ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គំនូរ​របស់​វិចិត្រករ​ខ្មែរ​បង្ហាញ​មុខ​នៅ​រដ្ឋ​កាលីហ្វញ៉ា


រូប​គំនូរ «ស្រ្តី​និង​ទារក​ក្រហម​​​»
រូប​គំនូរ «ស្រ្តី​និង​ទារក​ក្រហម​​​»

នៅ​ក្នុង​វិចិត្រសាល ​PICTURE ​Cultural ​Art ​Foundation ​របស់ ​សាកល​វិទ្យាល័យ ​Dominguez Hills រដ្ឋ​កាលីហ្វញ៉ា​មាន​រូប​គំនូរ​ជា​ច្រើន​ផ្ទាំង​របស់​វិចិត្រករ​ផ្សេងៗ​នៅ​អាស៊ី​អាគ្នេយ៍​កំពុងត្រូវបានបង្ហាញ ​ក្រោម​ប្រធាន​បទ«ខ្ញុំ​មាន​សិទ្ធិ» (I Have The Right)។ ក្នុង​ចំណោមរូប​គំនូរ ​ទាំង​នោះ ​មាន២១​ផ្ទាំង​ជា​រូប​របស់​លោក ​យូ ឃីន វិចិត្រករ​ខ្មែរ​ម្នាក់ដែល​ត្រូវ​បាន​គេ​ដាក់​តាំង​នៅ​ក្នុងសាល​ដាច់​ពី​គេ​ព្រោះ​គំនូរ​របស់​លោក​មាន​អត្ថន័យ​តំណាង​ឱ្យ​សិទ្ធិ​បួន​ គឺ សិទ្ធិ​ក្នុង​ការស្រមើ​ស្រម៉ៃ​ ការស្រឡាញ់ ការបញ្ចេញមតិ និង​សិទ្ធិ​សេរីភាព។

លោកយូ ឃីនជាវិចិត្រករ​ខ្មែរ​ដៃ​ឯក​មួយ​រូប​ដែល​គូរ​គំនូរ​ប្រេង​លើ​ផ្ទាំង​សំពត់​ហើយ​ប្រើ​អំបោះ​ភ្ជាប់​គ្នាលើ​ផ្ទាំង​សំពត់​គំនូរ​របស់​គាត់។ ​ទោះ​បី​ជាលោកបានបាត់បង់ជីវិតនៅឆ្នាំ​២០០៩​ ​ដោយជំងឺមហារីកសួត​ក្តី​ក៏​រូប​គំនូររបស់​លោកដែល​បន្សល់​ទុក​នៅ​តែ​បង្ហាញ​ពី​អារម្មណ៍របស់​លោក។ ​រូប​គំនូរ​ភាគ​ច្រើន​របស់​គាត់​លាត​ត្រដាង​ពី​ទុក្ខសោក​និង​ការ​ខឹង​សម្បារ​ពី​អ្វី​ដែល​កើត​ឡើង​មក​លើ​ប្រទេស​កម្ពុជា​ក្នុង​សម័យ​ខ្មែរ​ក្រហម​ជា​ពិសេស​ការ​ធ្វើ​ទុក្ខ​ទុក​ម្នេញ​មក​លើ​ស្រី្ត​នា​សម័យ​នោះ។

លោក ​James​ Scarborough​ ជា​នាយក​ប្រតិបត្តិ​នៅ​វិចិត្រសាល PICTURE ​Cultural ​Art ​Foundation បាន​ពណ៌នា​ពី​រូប​គំនូរ​មួយ​ផ្ទាំង​របស់​លោក​យូ​ ឃីន​ថា៖​

