ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធនាគារ​ពិភព​លោក​អះអាងថា នឹងចាត់​វិធាន​ការ​សំណុំ​រឿង​ជនជាតិ​ដើមភាគ​តិច


ព្រៃ​ឈើ​​នៅ​កម្ពុជា​ដែល​កំពុងរង​ការគំរាម​កំហែង​កាប់​រំលំ។​​
ព្រៃ​ឈើ​​នៅ​កម្ពុជា​ដែល​កំពុងរង​ការគំរាម​កំហែង​កាប់​រំលំ។​​
ការិយា​ល័យ​ឯករាជ្យ​មួយ​របស់​ធនាគារ​ពិភព​លោក​អះអាង​ថា​ នឹងចាត់​វិធានការ​សិក្សា​លើ​សំណុំ​រឿង​ជនជាតិ​ដើមភាគ​តិច​ក្នុង​ប្រទេស​កម្ពុជា។

ក្រុម​ជនជាតិ​ដើមភាគ​តិច​ចំនួន​១៧​ក្នុង​ខេត្ត​រតនគីរី​ភាគ​ឦសានប្រទេស​កម្ពុជា​ និង​អង្គការ​អន្តរជាតិ​មួយចំនួន​ បាន​ដាក់​ពាក្យ​ប្តឹង​រួមគ្នា​កាលពី​ដើម​សប្តាហ៍​នេះ​ទៅ​កាន់​សារជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ ​(IFC) ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ដែល​ត្រូវគេ​ រក​ឃើញ​ថា ​ស្ថាប័ន​នេះ​មានការ​វិនិយោគ​ជាមួយ​នឹង​ក្រុមហ៊ុន​វៀតណាម​មួយ​ ឈ្មោះ ​Hoang ​Anh ​Gia ​Lai ​ទាក់ទង​នឹង​ការ​រំលោភ​បំពាន​ដីធ្លី​ បំផ្លាញ​ជីវភាព​ វប្បធម៌​ និង​បរិស្ថាន។​ ​

ទោះជា​លទ្ធផល​នៃ​ពាក្យ​បណ្តឹង​នេះ​មិនទាន់​ដឹង​ថា ​នឹង​មាន​ដំណើរការ​យ៉ាង​ ណា ​ឬ​ក៏​គេ​ត្រូវ​ដោះស្រាយ​យ៉ាងណា​មែន​ តែ​មន្ត្រី​ការិយាល័យ​អង្កេត ​និង​ប្រឹក្សា​ ខាង​ផ្នែក​អនុលោម​តាម​បញ្ញត្តិ​ ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​ឯករាជ្យ​របស់​ IFC​ ហៅ​ថា​ Office of The Compliance ​Advisor ​Ombudsman ​(CAO)​ ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន​ បាន​បញ្ជាក់ ថា​ ស្ថាប័ន​ឯករាជ្យ​នេះ​នឹង​រក​ដំណោះ​ស្រាយ​ ប្រសិន​បើ​ខ្លួន​រក​ឃើញ​ថា​ សារជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​(IFC)​របស់​ខ្លួន​ដែល​ជា​សាខា​មួយ​របស់​ធនាគារ​ពិភព​លោក​មាន​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​ដីធ្លី ​បំផ្លាញ​បរិស្ថាន​ដល់​ជនជាតិ​ដើម​ភាគ​តិច​កម្ពុជា​ ដែល​ស្ថាប័ន​នេះ​មាន​ការ​វិនិយោគ​ជា​មួយ​ក្រុមហ៊ុន​វៀតណាម​មួយ​លើដី​ទាំង​នោះ​មែន។​

