ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាហ្សាម៉ាន់អះអាងថានឹងមិនបិទសកម្មភាពរបស់ខ្លួន បើទោះជាមានការស្នើឲ្យបញ្ឈប់ក្ដី


អគារ​សាលា​បឋមសិក្សា​ចំណេះ​ទូទៅ​សាលាហ្សាម៉ាន់​អន្តរជាតិសាខា​ទួលគោករៀបចំ​សម្ភារ​សិក្សា​សម្រាប់​បវេសនកាល​ថ្មី​​ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែ​សីហា​ ឆ្នាំ​២០១៦។ ​(ឡេង ឡែន/VOA)
អគារ​សាលា​បឋមសិក្សា​ចំណេះ​ទូទៅ​សាលាហ្សាម៉ាន់​អន្តរជាតិសាខា​ទួលគោករៀបចំ​សម្ភារ​សិក្សា​សម្រាប់​បវេសនកាល​ថ្មី​​ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែ​សីហា​ ឆ្នាំ​២០១៦។ ​(ឡេង ឡែន/VOA)

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥​នេះ​ អ្នក​តំណាង​នៃ​សាលា​នេះ​​បង្ហាញ​ថា​ គេ​នឹង​មិន​មាន​គម្រោង​បញ្ឈប់​សកម្មភាព​គ្រឹះស្ថាន​អប់រំ​​ហ្សាម៉ាន់​នោះ​ទេ។​

កាល​ពី​ថ្ងៃ​ចន្ទ​នេះ ​ស្ថានទូត​សាធារណរដ្ឋ​តួកគី​ប្រចាំ​កម្ពុជា​បាន​ស្នើ​ដល់​ក្រសួង​ការបរទេស​កម្ពុជា​ឲ្យ​បិទ​ដំណើរការ​សកម្មភាព​របស់​សាលា​ហ្សាម៉ាន់​ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥​នេះ​ អ្នក​តំណាង​នៃ​សាលា​នេះបង្ហាញ​ថា​ គេ​នឹង​មិន​មាន​គម្រោង​បញ្ឈប់​សកម្មភាព​គ្រឹះស្ថាន​អប់រំហ្សាម៉ាន់​នោះ​ទេ។​

បន្ទាប់​ពី​មាន​សំណើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បិទគ្រឹះស្ថាន​អប់រំ ​Zaman (ហ្សាម៉ាន់) កន្លង​ទៅ​នេះ​ដោយ​ស្ថានទូត​តួកគី​ប្រចាំ​កម្ពុជា​ គ្រឹះស្ថាន​អប់រំ​ដែល​ត្រូវ​គេ​ចោទ​ប្រកាន់​ថា​ មាន​ការ​ពាក់ព័ន្ធ​នឹង​រដ្ឋប្រហារ​នៅប្រទេស​តួកគី​នៅ​ថ្ងៃ​ទី​១៥​ខែ​កក្កដា​កន្លងទៅ​នេះ បាន​បង្ហាញ​គោល​ជំហរ​របស់​ខ្លួន​ក្នុង​ការ​បន្ត​ដំណើរការ​កម្មវិធី​សិក្សា​របស់​ខ្លួន​ដដែល។​

កាលពី​ថ្ងៃ​ចន្ទ​ទី​២២​នេះ​លោក ILhan Kemal Tug ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​តួកគី​ប្រចាំ​នៅ​កម្ពុជា​បាន​ជួប​ជាមួយ​លោក​ ប្រាក់ សុខុន រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា ដោយ​លោក​បាន​ស្នើ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​បិទសាលា​ហ្សាម៉ាន់​ ដោយ​សំអាង​ថា​ មាន​ហានិភ័យ​ពាក់ព័ន្ធ​នឹង​ភេរវកម្ម​និង​រដ្ឋប្រហារ​នៅ​ប្រទេស​តួកគី។

