ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បញ្ញា​ជន​មួយ​ក្រុម​​ទំនង​ជា​កំពុង​រៀប​ចំ​បង្កើត​គណបក្ស​​នយោបាយ​ថ្មី​​មួយ


លោក ​ម៉ម សុណង់ដូ ​នាយក​វិទ្យុ​សម្បុក​ឃ្មុំ​ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជា​ធិបតេយ្យ ជា​ស្ថានិក​មួយ​រូប​នៃ​ចលនា​​សង្គម​មួយ​ហៅថា ​«បណ្តាញ​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍ​សង្គម»​ឬហៅ​ថា ​​«ខ្មែរ​ជួយ​ខ្មែរ»។
លោក ​ម៉ម សុណង់ដូ ​នាយក​វិទ្យុ​សម្បុក​ឃ្មុំ​ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជា​ធិបតេយ្យ ជា​ស្ថានិក​មួយ​រូប​នៃ​ចលនា​​សង្គម​មួយ​ហៅថា ​«បណ្តាញ​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍ​សង្គម»​ឬហៅ​ថា ​​«ខ្មែរ​ជួយ​ខ្មែរ»។

បញ្ញវន្តមួយ​ក្រុម​ ដែល​ធ្វើ​ការ​នៅ​ក្នុងអង្គការ​សង្គម​ស៊ីវិល​ កំពុង​ជំរុញ​ក្រុម​ប្រជា​ពល​រដ្ឋ​ឲ្យ​ចូល​រួម​ក្នុង​ចលនា​នយោបាយដោយ​សកម្ម​ និង​ដោយ​ផ្ទាល់។ ​ប៉ុន្តែ​អ្នក​ឃ្លាំមើលស្ថាន​ការណ៍​នៅ​កម្ពុជា​សង្ស័យ​ថា ​នេះ​ជា​គម្រោង​ការ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ​នា​ពេល​ខាងមុខ។​

លោក​បណ្ឌិត​កែម ឡី​ អ្នក​ស្រាវជ្រាវ​កិច្ច​អភិវឌ្ឍ​សង្គម ​លោក​បណ្ឌិត​យ៉ង សាំងកុមារ ​នាយក​មជ្ឈ​មណ្ឌល​សិក្សា ​និង​អភិវឌ្ឍ​កសិកម្ម​កម្ពុជា​ហៅ​ថា​ សេដាក (CEDAC) ​រួម​ជាមួយ​ឥស្សរជន​មួយ​ចំនួន​ទៀត ​ដូច​ជា​លោក ​ម៉ម សុណង់ដូ ​នាយក​វិទ្យុ​សម្បុក​ឃ្មុំ​ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជា​ធិបតេយ្យ ​លោក​យ៉េង វីរៈ ​នាយក​មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ ជាដើម ​បាន​រួម​គ្នា​បង្កើត​ចលនាសង្គម​មួយ​ហៅថា​«បណ្តាញ​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍ​សង្គម»​ឬហៅ​ថា «ខ្មែរ​ជួយ​ខ្មែរ»។ ​អង្គការ​នេះ​ត្រូវ​បាន​ចុះ​បញ្ជី​នៅឆ្នាំ​២០០៤។​

លោក​កែម ឡី ​សមាជិក​ស្ថាបនិក​ម្នាក់​ក្នុង​ចំណោម​នោះ ​ពន្យល់​ថា​ ចលនា​ខ្មែរ​ជួយ​ខ្មែរ​នេះ​មិន​មែន​ជា​ចលនា​បង្កើត​គណបក្ស​នយោបាយ​ខ្លួន​ឯង​ទេ។ប៉ុន្តែ​គឺ​ជា​ចលនា​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​តាម​មូល​ដ្ឋាន​ចាប់​ផ្តើម​ស្រឡាញ់​នយោបាយ​ និង​សម្រេច​ចិត្ត​បង្កើត​បក្ស​នយោបាយ​នៅ​មូលដ្ឋាន​របស់​ខ្លួន។​