ថ្លែង​ប្រាប់​វីអូអេ​ផ្នែក​ខេមរភាសា​តាម​រយៈ​សារ​អេឡិច​ត្រូនិច ​Email ​លោកស្រី​ អឹមមីលី ​ហ័រហ្គ័ន់​ (Emily Horgan) ​អ្នក​ជំនាញ​ផ្នែក​ផ្សព្វផ្សាយ​និង​ទំនាក់​ទំនង​នៃ​ការិយាល័យ​ CAO ​បាន​អះអាង​ថា​ ការិយាល័យ​ CAO ​បាន​ទទួល​ពាក្យ​បណ្តឹង​ ហើយ ​ហើយ​នឹង​ត្រួត​ពិនិត្យ​មើល​ ថា​តើពាក្យ​បណ្តឹង​មាន​លក្ខណៈ​គ្រប់គ្រាន់​ទេ​ជាពិសេស​ការ​ជាប់ទាក់​ទង​នឹង​ការ​វិនិយោគ​របស់​គម្រោង​រួមគ្នា​រវាង​សារជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ជាមួយ​ទីភ្នាក់ងារ​ធនាគារ​វិនិយោគ​ពហុវិស័យ​ហៅ​ថា​ IFC/MIGA ​មាន​ប៉ះពាល់​បរិស្ថាន​ ​និង​សង្គម​ ហើយនឹង​តម្រូវ​ឲ្យ​ស្ថានប័ន​ CAO ​ដោះស្រាយ​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម​ដែល​មាន​ក្នុង​គម្រោងរបស់ ​IFC/MIGA​ ឬ​ទេ។​

«ប្រសិន​បើ​យើង​រកឃើញ​ថា​ ពាក្យ​បណ្តឹង​នេះ​ជាពាក្យ​បណ្តឹង​មាន​លក្ខណៈ​គ្រប់ គ្រាន់​តាម​លក្ខខណ្ឌ​ខាង​លើ​ ​នោះ​សេចក្តី​សង្ខេប​នៃ​ពាក្យ​បណ្តឹង​នឹង​ត្រូវ​ដាក់​ផ្សព្វផ្សាយ​ជា​សាធារណៈ​លើ​គេហ​ទំព័រ​របស់​ការិយាល័យ​ CAO ​ដែល​មាន​ អាស័យ​ដ្ឋាន​ www.cao-ombudsman.org.»។​

លោក​ដេវីដ ប្រេត​ (David Pred)​នៃអង្គការ ​Inclusive ​Development ​International ​(IDI) ​ដែល​ជា​អង្គការ​មួយ​ជួយ​ជំរុញ​ឲ្យ​មាន​ដំណោះ​ស្រាយ ​បាន​អះអាង​ថា ​លោក​រំពឹង​ថា ​ពាក្យ​បណ្តឹង​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នេះ​នឹង​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ ត្រូវ​ចុះ​បញ្ជី​ហើយ​ដោះស្រាយ​ដែល​ស្ថាប័ន ​IFC ​នឹង​មិន​ដកខ្លួន​ថយ​ពីការ​ស្វែងរក​ដំណោះ​ស្រាយ​នោះ​ឡើយ។

«វាជារឿង​មិន​អាច​ទទួល​យក​បាន​ទេ​ចំពោះ​ស្ថាប័ន​ IFC ​ក្នុងការ​បញ្ចប់​ទំនាក់​ ទំនង​ពាណិជ្ជកម្ម​របស់​ពួក​គេ​ បន្ទាប់​ពីគេ​បាន​រកឃើញ​អំពីការ​បំផ្លិច​បំផ្លាញ​មួយ​ ចំនួន​នោះ។​ ពួកគេ​ចាំបាច់​ត្រូវ​ទទួល​ខុសត្រូវ​ក្នុង​ការ​នៅ​បន្ត​ទំនាក់​ទំនង​ដើម្បី​ដោះស្រាយ​ការ​ប៉ះទង្គិច​ដ៏ធ្ងន់ធ្ងរ​ដែល​កើតចេញ​ពីការ​វិនិយោគ​នេះ»។​

ក្រុមហ៊ុន​វៀតណាម ​Hoang ​Anh ​Gia ​Lai ​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​ឈូស​ឆាយ ​លើដី​សម្បទាន​៤​ម៉ឺន​៧​ពាន់​ហិចតា​ក្នុងខេត្ត​រតនគីរី​ ក្រោយពី​ទទួល​បាន​អាជ្ញា ប័ណ្ណ​ពី​រដ្ឋាភិបាល​ ​នៅឆ្នាំ​២០១០​មក​ ​ដែលក្រុម​អង្គការឃ្លាំមើល​អះអាង​ថា​ បានធ្វើ​ឲ្យ​ប៉ះពាល់​ផ្ទាល់​ និង​មិនផ្ទាល់ដល់​ពលរដ្ឋយ៉ាងតិច​២​ពាន់​គ្រួសារ។​

