ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្សែភាពយន្ត​ខ្មែរ​រឿង​«ក្បង់​ទឹកទន្លេ»​ឈាន​មក​ដល់​កម្រិត​អន្តរជាតិ​នៅ​សាន់ដាន


រឿង​«ក្បង់​ទឹក​ទន្លេ»​បាន​ចំណាយ​ពេល​ថត​អស់​រយៈ​ពេល​បួន​ឆ្នាំ​។ ​
រឿង​«ក្បង់​ទឹក​ទន្លេ»​បាន​ចំណាយ​ពេល​ថត​អស់​រយៈ​ពេល​បួន​ឆ្នាំ​។ ​
វ៉ាស៊ីនតោន៖ បញ្ហា​លំបាក​ដែល​ពលរដ្ឋ​កម្ពុជា​កំពុង​ជួប​ប្រទះក្នុង​ជីវភាព​ប្រចាំ​ថ្ងៃដូច​ជា​ការ​កាប់​បំផ្លាញ​ព្រៃ​ធម្មជាតិ ការនេសាទត្រីច្រើន​ហួស​ប្រ​មាណ និងការ​ជំពាក់​បំណុល​វ័ណ្ឌ​ករនឹង​ត្រូវ​បង្ហាញដល់​អន្តរជាតិ​ឱ្យ​បាន​ដឹង​ជាលើក​ដំបូង​តាម​រយៈ​ខ្សែភាពយន្ត​ឯកសារ​រឿង «ក្បង់​ទឹក​ទន្លេ»។

ភាពយន្ត​នេះ​នឹង​ត្រូវប្រកួត​ប្រជែង​នៅ​ឯ​មហោស្រព​ភាពយន្តទីក្រុង​សាន់​ដាន​ ក្នុង​រដ្ឋ​យូតា សហរដ្ឋ​អាមេរិក​ពីថ្ងៃ​ទី​២១​ដល់​២៦​ខែ​មករា​ឆ្នាំ​២០១៣​នេះ។​ ​នេះ​ជា​មហោស្រព​ភាពយន្ត​ប្រចាំ​ឆ្នាំ​ដ៏​មាន​កិត្តិយស​បំផុតនៅ សហរដ្ឋ​អាមេរិក​ដែល​អនុញ្ញាត​ឱ្យ​ផលិតករ​ភាព​យន្ត​បរទេស​អាច​យក​ខ្សែភាព​យន្ត​របស់​ខ្លួន​មក​ចូលរួម​ប្រកួត​បាន។ ​

រឿង​«ក្បង់​ទឹក​ទន្លេ»​បាន​ចំណាយ​ពេល​ថត​អស់​រយៈ​ពេល​បួន​ឆ្នាំ​ដោយ​តាម​ដាន​ជីវិត​ពលរដ្ឋខ្មែរ​ស្រករ​ក្រោយ​ចំនួន​បីនាក់​ដែល​ខិតខំ​ពុះ​ពារ​តស៊ូ​ប្រឈម​មុខ​នឹង​ឧបសគ្គ​ដែល​បណ្តាល​មក​ពីការ​អភិវឌ្ឍ​របស់​កម្ពុជា។

នាង​ ម៉ម កល្យាណនី ជា​ផលិត​ករ​ខ្សែ​ភាព​យន្ត​បាន​បញ្ជាក់ប្រាប់​វីអូអេថា៖

«ខ្សែភាពយន្ត​នេះ​រៀបរាប់​អំពី​ការ​រីក​ចម្រើន​នៅ​ក្នុង​ស្រុក​ខ្មែ​រ​យើង​បាន​ប៉ះពាល់​ទៅលើ​ជីវិត​ប្រជាជន​យើង​ បរិស្ថាន​ស្រុក​ខ្មែរ​ប៉ុន្តែ​ជាពិសេស​ខ្ញុំ​គ្រាន់​តែ​ចង់​បង្ហាញ​ថា​បាន​ប៉ះពាល់​ទៅ​លើ​ជីវិត​ប្រជាជនយើង​យ៉ាង​ម៉េច​ទៅជាពិសេស​នៅ​ក្នុង​ព្រៃ​និង​នៅ ជាមួយ​ជន​ជាតិ​ភាគ​តិច​នៅ​តាម​ព្រៃ​ ហើយ​មួយ​ទៀត​នៅ ជាមួយ​ជន​ជាតិ​របស់​យើង​ជាពិសេស​ចាម​នៅ​តាម​ទន្លេយើង​ហើយ​ប្រជាជន​យើង​នៅ​តាម​ខេត្ត​តាម​អី​បាន​កូនគេ​បាន​បញ្ជូន​ទៅ​ភ្នំពេញ​ទៅ​ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ​។ ខ្ញុំ​ចង់​មើល​ថា​ជីវិត​របស់​គាត់​បាន​ផ្លាស់​ប្តូរ​យ៉ាង​ម៉េច​»។

