ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក ឆាង យុ សោកស្ដាយ ដែល​ដំណើរ​ការ​ចងក្រង​ឯកសារ​ដើម្បី​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​សម័យ​ខ្មែរ​ក្រហម​មាន​ភាព​យឺតយ៉ាវ


លោក ឆាង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ធ្វើ​បាឋកថា​អំពី «ការ​ស្វែងរក​យុត្តិធម៌​សម្រាប់​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា៖ កំហុស ផល​វិបាក និង​ក្រម​សីលធម៌» នៅ​ឯ​សាកលវិទ្យាល័យ Maryland ថ្ងៃ​ទី ៩ ខែ ឧសភា ឆ្នាំ ២០១៧។ (ស្រេង​ លក្ខិណា/VOA)

លោក​ឆាង យុ​និយាយ​​ថា បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​ដែល​លោក​បាន​ដកស្រង់​កន្លង​មក​គឺ​ថា ការ​ទាក់ទង និង​ការ​បញ្ចូល​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ទៅ​ក្នុង​ដំណើរ​ការ​ចងក្រង​ឯកសារ​ដើម្បី​ស្វែង​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​អ្នក​ដែល​ចង់​ធ្វើ​ការ​លើ​រឿង​អំពើ​ប្រល័យ​ពូជសាសន៍ ឬ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។

ការ​សម្រេចចិត្ត​ផ្នែក​នយោបាយ​ទាក់ទិន​នឹង​ការ​មិន​ស្វែង​រក​ការ​គាំទ្រ​ពី​ប្រទេស​មួយ​ចំនួន ដើម្បី​ជួយ​ដល់​ការ​ប្រមូល​ឯកសារ​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋកម្ម​របស់​ពួក​ខ្មែរ​ក្រហម ការ​បរាជ័យ​ក្នុង​ការ​មិន​ទាក់ទង និង​សហការ​ជាមួយ​នឹង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ដើម្បី​ធ្វើ​ការ​ចងក្រង​ឯកសារ​ទាំង​នេះ​តាំង​ពី​ដំបូង និង​ការ​បរាជ័យ​មិន​បាន​បញ្ចូល​ជនរងគ្រោះ​សម័យ​ខ្មែរ​ក្រហម​ទៅ​ក្នុង​ក្រុម​ការងារ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា គឺ​ជា​កំហុស​ដែល​ធ្វើ​ឲ្យ​ដំណើរ​ការ​ចងក្រង​ឯកសារ​ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​សម័យ​ខ្មែរ​ក្រហម​មាន​ភាព​យឺតយ៉ាវ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ឆាង យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នៅ​ក្នុង​ការ​ថ្លែង​បាឋកថា​របស់​លោក នៅ​សាកលវិទ្យាល័យ Maryland កាល​ពី​ថ្ងៃ​ទី ៩ ខែ​ឧសភា កន្លង​ទៅ​នេះ។

លោក ឆាង យុ បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​បាន​សម្រេច​ចិត្ត​ខុស​ជា​ច្រើន។ ប្រសិនបើ​ខ្ញុំ​មិន​បាន​ធ្វើ​ដូច្នោះ​ទេ ដំណើរការ [ចងក្រង​ឯកសារ​ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ជន​រងគ្រោះ] ប្រហែល​ជា​មាន​ដំណើរការ​លឿន​ជាង​នេះ។ ខ្ញុំ​ធ្វើ​ការ​សម្រេច​ចិត្ត​តែ​ខ្លួន​ឯង​នៅ​ក្នុង​ការ​ជ្រើសរើស​ប្រទេស​ណា​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ការ​ជាមួយ។ … ខ្ញុំ​បាន​បរាជ័យ​នៅ​ក្នុង​ការ​អប់រំ​ប្រជាពលរដ្ឋ​ទូទៅ​ឲ្យ​យល់ [អំពី​អំពើ​ប្រល័យ​ពូជសាសន៍​នេះ] ដោយ​ខ្ញុំ​បាន​ធ្វើ​ការ​លើ​រឿង​ហ្នឹង​តែ​ម្នាក់​ឯង​តែ​ប៉ុណ្ណោះ​តាំង​ពី​ដំបូង​មក។ … កំហុស​ចុង​ក្រោយ​ដែល​ខ្ញុំ​បាន​ធ្វើ​ឡើង គឺ​ខ្ញុំ​មិន​បាន​យក​ជន​រងគ្រោះ [សម័យ​ខ្មែរ​ក្រហម] មក​ធ្វើ​ការ​នៅ​ឯ​មជ្ឈមណ្ឌល [ឯកសារ​កម្ពុជា] ទាល់​តែ​សោះ»។

