌុច​ អតីត​ប្រធាន​គុកទួល​ស្លែង​និង​សំណុំរឿង​០០២​ប្រឆាំង​នឹង​ជនជាប់ចោទ​នួន ជា​ អតីត​ប្រធាន​សភា​ខ្មែរ​ក្រហម​និង​ខៀវ សំផន ​អតីត​ប្រមុខរដ្ឋ។

នៅ​សល់​តែ​ពីរ​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​ពោល​គឺ​នៅ​ថ្ងៃ​ទី​៧​ខែ​សីហា ​ខាងមុខ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​របស់​សាលាក្តី​ខ្មែរក្រហមនឹង​ប្រកាស​សាល​ក្រម​សំណុំរឿង​០០២​វគ្គ​ទី១​ប្រឆាំងនឹងអតីតមេដឹក​នាំ​ជាន់​ខ្ពស់​ខ្មែរក្រហម​ទាំង​ពីរនាក់​ខាង​លើ។

លោកជុំ ម៉ី ​អង្គុយ​សម្លឹង​មើល​ទេសចរ​បរទេស​ដែល​ចេញ​ចូល​ទស្សនា​សារៈមន្ទីរជាតិ​ទួល​ស្លែង​ហាក់​ដូចជា​កំពុង​រង់ចាំ​ការ​ប្រកាស​សាលក្រម​នេះ។

«០០១​កាត់ទោស​ឌុច ​អស់​មួយ​ជីវិត​ខ្ញុំសប្បាយ​ចិត្ត​មែនទែន។ ហើយ​នៅ​សល់​ពីរនាក់​ទៀត។​ បើ​សិន​សាលក្រម​ចេញ​ថ្ងៃ​៧​ខែសីហា​ខ្ញុំសប្បាយ​ចិត្ត​មែនទែន​ដោយសារ​ពិភព​លោក​ទាំង​មូលក៏រង់​ចាំ​ដែរ»។​

ប៉ុន្តែ​អតីត​អ្នកទោស​គុក​ទួលស្លែង​រូប​នេះ​គិត​ថា​សាល​ក្រម​ដែលនឹង​ផ្តល់​យុត្តិធម៌​សម្រាប់​រូបលោក​នោះ​គឺ​ការ​ដាក់ទោស​ជន​ជាប់​ចោទ​នួន ជា​ និង​ខៀវ សំផន​ឲ្យ​ជាប់​គុក​អស់​មួយ​ជីវិត។

«កាល​ណា​សំណុំរឿង​០០២​កាត់​ចប់​នោះ​ហើយ​ជា​យុត្តិធម៌​សម្រាប់​ប្រជាជន​ខ្មែរ។​ យុត្តិធម៌​លុះត្រា​តែ​សាល​ក្រម​០០២​នោះ​ចេញគឺ​នួន ជា​និង​ខៀវ សំផន។ ហើយ​ដាក់​ទោស​អស់​មួយ​ជីវិត​ទើប​បាន​យុត្តិធម៌»។

​នួន ជា ​និង​ខៀវ សំផន ​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ប្រល័យ​ពូជ​សាសន៍ ​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ។ ​បទចោទ​ទាំង​នេះ​ជាប់​ទាក់​ទង​ទៅ​នឹង​ការ​ស្លាប់​និង​ការ​សម្លាប់​ប្រជាពលរដ្ឋ​កម្ពុជា​យ៉ាង​តិច​១,៧​លាន​នាក់​ក្នុង​អំឡុង​ពេល​ដែល​មេដឹក​នាំ​កំពូល​ខ្មែរ​ក្រហម​ទាំងពីរ​បាន​ដឹក​នាំរបប​កម្ពុជា​ប្រជាធិបតេយ្យ​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។

​ការ​កាត់​ទោស​ដំណាក់​កាល​ទី​១​ក្នុង​សំណុំ​រឿង​០០២​នេះ​ផ្តោ​ត​ជា​សំខាន់​ទៅ​លើ​ការ​ជម្លៀស​ប្រជាជន​ដោយ​បង្ខំ​ចេញ​ពី​ទីក្រុង​ភ្នំពេញ​និង​ទី​ប្រជុំជន​ឆ្ពោះ​ទៅ​កាន់​ទីជន​បទ​ដាច់​ស្រយាល។

