ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ប្រឆាំង​ការ​ជួយ​ដូរ​មនុស្ស​ខកចិត្ត​អំពី​ចំណាត់ថ្នាក់​កម្ពុជា​នៅ​ក្នុង​បញ្ជី​ស.រ.អា.


រូបភាព Screenshot ​ដក​ស្រង់​ចេញ​ពី​គេហទំព័រ​របស់​គម្រោង​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​ស្ត្រី និង​អនិតិជន​នៃ​ក្រសួង​មហា​ផ្ទៃ​កម្ពុជា។
រូបភាព Screenshot ​ដក​ស្រង់​ចេញ​ពី​គេហទំព័រ​របស់​គម្រោង​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​ស្ត្រី និង​អនិតិជន​នៃ​ក្រសួង​មហា​ផ្ទៃ​កម្ពុជា។

អង្គការ​អន្តរជាតិ​មួយ​ ដែល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ បាន​ឲ្យ​ដឹង​ថា ​ប្រទេស​កម្ពុជា​គួរ​តែ​ទទួល​បាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​សម្រាប់​ការ​ផ្លាស់ប្តូរ​ដ៏​ធំ​​ក្នុង​វិធី​សាស្ត្រ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​ក្នុង​ប្រទេស​នេះ។

អង្គការ​អន្តរជាតិ​មួយ​ ដែល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ បាន​ឲ្យ​ដឹង​ថា ​ប្រទេស​កម្ពុជា​គួរ​តែ​ទទួល​បាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​សម្រាប់​ការ​ផ្លាស់ប្តូរ​ដ៏​ធំក្នុង​វិធី​សាស្ត្រ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​ក្នុង​ប្រទេស​នេះ។​

កម្ពុជា​នៅ​តែ​ត្រូវ​បាន​ចាត់​ចូលនៅ​ក្នុង​បញ្ជី​ប្រទេស​ដែលក្រសួង​ការ​បរទេស​សហរដ្ឋ អាមេរិក និយាយ​ថា មិន​ទាន់​បាន​ធ្វើ​ការប្រឹងប្រែង​ឲ្យ​បានគ្រប់គ្រាន់​នៅឡើយ​ទេ​ ក្នុង​ការ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស។

ក៏​ប៉ុន្តែ ​អង្គការ​បេសក​កម្ម​យុត្តិធម៌​អន្តរជាតិ ​ហៅ​កាត់​ថា​ IJM ​បាន​ឲ្យ​ដឹង​ថា ​ចំណាត់​ថ្នាក់នេះ​មិន​ផ្តល់​ការ​ទទួល​ស្គាល់​ដល់​កិច្ច​ខិត​ខំ​ប្រឹងប្រែង​ខ្លះ ​ដែលប៉ូលិស​កម្ពុជាបាន​ខិតខំ​បង្ក្រាប​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​ក្នុង​អំឡុង​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ​ទេ។​

លោក ​Blair Burns​ នាយក​រង​ប្រតិបត្តិ​ការ​តាម​តំបន់​របស់​បេសក​កម្ម​យុត្តិធម៌​អន្តរជាតិ ​បាន​សរសេរ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មានថា៖ «ចំណាត់​ថ្នាក់​នេះ​គឺ​ជា​រឿងគួរ​ឲ្យខក​ចិត្ត»។​

បេសក​កម្ម​យុត្តិធម៌​អន្តរជាតិ​បាន​រក​ឃើញ​ថា ​ចំនួន​កុមារ​កម្ពុជា ​ដែល​ត្រូវ​បាន​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​តាម​ផ្ទះ​បន​នៅ​កម្ពុជា ​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។​

លោកស្រី ​Holly Burkhalter ​នាយិការង​ផ្នែក​តស៊ូមតិ​របស់​បេសក​កម្ម​យុត្តិធម៌​អន្តរជាតិ​ ដែល​មាន​មូលដ្ឋាន​នៅរដ្ឋធានី​វ៉ាស៊ីនតោន​ យល់​ថា​ កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​កម្ពុជា​ក៏​អាច​លើក​ទឹក​ចិត្ត​ប្រទេស​ជា​ច្រើន​ទៀត​នៅ​ក្នុង​តំបន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស​ផង​ដែរ។​

លោក​ស្រី​និយាយ​ថា៖​ «‍កម្ពុជា​ទទួល​បាន​ជោគជ័យ​ក្នុង​រឿង​ប្រយុទ្ធ​ប្រឆាំង​បញ្ហា​នេះ​ ហើយ​ខ្ញុំ​យល់​ថា ​ជោគជ័យ​នេះ​មិន​ត្រឹម​តែ​អាច​លើក​ទឹក​ចិត្ត​អ្នក​ដឹកនាំ​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ​តែ​ថែម​ទាំង​អាច​លើក​ទឹក​ចិត្ត​ដល់​បណ្តាប្រទេស​ដែល​ស្វែក​រក​គម្រូ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជួញ​ដូរ​មនុស្ស​ផង​ដែរ»។​