លោក​បាន​បន្ថែម​ថា បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​ដែល​លោក​បាន​ដកស្រង់​កន្លង​មក​គឺ​ថា ការ​ទាក់ទង និង​ការ​បញ្ចូល​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ទៅ​ក្នុង​ដំណើរ​ការ​ចងក្រង​ឯកសារ​ដើម្បី​ស្វែង​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​អ្នក​ដែល​ចង់​ធ្វើ​ការ​លើ​រឿង​អំពើ​ប្រល័យ​ពូជសាសន៍ ឬ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។

លោក ឆាង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ធ្វើ​បាឋកថា​អំពី «ការ​ស្វែងរក​យុត្តិធម៌​សម្រាប់​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា៖ កំហុស ផល​វិបាក និង​ក្រម​សីលធម៌» នៅ​ឯ​សាកលវិទ្យាល័យ Maryland ថ្ងៃ​ទី ៩ ខែ ឧសភា ឆ្នាំ ២០១៧។ (ភី សុភាដា/VOA)
លោក ឆាង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ធ្វើ​បាឋកថា​អំពី «ការ​ស្វែងរក​យុត្តិធម៌​សម្រាប់​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា៖ កំហុស ផល​វិបាក និង​ក្រម​សីលធម៌» នៅ​ឯ​សាកលវិទ្យាល័យ Maryland ថ្ងៃ​ទី ៩ ខែ ឧសភា ឆ្នាំ ២០១៧។ (ភី សុភាដា/VOA)

លោក​ធ្វើ​បាឋកថា​នៅ​សាកល​វិទ្យាល័យ Maryland នេះ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​លោក​បាន​ទទួល​ពាន​រង្វាន់​សិទ្ធិ​មនុស្ស Judith Lee Stronach ឆ្នាំ ២០១៧ ពី​មជ្ឈមណ្ឌល​យុត្តិធម៌ និង​ការ​ទទួល​ខុស​ត្រូវ (Center for Justice and Accountability) នៅ​ក្នុង​ទីក្រុង San Francisco រដ្ឋ California។

បាឋកថា​របស់​លោក ឆាង យុ ដែល​មាន​ចំណង​ជើង​ថា៖ «ការ​ស្វែងរក​យុត្តិធម៌​សម្រាប់​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា៖ កំហុស ផល​វិបាក និង​ក្រម​សីលធម៌» ត្រូវ​បាន​សហការ​រៀបចំ​ឡើង​ដោយ​ដេប៉ាតឺម៉ង់​រដ្ឋាភិបាល និង​នយោបាយ កម្មវិធី​បញ្ញវន្ត​នៃ​មជ្ឈមណ្ឌល​សិក្សា​កិច្ចការ​អន្តរជាតិ និង​មជ្ឈមណ្ឌល Baha'I Chair សម្រាប់​សន្តិភាព​ពិភពលោក នៃ​សាកលវិទ្យាល័យ Maryland ក្នុង​រដ្ឋ Maryland សហរដ្ឋ​អាមេរិក។

គោល​បំណង​នៃ​ការ​រៀបចំ​បាឋកថា​នេះ គឺ​ដើម្បី​ឲ្យ​និស្សិត ក៏​ដូចជា​សាធារណជន​ទូទៅ​មាន​ឱកាស​ស្វែង​យល់​ជាពិសេស​អំពី​ដំណើរការ​វិវត្តន៍​របស់​ប្រទេស​កម្ពុជា​ពី​ជម្លោះ​ទៅ​សន្តិភាព និង​អំពី​ដំណើរ​ការ​ស្វែងរក​យុត្តិធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកស្រី​សាស្ត្រាចារ្យ Kate Seaman អនុ​ប្រធាន​មជ្ឈមណ្ឌល Bahai'I Chair សម្រាប់​សន្តិភាព​ពិភពលោក។

លោកស្រី​សាស្ត្រាចារ្យ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «មាន​រឿង​ជា​ច្រើន​ដែល​យើង​អាច​ដក​ស្រង់​ពី [បាឋកថា] នេះ​បាន ដូចជា ស្ថានភាព​ប្រទេស​ពេល​មាន​ជម្លោះ ស្ថានភាព​ប្រទេស​ក្រោយ​ពេល​ជម្លោះ ការ​វិវត្តន៍​របស់​ប្រទេស​ពី​សម័យ​សង្គ្រាម​ទៅ​រក​សង្គម​មួយ​ដែល​មាន​ស្ថិរភាព និង​សន្តិភាព និង​អំពី​តួនាទី​របស់​យុត្តិធម៌​នៅ​ក្នុង​ដំណើរ​ការ​ហ្នឹង​ជា​ដើម»។