«បណ្តាញ​នេះ​គ្រាន់​តែ​ជា​បណ្តាញ​សង្គម​ស៊ីវិល​ដើម្បី​ជំរុញ​អំណាច​នយោបាយ​ដល់​ប្រជា​ពលរដ្ឋ​តាម​រយៈ​លើក​ទឹកចិត្ត​ឲ្យ​ពួក​គាត់​ធ្វើ​លំហាត់​នៃ​ការ​រៀប​ចំ​គណបក្សអភិវឌ្ឍ​តាម​ឃុំ​សង្កាត់​ តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​វេទិកា​សាធារណៈ»។​

នៅ​ក្នុងពេល​នេះ​ ក្រុម​បញ្ញជន​ទាំង​នេះ​បាន​ចាប់​ផ្តើម​បើក​វេទិកា​ជាមួយ​ក្រុម​ប្រជា​ពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​នានា​ដើម្បី​បញ្ជ្រាប​ពី​ទស្សន​វិស័យ​នយោបាយ​ និង​សារៈ​សំខាន់​នៃ​ការ​បង្កើត​គណបក្ស​នយោ​បាយ។

លោក​កែម​ ឡី​បញ្ជាក់​ថា មាន​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​ចំនួន​២៧​មក​ពី​ខេត្ត​កំពង់ស្ពឺ ​ខេត្ត​ត្បូង​ឃ្មុំ ​ខេត្ត​តាកែវ​ ខេត្តមណ្ឌល​គីរី ​ខេត្ត​កំពត ​ខេត្ត​កណ្តាល និង​ខេត្ត​ព្រៃវែង និង​ក្រៅ​ពី​នោះ​មាន​ពលរដ្ឋ​មកពី​ខេត្ត​រតនគីរី​ និង​ខេត្ត​ព្រះវិហារ​ក៏​បាន​ដាក់​សំណើសុំ​បង្កើត​ជា​ក្រុម​នយោបាយ​ដែរ។​

«គាត់​ស្នើ​មក​មាន​ចំនួន​២៧​ឃុំ​ ប៉ុន្តែ​យើង​សង្ឃឹម​ថា​ មាន​លទ្ធភាព​រៀប​ចំ​ឲ្យ​ពួក​គាត់​បាន​ត្រឹម​ប្រហែល​ជា​ដប់​ឃុំ។​ គណបក្ស​មូល​ដ្ឋាន​គឺ​ពួក​គាត់​រៀប​ចំ​(គណបក្ស)​ ដោយ​ខ្លួនឯង។​ យើង​គ្រាន់​តែ​បង្រៀន​អំពី​របៀប​រៀប​ចំ​លក្ខន្តិកៈ​ បទ​បញ្ជា​ផ្ទៃ​ក្នុង ​សកម្មភាព​សំខាន់ៗ​នៅ​មូល​ដ្ឋាន​ ដែល​ពួក​គាត់​ត្រូវ​ធ្វើ​ ក្រោយ​ពីបង្កើត​គណបក្ស​ហើយ។ ​បើ​គាត់​យល់​ច្បាស់​អំពី​ការ​ចូល​រួម​នយោបាយ ​ពួក​គាត់​អាច​រក​គណបក្ស​ធំៗ​ដើម្បីចង​សម្ព័ន្ធ​មិត្ត​ ឬ​មួយ​ពួក​គាត់​ផ្គុំ​គ្នា​នៅ​តាម​ឃុំ ​សង្កាត់​ដើម្បី​បង្កើត​គណបក្ស​ថ្មី​មួយ។​ ​ប៉ុន្តែ​យើង​នឹង​មិន​បង្កើត​គណបក្ស​ទេ»។​

