ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​ជំនាញ៖ ចំនួន​ស្ត្រី​ធ្វើ​ការ​សង្គម​មាន​ការ​កើន​ឡើង តែ​ស្ត្រី​មាន​តួនាទី​ក្នុង​ការ​សម្រេច​ចិត្ត​នៅ​មាន​តិចតួច

  • ហ៊ាន សុជាតា

រូបឯកសារ៖ សិស្ស​វិទ្យាល័យ​ចាក​ចេញ​ពី​មណ្ឌល​ប្រលង​វិទ្យាល័យ​សន្ធរ​ម៉ុក​ កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​សីហា​ ឆ្នាំ​២០១៥។​ នេះ​ជា​ឆ្នាំ​ទី​២​ហើយ​ ដែល​ការប្រលង​មធ្យម​សិក្សា​ទុតិយ​ភូមិ ​​ដែល​ក្រសួង​អប់រំ​បាន​រឹតបន្តឹង​លើ​ការប្រលង។ (ប៉ាង​ ចំណាន/VOA)

អ្នកស្រី​ រស់​ សុភាព​ ​នាយិកា​នៃ​អង្គការ​យេនឌ័រ​ និង​អភិវឌ្ឍ​ដើម្បី​កម្ពុជា​ ​ហៅ​កាត់​ថា (GADC)  ថ្លែង​ប្រាប់​ VOA ថា​ស្ត្រី​មិន​គួរ​ត្រូវ​បាន​គេ​កំណត់​ថា​អ្វី​ដែល​ស្ត្រី​គួរ​ធ្វើ ឬ​មិន​គួរ​ធ្វើ​នោះ​ទេ។ ប៉ុន្តែ​ ស្ត្រី​គួរ​ទទួល​បាន​នូវ​ការ​ផ្ដល់​ឱកាស​ ការ​គាំទ្រ និង​ការ​លើក​ទឹក​ចិត្ត​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ពួកគេ។

អ្នក​ជំនាញ​មើល​ឃើញ​ថា ស្រី​កម្ពុជា​មិន​ទាន់​ទទួល​បាន​ការ​គាំទ្រ​ពេញ​លេញ​ ដើម្បី​ឲ្យ​ពួកគេ​អាច​ចេញ​ទៅ​បំពេញ​ការងារ​នៅ​ក្រៅ​ផ្ទះ​នោះ​ទេ​ ហើយ​ការ​ចែក​រំលែក​ការ​ទទួល​ខុសត្រូវ​ការងារ​ក្នុង​គ្រួសារ​ក៏​នៅ​មាន​កម្រិត​នៅ​ឡើយ។

កញ្ញា​ សេង រាសី​ អ្នក​សម្រប​សម្រួល​គណៈ​កម្មការ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​នៃ​អង្គការ​សីលការ ​យល់​ថា​ ស្ត្រី​កម្ពុជា​មួយ​ចំនួន​ពិត​ជា​ត្រូវ​ប្រឈម​នឹង​ការ​សម្រេច​ចិត្ត​ជ្រើសរើស​រវាង​ក្រុម​គ្រួសារ​ និង​ការ​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន។

«ពេល​ខ្លះ​គាត់​ចង់​ អភិវឌ្ឍ​ខ្លួន​ឯង​ ក៏ប៉ុន្តែ​គាត់​សម្រេចដោយសារ​គ្រួសារ ឬ​គំនាប​សង្គម។ គេ​អត់​មើល​ឃើញ​ថា​ អា​ហ្នឹង​ វា​មិន​មែន​ជា​តួនាទី​តែ​ស្ត្រី​ម្នាក់​ទេ​ ប៉ុន្តែ​វា​ជា​ការ​ចែករំលែក​ ការ​ទទួល​ខុសត្រូវ​រវាង​បុរស​ និង​ស្ត្រី​នៅ​ក្នុង​គ្រួសារ​មួយ​ហ្នឹង»។

យ៉ាង​ណា​ក៏ដោយ​ កញ្ញា​ រាសី​ សម្គាល់​ឃើញ​ថា​ ការ​ឲ្យ​តម្លៃ​ស្ត្រី​ក្នុង​ការ​បំពេញ​ការងារ​ មាន​ភាព​ប្រសើរ​ជាង​មុន​ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ដោយសារ​សង្គម​ចាប់​ផ្ដើម​មើល​ឃើញ​ពី​គុណ​សម្បត្តិ​នៃ​ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​ការ​ផ្លាស់ប្ដូរ​សង្គម​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង។