ក្រុមហ៊ុន​វៀតណាម​ Hoang​ Anh ​Gia Lai ​ពុំទាន់​ឆ្លើយតប​នឹង​សំណួររបស់​វីអូអេ​ ទេ​ នៅ​ពេល​ព្យាយាម​សុំ​អត្ថាធិប្បាយ​តាម​រយៈ​សារ​អេឡិច​ត្រូនិច​ អ៊ីម៉ែល​តាំងពី ដើម​សប្តាហ៍​នេះ។​

អ្នកស្រី​ម៉េគេន​ ម៉ាក់គីនេស​ (Megan ​MacInnes)​ នៃ​អង្គការ​ឃ្លាំមើល​បរិស្ថានក្នុង​ ពិភព​លោក ​ឈ្មោះ​ Global ​Witness ​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឡុង ​ប្រទេស​ អង់គ្លេស​ ជាអ្នក​រក​ឃើញ​ការ​ពាក់ព័ន្ធ​របស់​ស្ថាប័ន ​IFC ​និង​ក្រុមហ៊ុន​វៀតណាម​ ដែល​បាន​រំលោភ​បំពាន​ដីធ្លី​ និងការ​កាប់​បំផ្លាញ​ព្រៃឈើ​និង​បំផ្លាញ​បរិស្ថានក្នុង​ ខេត្ត​រតនគីរី។​ លោកស្រី​បានថ្លែង​ប្រាប់​វីអូអេ​ខេមរភាសា​ថា ​លោកស្រី​រំពឹង​ថា​ ស្ថាប័ន ​CAO​ របស់​ IFC ​នឹង​ចាត់​វិធានការ​រឿងនេះ​ដោយ​យក​ចិត្តទុក​ដាក់​បំផុត​ ដោយ​សារ​ការ​វិនិយោគ​របស់​ខ្លួន​ជាមួយ​ក្រុមហ៊ុន​វៀតណាម​មិន​អាច​ធានា​បាន​ ថា​ គ្មាន​ការ​រំលោភ​ដីធ្លី​ និង​ការ​បំផ្លាញ​ដល់​បរិស្ថាន។​

«អ្វីដែល​យើង​សង្ឃឹមនោះ​គឺ​ថា ​CAO ​គឺការិយាល័យ​អង្កេត​និង​ប្រឹក្សា​ខាងផ្នែក​អនុលោម​តាម​បញ្ញត្តិនឹង​ទទួល​រ៉ាប់រង​ការស្រាវ​ជ្រាវ​វាយតម្លៃ​ស្ថាន​ការណ៍​នេះ​ហើយ​នាំទៅ​កាន់​ដំណើរការ​សម្រប​សម្រួល​រវាង​សហគមន៍​ដែល​ប៉ះទង្គិច​ក្នុង​ ខេត្ត​រតនគីរី​ និង​ក្រុម​ហ៊ុន​វៀតណាម​ហុង អាញ់ ​ជៀឡៃ ​(Hoang Anh ​Gia Lai) និង​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ»។​

លោកស្រី​បាន​អះអាង​ថា​ នេះ​ជា​ឧទាហរណ៍​មួយ​ដែល​រដ្ឋាភិបាល​កម្ពុជា​ខកខាន​ ក្នុង​ការ​បំពេញ​កាតព្វកិច្ច​របស់ខ្លួន​ដើម្បី​ការពារ​ពលរដ្ឋ​របស់ខ្លួន​និង​ការពារ​ បរិស្ថានពី​ការ​ប៉ះទង្គិច​ចេញ​ពីការ​អភិវឌ្ឍ​របស់​ខ្លួន​នោះ។​