​ការ​ជម្លៀស​និង​ការ​ជាប់គុក ​សម្រាប់​លោក​ជុំ ម៉ី ​គឺ​ជា​អនុស្សាវរីយ៍​ដែល​មិន​អាច​បំភ្លេច​បាន​ដែល​បន្សល់​ទុក​ដោយ​របប​ដឹក​នាំ​របស់​នួន ជា​និង​ខៀវ សំផន។
ហើយ​នៅ​ពេល​នេះការដាក់​ទោស​លើ​ជនជាប់​ចោទ​ទាំង​ពីរ​រឹតតែ​សំខាន់​សម្រាប់​រូប​លោក​ទៅទៀត។

«រឿង​នៅ​ក្នុង​គុក​ទួល​ស្លែង​នោះ​គឺ​ខ្ញុំ​ចាំ​មិន​អាច​បំភ្លេច​បាន​ទេ។ ហើយ​ការ​ជម្លៀស​ប្រជាជន​ចេញ​ពី​ទី​ក្រុង​ភ្នំពេញ​ក៏​ខ្ញុំ​មិន​អាច​បំភ្លេច​បាន​ដែរ។​ ខ្ញុំ​បំភ្លេច​មិន​បាន​ដោយសារ​ខ្ញុំ​ដេក​ជិតៗ​ខ្មោច​ធុំ​ស្អុយ​ពេញ​ហ្នឹង​កាល​ពីជម្លៀស​ចេញ​ទៅ។ បើ​កាលណា​បាន​សាល​ក្រម​០០២​នោះ​ចេញ ​គឺ​សំខាន់​មែនទែន។​សម្រាប់​ប្រទេស​ដទៃ​សម្រាប់​ប្រជាជន​ខ្មែរ​ទាំងមូល។​ កុំឲ្យគេ​ធ្វើ​ដូច​របប​៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ​នោះ​ទៀត»។​

សម្រាប់​លោក​ប៊ូ ម៉េង​ អតីត​អ្នកទោស​គុក​ទួល​ស្លែង​ម្នាក់ទៀត​ក៏​កំពុង​រង់ចាំអ៊ុតមើល​សាលក្រម​ប្រឆាំង​នួន ជា​និង​ខៀវ សំផន ​ដែរ។

«ខ្ញុំ​រង់​ចាំ​មើល​ថា​តើ​ថ្ងៃ​៧​ខែសីហា​ហ្នឹង​សាល​ក្រម​នឹង​ចេញ​យ៉ាង​ម៉េច​ពី​ព្រោះ​ថា​នួន​ ជា ​និង​ខៀវ សំផន ​ជា​ថ្នាក់លើ។ ​ខាង​លើ​បញ្ជា​អ្នក​ថ្នាក់​ក្រោម​ ហើយ​ខាង​ក្រោម​ទទួល​បញ្ជាអ្នក​ខាង​លើ។​ ដូច្នេះ​បើ​ឌុច​ជាប់​គុក​មួយ​ជីវិតគឺ​មិន​មែន​ថ្នាក់​ក្រោម​ជាប់​មួយ​ជីវិត​ហើយ​អ្នក​ខាងលើ​ជាប់តែ​ដប់​ឆ្នាំ ២០ឆ្នាំ ៣០​ឆ្នាំ រួច​ពីគុក​ទេ។ ត្រូវ​តែជាប់​មួយ​ជីវិត​ដូច​គ្នា»។

លោក ប៊ូ ម៉េង ​ចាត់​ទុក​ថា​នៅ​ពេល​នេះ​អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​ការ​បង្ហាញ​ភាព​យុត្តិធម៌​ដល់​ជន​រងគ្រោះ​តាម​រយៈ​សាល​ក្រមនៅ​ខែ​ក្រោយ​នេះ។