នៅ​ក្នុង​របាយ​ការណ៍​ស្តី​អំពី​ការ​ជួញ​ដូរមនុស្ស​ឆ្នាំ​២០១៥ ​ដែល​ផ្តោត​លើ​ការ​ជួញ​ដូរ​មនុស្ស​ដើម្បី​កម្លាំង​ពលកម្ម ​និង​ជួញ​ដូរ​ផ្លូវ​ភេទ​នោះ ​មន្ត្រី​អាមេរិក​បាន​លើក​ឡើង​ថា​ កម្ពុជា​«មិន​បាន​បំពេញ​ឲ្យ​បាន​ពេញលេញទៅ​តាម​បទដ្ឋាន​អប្បរមា​សម្រាប់​ការ​លុប​បំបាត់​ការ​ជួញ​ដូរ​មនុស្ស‍​ទេ» ​ហើយ​ថា ​«‍កម្ពុជា​មិន​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​ឲ្យ​ច្រើន​ជាង​មុន​ទេ​ ​ក្នុង​ការ​ប្រឆាំងការ​ជួញ​ដូរ​មនុស្ស‍​ បើ​ធៀប​នឹង​របាយ​ការណ៍​ពី​ឆ្នាំ​មុន»។​

របាយ​ការណ៍​នេះ​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា​ រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ចាត់​វិធាន​ការ​ឲ្យ​បាន​គ្រប់គ្រាន់ក្នុង​ការ​ការពារ​បុរស​កម្ពុជា ​ដែល​ត្រូវ​បាន​ជួញ​ដូរ​កម្លាំង​ពលកម្ម​នៅ​ក្រៅ​ប្រទេស​ទេ​ ស្រប​ពេល​ដែល​ការ​កាត់​ទោស​ជន​ល្មើស​ប្រព្រឹត្តអំពើ​ជួញ​ដូរ​មនុស្ស​ កើត​ឡើង​តិច​តួច​នៅ​ឡើយ។​

លោក​ស្រី ​Burkhalter ​នៃ​បេសក​កម្ម​យុត្តិធម៌​អន្តរជាតិ​ យល់​ថា ​ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​អាច​នឹង​យក​គម្រូ​នៃ​វិធីសាស្ត្រ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​ ដែល​ទទួល​បាន​ជោគ​ជ័យ​នោះ ​ទៅ​អនុវត្ត​សម្រាប់​ទប់​ស្កាត់​ការ​ជួញ​ដូរ​កម្លាំង​ពលកម្ម​របស់​ប្រជាជន​កម្ពុជា។​

លោកស្រី ​Christa Sharpe ​នាយិកា​នៃ​បេសក​កម្ម​យុត្តិធម៌​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា​ បាន​ថ្លែង​កោត​សរសើរ​ថា ​កម្ពុជា​គឺ​ជា​គម្រូដ៏​ល្អ​មួយ​ក្នុង​ការ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស។ ​លោក​ស្រី​បាន​និយាយ​ថា៖​ «‍កម្ពុជា​មាន​គម្រូ​ដ៏​ល្អ​សម្រាប់​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរមនុស្ស​ បើ​ទោះ​បី​ជា​កម្ពុជា​មាន​បញ្ហា​ខាង​នយោបាយ ​និង​សង្គម​ក្តី»។​

លោកស្រី​បាន​បន្ថែម​ទៀត​ថា ​ការ​វិវត្ត​របស់​កម្ពុជា​តាម​ទិសដៅ​វិជ្ជមាន​គួរ​តែ​មាន​ការទទួល​ស្គាល់ ​បើ​ទោះ​បី​ជា​កម្ពុជា​នៅ​តែ​មាន​បញ្ហា​ខាង​កេរ្តិ៍​ឈ្មោះ​ក្តី។ ​លោកស្រី Christa Sharpe ​ថ្លែង​ថា​ «‍កេរ្តិ៍ឈ្មោះ​មិន​ល្អ​របស់​កម្ពុជា​កាល​ពី​អតីតកាល​បាន​ចាក់​ឫស​ជ្រៅ ​ដែលធ្វើ​ឲ្យ​មនុស្ស​ទូទៅ​ពិបាក​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​របស់​គេ ​ហើយ​ទទួល​ស្គាល់​ការ​វិវត្ត​ជា​វិជ្ជមាន​របស់​កម្ពុជា»៕

XS
SM
MD
LG