«ដូច្នេះ​យើង​សួរ​សំណួរ ថា​តើ​មានអ្វី​កើតឡើង​ចំពោះ​សហគមន៍​ដទៃ​ទៀត​ពាស ពេញ​ប្រទេស​កម្ពុជា​ដែល​បាត់ដី​ធ្លីព្រៃ​ពួក​គេ​ ដោយសារ​ដីសម្បទាន​សេដ្ឋកិច្ច​ ហើយ​មិន​អាច​មាន​យន្តការ​អន្តរជាតិ​ ដូចជា​ស្ថាប័ន​ IFC ​ដើម្បី​ជួយ​នោះ។​ យើង​ចង់ឲ្យ​រដ្ឋាភិបាល​កម្ពុជា​យកចិត្ត​ទុកដាក់​ខ្លាំង​ចំពោះ​រឿងនេះ ​ហើយ​នៅ​ទី​បំផុត​ពិតជា​ដោះស្រាយ​ផល​ប៉ះពាល់​អវិជ្ជមាន​ដែល​កើត​ចេញ​ពីគោល​នយោបាយ​របស់​រដ្ឋាភិបាល​ចំពោះ​បញ្ហា​ដីសម្បទា​នោះ»។​

ទោះជា​យ៉ាងណា​ក៏ដោយ​ លោក​ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​របស់​រដ្ឋាភិបាល​បានច្រាន​ចោលការចោទ​ប្រកាន់​របស់​សហគមន៍​ និង​អង្គការ​នានា​អំពីការ​រំលោភ​លើ​ ជនជាតិ​ដើមភាគ​តិច​ ដោយ​លោក​អះអាង​ថា​ រដ្ឋាភិបាល​មាន​ការ​ត្រួតពិនិត្យ​ដោយ​ក្រសួង​ជំនាញ​ ដូចជា​ក្រសួង​បរិស្ថាន កសិកម្ម​ជាដើម​ អំពីផល​ប៉ះពាល់​នានា​មុន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ឯកជន។​

«អាស្រ័យ​ហេតុដូច្នេះ​អ្វី​ដែល​គេនិយាយ​ថា ​ជាការ​រំលោភ​នោះ​ គ្រាន់តែ​ជាការ​និយាយ​ទេ។​ បើសិនជា​យើង​យក​ករណី​ហ្នឹង​មក​ពិភាក្សា​ មក​ដោះ​ស្រាយ​តាម​ តុលាការ​ នោះ​វា​ប្រសើរ​ជាង​ ដោយសារ​ថា​ វាមាន​តម្លាភាព​ទៅតាម​នីតិរដ្ឋ​ដែល យើង​អាច​និយាយ​បាន​គឺយើង​មិនធ្វើ​តាម​អារម្មណ៍​ តាម​គោល​នយោបាយ​ដទៃ​ ទៀត​ ក្រៅ​ពីគោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដែល​ទទួល​ខុសត្រូវ​ចំពោះ​ មុខ​ប្រជាជន​របស់​គេ»។​

ក៏ប៉ុន្តែ​លោក​សាល់ ហ្នើយ​ តំណាង​ជនជាតិ​ដើមភាគ​តិច​ បាន​ថ្លែង​ប្រាប់​វីអូអេ​ ពី​ខេត្ត​រតនគីរី​ថា​ ក្រុមហ៊ុនដែលមក​ធ្វើ​វិនិយោគ​ គេមិន​មក​ប្រឹក្សា​ជាមួយ​ពល រដ្ឋ​ទេ។​ គេយក​កម្លាំងប៉េអឹម​មក​ដាក់​ការពារ។ ​គេគំរាម​យកដី​ដោយ​ឲ្យ​តម្លៃ​តិចតួច​ដូចជា​មួយ​ហិចតា​តម្លៃ​៨០​ដុល្លារ​ ហើយ​កន្លែង​ខ្លះ​បាន​តែ​២៥​ដុល្លារ។​ លោក​បាន​បន្ថែម​ថា​ ការ​គំរាម​ដទៃ​ទៀត​នោះ​គឺថា​ ទោះជា​មិន​យក​លុយ​ ក៏​គេ​នឹង​យកដី​ដដែល។ ​លោក​ថា​ អាជ្ញាធរ​ដែនដី ​នៅ​ពេល​ជនជាតិ​ដើម​ភាគ​តិចទៅ​ពឹងពាក់​នោះ​ ក្រុម​អាជ្ញាធរ​ខ្លាច​មិន​ហ៊ាន​ដោះស្រាយ​ឲ្យ​ ដោយ​សារថា​ ជាដី​សម្បទាន​ ដែល​រដ្ឋាភិបាល​ប្រគល់​ឲ្យ​ក្រុមហ៊ុន។​ លោក​សង្ឃឹម​ថា​ ស្ថាប័ន​ IFC ​នៅ​ស.រ.អា.​ នឹង​ដោះស្រាយ​ជូន​ជនជាតិ​ដើម​ភាគ​តិច​ចំពោះ​ដីធ្លី​ដែល​ត្រូវ​រំលោភ​បំពាន​នោះ។​

