ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សហគ្រិន​ស្ត្រី​ផ្ញើ​លិខិត​ជូន​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋអាមេរិក


អ្នក​ចូលរួមមក​ពីបណ្តាញ​សហគ្រិន​ស្រ្តី​នៃក្រុមហ៊ុន​កុំព្យូទ័រ​ Dell ជជែក​គ្នា​មុនពេល​កិច្ចពិភាក្សា​ស្តីពី​សារៈសំខាន់​នៃសាជីវកម្ម​ Dellk​ ក្នុងទីក្រុង​ Austion រដ្ឋ​ Texas (រូបភាព​ថ្ងៃទី២​ ខែមិថុនា​ ឆ្នាំ២០១៤​)។

តារា​ភាព​យន្តនាង Jessica Alba គឺជា​អ្នក​គាំទ្រ​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋអាមេរិក។ ប្រធាន​ និង​នាយក​ប្រតិបត្តិ​របស់ Mastercard ក៏​ជា​អ្នក​គាំទ្រ​មួយ​រូប​ដែរ។​ សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន AOL ដែលជាប្រព័ន្ធផ្សព្វផ្សាយដ៏ធំនៅអាមេរិក និងនាយក​ផ្នែក​បច្ចេក​​​ទេសនៃក្រុមហ៊ុនគ្រឿងសំអាងEstee Lauderក៏​ជា​អ្នក​គាំទ្រ​ដូចគ្នា​ដែរ​​ដែរ។​ តើ​ពួកគេ​ទាំង​អស់​មាន​អ្វី​ដូចគ្នា? ចម្លើយ​ គឺ​ពួកគេ​ស្ថិត​ក្នុង​លំដាប់​អ្នក​ដឹកនាំ​អាជីវកម្ម​ និង​អ្នក​បង្កើត​អាជីវកម្ម​ថ្មី​ទាំង​៨៥នាក់​របស់​អាមេរិក​ ដែល​បាន​ចុះ​ហត្ថលេខា​ឈ្មោះ​ខ្លួន​ឯង​នៅ​លើ​លិខិត​ចំហ​មួយ​ផ្ញើ​ទៅ​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋ​អាមេរិក។

លិខិត​នោះ​ផ្តោត​លើ​អនុសាសន៍​ជា​គោល​នយោបាយ​ដែល​តាក់តែង​ឡើង​ដើម្បី​ជំរុញ​ និង​លើកស្ទួយ​សហគ្រិនភាព​ស្រ្តី នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដែល​រួម​មានការ​ផ្ដល់​ដើម​ទុន​វិនិយោគ ​ ការ​ពង្រីកទីផ្សារ​ក្នុងស្រុក និង​ទីផ្សារ​សកល ព្រម​ទាំង​ការ​សម្រួល​ដល់​និតិវិធី​ប្រតិបត្តិការ​នានា​ពីសំណាក់​រដ្ឋាភិបាល​ សម្រាប់​សហគ្រិន​ដែល​ចង់​បង្កើត និង​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​ពួក​គេ​ដំណើរ​ការ។

យោង​តាម​ក្រុម​អ្នក​ចុះ​ហត្ថលេខា ​បាន​ឲ្យ​ដឹង​ថា​ មាន​ថវិកាយ៉ាង​ច្រើ​ន​សន្ធឹក​សន្ធាប់​ប្រមាណ ​៣០ពាន់លានដុល្លារ កំពុង​ស្ថិត​ក្នុង​ភាព​ប្រថុយ​ប្រថាន​។ នៅ​ក្នុង​លិខិត​នោះ បានដកស្រង់ការសិក្សា​របស់​វិទ្យាស្ថាន​ McKinsey Global ដែល​រក​ឃើញ​ថា​ផលិត​ផល​ក្នុង​ស្រុក​សរុប​របស់​អាមេរិក អាច​កើន​ឡើង​ដល់​កម្រិត​ទឹកប្រាក់​នោះ ប្រសិនបើ​ស្ត្រី​ និង​បុរស រួម​ចំណែក​ស្មើ​គ្នា​ក្នុង​កិច្ច​សហគ្រិនភាព។ ប៉ុន្តែ វិសមភាព​យេនឌ័រ នៅ​ក្នុង​សង្គម​ និង​នៅ​កន្លែង​ធ្វើការ​ បាន​កាត់បន្ថយ​ឥទ្ធិពល​របស់​ស្ត្រី ហើយ​ជា​លទ្ធផល​ គឺ​ប៉ះពាល់​ដល់​ការ​ចូលរួម​ចំណែក​ក្នុង​សេដ្ឋកិច្ច។

