ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​គម្រប់​ខួប​របស់​ខ្លួន ​ច្បាប់​ពន្យារកំណើត​ហ្វីលីពីន​​នៅ​ជួប​បញ្ហា


រូបឯកសារ៖ សាល​សម្រាល​កូន​នៅ​ឯ​មន្ទីរពេទ្យ​ Joseph Fabella Memorial ដែល​ជា​មន្ទីរ​ពេទ្យ​សម្ភព​សុខភាព​សាធារណៈ​ធំ​ជាង​គេ​ក្នុង​ទីក្រុង​ម៉ានីល​នៃ​ប្រទេស​ហ្វីលីពីន។
រូបឯកសារ៖ សាល​សម្រាល​កូន​នៅ​ឯ​មន្ទីរពេទ្យ​ Joseph Fabella Memorial ដែល​ជា​មន្ទីរ​ពេទ្យ​សម្ភព​សុខភាព​សាធារណៈ​ធំ​ជាង​គេ​ក្នុង​ទីក្រុង​ម៉ានីល​នៃ​ប្រទេស​ហ្វីលីពីន។

ច្បាប់​សុខភាព​បន្ត​ពូជ​ដែលបាន​ចូល​ជា​ធរមាន​កាល​ពី​ឆ្នាំ​មុន​ នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ ដែល​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​ជា​អ្នក​កាន់​សាសនា​កាតូលិក​នោះ កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​នៅ​ឡើយ។​ អ្នក​ផ្តល់​សេវាកម្ម​សុខភាព​ កំពុង​ប្រឈម​នឹងបញ្ជា​ថ្មី​មួយ​ពី​តុលាការ​កំពូល​ ដែល​កម្រិត​ការ​ផ្តល់​សេវា​ពន្យារ​កំណើត​ដោយ​ឥត​គិត​ថ្លៃ​ជូន​ដល់​ប្រជា​ពលរដ្ឋ​ក្រីក្រ។​

សាលសម្រាល​កូន​នៅ​ក្នុង​មន្ទីរ​ពេទ្យ​សម្ភព​សាធារណៈ​ធំ​បំផុត​នៅ​ប្រទេស​ហ្វីលីពីន​ ពោរពេញ​ទៅ​ដោយ​ស្រ្តី​ជា​ម្តាយ​ សម្រាក​តម្រៀប​គ្នា​ទាំង​ជួរៗ។​ ស្ត្រី​មួយ​ចំនួន​កំពុង​បំបៅ​កូន​ ខណៈ​ដែល​អ្នក​ផ្សេង​ទៀត​ ព្យាយាម​ក្នុង​ការ​លួង​កូន​ដែល​ទើប​នឹង​កើត​នោះ​ឲ្យ​បាត់​យំ។​ នៅ​មន្ទីរពេទ្យ​ Joseph Fabella Memorial​ នៅ​ទីក្រុង​ម៉ានីល​ ស្ត្រី​ទាំង​នេះ​នឹង​ចេញ​ពី​មន្ទីរពេទ្យ​ក្រោយ​សម្រាក​បាន​មួយ​ថ្ងៃ​ ហើយ​អ្នក​ប្រឹក្សា​យោបល់​មាន​ពេល​បន្តិច​បន្តួច​ប៉ុណ្ណោះ​ ក្នុង​ការ​ឲ្យ​ក្រុម​គ្រួសារ​អ្នក​ទាំង​នោះ​បាន​ដឹង​អំពី​កម្មវិធី​ពន្យារ​កំណើត។​

លោក​វេជ្ជបណ្ឌិត​ Esmeraldo Ilem គឺ​ជា​ប្រធាន​ផ្នែក​សេវា​ពន្យារ​កំណើត​នៅ​ឯ​មន្ទីរពេទ្យ Fabella​ ដែល​ផ្តល់ជម្រើស​រួម​មាន​តាំង​ពីការ​ពន្យារ​កំណើត​តាម​របៀប​ធម្មជាតិ​ ឬ​ការពារ​កុំ​ឲ្យ​មាន​កូន​តាម​បែប​វេជ្ជសាស្ត្រ។​ លោក​ថ្លែង​ថា​ ភាគ​ច្រើន​នៃ​ស្ត្រី​ដែល​មាន​កូន​នៅ​ទីនេះ​ មាន​ជីវភាព​ក្រីក្រ​ ហើយ​ជា​មធ្យម​មាន​កូន​៥នាក់។​ ស្រ្តី​ពីរ​បី​នាក់​នៅ​ទីនេះ​ បាន​និយាយ​ថា​ ពួកគាត់​បាន​ជ្រើស​យក​វិធី​ពន្យារ​កំណើត​មួយ​ចំនួន​ បន្ទាប់​ពី​សម្រាល​កូន​រួច។