លោក Ilhan Kemal Tug ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួក​គីប្រចាំនៅកម្ពុជា ជួបពិភាក្សាជាមួយនឹងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា អំពីការស្នីសុំឲ្យបិទសាសា Zaman ទាំងអស់នៅរាជធានីភ្នំពេញ កាលពីថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០១៦។ (អ៊ិត សូធឿត/VOA)
លោក Ilhan Kemal Tug ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួក​គីប្រចាំនៅកម្ពុជា ជួបពិភាក្សាជាមួយនឹងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា អំពីការស្នីសុំឲ្យបិទសាសា Zaman ទាំងអស់នៅរាជធានីភ្នំពេញ កាលពីថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០១៦។ (អ៊ិត សូធឿត/VOA)

ប៉ុន្តែបើ​តាម​លោក​ អ៊ីសា អាន​ ទេព្លី នាយក​សាលា​បឋមសិក្សា​ចំណេះ​ទូទៅ​នៃ​ក្រុមហ៊ុន​ហ្សាម៉ាន់​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ​ទី​២៥​ ខែ​សីហា​នេះ​ថា សាលា​របស់​លោក​នឹង​បន្ត​កម្មវិធី​សិក្សា​របស់​ខ្លួន​ដូច​ធម្មតា​នៅ​ខែ​ក្រោយ​នេះ បើ​ទោះ​ជា​មាន​ការ​ស្នើសុំ​ឲ្យ​បញ្ឈប់​ដំណើរការ​យ៉ាង​ណា​ក្ដី។ លោក​ អ៊ីសា​ បាន​ឲ្យ​ដឹង​ថា ​ហ្សាម៉ាន់ ​ជា​គ្រឹះស្ថាន​ដែលបង្រៀន​ជា​ភាសា​ខ្មែរ​និង​ភាសា​អង់គ្លេសដែល​មាន​ប្រភព​កំណើត​មកពី​ប្រទេស​តួកគី​ និង​អប់រំ​សិស្ស​អំពី​វប្បធម៌​កម្ពុជា​និង​តាម​ស្តង់ដា​អន្តរជាតិ។

លោក​និយាយ​ថា៖

​«សរុបទៅ​សាលា​យើង​នៅ​តែ​មាន​ដំណើរការ​ មិន​ការ​ស្នើសុំ​នោះ​ទេ ​យើង​កំពុង​តែ​ពង្រីក​និង​បើក​បវេសនកាល​នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ។ យើង​មិន​មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ស្ថានទូត​តួកគី ឬ​ក៏​រដ្ឋាភិបាល​តួកគី​នោះ​ទេ ​យើង​ជា​ក្រុមហ៊ុន​ឯកជន ​ជា​សាលា​ឯករាជ្យ​មួយ ដោយមាន​ឈ្មោះ​ជា​ហ្សាម៉ាន់​អន្តរជាតិ»។

​លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃប្រាប់​ VOA កាល​ពី​ថ្ងៃ​អង្គារ ទី​២៣​ ខែ​សីហា​ កន្លង​ទៅ​នេះ​ថា​ ក្រសួង​នឹង​ស្រាវជ្រាវ​អំពី​ភ័ស្តុតាង​ទាក់ទង​នឹង​ការ​សង្ស័យ​ថា​ មាន​អំពើ​ភេរវកម្ម​ពាក់ព័ន្ធ​នឹង​សាលា​ហ្សាម៉ាន់​ ​ឲ្យ​បាន​ច្បាស់លាស់​លើ​ការ​ចោទប្រកាន់​នានា ដើម្បី​ធ្វើ​សេចក្ដី​សម្រេច។​