លោកស្រី​ Elizabeth Gore ដែល​មាន​ឈ្មោះ​ដំបូង​គេ​ក្នុង​លិខិត​នេះ​ និង​ជា​សហគ្រិន​មួយ​រូប​នៃ​ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ​ម៉ាក Dell បាន​និយាយ​ថា៖​ «ខ្ញុំ​តែងតែ​គិត​អំពី​ការ​ខ្វះ​ចន្លោះ​ក្នុង​ការ​ផ្ដល់​ជំនួយ​អាជីវកម្ម ប៉ុន្តែពិតជា​មាន​ចន្លោះ​មែន​ក្នុង​ដំណើរ​ការ​ទាំងមូល។​ ស្ត្រី​ត្រូវ​ការ​ឥណទាន​បណ្ដោះ​អាសន្ន ឬ (Bridging Loan)​។ ពួក​គេ​មិន​មែន​ត្រូវការ​ការ​ទូត​ទាត់​ប្រាក់​ក្នុង​រយៈ​ពេល ​៩០ថ្ងៃ​នោះ​ទេ គឺពួកគេ​ត្រូវ​ការ​ទូទាត់​ប្រាក់​ក្នុងនាម​ជា​អ្នក​ចុះ​អនុ​កិច្ច​សន្យា​ក្នុង​រយៈពេល​៣០​ថ្ងៃ​។ ដូច្នេះ​ ទស្សនៈ​នៃ​ការ​ទទួល​បាន​ដើមទុន ពិត​ជា​ធំ​ជាង​អ្វី​ដែល​ខ្ញុំ​បាន​គិត​»។

លិខិត​នោះ​ ត្រូវ​បាន​ផ្ញើ​កាល​ពី​ដើម​ខែ​នេះ​ទៅ​កាន់​ លោក​ស្រី Hillary Clinton និង​ប្រធានាធិបតី​ជាប់ឆ្នោត​លោក Donald Trump នៅ​មុន​ពេល​អ្នក​ចុះ​ហត្ថលេខា​ទាំង​អស់​ដឹ​ង​ថា​អ្នកណា​នឹង​ក្លាយ​ជា​ប្រធានាធិបតី​បន្ទាប់។​ នៅ​ក្នុង​ចំណោម​អ្នក​ចុះ​ហត្ថលេខា​ទាំង​៨៥នាក់ មាន​៦៣​នាក់​ជា​នាយិកា និង ស្ថាបនិក​ដែល​រួម​មាន​ អ្នកស្រី Lisa Price ម្ចាស់​ក្រុមហ៊ុន​ផលិតផល​ Carol's Daughter អ្នកស្រី​ Melanie Whelanនៃ SoulCycle និង អ្នកស្រី​ Sarah Kauss នៃ S'well Bottle។