«យូរ​មក​ហើយ​ គាត់​ធ្វើ​កិច្ច​ការ​ខាង​ក្រៅ​ផ្ទះ​ផង គាត់​ធ្វើការ​ផ្ទះ​ផង គាត់​នៅ​តែ​ធ្វើ​បាន។ អីចឹង​ខ្ញុំ​ជឿជាក់​ថា​ គាត់​ប្រាកដ​ជា​អាច​ ធ្វើ​ឲ្យ​មាន​តុល្យភាព​រវាង​គ្រួសារ​ និង​ការងារ​ ដរាបណា​ មាន​ការ​គាំទ្រ និង​ចែក​រំលែក​អំពី​បុរស​ដែរ។ ស្ត្រី​ទាំង​អស់​ សុទ្ធតែ​មាន​ទេពកោសល្យ និង​ភាព​ប៉ិន​ប្រសប់​របស់​គាត់។ អីចឹង​បើ​យើង​ទុក​គាត់​តែ​នៅ​ក្នុង​ផ្ទះ ហើយ​អត់​ឲ្យ​គាត់​បញ្ចេញ​សក្ដានុពល​របស់​គាត់ វា​ខាត​មែន​ទែន»។

រូបឯកសារ៖ រូបឯកសារ៖ លោកស្រី រស់ សុភាព នាយិការអង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា​ចូល​រួម​ជា​វាគ្មិន​ពិភាក្សា​អំពី​ប្រធានបទ «អំពើហិង្សាលើស្រ្តីនិងកុមារ៖ ការផ្លាស់ប្តូរឥរិយាបទចំពោះអំពើហិង្សា» នៅ​ក្នុងកម្មវិធី​វិទ្យុ Hello VOA កាល​ពី​ថ្ងៃច័ន្ទ ទី​១៣ ខែកក្កដា ឆ្នាំ២០១៥។

រូបឯកសារ៖ រូបឯកសារ៖ លោកស្រី រស់ សុភាព នាយិការអង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា​ចូល​រួម​ជា​វាគ្មិន​ពិភាក្សា​អំពី​ប្រធានបទ «អំពើហិង្សាលើស្រ្តីនិងកុមារ៖ ការផ្លាស់ប្តូរឥរិយាបទចំពោះអំពើហិង្សា» នៅ​ក្នុងកម្មវិធី​វិទ្យុ Hello VOA កាល​ពី​ថ្ងៃច័ន្ទ ទី​១៣ ខែកក្កដា ឆ្នាំ២០១៥។

អ្នកស្រី​ រស់​ សុភាព​ ​នាយិកា​នៃ​អង្គការ​យេនឌ័រ​ និង​អភិវឌ្ឍ​ដើម្បី​កម្ពុជា​ ​ហៅ​កាត់​ថា (GADC) ថ្លែង​ប្រាប់​ VOA ថា​ស្ត្រី​មិន​គួរ​ត្រូវ​បាន​គេ​កំណត់​ថា​អ្វី​ដែល​ស្ត្រី​គួរ​ធ្វើ ឬ​មិន​គួរ​ធ្វើ​នោះ​ទេ។ ប៉ុន្តែ​ ស្ត្រី​គួរ​ទទួល​បាន​នូវ​ការ​ផ្ដល់​ឱកាស​ ការ​គាំទ្រ និង​ការ​លើក​ទឹក​ចិត្ត​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ពួកគេ។

«ឧទាហរណ៍​ថា​ បើ​គាត់​ជា​ក្រុម​ប្រឹក្សា​ឃុំ​ គាត់​សម្រេច​ដោយ​ខ្លួន​គាត់​ហើយ ក្រុម​គ្រួសារ​ហ្នឹង​អាច​ជួយ​គាំទ្រ​គាត់​ដោយ​ ជួយ​គាត់​ លើក​ទឹក​ចិត្ត​គាត់ ហើយ​កុំ​ឲ្យ​នៅ​ពេល​ដែល​គាត់​ទៅ​ធ្វើ​ការ​ហើយ ពេល​ត្រលប់​មកវិញ​ ឲ្យ​គាត់​ទទួល​ខុសត្រូវ​ទៅ​លើ​ផ្ទះ​សម្បែង អាហារ​ហូបចុក កូន​ចៅ​អី​ជាដើម។ យើង​ចង់ឲ្យ​បុរស​ ជា​ដៃគូ​ គួរ​តែ​យកចិត្ត​ទុក​ដាក់ ជួយ​សម្របសម្រួល​គាត់​ផង»។