«សំខាន់​យើង​ត្រូវ​រក​មើល​ភ័ស្តុតាង​សិន​ ហើយ​ក្រសួង​មិន​បាន​ដឹង​រឿង​ហ្នឹង​អី​ទេ។​ ហើយ​កន្លង​មក​ឯកអគ្គរដ្ឋទូត​កំពុង​សុំ​ជួប​សម្ដេច​ក្រឡា​ហោម​ដែរ រឿង​រាយការណ៍​អំពី​រដ្ឋប្រហារ​នៅ​ប្រទេស​តួកគី​មិន​បាន​សម្រេច​នេះ​ដែរ។​ ជំនាញ​របស់​យើង​កំពុង​តែ​ស៊ើបអង្កេត​ដែរ តែ​មិនទាន់​ដឹង​ថា ​ការ​ពាក់ព័ន្ធ​នឹង​កម្រិត​ណា។​ ក្នុង​ការ​បិទ​ការ​អី ធម្មតា​តែ​មាន​ការ​ពាក់ព័ន្ធ​យើង​ត្រូវ​មាន​វិធានការ​ហើយ ប៉ុន្តែ​យើង​ត្រូវ​រក​ភ័ស្តុតាង​ឲ្យ​បាន​ត្រឹមត្រូវ​ដែរ»។

តែ​ទោះជា​យ៉ាងណាក្ដី​ VOA មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ពី​លោក​ គៀត ច័ន្ទថារិទ្ធិ ​អ្នក​នាំពាក្យ​នគរបាល​ជាតិអំពី​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​លើ​ការ​ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​របស់​ស្ថានទូត​តួកគី ដែល​ថា​គ្រឹះស្ថាន​អប់រំ​ហ្សាម៉ាន់​សង្ស័យមាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ភេវកម្ម និង​ជាប់​ពាក់ព័ន្ធ​នឹងរដ្ឋប្រហារ​ដែល​មិនបាន​សម្រេច​នៅ​ប្រទេស​តួកគី​កាល​ពី​ខែ​កក្ដដា​កន្លង​ទៅ​នេះ។

តាំង​ពី​ឆ្នាំ​១៩៩៧ រហូត​មក​ដល់​ពេល​នេះ​ សាលា​ Zaman ​(ហ្សាម៉ាន់)​ ​មាន​សិស្ស​ចុះ​ឈ្មោះ​ចំនួន​ប្រហែល​២.០០០​នាក់​ ដែល​កំពុង​សិក្សា​ចាប់​ពីថ្នាក់​មតេ្តយ្យ​រហូត​ដល់​កម្រិតមហាវិទ្យាល័យ។

អ្នកស្រី ​ប៊ូ អាណូរិតា អាណាព្យាបាល​ម្នាក់​នៃកូន​សិស្ស​សាលា​បឋមសិក្សា​ចំណេះ​ទូទៅ​នៃ​សាលា​ហ្សាម៉ាន់​អន្តរជាតិ​ ​បាន​ថ្លែង​ប្រាប់​ VOAថា​ អ្នកស្រី​មិន​ចង់​ឲ្យ​មាន​ការ​បិទ​សាលា​នោះ​ទេ ដោយសារ​ការ​ផ្លាស់ប្តូរ​សាលា​របស់​កូន​អ្នកស្រី​មាន​ការ​លំបាក​ ហើយ​អ្នកស្រី​មានប្រសាសន៍ថា​សាលា​នេះ​អាច​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើភេរវកម្ម​នោះ​ទេ។

អ្នកស្រី​និយាយ​ថា៖​ «ខ្ញុំ​មិន​ចង់​ឲ្យ​បិទ​ទេ ព្រោះ​ពិបាក​ដូរ​សាលា​កូន កូន​មិន​ស្គាល់​បរិយាកាស​ថ្មី​ ពិបាក​សញ្ញាប័ត្រ​យើង​គេ​ផ្ទេរ​មិនបាន។ ខ្ញុំ​មិន​ជឿ​ថា​ មាន​ភេរវកម្ម​ បើ​សិន​ជា​កូន​ខ្មែរ​រៀន​នៅ​ហ្នឹង»។