អ្នកស្រី​សាស្ត្រាចារ្យ Kate Seaman អនុ​ប្រធាន​មជ្ឈមណ្ឌល Bahai'I Chair សម្រាប់​សន្តិភាព​ពិភពលោក (ស្រេង លក្ខិណា/VOA)
អ្នកស្រី​សាស្ត្រាចារ្យ Kate Seaman អនុ​ប្រធាន​មជ្ឈមណ្ឌល Bahai'I Chair សម្រាប់​សន្តិភាព​ពិភពលោក (ស្រេង លក្ខិណា/VOA)

ការ​រៀបចំ​បាឋកថា​នេះ​ឡើង ក៏​ជា​ឱកាស​មួយ «សម្រាប់​ណែនាំ​លោក ឆាង យុ ដែល​ជា​បុគ្គល​សំខាន់​មួយ​រូប​នៃ​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​របស់​ប្រទេស​កម្ពុជា ឲ្យ​និស្សិត​នៃ​សាកល​វិទ្យាល័យ Maryland បាន​ស្គាល់» ផង​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Jim Glass សាស្ត្រាចារ្យ​នៃ​ដេប៉ាតឺម៉ង់​រដ្ឋាភិបាល និង​នយោបាយ និង​ជា​ប្រធាន​កម្មវិធី​បញ្ញវន្ត​នៃ​មជ្ឈមណ្ឌល​សិក្សា​កិច្ចការ​អន្តរជាតិ នៃ​សាកលវិទ្យាល័យ Maryland។

សម្រាប់​លោកស្រី​សាស្ត្រាចារ្យ Allison Patch ការ​ចូលរួម​នៅ​ក្នុង​កម្មវិធី​បាឋកថា​នេះ អាច​ផ្ដល់​ផល​ប្រយោជន៍​សំខាន់​ដល់​ការ​បង្រៀន​ផ្នែក​កិច្ចការ​អន្តរជាតិ​របស់​លោកស្រី ទោះបីជា​ការ​បង្រៀន​របស់​លោកស្រី​ផ្ដោត​លើ​ទ្វីប​អាហ្វ្រិក​ក៏​ដោយ។

«[បាឋកថា] នេះ​មាន​សារៈសំខាន់​សម្រាប់​ការ​បង្រៀន​របស់​ខ្ញុំ និង​សម្រាប់​ឲ្យ​និស្សិត​ខ្ញុំ​ស្វែង​យល់​អំពី​បញ្ហា​ដូច​ជា តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ក្នុង​ការ​បន្ត​ដំណើរ​ជីវិត​រស់នៅ​ទៅ​មុខ​ទៀត បន្ទាប់​ពី​អំពើ​សម្លាប់​រង្គាល​បាន​កើត​ឡើង? ជា​ដើម»។

អ្នកស្រី​សាស្ត្រាចារ្យ Allison Patch មកពី​កម្មវិធី​បញ្ញវន្ត​នៃ​មជ្ឈមណ្ឌល​សិក្សា​កិច្ចការ​អន្តរជាតិ នៃ​សាកលវិទ្យាល័យ Maryland (ស្រេង លក្ខិណា/VOA)
អ្នកស្រី​សាស្ត្រាចារ្យ Allison Patch មកពី​កម្មវិធី​បញ្ញវន្ត​នៃ​មជ្ឈមណ្ឌល​សិក្សា​កិច្ចការ​អន្តរជាតិ នៃ​សាកលវិទ្យាល័យ Maryland (ស្រេង លក្ខិណា/VOA)

នាង Corinne Paul និស្សិត​ថ្នាក់​ក្រោយ​ឧត្ដម​សិក្សា ជំនាញ​គោល​នយោបាយ​អភិវឌ្ឍន៍​អន្តរជាតិ​នៃ​មហា​វិទ្យាល័យ​គោល​នយោបាយ​សាធារណៈ របស់​សាកលវិទ្យាល័យ Maryland ថា ការ​ចូលរួម​នៅ​ក្នុង​ការ​ថ្លែង​បាឋកថា​នេះ គឺ​អាច​ឲ្យ​នាង​ស្វែង​យល់​អំពី​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយសារ​នាង​ធ្លាប់​តែ​ឭ​ថា​មាន​អំពើ​ប្រល័យ​ពូជសាសន៍​កើត​ឡើង​នៅ​កម្ពុជា ប៉ុន្តែ​មិន​ដែល​បាន​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​លំអិត​អំពី​រឿង​នេះ​នោះ​ទេ។