ដូច​ជា​ស្ត្រី​កម្ពុជា​ដទៃ​ទៀត​ដែរ ក្រៅ​អំពី​បំពេញ​ការងារ​នៅ​កន្លែង​ធ្វើ​ការ​ហើយ​នោះ​ អ្នក​ស្រី​ក៏​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​ក្រុម​គ្រួសារ​ដែរ។ ក៏ប៉ុន្តែ​ អ្នក​ស្រី​លើកឡើង​ថា​ ភាព​ជោគ​ជ័យ​នៃ​តុល្យភាព​ការងារ​ និង​គ្រួសារ​របស់​អ្នក​ស្រី​ អាច​កើត​មាន​ឡើងដោយសារ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ស្វាមី​របស់​អ្នក​ស្រី​ដែរ។

«ដោយសារ​ប្ដី​របស់​ខ្ញុំ​ជា​មនុស្ស​ដែល​យល់​បាន​យ៉ាង​ទូលំទូលាយ​អំពី​តួនាទី​របស់​ខ្ញុំ​នៅ​ការិយាល័យ។ ខ្ញុំ​ដើរ​ហើរ​ទៅ​ណា​អី​ គាត់​អត់​មាន​សួរនាំ​ខ្ញុំ​អី​ទេ។ ការ​គាំទ្រ​ហ្នឹង​ហើយ​ជា​ការ​លើក​ទឹក​ចិត្ត​ ដែល​ខ្ញុំ​អាច​ធ្វើ​ការងារ​បាន​ជោគជ័យ។ ហើយ​គាត់​ដឹង​ច្បាស់​ណាស់​ថា​ នៅ​ពេល​ដែល​ស្ត្រី​ចូលរួម​ប្រលូក​ក្នុង​ការងារ​សង្គម​ ស្ត្រី​បាន​យល់ដឹង​អំពី​ការ​រស់​នៅ​បាន​ច្រើន ហើយ​ស្ត្រី​អាច​ជួយ​អប់​រំ​កូន​ក្នុង​គ្រួសារ​បាន​ប្រសើរ»។

អ្នក​ស្រី​បន្ថែម​ថា​ ក្នុង​ភាព​ជា​អ្នក​ដឹកនាំ​ គុណសម្បត្តិ​ដ៏​លេច​ធ្លោ​មួយ​របស់​ស្ត្រី​ គឺ​ភាព​ម៉ត់ចត់​ក្នុង​ការ​បំពេញ​ការងារ​របស់​ខ្លួន។

អ្នក​ស្រី មើល​ឃើញ​ថា​ ចំនួន​ស្ត្រី​ដែល​កំពុង​បម្រើ​ការងារ​ក្នុង​សង្គម​ មាន​ការ​កើន​ឡើង​ហើយ ក៏​ប៉ុន្តែ​ចំនួន​ស្ត្រី​ដែល​មាន​តួនាទី​ក្នុង​ការ​សម្រេច​ចិត្ត​សំខាន់ៗ​នៅ​មាន​ចំនួន​តិច​តួច​នៅឡើយ។

រូបឯកសារ៖ លោកស្រី មូរ សុខហួរ តំណាងរាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃច័ន្ទ ទី៦ ខែមិថុនា ឆ្នាំ២០១៦។

រូបឯកសារ៖ លោកស្រី មូរ សុខហួរ តំណាងរាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃច័ន្ទ ទី៦ ខែមិថុនា ឆ្នាំ២០១៦។

អ្នក​ជំនាញ​ខាង​ការ​លើក​កម្ពស់​ស្ត្រី​ឲ្យ​ដឹង​ថា​ បើ​ទោះ​ជា​ស្ត្រី​នៅ​កម្ពុជា​មាន​ជាង​៥០%​ នៃ​ចំនួន​ប្រជាជន​សរុប​ក្ដី​ ក៏​ចំនួន​ស្ត្រី​ដែល​មាន​តួនាទី​ក្នុង​កិច្ចការ​នយោបាយ​ និង​តំណែង​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ទៅ​លើ​បញ្ហា​សំខាន់ៗ​ក្នុង​សង្គម ​នៅ​តែ​មាន​ចំនួន​តិចតួច។