លោក​បណ្ឌិត​កែម ឡី​ឲ្យ​ដឹង​ថា​ ការ​ជំរុញ​ប្រជា​ពលរដ្ឋ​មូល​ដ្ឋាន​ឲ្យ​ចូល​ក្នុងជីវភាព​នយោ​បាយ​នេះ​គឺបាន​ស្រង់​យក​គម្រូ​ពី​ប្រទេស​អាល្លឺម៉ង់ ​ប្រទេស​អូស្ត្រាលី​ ប្រទេស​អាមេរិក​និង​បទ​ពិសោធន៍​នៃ​ចលនា​សង្គម​ និង​គណ​បក្ស​នយោបាយ​ក្នុង​ស្រុក។​ លោក​អះអាង​ថា ​សមាជិក​ដែល​ចូល​រួម​ក្នុង​ចលនា​នេះ ​រួម​មាន​អ្នក​មក​ពីបណ្តាញ​កសិករ ​បណ្តាញព្រះសង្ឃ ​អ្នក​និយម​ជជែក​តាម​កម្ម​វិធី​វិទ្យុ ​មន្ត្រី​រាជការ​ តំណាង​សហជីព​ តំណាង​អង្គការ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ ​និង​តំណាង​ជនជាតិ​ដើម​ភាគ​តិច។​

នៅ​ក្នុង​ន័យ​ខាង​លើ​នេះ​លោក​អ៊ូ វីរៈ​ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា យល់​ថា​ ចលនា​ខាង​លើ​នឹង​ឈាន​ទៅ​រក​ការ​បង្កើត​គណបក្ស​នយោបាយ​ដោយ​ខ្លួន​ឯង។​

«ចំពោះ​ខ្ញុំ​ការ​ចូល​រួម​បង្កើត​គណបក្ស​នយោបាយ​ ទោះ​បី​ជា​គាត់​បង្កើត​ខ្លួន​ឯង​ ឬ​រៀប​ចំ​ឲ្យ​អ្នក​ដទៃ​បង្កើត​ក៏​ជា​រឿង​មួយ​ដើម្បី​បង្កើត​គណបក្ស​នយោបាយ​ដែរ ​ហើយ​ពួក​គាត់​ជា​អ្នក​ចូលរួម​បង្កើត​ហើយ»។​

ថ្វី​បើ​នេះ​ជា​ជំហាន​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​គណ​បក្ស​នយោបាយ​ ​ប៉ុន្តែអ្នក​នយោ​បាយ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ហាក់​មិន​បាន​ព្រួយ​បារម្ភ​នោះ​ឡើយ។​

លោក​ផៃ ​ស៊ីផាន​ រដ្ឋ​លេខា​ធិការ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី ​និងជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច ​លើក​ឡើង​ថា​ វត្តមាន​នៃ​គណបក្ស​ថ្មី​ នាពេល​អនាគត​ មិន​មែន​ជាការ​គំរាម​កំហែង​នោះ​ទេ។​

«គណបក្ស​ប្រជាជន​កម្ពុជា​មិន​ដែល​ព្រួយ​បារម្ភ​អ្វី​ទេ។​ ឥឡូវ​គណបក្ស​ប្រជាជន​យល់​ឃើញ​ថា ​អ្នក​ណា​ក៏​អាច​ជា​ដៃ​គូ​ពិភាក្សា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ​ជា​ដៃ​គូ​ពិភាក្សា​ជាមួយ​រដ្ឋា​ភិបាល​ដែរ»។​

សម្រាប់​លោក​ស្រី​មូរ សុខហួរ​ តំណាង​រាស្ដ្រ​គណបក្ស​ជំទាស់​ នេះ​ជា​លក្ខណៈ​ប្រជា​ធិបតេយ្យ​ក្នុង​ការ​បង្កើត​គណបក្ស​ថ្មី។​

«ការ​ប្រកួត​ប្រជែង​នេះ ​យើង​ខ្ញុំ​និង​គណបក្ស​សង្គ្រោះ​ជាតិ​អត់​មាន​ការ​ព្រួយ​បារម្ភ​ទេ។​ សូម​ឲ្យ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ»។​

ទោះ​ជា​យ៉ាង​ណា​ គេ​នៅ​មិន​ទាន់​ដឹង​ជាក់​លាក់​អំពី​កាល​បរិច្ឆេទ​នៃ​ការ​បង្កើត​គណបក្ស ឬ​ចលនា​នេះ​របស់​ក្រុម​លោក​កែម ឡី ​លោក​ម៉ម សុណង់ដូ​ លោក​យ៉េង វីរៈ ​និង​លោក​យ៉ង សាំងកុមារ​នោះ​ទេ៕

XS
SM
MD
LG