កញ្ញា​វ័យ​ជាង ២០ ឆ្នាំ រូប​នេះ បាន​បន្ថែម​ទៀត​ថា នាង​ទទួល​បាន​ចំណេះដឹង​ជា​ពិសេស​អំពី​សារៈសំខាន់​នៃ​ការ​ចងក្រង និង​ការ​រក្សា​ទុក​នូវ​ឯកសារ [ពាក់ព័ន្ធ​នឹង​អំពើ​ប្រល័យ​ពូជសាសន៍] ដើម្បី​ជួយ​ដល់​ដំណើរ​ការ​ស្វែង​រក​យុត្តិធម៌។

កញ្ញា​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «ជា​ការ​ពិត​ណាស់ ចំណុច​មួយ​ដែល​វាគ្មិន​បាន​លើក​ឡើង​គឺ​អំពី​ថា​តើ​ការ​ប្រមូល​ទុក​ឯកសារ [ពាក់ព័ន្ធ​នឹង​អំពើ​ប្រល័យ​ពូជសាសន៍] មាន​សារៈប្រយោជន៍​ប៉ុណ្ណា។ មាន​រឿង​ជា​ច្រើន​បាន​កើត​ឡើង ប៉ុន្តែ​ប្រសិន​បើ​យើង​មិន​មាន​លទ្ធភាព​និយាយ​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នោះ​ទេ យើង​ប្រាកដ​ជា​មាន​ការ​លំបាក​ក្នុង​ការ​ធ្វើ​ការ​ផ្លាស់ប្ដូរ»។

នៅ​ក្នុង​ការ​ថ្លែង​របស់​លោក​ទៅ​កាន់​អ្នក​ចូលរួម​ដែល​ភាគ​ច្រើន​ជា​និស្សិត លោក ឆាង យុ ក៏​បាន​លើក​ទឹកចិត្ត​និស្សិត​នានា​ដែល​មាន​គោល​បំណង​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ពី​អំពើ​ប្រល័យ​ពូជសាសន៍ និង​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា ឲ្យ​ធ្វើ​ការ​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​របស់​លោក ដែល​ជា​កន្លែង​ប្រមូល​ចងក្រង​ឯកសារ​ច្បាប់​ដើម​ភាគ​ច្រើន​ក្នុង​សម័យ​ខ្មែរ​ក្រហម ហើយ​ដែល​ឯកសារ​ទាំង​នេះ​រួម​ចំណែក​ភាគ​ច្រើន​ដល់​ដំណើរ​ការ​ស្វែង​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​តាម​រយៈ​សាលាក្ដី​ខ្មែរ​ក្រហម។

ការ​លើក​ទឹក​ចិត្ត​នេះ​បាន​ជំរុញ​ឲ្យ​និស្សិត​មួយ​ចំនួន​ចាប់​អារម្មណ៍​ចង់​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ​មាន​និស្សិត​មួយ​រូប​ឈ្មោះ Charles Horton ផង​ដែរ។

និស្សិត​ផ្នែក​រដ្ឋាភិបាល និង​នយោបាយ វ័យ ១៨ ឆ្នាំ រូប​នេះ បាន​បញ្ជាក់​ថា លោក​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​លើ​ផ្នែក «ទំនាក់​ទំនង​អន្តរជាតិ»។ ដោយ​លោក «ចង់​ស្វែងយល់​បន្ថែម​អំពី​អំពើ​ប្រល័យ​ពូជសាសន៍» លោក​ថា លោក​នឹង​ទៅ​ធ្វើ​ការ​ស្រាវជ្រាវ​នៅ​ឯ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។

តប​ទៅ​នឹង​សំណួរ​របស់​និស្សិត​មួយ​រូប​អំពី​ផល​ប៉ះពាល់​នៃ​អំពើ​ប្រល័យ​ពូជសាសន៍​លើ​យុវជន​ជំនាន់​ក្រោយ លោក ឆាង យុ បាន​ឆ្លើយ​ថា លោក​មិន​ចង់​ឃើញ​យុវជន​ជំនាន់​ក្រោយ​គិត​អំពី​អំពើ​ឃោរឃៅ​យង់ឃ្នង ដែល​បាន​កើត​ឡើង​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម​នោះ​ទេ ទោះបីជា​ពួកគេ​គួរតែ​សិក្សា​អំពី​អំពើ​ប្រល័យ​ពូជសាសន៍​ដែល​បាន​ប្រព្រឹត្តិ​ឡើង​ដោយ​ពួក​ខ្មែរ​ក្រហម​ក៏​ដោយ ដោយ​ហេតុ​ថា ការ​គិត​បែប​នេះ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គំនិត​ច្នៃប្រឌិត និង​ការ​រស់នៅ​បែប​យុវជន​របស់​ពួកគេ។