​ចំពោះ ​មន្ត្រី​សាលា​ក្តី​ខ្មែរក្រហម​វិញ​សាលក្រម​ក្នុង​សំណុំរឿង​០០២​វគ្គ​ទី១​នេះ​គឺ​ជា​សាលក្រម​ប្រវតិ្តសាស្ដ្រ​មួយ។

​លោក ​នេត្រ ភក្ត្រា​ អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​ខាង​ភាគី​កម្ពុជា​អះអាង​ថា​សាល​ក្រម​ដែល​មាន​លក្ខណៈ​ប្រវត្តិសាស្ដ្រ​ដោយ​សារ​នេះ​គឺជា​សាល​ក្រម​ទី១​លើ​មេដឹក​នាំ​កំពូល​ខ្មែរ​ក្រហម​ដែល​គេ​ទន្ទឹង​រង់​ចាំ​ជាយូរ​មកហើយ។

«ទី​មួយ​ជាថ្ងៃ​ប្រវត្តិសាស្ដ្រ​សម្រាប់​ប្រជាជន​កម្ពុជា​ក៏​ដូច​ជា​មនុស្ស​ជាតិ​ទាំង​មូល​ដែល​ទន្ទឹង​រង់ចាំនូវ​ការ​ប្រកាស​សាល​ក្រម​ជាយូរ​មកហើយ។​ ទី២​ជា​ការ​បញ្ជាក់​ថា​តើ​អ្វី​ដែល​ជា​ការ​ចោទ​ប្រកាន់​ទៅ​លើ​ជន​ជាប់​ចោទ​ពីរ​រូប​ថា​តើ​មាន​ពិរុទ្ធភាព​ឬ​មិន​មាន​ពិរុទ្ធភាព។​ ទី៣​គឺ​ដើម្បី​ផ្តល់​យុត្តិធម៌​ទាំង​សងខាងទាំង​ជន​រងគ្រោះ​ ទាំង​ជន​ជាប់​ចោទ»។

ការ​កាត់ទោស​សំណុំរឿង​០០២​ត្រូវ​បំបែក​ចេញ​ជា​ពីរ​វគ្គ​នៅ​ក្នុង​ពេល​នេះ​ហើយ​ការ​កាត់ទោស​វគ្គ​ទី​២​អាច​នឹង​ដំណើរការ​ទៅ​បាន​ក្រោយ​ពី​ការ​ប្រកាស​សាល​ក្រម​ការ​កាត់​ទោស​លើក​ទី​១​ចប់។

ក៏​ប៉ុន្តែ​ជន​ជាប់ចោទ​ម្នាក់​បាន​ស្លាប់​ក្នុង​ពេល​កំពុង​ដំណើរការ​កាត់ទោស​នោះ​គឺ​ អៀង សារី ​អតីត​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ការបរទេស​ខ្មែរក្រហម​និង​ប្រពន្ធ​របស់​គាត់​អៀង ធីរិទ្ធ​ ត្រូវ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ក្រោម​ការ​ឃ្លាំ​មើល​របស់​តុលាការ​ដោយសារ​តែ​ជំងឺ​វង្វេង​វង្វាន់​ធ្ងន់ធ្ងរ។

​មន្ត្រី​អ្នក​នាំ​ពាក្យ​សាលា​ក្តី​ខ្មែរក្រហម​ដដែល​យល់​ថា​ការ​ប្រកាស​សាលក្រម​នេះ​គឺជា​ជោគជ័យ​រួមទាំង​សម្រាប់​ជន​រងគ្រោះ ​ទាំង​សម្រាប់​ជន​ជាប់ចោទ​និង​អ្នក​គាំទ្រ​ដល់​ដំណើរការ​កាត់ទោស​ខ្មែរ​ក្រហម​នេះ។

ជាមួយ​គ្នា​នេះ​លោក​ឡាស អលសិន ​(Lars Olsen)​ អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​ខាង​ភាគី​អង្គការ​សហប្រជាជាតិ​យល់​ថា​នេះ​ជា​ជោគជ័យ​របស់​សាលាក្តី​ខ្មែរក្រហម។