លោក Ilem និយាយ​ថា​ ច្បាប់​ថ្មី​ដែល​ផ្តល់​ការ​ពន្យារ​កំណើត​ដោយ​ឥត​គិត​ថ្លៃ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​នោះ​ បាន​ជួយ​ច្រើន​ណាស់។​

អស់​រយៈ​ពេល​មួយ​ឆ្នាំ​ចាប់​តាំង​ពី​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ ពួក​យើង​អាច​ទទួល​បាន​សម្ភារៈ​សម្រាប់​ពន្យារ​កំណើត​ជា​ច្រើន​ ហើយ​សម្ភារៈ​ទាំងនោះ​ត្រូវ​បាន​ចែក​ចាយ​ទៅ​តាម​មណ្ឌល​សុខភាព​ ហើយ​អាច​ផ្តល់​ជូន​ដល់​អ្នក​ដែល​ត្រូវ​ការ​សម្ភារៈ​ទាំង​នោះ។

លោក Ilem ​ថ្លែង​ថា​ មុន​ពេល​មាន​ច្បាប់​ដែល​ត្រូវ​បាន​អនុម័ត​នៅ​ឆ្នាំ​ ២០១២​នោះ​ មណ្ឌល​សុខភាព​របស់​រដ្ឋ​មិន​មាន​ប្រាក់​ក្នុង​ការ​ចែក​ចាយ​សម្ភារៈ​ពន្យារ​កំណើត​ដោយ​ឥត​គិត​ថ្លៃ​ទេ ហើយ​ពួកគេ​ពឹង​ផ្អែក​ទៅ​លើ​អំណោយ​ពី​ប្រទេស​ផ្សេងៗ។​ ច្បាប់​ដែល​ត្រូវ​បាន​តាក់តែង​ឡើង​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​ ត្រូវ​បាន​ប្រឆាំង​ពី​អ្នក​តាក់តែង​ច្បាប់​ ដែល​ប្រកាន់​យក​ទស្សនៈ​របស់​ស្ថាប័ន​សាសនា​កាតូលិក​ដែល​ថា ​ការ​ពន្យារ​កំណើត​នោះ​បាន​សម្លាប់​ជីវិត​មុន​នឹង​ជីវិត​អាច​ចាប់​កំណើត​បាន។​

មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ ច្បាប់​ស្តី​ពី​ការ​ទទួលខុស​ត្រូវ​ជា​មាតាបិតា​និង​សុខភាព​បន្ត​ពូជ​ ចេញ​ឆ្នាំ​២០១២​ ត្រូវ​បាន​គេ​ព្យួរ។​ ច្បាប់​នេះ​រង​ការ​ប្រឆាំង​ខាង​ផ្លូវ​ច្បាប់​ជា​ច្រើន​ចំណុច​ទាក់​ទង​នឹង​ធម្មនុញ្ញភាព​របស់​វា។​ កាល​ពី​ឆ្នាំ​មុន​ តុលាការ​កំពូល​របស់​ហ្វីលីពីន​ បាន​លុប​ចោល​បទបញ្ញត្តិចំនួន​ ៨​ ប៉ុន្តែ​ច្បាប់​ផ្សេង​ទៀត​ រួមមាន​ច្បាប់​រៀបចំ​សម្ភារៈ​ពន្យារ​កំណើត​ដោយ​ឥត​គិត​ថ្លៃ​ដល់​ប្រជា​ពលរដ្ឋ​ក្រីក្រ​នោះ​ មិន​ត្រូវ​បាន​ប៉ះពាល់​ទេ។​

ប៉ុន្តែ​នៅ​ខែ​មិថុនា​កន្លង​មក​នេះ​ តុលាការ​បាន​ដាក់​បទ​បញ្ជា​បណ្តោះអាសន្ន​ទៅ​លើ​រដ្ឋាភិបាល​ ក្នុង​ការ​ដាក់​កំហិត​ទៅ​លើ​ការ​ចែក​ចាយ​កង​ពន្យារ​កំណើត​ ខណៈ​ដែល​តុលាការ​បាន​មើល​ទៅ​លើ​ពាក្យ​បណ្តឹង​ ដែល​ថា​សម្ភារៈ​ទាំង​នោះ​បាន​បង្ក​ឲ្យ​មាន​ការ​រលូត​កូន។​ លោក​ Ilem ថ្លែង​ថា​ ការ​ដាក់​កង​ពន្យារ​កំណើត​ គឺ​ជា​វិធី​ពន្យារ​កំណើត​ដ៏​ពេញ​និយម​បំផុត។​ កង​រាង​ស្តើង​និង​វែង​ត្រូវ​បាន​ដាក់​ក្នុង​ស្បែក​របស់​ស្ត្រី​ ហើយ​អាច​ការពារ​ការ​មាន​ផ្ទៃពោះ​បាន​រយៈ​ពេល​ ៣ឆ្នាំ។​