អ្នកស្រី មូរ សុខហួរ​ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និយាយ​ថា​ សម្ពាធ​ក្នុង​ក្រុម​គ្រួសារ និង​ភាព​ជា​ម្ដាយ​ បាន​ធ្វើ​ឲ្យ​ស្ត្រី​កម្ពុជា​ មាន​ការ​លំបាក​ក្នុង​ការ​បំពេញ​ការងារ​ខ្លួន​ ជា​ពិសេស​ក្នុង​វិស័យ​នយោបាយ។

«ឯ​ស្ត្រី​វិញ​ ច្រើន​តែ​ជាប់​ពេលវេលា​ដែល​ត្រូវ​មក​ប្រជុំ​រឿង​គណបក្ស​ ឬ​ចុះ​ទៅ​មូលដ្ឋាន ស្ត្រី​មិន​ទាន់​បាន​បំពេញ​បាន​ដោយសារ​តួនាទី​ជា​មាតា។ ក៏ប៉ុន្តែ​ នៅ​ពេល​ដែល​ស្ត្រី​ និង​បុរស​ នៅ​ក្នុង​គណបក្ស​មាន​សកម្មភាព​ស្មើគ្នា​ បាន​បំពេញ​ភារកិច្ច​ស្មើគ្នា​ គឺ​ស្ត្រី​ជាប់​មុន​បុរស»។

ការ​លើក​កម្ពស់​សមភាព​យេនឌ័រ​នៅ​កម្ពុជា​ ត្រូវ​បាន​កំណត់​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ និង​ផែនការ​យុទ្ធសាស្ត្រ​នារី​រតនៈ ដើម្បី​បង្កើន​សមាមាត្រ​ស្ត្រី​ក្នុង​វិស័យ​សាធារណៈ និង​នយោបាយ​ ព្រម​ទាំង​អភិវឌ្ឍ​សមត្ថភាព​ស្ត្រី​ក្នុង​ការ​បំពេញ​មុខងារ​សាធារណៈ។

ក្រសួង​កិច្ចការ​នារី​ឲ្យដឹង​ថា ស្ត្រី​ដែល​កំពុង​បម្រើ​ការងារ​ជា​មន្ត្រី​រាជការ​ មាន​ចំនួន​៣២%​កាល​ពី​ឆ្នាំ​២០០៧​ និង​មាន​ការ​កើន​ឡើង​ដល់​៤០%​ នៅ​ក្នុង​ឆ្នាំ​២០១៦។ រីឯ​ តំណាង​ស្ត្រី​ថ្នាក់​មូលដ្ឋាន​មាន​ចំនួន​ត្រឹម​តែ​១៧%​ ខណៈ​តំណាង​ស្ត្រី​ថ្នាក់​ជាតិ​មាន​ត្រឹម​តែ​ជាង​២០%​ប៉ុណ្ណោះ។

អ្នក​ជំនាញ​រំពឹង​ថា​ ភាគី​ពាក់ព័ន្ធ​ ដែល​រួម​មាន​ក្រុម​គ្រួសារ​ សង្គម​ស៊ីវិលនិង​រដ្ឋាភិបាល ​នឹង​សហការគ្នា​កាន់​តែ​ខ្លាំង​ថែម​ទៀត ក្នុង​ការ​ជួយ​លើក​ទឹក​ចិត្ត​ស្ត្រី​ឲ្យ​អភិវឌ្ឍ​សមត្ថភាព​ខ្លួន ​ដើម្បី​ឲ្យ​ពួកគេ​កាន់​តែ​សកម្ម​ក្នុង​ការអភិវឌ្ឍ​សង្គម។​

ថ្លែង​នៅ​ក្នុង​ពិធី​អបអរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​លើក​ទី​១០៦​ នា​ព្រឹក​ថ្ងៃ​ពុធ​នេះ​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​អំពាវ​នាវ​ឲ្យ​ស្ថាប័ន​រដ្ឋ​នានា​បន្ថែម​ថវិកា​ជាតិ​លើ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ។​

លោក​នាយក​រដ្ឋមន្ត្រី​ លើកឡើង​ថា​ សមាសភាព​យេនឌ័រ​មាន​សារៈសំខាន់​ចំពោះ​ការ​បង្កើត​សន្តិភាព និង​ទប់ស្កាត់​ជម្លោះ​នៅ​ក្នុង​សង្គម៕

XS
SM
MD
LG