នាង​ម៉ម កល្យាណនី​ធ្លាប់ជា​អ្នក​ដឹកនាំ​ផ្នែក​រូប​ភាព​នៃ​ខ្សែ​ភាព​យន្ត រឿង​«កិច្ច​ការ​អ្នក​ផ្ទៃក្នុង» ឬ​ «Inside Job»ដែល​ទទួល​បាន​ពាន​រង្វាន់​អូស្កា​កាលពី​ឆ្នាំ២០១១។

មាន​ខ្សែ​ភាពយន្ត​ខ្នាតវែងចំនួន​១១៩​ដែល​មក​ពី​ប្រទេស​ចំនួន​៣២​ត្រូវ​បាន​ជ្រើស​រើស​ចេញ​ពី​ខ្សែ​ភាព​យន្ត​ចំនួនជាង៤.០០០ដែល​បាន​ដាក់​ចូលរួម​ប្រកួតសម្រាប់​មហោស្រព​ភាពយន្ត​ឆ្នាំ​នេះ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មានរបស់ក្រុម​អ្នក​រៀប​ចំ​មហោស្រព​នេះ​ឱ្យ​ដឹង​ថា​មាន​ខ្សែ​ភាព​យន្ត​បរទេស​ចំនួន​១១​ផ្សេង​ទៀត​នឹង​ត្រូវ​ប្រកួត​ជាមួយ​ខ្សែ​ភាពយន្តរឿង​«ក្បង់​ទឹក​ទន្លេ»​នៅក្នុង​ប្រភេទ​«ភាព​យន្ត​ឯកសារ​ពិភពលោក»។​ ខ្សែ​ភាពយន្ត​ទាំង​នោះ មាន​មក​ពី​ឥណ្ឌា ចិន ចក្រភព​អង់​គ្លេស រុស្ស៊ី និង​អេហ្ស៊ីបជា​ដើម។​

សំឡេង​ម៉ាស៊ីន​ដេរ​បាន​ទាក់​ទាញ​ស្រ្តីក្មេងៗជន​បទខ្មែរ​រាប់​សែន​នាក់​ឱ្យ​ចាកចេញ​ពី​លំនៅដ្ឋានមកធ្វើ​ការ​នៅ​ទីក្រុង​ដើម្បី​យកប្រាក់​ផ្គត់​ផ្គង់​ដល់​ជីវភាព​ក្រី​ក្រ​ដែល​គ្រួសារ​ជួប​ប្រទះ​ ក្នុង​នោះ មាន​ទាំង​នាង ​ខៀវផង​ដែល​បាន​ចាក​ចេញ​ពី​ផ្ទះ​សម្បែងមក​ធ្វើ​ការ​ជា​កម្មករ​កាត់​ដេរ​នៅ រោង​ចក្រ​នៅ​ទីក្រុង​ភ្នំពេញ​ដើម្បីយក​ប្រាក់​ទៅ​ដោះ​បំណុល​គ្រួសារ​។ នាង​ខៀវ​បង្ខំ​ចិត្ត​ធ្វើដូច​នេះបើ​ទោះ​បី​ជា​អារម្មណ៍​របស់​គេ​នៅ ផ្តោត​ជាប់​នឹង​ការងារ​ស្រែ​ក៏​ដោយ។

«ជីវិត​ខ្ញុំ​ដូច​បែក​ជាពីរ ...និយាយ​ទៅ​ស្រ្តី​ខ្មែរ​មួយ​រោងចក្រ​ហ្មង ទូទៅ​ហ្មងហ្នឹង​តែង​តែ​បែក​ជាពីរ...ព្រោះ អី​យើង​នៅ ស្រែ​វាគ្មាន​ដី​ស្រែ​អី​គ្រប់​គ្រាន់»។

