ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

Freedom House៖ សេរីភាព​សារព័ត៌មាន​បន្ត​ធ្លាក់​ចុះ​ទូទាំង​សកលលោក​រួម​ទាំង​នៅ​កម្ពុជា

  • សាយ មុន្នី

រូបឯកសារ៖ បុរសម្នាក់​ថតរូបស្រ្តីអ្នក​យក​ព័ត៌មាន ដែលកំពុងរាយការណ៍អំពី​ការ​ហែក្បួនប្រារព្ធពិធីទិវាសេរីភាពសារព័ត៌មានពិភពលោក នៅទីក្រុង Caracas ប្រទេស Venezuela កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦។

​របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា «ជើង​មេឃ​ដ៏​ខ្មៅ​ងងឹត​នៃ​សេរីភាព​សារព័ត៌មាន» ឬ​ Press Freedom's Dark Horizonរបស់​អង្គការ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​នេះ បាន​រៀបរាប់​ថា មេដឹកនាំ​នយោបាយ​នៅ​ក្នុង​ប្រទេស​ជាច្រើន​រួម​ទាំង​សហរដ្ឋ​អាមេរិក​ផង បាន​វាយប្រហារ​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ធំៗ ដោយ​ប្រើប្រាស់​វោហារសាស្ត្រ​គ្រោតគ្រាត​គួរ​ឲ្យ​ភ្ញាក់ផ្អើល។

សេរីភាព​សារព័ត៌មាន​នៅ​ទូទាំង​ពិភពលោក បាន​បន្ត​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​ឆ្នាំ​២០១៦ បើ​គិត​ក្នុង​រយៈពេល​១៣​ឆ្នាំ​ចុងក្រោយ​នេះ ដោយសារ​ការ​គំរាមកំហែង​ទៅ​លើ​អ្នក​សារព័ត៌មាន​និង​ការ​បង្កើន​ការ​បង្ក្រាប​របស់​អាជ្ញាធរ​ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ នេះ​បើ​យោង​តាម​របាយការណ៍​ស្ដីពី​សេរីភាព​សារព័ត៌មាន​ប្រចាំ​ឆ្នាំ​២០១៧ របស់​អង្គការ Freedom House ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​សុក្រ​នេះ។

របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា «ជើង​មេឃ​ដ៏​ខ្មៅ​ងងឹត​នៃ​សេរីភាព​សារព័ត៌មាន» ឬ​ Press Freedom's Dark Horizon របស់​អង្គការ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​នេះ បាន​រៀបរាប់​ថា មេដឹកនាំ​នយោបាយ​នៅ​ក្នុង​ប្រទេស​ជាច្រើន​រួម​ទាំង​សហរដ្ឋ​អាមេរិក​ផង បាន​វាយប្រហារ​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ធំៗ ដោយ​ប្រើប្រាស់​វោហារសាស្ត្រ​គ្រោតគ្រាត​គួរ​ឲ្យ​ភ្ញាក់ផ្អើល។

របាយការណ៍​បន្ថែម​ថា ​ក្រុម​អ្នក​នយោបាយ​ទាំង​នេះ ក៏​បាន​ព្យាយាម​ធ្វើ​ឲ្យ​ប្រភព​ព័ត៌មាន​អព្យាក្រឹត​ឬ​បែប​រិះគន់ មាន​លក្ខណៈ​មិន​ស្របច្បាប់ ហើយ​ផ្លាស់​ប្ដូរ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ខ្លួន​ ដើម្បី​បម្រើ​ប្រយោជន៍​ដល់​អ្នក​នយោបាយ​ទាំង​នោះ​វិញ។

ចំណែក​ឯ​រដ្ឋាភិបាល​ និង​បុគ្គល​មាន​អំណាច​នៅ​ក្នុង​ប្រទេស​អាស៊ី​ជាច្រើន ក៏​បាន​ប្រើ​ប្រាស់​ច្បាប់​បរិហារកេរ្តិ៍ និង​ច្បាប់​ព្រហ្មទណ្ឌ​ពាក់ព័ន្ធ​ដទៃ​ទៀត ដើម្បី​ដាក់ទោស​ទៅ​លើ​ការ​រិះគន់​នានា​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផងដែរ។