«រូប​ដែល​មាន​ភាព​ស្រស់​ស្អាត​ជាង​គេ​គឺ​ប្រហែល​ជា​រូប​ដែល​មាន​ឈ្មោះ​ថា ស្រ្តី​និង​ទារក​ក្រហម​(Woman with a Red Baby)។ បើ​យើង​មើល​ទៅ​រូប​នេះ​ដោយ​មិន​ដឹង​ពី​សាច់​រឿង​ពី​ក្រោយយើង​ឃើញ​រូប ​ម្ដាយ​និង​ទារក​ដែល​នៅ​ក្នុង​អង្រឹង។ ស្ត្រី​នោះ​មាន​ទឹក​មុខ​ស្រងូត​ស្រងាត់​អង្គុយ​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​មាន ក ​ដូច​ជា​រាង​ក្ងាន ​បែរ​មុខ​ចេញ​ពី​កូន​របស់​នាង។ ភ្នែក​របស់​នាង​បិទ ដៃ​ក្រពាត់​នៅ​ខាង​មុខ​ហាក់​បី​ដូច​ជា​គ្មាន​ភាព​ស្និទ្ធស្នាល​និង​កូន​របស់​នាង។​ ទារក​មាន​ពណ៌​ក្រហម​ហើយ​ម្តាយ​ត្រូវ​បាន​ផាត់​ពណ៌​ស​ដូច្នេះ​យើង​អាច​សន្និដ្ឋាន​បាន​ថា​ប្រហែល​ជា​នាង ​ទើប​បង្កើត​កូន​ហើយ​ ប៉ុន្តែ​យើង​នៅ​តែ​ឆ្ងល់​ថា​តើ​ហេតុអ្វី​បាន​ជា​ ម្តាយ​មិន​មាន​ប្រតិកម្ម​ទៅ​កាន់​កូន​របស់​នាង»។

រូប​ដែល​លោក​ James ​Scarborough ​ទើបបាន​ពណ៌នា​នេះ​មាន​អត្ថន័យ​ភ្ជាប់​ទៅ​រឿងរ៉ាវ​នៅ​របប​ប្រល័យ​ពូជ​សាសន៍៖​

«បើ​តាម​ ភរិយា​របស់​វិចិត្រករ​គឺ​លោកស្រី​ យូ មួយ​ បាន​ប្រាប់​ ខ្ញុំ​ថា​នេះ​ជា​រូប​របស់​គាត់​ហើយ​ លោក​យូឃីន​មាន​គោល​បំណង​គូរ​រូប​នេះ​ដោយយក​ពណ៌​ជា​និមិត្ត​រូប។​ ទារក​មាន​ពណ៌​ក្រហម​ ដោយ​សារ​ទី​មួយ​ទារក​នោះ​ទើប​នឹង​កើត​ ទីពីរ​ទៀត​គឺទាក់​ទង​ទៅ​នឹង​សម័យ​ខ្មែរ​ក្រហម។ ពណ៌​ក្រហម​ជា​ពណ៌ ​កុម្មុយនិស្ត ខ្មែរ​ក្រហម។ កាល​សម័យ​នោះ​ទារក​ដែល​មាន​ភេទ​ប្រុស​ត្រូវ​បាន​គេ​បណ្ដាច់​ចេញ​ពី​ម្តាយ​ ដើម្បី​កុំ​ឱ្យមាន​ភាព​ជិតស្និទ្ធនឹង​ម្តាយ ​ហើយ​នឹង​ត្រូវ​បាន​អប់រំ​ឱ្យ​ទៅ​ជា​អ្នក​កុម្មុយនិស្ត។ នៅ​លើ​រូប​នេះ​មានខ្សែអំបោះ​ភ្ជាប់​ពី​ម្តាយ​ទៅ​កូន​ហាក់​បី​ដូច​ជា​ទង​ផ្ចិត​ហើយ​អំបោះ​ជំពាក់​គ្នា​ជា​សំណាញ់​តំណាងឱ្យ​ភាពច្របូក​ច្របល់ក្នុង​ប្រទេស​កម្ពុជានៅ​សម័យ​នោះ»។

សម្រាប់​លោក​យូ ឃីន រូប​គំនូរ​មិន​មែន​ត្រឹម​តែ​ជា​គ្រឿង​លម្អ​នោះទេ ប៉ុន្តែ​វា​រួម​ចំណែក​ក្នុង​ការ​ប្រាប់​ពី​អ្វី​ដែល​កើត​មាន​ឡើង​ក្នុង​សង្គម​មួយ។

លោក​ស្រី ​យូ​ មួយ (You Mouy)​ ដែល​ជា​ភរិយា​របស់​លោក​យូ​ឃីន​បាន​ប្រាប់​ឱ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា៖​