ប៉ុន្តែ​សំឡេងត្រាក់​ទ័រ​ឈូសដី​នៅ​តាម​ដង​ភ្នំភាគ​ឥសាន​ប្រទេសប្រៀប​បាន​ជាស្នូ​ផ្តាច់​ព្រលឹង​មួយ​សម្រាប់នាង​សាវ សាមួន​ដោយ​សារ​វា​កាត់​ផ្តាច់​ទំនៀម​ទម្លាប់ប្រពៃ​ណីបុរាណ​និងព្រៃ​ធម្មជាតិ​របស់​ពួកគេ។ នាង​សាមួន​និង​ក្រុម​គ្រួសារ​ដែល​ជាក្រុម​ជន​ជាតិភាគតិច​មួយ​ក្នុងចំណោម​ជនជាតិ​ភាគ​តិច​២៤​រស់​នៅ​ដោយ​ពឹង​ពាក់​ដី​និង​ព្រៃ​ឈើ​សម្រាប់​រក​អាហារ​និង​ជីវភាព​រស់​នៅ។ ប៉ុន្តែ​ការអភិវឌ្ឍ​បាន​ធ្វើ​ឱ្យ​ផ្លាស់ប្តូរ។

«រាល់​ដង​អត់​ហ៊ាន​ដើរ​តាម​នេះ​ទេ​...សុទ្ធ​តែ​ខ្លា​សុទ្ធ​តែ​ខ្លាឃ្មុំ​សុទ្ធ​តែ​ដំរី​...ឥឡូវ​នេះ​ទេ​អត់​មាន​សត្វ​ដូច​សត្វ​ព្រៃ​ដូច​ជា​ខ្មោច​អី​គេ​អត់​ខ្លាច​ទេ​ឥឡូវ​នេះ​គេ​ខ្លាច​តែ​មនុស្ស​វិញ​ទេ។ អ្នក​ចាស់​ៗ​ថា​ខ្លាច​មនុស្ស​គេ​កាប់​ចម្ការ​ពេញ​ព្រៃ»។

ផល​ប៉ះពាល់នេះ​បាន​បន្ត​ធ្លាក់​មកដល់​ជីវភាព​អ្នក​នេសាទ​ត្រី​វ័យ​ក្មេង​ដូច​ជា​សារី​ដែល​បាន​បង្ខំ​ចិត្ត​ឈប់​រៀន​ដើម្បី​មក​ជួយ​នេសាទ​ចិញ្ចឹម​គ្រួសារ​ហើយ​ត្រូវ​ទៅ​ស៊ីឈ្នួល​ក្រុម​ហ៊ុន​ចិន​ធ្វើ​ចម្ការ​ដោយ​សារ​តែ​ផល​នេសាទ​កាន់​តែ​តិចទៅៗ។

ខ្សែ​ភាព​យន្ត​រឿង​«ក្បង់​ទឹក​ទន្លេ»នេះ​ជា​របស់​ផលិតកម្ម​ភាព​យន្ត​Migrant Films សហការ​ជាមួយ​នឹង មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា ។​

លោក​ឆាង យុ​នាយ​ក​មជ្ឈមណ្ឌល​ឯកសារកម្ពុជា​ដែល​បាន​ស្រាវជ្រាវ​ពី​របប​ខ្មែរ​ក្រហម​បាន​បញ្ជាក់​ពី​បំណង​នៃ​ការ​ថត​ខ្សែ​ភាពយន្ត​នេះ​ថា៖