តួយ៉ាង​ របាយការណ៍​របស់​អង្គការ Freedom House ​នេះ បាន​បញ្ជាក់​ថា អាជ្ញាធរ​ក្នុង​ប្រទេស​កម្ពុជា បាន​បង្កើន​ការ​ត្រួតពិនិត្យ​មើល​សកម្មភាព​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នៅ​មុន​ការ​បោះឆ្នោត​ថ្នាក់​មូលដ្ឋាន​នៅ​ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ២០១៨​ ដោយ​ប្រើ​ពាក្យ​បណ្ដឹង​ព្រហ្មទណ្ឌ​ប្រឆាំង​ឥស្សរជន​សំខាន់ៗ និង​ពលរដ្ឋ​ធម្មតា ចំពោះ​អត្ថាធិប្បាយ​របស់​ពួកគេ​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា មាន​លក្ខណៈ​នយោបាយ។

​អង្គការ Freedom House ក៏​បាន​ដាក់​ប្រទេស​កម្ពុជា ស្ថិត​ក្នុង​ក្រុម​ប្រទេស​ដែល​ត្រូវ​ឃ្លាំមើល ដោយ​សារ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន អាច​នឹង​បង្ក្រាប​ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ​មុន​ការ​បោះឆ្នោត​ដែល​ខិត​ចូល​មក​ដល់​នា​ពេល​ខាង​មុខ​នេះ។

ប្រទេស​កម្ពុជា ត្រូវ​បាន​ចាត់​ចំណាត់​ថ្នាក់​លេខ​រៀង​ទី​១៥២ ក្នុង​ចំណោម​ប្រទេស​១៩៩ ដែល​ត្រូវ​បាន​ចាត់​ចំណាត់​ថ្នាក់​ផ្នែក​សេរីភាព​សារព័ត៌មាន​ក្នុង​ឆ្នាំ​២០១៧​នេះ។ ចំណាត់​ថ្នាក់​លេខ​១៥២​នេះ មាន​ន័យ​ថា ​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា មិន​មាន​សេរីភាព​នោះ​ទេ។

កាល​ពី​ថ្ងៃ​ពុធ អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន ឬ Reporters Without Borders ក៏​បាន​ទម្លាក់​ចំណាត់​ថ្នាក់​កម្ពុជា ចំនួន​៤​ពិន្ទុ​ផង​ដែរ​នៅ​ក្នុង​សន្ទស្សន៍​ខាង​សេរីភាព​សារព័ត៌មាន​នេះ ពោល​គឺ​ទម្លាក់ពី​លេខ​រៀង​ទី​១២៨​ក្នុង​ឆ្នាំ​២០១៦ ដល់​លេខរៀង​១៣២ ក្នុង​ចំណោម​ប្រទេស​១៨០ នៅ​ឆ្នាំ​២០១៧​នេះ។

របាយការណ៍​ស្ដីពី​សេរីភាព​សារព័ត៌មាន​ប្រចាំ​ឆ្នាំ​២០១៧ របស់​អង្គការ Freedom House បង្ហាញ​ថា ពលរដ្ឋ​តែ​ប្រមាណ​១៣​ភាគរយ​ប៉ុណ្ណោះ​ក្នុង​ចំណោម​ពលរដ្ឋ​ទាំង​៧ពាន់​៤លាន​នាក់​នៅ​ទូទាំង​ពិភពលោក រស់នៅ​ក្នុង​ប្រទេស​ដែល​មាន​សេរីភាព​សារព័ត៌មាន។ ប្រទេស​ដែល​មាន​សេរីភាព​ខាង​សារព័ត៌មាន​ជាង​គេ​នោះ ភាគច្រើន​ស្ថិត​នៅ​ទ្វីប​អឺរ៉ុប ​រួម​មាន​ប្រទេស​ន័រវែស ហូឡង់ ស៊ុយអែត​និង​ដាណឺម៉ាក​ជាដើម៕

XS
SM
MD
LG