លោកស្រី​ Gore បាន​និយាយ​ថា៖ «យើង​មិនឃើញ​មាន​ការ​និយាយ​ច្រើន​អំពី​ការ​បង្កើត​ការងារ​ អាជីវកម្ម​ខ្នាត​តូច និង​សហគ្រិនភាព ដែលរឿង​នេះ​ជា​ធម្មតា គឺ​ជា​គ្រឹះ​ធំ​ជាងគេ​មួយ​របស់​អ្នក​នយោបាយ​ ជាអ្នក​នឹង​បង្កើត​ការងារ​ច្រើន​បំផុត អ្នក​ពូកែ​ខាង​ជំនួញ​អាជីវកម្ម។​ ពួក​យើង​គិត​ថា​មាន​ឱកាស​ពិត​ប្រាកដ​មួយ​ដើម្បី​និយាយ​ថា តោះ​យើង​ធ្វើអ្វី​ម្យ៉ាង​ជំរុញ​ឲ្យ​និយាយ​រឿង​សហគ្រិនភាព​ម្តង​ទៀត​ ឲ្យ​ក្រឡេក​មើល​ឲ្យ​មែន​ទែន​នូវ​សហគ្រិនភាព​របស់​ស្រ្តី​ថា​ជា​ឱកាស​ដ៏​ធំមួយ»។

យោង​តាម​របាយការណ៍​ចេញឆ្នាំ២០១០ របស់​ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក បានឲ្យ​ដឹងថា អាជីវកម្ម​គ្រប់គ្រង​ដោយ​ស្រ្តី បាន​រួម​ចំណែក«យ៉ាង​សំខាន់»នៅ​ក្នុង​សេដ្ឋកិច្ច​របស់​ប្រទេស​អាមេរិក។ របាយការណ៍នេះ​ បាន​រក​ឃើញ​ថា នៅ​ចន្លោះឆ្នាំ១៩៩៧ និង២០០៧ ចំនួន​ក្រុមហ៊ុន​ដែល​ប្រតិបត្តិ​ការ​ដោយ​ស្រ្តី បាន​កើន​ឡើង​យ៉ាង​រហ័សទ្វេដងប្រមាណ​ ៤៤% ប្រៀបធៀបនឹង​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​បុរស។​ អាជីវកម្ម​ទាំង​នោះ ក៏​បាន​បង្កើត​ការងារ​ប្រមាណ​ជា​ ៥០០.០០០ ការ​ងារ។ សម្រាប់​លោកស្រី Gore លទ្ធផល​ចុងក្រោយ​ស្ថិត​នៅ​ភាព​ជោគជ័យ​ ឬ​បរាជ័យ។​ លោកស្រី​បន្ថែម​ថា «ប្រសិន​បើ​ស្ត្រី​អាច​ទទួលបាន​ដើមទុន ពួកគេ​ធ្វើ​បាន​ល្អ​ជាង​បុរស​ដែល​ជា​អ្នកជំនួញ​ដូចគ្នា។ ... នេះ​គឺ​ជា​ភ្នាល់​ផ្នែក​អាជីវកម្ម​ មិន​គ្រាន់​តែ​កាល​ភ្នាល់​លើ​រឿង​សង្គម​នោះ​ទេ»។

មក​ដល់​ពេល​នេះ មិនទាន់​មាន​ការ​ឆ្លើយ​តប​ជា​ផ្លូវ​ការ​ចេញ​ពី​គណៈ​បក្ស​នយោបាយ​ណា​មួយ​ចំពោះ​លិខិត​នេះ​ឡើយ។ ប៉ុន្តែ​ លោកស្រី​ Gore នៅ​តែមាន​សុទិដ្ឋិនិយម​ថា «នៅ​ខែកុម្ភៈ យើង​នឹង​ទៅ​រដ្ឋធានី​ Washington, D.C.ជាមួយ​អ្នក​ដែល​បាន​ចុះ​ហត្ថលេខា​មួយ​ចំនួន​ ដើម្បី​ទៅ​និយាយ​ជាមួយ​សមាជិក​សភា​នៅ​វិមានសភា​ Capitol ដើម្បីពន្យល់​ថា​ហេតុអ្វី​អាជីវកម្ម​សំខាន់​សម្រាប់​សេដ្ឋកិច្ច​អាមេរិក និង​ហេតុអ្វីត្រូវ​ទុក​ភាព​ជោគជ័យ​របស់​សហគ្រិន​ស្រ្តីជា​អា​ទិភាព»៕

ប្រែ​សម្រួលដោយ​ សើ​ សាយ្យា​ណា

XS
SM
MD
LG