«បើ​នៅ​បស្ចិម​ប្រទេស​វិញ​សិល្បៈ​គឺ​ជា​យាន​មួយ​ដែល​ផ្ទុក​ទៅ​ដោយ​សារ​អ្វី​មួយ​ដែល​សិល្បករ​ហ្នឹង​ចង់​ផ្សព្វផ្សាយ។​ កាល​ណា​គេ​គូរ​គេ​មិន​មែន​គូរ​ដើម្បី​យក​ទៅ​លម្អ​ឬ​បំពេញ​ចិត្ត​អ្នក​ណា​មួយ​ទេ។ ស្រុក​ខ្មែរ​យើង​សិល្បករ​គូរ​ដើម្បី​បំពេញ​ចិត្ត​អ្នក​ទិញ​ចំណែក​សិល្បៈ​មែន​ទែន​គឺ​មិន​មែន​អញ្ចឹង​ទេ។​ សិល្បៈ​មាន​មុខ​ងារ​ខ្ពង់​ខ្ពស់​ណាស់​អាច​ជា​យាន​យន្ត​មួយ​ដែល​ប្តូរ​ចិត្ត​គំនិត​សតិ​អារម្មណ៍​ការ​យល់​ឃើញ​ប្តូរ​ទស្សនៈ​លើ​ពិភព​លោក​ហ្នឹង​អញ្ចឹង​ហើយ​បាន​ជា​ស្រុក​កុម្មុយនិស​ខ្លាច​សិល្បករ​ណាស់​ហើយ​គេ​ច្រើន​តែ​គ្រប​សង្កត់​មិន​ចង់​ឱ្យ​មាន​សេរីភាព​ដើម្បី​បង្ហាញ​ពី​ចិត្ត​គំនិត​របស់​ខ្លួន​ទេ»។

លោក​ James​ Scarborough បាន​ឱ្យ​ដឹង​ពី​សារៈ​សំខាន់​របស់​គំនូរ​ទាំង​នេះ​ថា៖

«គាត់​អាច​គូរ​រូប​ទេស​ភាព​ឬ​ក៏​រូប​មនុស្ស​ផ្សេងៗប៉ុន្តែ​គាត់មាន​មន​សិការ​សង្គម​ទើប​គាត់​គូរ​រូប​ទាំង​នេះ ​ហេតុ​នេះ​ហើយ​បាន​ជា​ធ្វើ​ឱ្យ​រូប​ទាំង​នេះ​មាន​សារៈ​សំខាន់។​ វា​មិនមែន​ជា​រូបភាព​របស់​ក្រុម​គ្រួសារ​គាត់​ឬ​អ្វី​ផ្សេងៗ​ទៀត​នោះ​ទេ​ តែ​នេះ​ជា​រូប​ដែល​បង្ហាញ​ពីអ្វី​ដែល​កើត​ឡើង​នៅ​ក្នុង​សង្គមដូច្នេះ​គាត់​មិន​ត្រឹម​តែ​ជា​អ្នក​គូរ​គំនូរ​ធម្មតា​នោះ​ទេ​ តែ​គាត់​ជា​ជាង​គំនូរ​ដែល​ប្រកប​ដោយ​អារម្មណ៍ហើយ​គូរ​អ្វី​ដែល​កើត​ឡើង​សម័យ​នោះ។ ​ហើយ​វាជា​ការណ៍​ប្រសើរ​ណាស់​ដែល​គាត់​បានគូរ​គំនូរ​ទាំងនេះ​ពីព្រោះ​កាល​សម័យ​នោះ​មិនមាន ​Internet Youtube Tweeter ​ហើយ ​គ្មាន​ទូរស័ព្ទ​ដែល​មាន​កាមេរ៉ា ​ដូច្នេះ​យើង​មិន​មាន​អ្វី​សម្រាប់​បង្ហាញ​ឱ្យ​ដឹង​ពី​ស្ថានការណ៍​ប្រចាំថ្ងៃនា​សម័យ​នោះ»។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ការ​តាំង​ពិព័រណ៍​នេះ​ធ្វើ​ឡើង​រហូត​ដល់​ចុង​ខែ​កញ្ញា​ឆ្នាំ​២០១២។

XS
SM
MD
LG