«ទីមួយ​គឺ​យើង​មិន​អាច​ហើយ​យើង​ក៏​មិន​មែន​ជា​ជន​រងគ្រោះ​នៃ​របប​ខ្មែរ​ក្រហម​អស់​មួយ​ជីវិត​ទេ​ហើយ​ការ​ធ្វើ​ឯកសារ​នេះ​បង្ហាញ​ថា​យើង​លែង​ជា​ជន​រង​គ្រោះ​។ យើង​បាន​រស់​យើង​បាន​កសាង​ស្រាវជ្រាវ​ប្រវត្តិសាស្រ្ត​នៃ​ការ​កាប់​សម្លាប់​ ចាប់​មេដឹកនាំ​ខ្មែរ​ក្រហម​ដាក់​គុក​ បាន​បង្រៀន​កូនចៅ​របស់​យើង​ហើយ​នឹង​បន្ត​បង្រៀន​នឹង​ចងចាំ​ហើយ​នឹង​បន្ត​ការពារ​មិន​ឱ្យ​អំពើ​នេះ​កើត​ឡើង​មកវិញ​។ហើយ​ការ​ដែល​យើង​សំឡឹង​ទៅ​លើ​បញ្ហា​នេះ​ព្រោះ​ថា​យើង​លែង​ជា​ជន​រងគ្រោះ ទៀត​ហើយ​។ យើង​ជា​ប្រជាជន​កម្ពុជា​យើង​ប្រកួត​ប្រជែ​ង​នៅ ក្នុង​សាកល​ភាវូបនីយកម្ម​ដើម្បី ជីវិត​ប្រសើរ​ឡើង​ដើម្បី កសាង​អនាគត​កូន​ចៅ របស់​យើង​»។

លោក​ឆាង យុ​បន្ថែម​ថា​ក្នុង​ខណៈ​ដែល​ខិត​ខំ​ប្រឹងប្រែង​ដើម្បី​រស់​ឡើង​វិញ​គឺ​ពលរដ្ឋ​បាន​ជួប​ប្រទះ​នូវ​បញ្ហា​ទាំង​អស់​នេះ​ដែល​ជា​បញ្ហា​មួយ​មិន​ត្រឹម​តែ​កើត​មាន​នៅ​កម្ពុជា​ទេ។​

ឧស្សាហកម្ម​កាត់​ដេរ​កម្ពុជា​បាន​ផ្តល់​ការងារ​ធ្វើ​ដល់​ពលរដ្ឋ​កម្ពុជា​ប្រហែល​ជា​ង៤០០,០០០​នាក់​ហើយ​ផលិតផល​៧៥​ភាគរយ​នាំ​មក​ទីផ្សារ​សហរដ្ឋ​អាមេរិកប៉ុន្តែ​កម្មករ​ទទួលបាន​ប្រាក់​ខែ​ជា​មធ្យម​តែ​៦១​ដុល្លារ​តែ​ប៉ុណ្ណោះដោយ​ត្រូវ​ធ្វើ​ការ​ប្រឈម​មុខ​នឹង​ស្ថាន​ភាព​លំបាក​ជាច្រើន។ រីឯ​ការចាប់​យក​ដី​ធ្លី​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជាសម្រាប់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ត្រូវ​បាន​សកម្មជន​សិទ្ធិ​លំនៅដ្ឋាន​ឱ្យ​ដឹង​ថា​បាន​ប៉ះពាល់​ដល់​ប្រពៃ​ណី​ជន​ជាតិដើម​ហើយ​នឹង​ការ​ជម្លៀស​ពលរដ្ឋ​ក្រីក្រ​ចេញ​ជាដើម។
មហោស្រព​ភាព​យន្ត​ទីក្រុង​សាន់​ដាន​ឆ្នាំ​២០១៣​នេះ​បាន​ចាប់ផ្តើម​តាំង​ពី​ថ្ងៃ​ទី​១៧​ហើយ​នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​២៧​ខែ​មករាមុន​នឹង​ប្រកាស​ពី​ជ័យ​លាភី។ សម្រាប់​ខ្សែភាព​យន្តនានា ការឈ្នះ​បាន​រង្វាន់​គឺ​ជាកិត្តិយសមួយ​ប៉ុន្តែ​ចំពោះ​ផលិតករ​ជាច្រើន​ក៏​ដូច​ជា​នាង​ម៉ម កល្យាណនី​ ការដែល​ខ្សែ​ភាពយន្ត​របស់​ពួកគេ​បាន​ឈាន​មកដល់ចូលរួម​ប្រកួត​ប្រជែ​ង​នៅ មហោស្រព​នេះ​គឺ​ជា​កិត្តិយស​ដ៏ធំ​មួយរួច​ស្រេច​ទៅ​ហើយដែល​ជួយឱ្យ​គេបង្ហាញ​បញ្ហា​ដែល​គេ​ចាប់​អារម្មណ៍​ទៅ​ផ្សព្វផ្សាយ​នៅ​ឯវេទិកា​ផ្សេងៗ​ទៀត៕ ​
XS
SM
MD
LG