លោក​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «នៅ​ពេល​ដែល​ខ្ញុំ​ជួប​យុវជន​ក្មេងៗ ដែល​និយាយ​ថា ខ្ញុំ​មិន​ចង់​ដឹង ឬ​ខ្ញុំ​មិន​ដឹង [អំពី​អំពើ​ឧក្រិដ្ឋកម្ម​ក្នុង​សម័យ​ខ្មែរ​ក្រហម] នោះ​ខ្ញុំ​សប្បាយចិត្ត ដោយសារតែ​ពួកគេ​នៅ​ក្មេង។ ខ្ញុំ​ចង់​ឲ្យ​យុវជន​ក្មេងៗ​ទៅ​ដើរ​លេង​នៅ​តាម​ផ្សារ​ទំនើប មាន​មិត្ត​ប្រុស មិត្ត​ស្រី ទៅ​មើល​កុន​ជា​ដើម។ ខ្ញុំ​ចង់​ឲ្យ​ពួកគេ​ធំធាត់​ដោយ​ធម្មតា។ ខ្ញុំ​មិន​ចង់​ឲ្យ​ពួកគេ​ធំធាត់​ដោយ​អារម្មណ៍​ដក់​ជាប់​នូវ [អំពើ​ឧក្រិដ្ឋ] របស់​ពួក​ខ្មែរ​ក្រហម​នោះ​ទេ»។

គំនិត​របស់​លោក ឆាង យុ ដូច​នេះ ត្រូវ​បាន​កញ្ញា Helana Zagami និស្សិត​ផ្នែក​ទំនាក់ទំនង ផ្ដល់​ការ​គាំទ្រ។ កញ្ញា​បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា វា​ជា​ការ​ជំរុញ​លើក​ទឹក​ចិត្ត​មួយ ដែល​គាត់​មិន​ចង់​ឲ្យ​យុវជន​ក្មេងៗ​គិត​អំពី​អំពើ​ទារុណកម្ម​ដែល​បាន​កើត​ឡើង​នោះ»។

ពាក់ព័ន្ធ​នឹង​ការ​ផ្សះផ្សា​ជម្លោះ​រវាង​ជន​រងគ្រោះ និង​ពួក​ខ្មែរ​ក្រហម លោក ឆាង យុ បាន​បញ្ជាក់​ថា ទោះបីជា​ប្រជាពលរដ្ឋ​ខ្មែរ​ព្យាយាម​ផ្សះផ្សា​តាម​រយៈ​ជំនឿ​លើ​បុណ្យ​បាប​ក៏​ដោយ ក៏​ការ​ផ្សះផ្សា​ខ្លះ «គឺ​អាស្រ័យ​លើ​បុគ្គល​ម្នាក់ៗ» ច្រើន​ជាង។

«ការ​ផ្សះផ្សា​ខ្លះ​ដូចជា​អំបែងកែវ​ដែល​បែក​លើ​ឥដ្ឋ ដែល​វា​មិន​អាច​ទៅ​រួច។ ឧទាហរណ៍​អ៊ំ​ម្នាក់ ឬ​មីង​ម្នាក់ ដែល​បាន​ស្លាប់​ប្ដី ស្លាប់​កូន យើង​គ្មាន​អំណាច​អ្វី​ទៅ​ប្រាប់​គាត់​ឲ្យ​ផ្សះផ្សា​ចំពោះ​អ្នក​ដែល​បាន​ប្រព្រឹត្តិ​ទៅ​លើ​គាត់​ទេ»។

ដោយ​ទទួល​ស្គាល់​ថា គ្មាន​តុលាការ​ណា​មួយ​រួម​ទាំង​តុលាការ​ខ្មែរ​ក្រហម​ផង​ដែរ អាច​ផ្ដល់​យុត្តិធម៌​ពេញលេញ​ដល់​ជន​រងគ្រោះ ហើយ «ដោយសារ​អំពើ​ប្រល័យ​ពូជសាសន៍​ជា​អំពើ​មួយ​ដែល​គ្មាន​សំណង​ណា​មួយ​អាច​សង​បាន» លោក ឆាង យុ បាន​បញ្ជាក់​ថា៖ «ការ​អប់រំ [អំពើ​ប្រល័យ​ពូជសាសន៍] អាច​ជា​យុត្តិធម៌​បន្ថែម​ទៅ​នឹង​ដំណើរការ​របស់​សាលាក្ដី​ខ្មែរ​ក្រហម»៕

XS
SM
MD
LG