«សហគមន៍​ចង់​បាន​ថា​ ទីណា​ដែល​ប៉ះពាល់​ដល់​ដី​ចម្ការវិល​ជុំហ្នឹង​ ដី​ក្នុង​ភូមិ​ ចាស់​ហ្នឹង​ ក្រុមហ៊ុន​ត្រូវ​កាត់​ចេញ​ ហើយ​ប្រគល់​ឲ្យ​សហគមន៍​វិញ។​ ចំណែក​ដី​បម្រុង​ទុក​របស់​សហគមន៍​ហ្នឹង​ដែរ​ សហគមន៍​ហ្នឹង​ក៏​ត្រូវ​ការ​ឲ្យ​គេ​កាត់​មក​ឲ្យ​ សហគមន៍​វិញ​ដែរ»។​

បន្ថែម​លើនេះ​ លោក​ស្តីបន្ទោស​រដ្ឋាភិបាល​ដែល​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ ប៉ះពាល់​ដល់​ជន​ជាតិ​ដើម​ភាគតិច​ដែល​គ្មាន​អ្វីជា​ការ​ពឹងពាក់​ ដូច​ជា​អនុផល​ ព្រៃឈើ​កន្លែង​ព្រៃ​គោរព​សាសនា​ វប្បធម៌​ តាម​ទំនៀម​ទម្លាប់​ និង​កន្លែង​សម្រាប់​ តម្កល់​មនុស្ស​ស្លាប់​ជាដើម។​

«រាជ​រដ្ឋាភិបាល​ថា​ ឲ្យ​ដីសម្បទាន​គឺ​ដី​រេចរិល ​តែមក​ដល់​ការ​ធ្វើ​វិនិយោគ​មែន​ ទែន ​ព្រៃ​ស្រោង ​ព្រៃក្រាស់​អី​ ព្រៃ​ឡង់អី​ ឈូស​ទាំងអស់ ​ភ្នំអី​គឺ​ឈូស​រលីងៗ​ ត្រងោលៗ​ អត់មាន​អីនៅ​សល់​ទេ។​ អញ្ចឹង​ប្រជា​ពលរដ្ឋ​កំពុង​ភ័យ​ខ្លាច»។​

លោក​ថ្លែង​ទៀត​ថា ​បឹងបួរ​ព្រែក​ត្រូវ​ឈូស​លុប​ ហើយ​ប្រជា​ពលរដ្ឋ​កំពុង​ជួប​ ប្រទះ​នឹង​ភាព​វេទនា​យ៉ាង​ខ្លាំង​ ដោយសារ​សហគមន៍​ក្រីក្រ​ គ្មានការ​ចេះ​ដឹង​ គ្មាន​ទីផ្សារ​ទៀត​ផង។​
អង្គការ​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ​មួយ​ចំនួន​ដូចជា​អង្គការ ​Inclusive Development​ International ​(IDI),​ អង្គការ​សមធម៌​កម្ពុជា​ (ED) ​អង្គការ​ស៊ីយ៉ា (CIYA) ​សមាគម​ ហា ​(HA) ​និង​អង្គការ​អៃរ៉ាម ​(IRAM) ​គឺ​ជាអ្នក​ដែល​បាន​ជួយ​ ដល់​សហគមន៍​ក្នុង​ការ​ដាក់​ពាក្យ​ប្តឹង​ ​ដោះស្រាយ​ជាមួយ​ក្រុម​ហ៊ុន​ និង​ស្ថាប័ន​ IFC​ របស់​ធនាគារ​ពិភព​លោក​ ដែលមាន​រយៈ​ពេល​១៥​ថ្ងៃ​ក្នុង​ការ​ត្រួត​ពិនិត្យ​ពាក្យ​បណ្តឹង​របស់​ជនជាតិ​ដើម​ភាគ​តិច​នោះ៕​
XS
SM
MD
LG