បន្ទាប់​ពី​មាន​រដ្ឋប្រហារ​នៅ​ប្រទេស​តួកគី​នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា​កន្លងទៅ សាលា​អន្តរជាតិ​ Zaman (ហ្សាម៉ាន់)​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជា​បន្តបន្ទាប់ថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​ក្រុម​រដ្ឋ​ប្រហារ​នៅ​ប្រទេស​តួកគី និង​ការចោទប្រកាន់​របស់​ឯកអគ្គរដ្ឋទូត​តួកគី​ប្រចាំ​កម្ពុជា។ សេចក្តី​ថ្លែង​ការណ៍​នោះ​បន្ត​ថា ក្រុមហ៊ុន Zaman (ហ្សាម៉ាន់)​ ​មិន​មាន​ការ​គាំទ្រ​ដល់​ការ​ចូល​រារាំង​របស់​ក្រុម​យោធា​ណា​មួយ​ ព្រោះ​ប្រជាពលរដ្ឋ​តួកគី​ទាំង​អស់នៅ​ក្នុង​ប្រទេស​តួកគី​អាច​នឹង​ទទួល​គ្រោះថ្នាក់​ចំពោះ​ការ​ប៉ុនប៉ង​នេះ។​

សេចក្ដី​ថ្លែង​ការណ៍​នេះ បន្ត​ថា​ ស្ថាបនិក​របស់​សាលា​អន្តរជាតិ Zaman (ហ្សាម៉ាន់)​ ​ បាន​ចាប់​ផ្តើម​ស្ថាបនា​សាលា​នេះ​ដោយ​ផ្អែក​លើ​ស្មារតី​ និង​ទស្សនវិស័យ​ពី​លោក Fethullah​ Gulen ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​អង្គការ​ភេរវកម្ម​ Futhullah Gulen Terrorist Organization (FETO) ដែល​ត្រូវ​គេ​ចោទ​ថា​ជា​មេដឹកនាំ​ក្រុម​នៅ​ពី​ក្រោយ​រដ្ឋ​ប្រហារ​ខាង​លើ​នេះ។ តំណាង​សាលា​ហ្សាម៉ាន់​អះអាង​ថា លោក​ ​Gulen ​មិន​ដែល​មាន​ការ​ចូលរួម​ក្នុង​ការងារ​រដ្ឋបាល​ ឬ​ជា​ម្ចាស់​ស្រប​ច្បាប់​ណាមួយ​របស់​សាលា Zaman (ហ្សាម៉ាន់) ឡើយ។

លោក ​Hakan Atasever មន្រ្តី​ទំនាក់ទំនង​សាធារណៈ​នៃ​ក្រុមហ៊ុន​ហ្សាម៉ាន់​ប្រាប់​ ​VOAតាមរយៈ​សារអេឡិចត្រូនិក​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​គ្រឹះស្ថាន​អប់រំ​ហ្សាម៉ាន់បដិសេធ​ចោល​ការ​ចោទប្រកាន់​នានារបស់ស្ថានទូត​តួកគី​ប្រចាំ​ប្រទេស​កម្ពុជា​ ហើយ​លោក​ទាមទារ​ឲ្យ​មាន​ការ​បង្ហាញ​ភ័ស្តុតាង​អំពី​ការ​ចោទ​របស់​លោក​ឯកអគ្គរដ្ឋទូត​លើ​រឿង​នេះ។

VOA មិន​អាច​ទាក់ទង​លោក​ រស់​ សាលីន អ្នក​នាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា ដើម្បី​ផ្ដល់ព័ត៌មាន​អំពី​វិធានការ​របស់​ក្រសួង​អប់រំ​លើ​គ្រឹះស្ថាន​អប់រំហ្សាម៉ាន់​នៅ​ឡើយ​ទេ។ដោយ​ទូរស័ព្ទ​របស់​លោក​រោទិ៍ តែ​ពុំ​មាន​អ្នក​លើក។ តែ​តំណាង​សាលា​ហ្សាម៉ាន់​ប្រាប់​ថា ​ពួកគេ​មិនទាន់​បាន​ទទួល​លិខិត​ជា​ផ្លូវការ​ទាក់ទង​នឹង​ការ​បិទ​សាលា​របស់​គេ​នៅ​ឡើយ​ទេ៕​

XS
SM
MD
LG