«ពិត​ហើយ​វាជាជំហាន​ដ៏​សំខាន់ក្នុង​ការ​ឈាន​ដល់​ការ​ប្រកាស​សាលក្រម​ក្នុង​សំណុំរឿង​០០២​វគ្គ​ទី​១។ហើយ​វា​មាន​ន័យ​ថា​យើង​កំពុង​តែ​ធ្វើ​ដំណើរ​ទៅមុខ​ឆ្ពោះ​ទៅបញ្ចប់​អណត្តិ»។

​លោក ​ផៃ ស៊ីផាន ​រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​យល់​ថា​សាលក្រម​នេះតំណាង​ឲ្យ​យុត្តិធម៌​មនុស្ស​ជាតិ។

«សាល​ក្រម​នោះ​សំខាន់​ដែល​មាន​សារៈប្រយោជន៍​ខ្ពស់​សម្រាប់​ចំណុច​ប្រវត្តិសាស្ដ្រ​ដូចជា​ចំណុចយុត្តិធម៌​សម្រាប់​មនុស្ស​ជាតិ»។

​លោក ​ផៃ​ ស៊ីផាន ​គិត​ថា​នេះ​ជាប្រយោជន៍​ដល់​ការយល់​ដឹង​អំពី​អំពើ​ប្រល័យ​ពូជ​សាសន៍​នៅ​កម្ពុជា​និង​ជា​មរតក​នៃ​យុត្តិធម៌នៃ​ប្រព័ន្ធ​តុលាការ​ផងដែរ។

ទោះ​ជា​យ៉ាងណា​លោក​ ឆាំង យុ​ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​យល់​ថា​សាលក្រម​ដែល​នឹង​ត្រូវ​ប្រកាស​ដោយ​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​នោះ​នឹង​មិនអាច​ធ្វើ​ឲ្យជនរងគ្រោះ​គ្រប់​រូប​ពេញ​ចិត្ត​ទាំង​ស្រុង​នោះ​ទេ។​

លោក​ ឆាំង យុ​ អះអាង​ពិភព​លោក​មិន​ទាន់​បាន​ជោគជ័យ​នៅ​ក្នុង​ការ​ទប់​ស្កាត់​បទ​ប្រល័យ​ពូជសាសន៍​ដូច​ដែល​បាន​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។

«គឺ​យើង​បរាជ័យ​រហូត។​បរាជ័យ​ជិត​៦០​ឆ្នាំ​ហើយ។ ​មិនដែល​មាន​អំពើ​ប្រល័យពូជ​សាសន៍​ណា​មួយត្រូវ​បានទប់​ស្កាត់ហើយ​មិន​ទាន់​មាន​តុលាការ​អន្តរជាតិ​ណាមួយដែល​អាច​នាំ​មក​នូវ​យុត្តិ​ធម៌​ពេញ​លេញ​បាន​ទេ។​ កាលណា​យើង​មិន​ទាន់​បាន​ទប់​ស្កាត់​អំពើ​ប្រល័យ​ពូជ​សាសន៍​ណា​មួយ​នៅ​ក្នុង​ពិភពលោក ​យើង​មិន​អាច​ស្រែក​ប្រកាស​ថា​យើង​បាន​ជោគជ័យ​បាន​ទេ»។​

នៅ​ក្នុង​ពេល​នេះ​ជន​ជាប់​ចោទ​ នួន ជា​ និង​ខៀវ សំផន ​សុទ្ធ​តែ​មាន​អាយុ​ជាង​៨០​ឆ្នាំម្នាក់។​

លោក ឆាំង យុ ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​នៅ​ឡើយ​ថា​ តើ​ការ​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី​៧​ខែ​សីហា​សម្រាប់​សំណុំរឿង​០០២​វគ្គទី១​នោះ​គឺ​ជា​សាលក្រម​ដំបូង​ដែល​ពិបាក​នឹង​មាន​សាលក្រម​ទី​២​ទៀត​ឬ​យ៉ាងណា​នោះ៕

XS
SM
MD
LG