លោក​ស្រី​ Mary Jane Jurilla មក​ពី​មជ្ឈមណ្ឌល(គ្លីនិក)​ Likhaan សម្រាប់​សុខភាព​ស្ត្រី​ ដែល​មិន​ចំណុះ​រដ្ឋាភិបាល​នោះ ទទួល​បន្ទុក​ខាង​ការ​ចុះ​ជួយ​ដល់​ការងារ​សហគមន៍។​ អ្នកស្រី​ ថ្លែង​ថា​ ចាប់​តាំង​ពី​ គ្លីនិក​សុខភាព​របស់​រដ្ឋាភិបាល​ឈប់​ផ្តល់​កង​ពន្យារ​កំណើត​មក​នោះ​ ស្ត្រី​មាន​ការ​លំបាក​ក្នុង​ការ​សន្សំ​ប្រាក់​សម្រាប់​ចំណាយ​លើ​ថ្លៃ​រថយន្ត​ក្រុង​ក្នុង​ការ​ធ្វើ​ដំណើរ​មក​កាន់​មជ្ឈមណ្ឌល​ Likhaan។​

លោកស្រី​ថ្លែង​ថា៖ «ចុះ​ចំណែក​ឯ​ស្រ្តីក្រីក្រ​ខ្លាំង​ ដែល​ពុំ​មាន​សមត្ថភាព​ក្នុង​ការ​ចំណាយ​ទៅ​លើ​មធ្យោបាយ​ធ្វើ​ដំណើរ​នោះ?​ ពួកគេ​គួរ​តែ​ឲ្យ​ពួក​យើង​ដែលជា​ស្រ្តី​នោះ​ ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ ក្នុង​ការប្រើ​វិធី​ពន្យារ​កំណើត​ណា​មួយ​ដែល​ពួក​គេ​ចង់​បាន។ ប៉ុន្តែ​ពួក​យើង​ត្រូវ​ការ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​នូវ​កង​ពន្យារ​កំណើត​ទាំង​នោះ​ដោយ​ឥត​គិត​ថ្លៃ‍»។​

លោកស្រី​ Jurilla​ មាន​ការ​ព្រួយ​បារម្ភ​ថា​ មជ្ឈមណ្ឌល​ Likhaan​ នឹង​មាន​ស្ថានភាព​ដូច​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ នៅ​ពេល​ដែល​សម្ភារៈ​ពន្យារ​កំណើត​ដែល​រដ្ឋាភិបាល​ផ្តល់ដោយ​ឥត​គិត​ថ្លៃ ឬ​ដែល​ទទួល​បាន​តាម​ការ​ឧបត្ថម្ភ មិន​មាន​ចំពោះអ្នក​ដែល​ក្រីក្រ​បំផុត​ក្នុង​ចំណោម​ជន​ក្រី​ក្រ​ទាំង​នោះ​ ហើយ​បើ​ទិញ​ពី​ឱសថស្ថាន​វិញ​ វា​មាន​តម្លៃ​ថ្លៃ​ហួស​ពី​សមត្ថភាព​របស់​ពួកគេ។​

លោក​វេជ្ជបណ្ឌិត​ Esmeraldo​ នៃ​មន្ទីរពេទ្យ Fabella​ ថ្លែង​ថា​ ខណៈ​ដែល​មាន​ការ​ផ្អាក​វិធី​ពន្យារ​កំណើត​នោះ​ មន្ត្រី​សុខាភិបាល​បាន​បន្ត​ធ្វើ​ដំណើរ​ជុំវិញ​ប្រទេស​ដើម្បី​ ប្រាប់​ដល់​ប្រជា​ពលរដ្ឋ​អំពី​ ទម្រង់​ផែនការ​គ្រួសារ​ទាំង​អស់​នោះ​ផង​ដែរ៕

ប្រែសម្រួល​ដោយ ស្រេង លក្ខិណា

XS
SM
MD
LG