ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការស្ទង់មតិ​សាធារណៈ​ថ្មី​មួយ​នៅ​អាហ្វហ្កានិស្ថាន​បង្ហាញ​សញ្ញា​សុទិដ្ឋិនិយម


កងសន្តិសុខអាហ្វហ្កានិស្ថាននៅទីក្រុងកាប៊ុលនៃប្រទេសអាហ្វហ្កានិស្ថាន នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៤។
កងសន្តិសុខអាហ្វហ្កានិស្ថាននៅទីក្រុងកាប៊ុលនៃប្រទេសអាហ្វហ្កានិស្ថាន នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៤។

ការ​ស្ទង់មតិ​សាធារណៈ​ថ្មីមួយ​នៅ​ប្រទេស​អាហ្វហ្កានិស្ថានបាន​បង្ហាញ​សញ្ញា​សុទិដ្ឋិនិយមដ៏​ប្រយ័ត្ន​ប្រយ៉ែង​ ថ្វីបើ​មាន​កង្វល់​អំពី​បញ្ហា​អសន្តិសុខ​ ហើយនិង​អំពើ​ពុករលួយ​ក្តី។ ​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​ដែលចេញ​ផ្សាយ​នៅថ្ងៃ​អង្គារ​នៅ​ទីក្រុង ​Kabul ​រដ្ឋធានី​ប្រទេស​អាហ្វហ្កានិស្ថាននេះ​ធ្វើ​ឡើង​ នៅពេល​មាន​ការ​វាយ​ប្រហារ​ដោយ​អត្តឃាត​មួយ​ទៀត​ពីក្រុម ​Taliban​ ដែល​បង្កគ្រោះ​ថ្នាក់​និង​ការ​ខូចខាត​នៅក្នុង​ទីក្រុង​នេះ។​

មូលនិធិ​អាស៊ី​ ដែល​មាន​មូលដ្ឋាន​នៅ​ស.រ.អា.​ បាន​ចេញ​ផ្សាយការ​រក​ឃើញ​ក្នុង​ការ​ស្ទង់​មតិ​របស់ខ្លួន​នៅក្រុង ​Kabul ដោយ​និយាយ​ថា ​បញ្ហា​អសន្តិសុខ​ អំពើ​ពុករលួយ និង​ភាព​អត់​ការងារ​ធ្វើ​ នៅតែ​បន្ត​ជា​បញ្ហា​កង្វល់​ចម្បងៗ​ក្នុង​ចំណោម​សាធារណជន​អាហ្វហ្កានិស្ថាន​ភាគ​ច្រើន។​

លោក​ Abdullah Ahmadzai អ្នក​តំណាង​ប្រចាំ​ប្រទេស​នេះ ​និយាយ​ថា​ អ្នក​ធ្វើការ​ស្ទង់មតិ ​ដែល​ចុះ​សួរ​ប្រជាជន​ក្នុង​ខេត្ត​ចំនួន​៣៤​នៅ​ប្រទេស​អាហ្វហ្កានិស្ថាន​ បានរក​ឃើញ​ថា ​មាន​កំណើន​តិចតួច​ ក្នុង​ចំណោម​អ្នក​ឆ្លើយតប​នឹង​ការ​ស្ទង់​មតិ ​ដែល​មាន​អារម្មណ៍​ថា ​ប្រទេស​របស់​គេ​កំពុង​ដើរ​តាម​ផ្លូវ​ខុស​គឺ​ឡើងដល់​៤០,៤%​ពី​៣៧,៩%​កាលពី​ឆ្នាំ​មុន។​ ប៉ុន្តែលោក​និយាយ​ថា​ អ្នក​ដែល​គិត​ថា​ ប្រទេស​គេ​កំពុង​ដើរ​តាម​ផ្លូវត្រូវ​នោះ​មាន​ចំនួន​ច្រើន​ដដែល។​

«នៅ​ឆ្នាំ​នេះ​មាន​៥៤%​ក្នុង​ចំណោម​អ្នក​ឆ្លើយតប​នឹង​ការ​ស្ទង់មតិ ​និយាយ​ថា​ ​ប្រទេស​របស់គេ​កំពុង​ដើរ​តាម​ទិសដៅ​ត្រឹមត្រូវ​ គឺចុះ​ពី​៥៧%​ពី​ការ​ស្ទង់​មតិ​កាលពី​ឆ្នាំ​២០១៣»។​

លោក​ Ahmadzai ​លើក​ឡើង​ថា ​កំណើន​ចំនួន​ជន​ស៊ីវិល​រងគ្រោះ​គឺ​ជា​ហេតុផល​នៃ​កំណើន​កង្វល់​ខាង​សន្តិសុខ​ ក្នុង​ចំណោម​ពលរដ្ឋ​អាហ្វហ្កានិស្ថាន​សាមញ្ញ​ក្នុង​ឆ្នាំ​កន្លង​ទៅ​ ហើយ​លោក​បន្ថែម​ថា ​អ្នក​ឆ្លើយតប​នឹង​ការ​ស្ទង់មតិ​ជាង​៧៦%​ និយាយ​ថា​ គេ​មាន​ការ​ភ័យ​ខ្លាច​ ពេល​គេ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស។​

«ចំនួន​ជន​ស៊ីវិល​ស្លាប់​បាន​កើនឡើង​តាំងពី​ឆ្នាំ​២០១៣ ​ហើយ​៦៥%​បាន​បង្ហាញ​ការ​ភ័យ​ខ្លាច​ច្រើន​ឡើងៗ ​សម្រាប់​សន្តិសុខ​របស់​គេ​ជាទូទៅ។​ តួលេខ​នេះ​កើន​ឡើងពី​ឆ្នាំ​២០១៣ ​ដែល​មាន​តែ​៥៩%»។​

ទោះ​ជា​យ៉ាង​ណាក្តី​ លោក​ Ahmazai ​និយាយ​ថា ​ការ​ស្ទង់មតិ​បង្ហាញ​ថា​ ពលរដ្ឋ​អាហ្វហ្កានិស្ថាន​ ជាទូទៅ​ មាន​សង្ឃឹម​ថា​ រដ្ឋាភិបាល​ថ្មី​នឹង​ចាត់​វិធាន​ការ​ដឹកនាំ​ប្រទេស​នេះ​ចេញពី​វិបត្តិ​សន្តិសុខនិង​សេដ្ឋកិច្ច​ ហើយ​នឹង​ធ្វើ​ឲ្យ​ប្រទេស​នេះ​ប្រសើរ​ឡើង​ខាង​ការអប់រំ​ សុខាភិបាល ​ស្ថាន​ភាព​ស្ត្រី ​និង​កត្តា​សង្គម​ផ្សេងៗ​ទៀត៕​

លោក​ពិន ស៊ីសុវណ្ណ​ប្រែសម្រួល​

XS
SM
MD
LG